សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គោលនយោបាយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពកម្មកររោងចក្រ ប៉ុន្តែអ្នកបើកបររថយន្តត្រូវជាប់បំណុលវ័ណ្ឌក

រថយន្តប្រភេទទេសចរណ៍ចតនៅខាងក្រៅរោងចក្រ 7NG ដោយរង់ចាំដឹកកម្មកររោងចក្រ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
រថយន្តប្រភេទទេសចរណ៍ចតនៅខាងក្រៅរោងចក្រ 7NG ដោយរង់ចាំដឹកកម្មកររោងចក្រ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

គំនិត​ផ្តួចផ្តើ​មរបស់អង្គការក្រៅរដ្ឋាភិបាល និងក្រសួងការងារដែល​កំពុង​អនុវត្ត​ គឺ​មាន​​បំណង​ធ្វើឱ្យការធ្វើដំណើររបស់កម្មករ​រោង​ចក្រ​កាន់តែ​​មាន​​សុវត្ថិភាព​ ដោយការ​​ផ្លាស់​​ប្តូរ​មធ្យបាយ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃរបស់ពួកគេ​ពី​ការ​ជិះ​ឡាន​​កូរ៉េ​ដឹក​ទំនិញ​​ទៅជា​រថយន្ត​ប្រភេទ​ទេសចរណ៍វិញ​​ ប៉ុន្តែការ​ចំណាយលើការ​ផ្លាស់​ប្តូរ​ឡាន​ដឹក​ជញ្ជូន​​ដ៏​ថ្លៃ​​ត្រូវ​ធ្លាក់​ទៅ​លើ​អ្នក​បើក​បរ​​ទៅ​​វិញ​។

អ្នកបើក​បរ​មួយចំនួនដែលកំណត់គោល​ដៅដោយ​គំ​និត​ផ្តួច​ផ្តើមនេះនិយាយ​​ថា ពួកគេ​​កំពុង ត្រូវបានស្នើសុំឱ្យ​​​ខ្ចី​​លុយ​ និង​ត្រូវ​​​ជំពាក់​​បំណុលដ៏ច្រើនលើស​​លប់ ដើម្បីអនុវត្ត​តាម​គោល​នយោបាយ​​នេះ​ ចំ​ពេល​​ដែល​​សាំងឡើងថ្លៃ​ ហើយ​វិស័យកាត់ដេរ​ក៏​កំពុង​បញ្ឈប់​កម្មកររាប់​ម៉ឺន​នាក់ ដែល​ធ្វើ​ឱ្យប្រាក់​ចំណូលរបស់អ្នកបើកបរ​​ដឹក​​កម្មករ​រោង​ចក្រ​ក៏​ធ្លាក់​ចុះដែរ​។

លោក ស វី ធ្វើ​​ជា​អ្នក​បើក​បរ​​​ដឹក​​កម្មករ​នៅ​​រោងចក្រ​កាត់​ដេរ​នៅ​ខេត្ត​កំពង់ចាម​​ជាង​២០​ឆ្នាំ​មក​ហើយ។ គាត់​​បាន​​និយាយ​ថា គាត់​រីក​រាយ​នឹង​ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព​ដល់​កម្មករនោះ​​ តែ​​គាត់ត្រូវ​សង​ប្រាក់កម្ចីដែលគាត់​បាន​ខ្ចី​ ដើម្បី​ផ្លាស់​ប្តូរ​ពី​ប្រើ​ឡាន​​កូរ៉េ​​ដឹក​ទំនិញ​ទៅជារ​ថយន្ត​ទេសចរណ៍​ប្រហែល​នៅ​ឆ្នាំ២០១៨​ ហើយគាត់​​នៅតែ​ជួប​​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឡើយ។

លោក វី អា​យុ​​៥២ឆ្នាំ​​បាន​​ឱ្យដឹង​​ថា៖ «ខ្ញុំកំពុង​​ជួប​ [បញ្ហាលុយកាក់] គេ​​គ្រប់​គ្នាកំពុងប្រឈម​មុខ​​នឹង​បញ្ហានេះ ហើយនៅពេលដែល​រោងចក្រឈប់​​ដំណើរ​ការ អ៊ី​ចឹង​អ្នក​បើកបររថយន្តក៏​​គ្មាន​ប្រាក់ចំ​ណូល ដើម្បីសងប្រាក់​កម្ចី​​ដែរ។ យើង​ខំ​សន្សំ ប៉ុន្តែ​​ដល់ពេល​​ត្រូវ​សង​វិញ​ហើយ​ ខ្ញុំ​​ព្រួ​យ​​ណាស់។ តាំង​ពី​​​​ផ្លាស់​ប្តូរ​ឡាន​មក​ ប្រពន្ធ​​ខ្ញុំ​​ធ្លាប់​តែ​​មាន​​​ខ្សែ​កពាក់​ ប៉ុន្តែ​​ឥឡូវ​ខ្សែក​​​​លក់​​​អស់​​​ហើយ​»​​

គម្រោង​ផ្លាស់ប្តូររថយន្តដឹក​កម្មករ​​រោង​ចក្រ​ ដែល​​បាន​ចាប់​ផ្តើម​តាំង​ពី​២០១៨ ដោយ​​​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជាស​ហការជាមួយក្រសួងការងារ ត្រូវបានអនុវត្តជា​មួយ​អ្នក​បើកបរ​​​ដឹក​កម្មករ​នៅ​រោងចក្រជាង១០០០នៅ​ក្នុង​ខេត្តកណ្តាល កំពង់ស្ពឺ កំពង់​ឆ្នាំង កំពង់ចាម កំពង់ធំ ស្វាយរៀង និង​រាជធា​នីភ្នំពេញ​។ .

គំនិត​ផ្តួច​ផ្តើមនេះ​បាន​រៀប​ចំឡើង ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់ដែលកម្មករកំពុងប្រឈម​មុខ។ សារ​ព័ត៌មាន​ Southeast Asia Globe  បាន​​រាយការណ៍ថា ក្នុង​ឆ្នាំ​២០២០កម្មករ​រោង​ចក្រ​​​ចំនួន ​២ ២០៦​នាក់បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ជា​មធ្យម​មាន​១៨៣​នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ខែៗ​ ដែល​បណ្តាល​ឱ្យ​ស្លាប់​៣០​នាក់​ និង​របួស​ធ្ងន់៤៦៧​នាក់​។​

យោង​តាមការ​ស្ទាប​ស្ទង់មតិរបស់មជ្ឈមណ្ឌល​សិក្សាគោល​នយោបាយ​ឆ្នាំ​២០២១ បាន​ឱ្យដឹង​ថា ប្រហែល​ពាក់កណ្តាល​នៃកម្មករ​រោង​ចក្រ​នៅកម្ពុជា​ប្រមាណ ៧០០ ០០០នាក់​ធ្វើ​​ដំ​ណើរ​តាម​​ឡាន​កូរ៉េ​​​ធំៗ។

អ្នកបើកបរមួយចំនួនដូចជា​លោក វី​ លើកឡើងថា ការអនុវត្ត​តាមគោល​ការណ៍​នេះ​​ធ្វើ​ឱ្យ​ពួក​គេ​​ត្រូវ​ខ្ចី​បា្រក់​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ គឺ​ស្រប​ពេល​ដែល​ឧស្សាហ​កម្មកាត់ដេរ​ប្រឈមនឹង​​សេដ្ឋកិ​ច្ច​​​ធ្លាក់​ចុះ គួប​ផ្សំ​នឹង​​ប្រេង​សាំង​ឡើង​ថ្លៃ​កប់​ពពក​​ដែរ​។

លោក​ វី បន្ត​ថា ប្រាក់ចំណូលរបស់​គាត់​​ពីការ​​ដឹក​កម្មករ​រាល់​ថ្ងៃ​ប្រហែល៥០០ដុល្លារទៅ៦០០ ដុល្លារ​​ក្នុង​មួយ​ខែ គឺ​ចំណូលស្ទើរ​តែ​​ទាំង​អស់​នេះ​​ត្រូវ​សង​ការប្រាក់​ទៅធនា​គារ​វិញ។

លោក វី ​បាន​​បញ្ជាក់​​ថា​៖ «​ខ្ញុំ​បាន​ខ្ចី​ធនាគារ​ជិត២ម៉ឺន​ដុល្លារ ហើយ​បង់​​ឱ្យ​ធនាគារ​​​​ជិត៥០០ដុល្លារ​​​ក្នុង​មួយ​ខែដើម្បី​ប្តូរ​ពី​ឡាន​កូរ៉េ​​ទៅ​ឡានទេសចរណ៍​​»​

ឡានទេសចរណ៍​របស់​គាត់​ក៏​​​ស៊ី​​​​សាំង​ច្រើនណាស់​​​ដែរ។ ខណៈពេល​ដែលឡា​នកូរ៉េ​ស៊ី​សាំង​ប្រហែល​២៤០លីត្រក្នុងមួយខែ​នោះ​ ឡាន​ទេសចរណ៍​ថ្មី​របស់គាត់ស៊ី​៣៩០ លីត្រក្នុង​មួយ​ខែ។

លោក វី បន្ថែមថា អ្នកបើកបរមាន​អ្នក​ជិះ​តិច​​ជាង​មុន ខណៈ​ត្រូវ​បង់​ការប្រាក់​ខ្ពស់​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ ហើយ​ការជំពាក់បំណុលគេច្រើន​ក៏​ក្លាយជាបញ្ហា​ដែលកំពុងរីករាលដាលកាន់តែ​ខ្លាំង​នៅក្នុង​កម្ពុជា។

អ្នក​​បើក​បរ មន្ត្រី​ប​.ស.ស. អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធផ្សេងទៀត ចូល​រួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សាអំពីផែន​ការ​ឱ្យអ្នក​បើកបរ​កម្មករ​រោងចក្រ​​​ប្តូរ​ពី​ឡានកូរ៉េ​​ទៅ​ជា​រថយន្ត​ទេសចរណ៍​ នៅតំបន់​​សេដ្ឋ​កិច្ច​​ពិសេស 7​NG ក្នុង​ខេត្តកណ្តាល នៅថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ​)

លោក ជួប កុល ប្រ​ធាន​សហភាពអំណាច​យុវជនកម្ពុជានៅរោងចក្រ​ផលិតស្បែកជើង ខ្សែភ្លើង និងសម្លៀកបំពាក់ 7NG ខេត្តកណ្តាល និយាយ​ថា គម្រោងផ្លាស់ប្តូររថ​យន្ត​បានជួយកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍ ប៉ុន្តែលោក​​​ទទួល​ស្គាល់​ថា អ្នក​បើកបរ​​​ត្រូវ​ជំពាក់​បំណុល​​គេ​​កាន់​តែ​​ច្រើន​ នៅពេល​​ទិញ​រថយន្តទេសចរណ៍​​ព្រោះ​​គ្មាន​​ឧបត្ថម្ភធន និង​ជំនួយ​ហិរញ្ញ​វត្ថុ​​ពី​សំណាក់​រដ្ឋា​ភិបាល អង្គការក្រៅរដ្ឋាភិបាល ឬក្រុមហ៊ុន​ទេ​។

លោក កុល និយាយ​ថា​៖ «​សម្រាប់​អ្នក​បើក​រថយន្ត​ទេសចរណ៍​​ឱ្យរោងចក្រ 7NG ពួកគេ​​មាន​បញ្ហា​សេដ្ឋកិច្ច​ក្នុង​​គ្រួសារ ​ដោយសារ​ពេល​​នោះ​គេ​ខ្ចី​លុយ​​ពី​ធនាគារ​ដើម្បី​​ប្ដូរ​ឡាន ប៉ុន្តែ​ឥឡូវ ​ខ្លះ​បាន​សង​ [​កម្ចី​វិញ​]​ រួច​ហើយ​​»​

លោក​បាន​​បន្ថែម​​ថា ការ​​ផ្លាស់​ប្តូរ​​​ឡាន​កូរ៉េ​ទៅ​ជា​រថយន្ត​ទេសចរណ៍​ មិន​​​មែន​​​​ជា​មធ្យោបាយ​​​តែ​មួយ​គត់​ ដើម្បី​លើក​​​កម្ពស់​​សុវត្ថិភាព​​របស់​​កម្មករ​នោះ​​ទេ។ លោក​បញ្ជាក់​ថា​ អ្នក​​បើក​បរ​​គួរ​តែ​​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។​

លោក កុល បាន​និយាយ​ថា “នៅ​តំបន់​នេះ អ្នកបើកបរខ្លះមិន​មាន​បទពិសោធន៍ច្រើន ខ្លះ​ខ្វះ​​សីល​ធម៌ ដោយ​​ផឹកស្រា [ពេល​ទំនេរ] ទោះបី​យើង​អប់​រំពួកគេ​​យ៉ាង​ណា​ក៏​ដោយ​”។

លោក ស៊ឹម ប៊ុនលី ប្រធានសមាគមរថយន្តនៃរោងចក្រផលិតស្បែកជើងក្នុងខេត្តកំពង់ចាម លើកឡើង​ថា ការចំណាយប្រាក់​ដ៏ច្រើន​​ក្នុង​ការផ្លាស់ប្តូរ​ឡាន​កូរ៉េ​ទៅជា​រថយន្ត​ទេសចរណ៍​បាន​រារាំង​​អ្នក​បើកបរភាគ​ច្រើន​មិន​​អាច​អនុវត្ត​តាមគោលការណ៍នេះបាន​ទេ​។ លោក​ប៉ាន់​ប្រមាណ​ថា ៧០ភាគរយនៃ​អ្នក​បើក​បរ​​ក្នុង​ខេត្ត​​នេះ​នៅ​​តែ​​​ប្រើ​​ឡាន​កូរ៉េ​ដឹក​កម្មករ​ដដែល។​

ការផ្លាស់ប្តូរពី​ឡាន​កូរ៉េ​​ទៅ​ជា​រថយន្ត​ទេសចរណ៍​ក៏​បន្ថែម​បន្ទុក​ទៅ​លើ​​ការ​ចំណាយ​លើ​តម្លៃ​ប្រេង​​សាំង​របស់​អ្នក​បើក​បរ​ដែរ​​ ក្នុង​ពេល​ដែលប្រេង​សាំង​សាកលលោក​បានឡើងថ្លៃ​យ៉ាង​គំហុក។ លោក​ ប៊ុនលី បាន​កត់​សម្គាល់​ថា ផ្លូវ​ខូ​ច​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​សន្សំ​ប្រាក់​​​​ទិញ​​​រថយន្ត​ទេសចរណ៍​ថ្មី​ដែរ។

លោក ប៊ុនលី បញ្ជាក់​ថា៖ «មាន​ផ្លូវ​ខូច​ច្រើនណាស់ ទើប​​បណ្តាល​ឱ្យខូច​ឡាន​។ ឯ​ការប្តូរ​ទៅ​ឡាន​ថ្មី​ថ្លៃ​ណាស់​ ទើបអ្នកបើ​កបរ​​គ្មាន​លុ​យ​ទិញ​ទេ ហើយគេ​មិន​សូវ​ទិញ​ឡាន​ថ្មី​​ដឹក​កម្មករ​រោង​ចក្រ​ទេ​ ហើយ​សាំងក៏​ឡើង​ថ្លៃទៀត​»

រថយន្តទេសចរណ៍​​ចត​នៅខាងក្រៅរោង​ចក្រ 7NG ដោយ​រង់ចាំ​ដឹកកម្មកររោង​ចក្រ​ នៅថ្ងៃទី២៣ ខែ​មិថុ​នា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

លោក គឹម បញ្ញា​ ប្រធាន​អង្គការមូលនិធិបង្កា​ររបួស​អាស៊ីប្រចាំ​ប្រទេសក​ម្ពុជា ថ្លែងថា អង្គការ​ក្រៅរដ្ឋាភិបាលបាន​ដឹង​ពីប​ញ្ហាដែលរា​រាំងអ្នក​បើកបរ​ដឹក​កម្មករ​រោងច​ក្រ​ជា​ច្រើន​ទៀត​ពី​ការ​ប្តូរ​ឡាន​កូរ៉េ​ទៅ​រថយន្ត​ទេសចរណ៍​។

លោក​ បញ្ញា​ បាន​​បន្តថា ​លោក​​មានសុ​ទិដ្ឋិនិយមថា​ បញ្ហាទាំងនេះអាច​ដោះស្រាយ​បាន​ បើ​រដ្ឋាភិបាល ​និងស្ថាប័ន​ហិរញ្ញវត្ថុ​អាចផ្តល់ប្រាក់កម្ចីដែល​មានការ​ប្រាក់ទាប ដើម្បី​លើក​ទឹក​ចិត្ត​ដល់​​អ្នកបើកបរ​ឱ្យ​ផ្លាស់ប្តូរ​ឡាន​ដឹក​កម្មករ​។ លោក​បានបន្ថែម​ថា បើមិន​ដូច្នេះទេ រដ្ឋាភិបាល​អាចផ្តល់​រថយន្ត​ទេសចរណ៍​ឱ្យ​ពួក​គេ​ដោយ​ផ្ទាល់។​

លោក ​​បញ្ញា​ បាន​​​និយាយថា៖ «មានធនាគា​រខ្នាត​តូច មធ្យម និង​ធំ [និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ] ដែលផ្តល់អត្រាការប្រាក់​ទាប ដូច្នេះខ្ញុំកំពុង​គិត​អំពី​លទ្ធភាព​នៃការ​លើកទឹក​ចិត្ត​ដល់​អ្នក​បើកបរ​ឱ្យទទួលបាន​ប្រាក់កម្ចី​មាន​​ការ​ប្រាក់​ទាប។ យើង​នឹង​ស្នើ​​ទៅ​រដ្ឋាភិបាល​ ឬ​ក្រសួង​សាធារណការ និង​​ដឹក​ជញ្ជូន​ដោយ​​ផ្ទាល់ដើម្បី​​ផ្តល់​ឡាន​​ខ្លះ​ ប្រើប្រាស់​​ក្នុង​​វិស័យ​​កាត់ដេរ​នេះ»

លោក សុផាន់ណារិទ្ធ ដែលជាអគ្គនាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បាន​និយាយ​ថា​ ប.ស.ស.​កំពុង​រៀប​ចំ​ចាប់​ដៃ​គូ​ជាមួយ​ធនាគារ​ ដើម្បី​ផ្តល់​ការ​ប្រាក់​ទាប​​ដល់​អ្នក​បើក​បរ​ ដែល​ចង់​ផ្លាស់​ប្តូរ​ពី​ឡាន​កូរ៉េ​ទៅ​ជា​រថយន្ត​ទេសចរណ៍។​

អត្រា​ការ​ប្រាក់​ប្រែប្រួលតាម​គ្រឹះ​ស្ថាន​នីមួយៗ ប៉ុន្តែ​អត្រាការ​ប្រាក់ជា​មធ្យម​បច្ចុប្បន្នសម្រាប់​កម្ចី​ទិញ​​រថ​យន្ត​ពីធនាគារ​ភ្នំពេញពាណិជ្ជ​ចាប់ផ្តើម​​ពី៩,៥ភាគរយក្នុង​​មួយ​​ឆ្នាំ ចំណែក​​ឯ​​ធនាគារ​​អេស៊ីលី​ដា​មាន​​​អត្រា​​ចាប់​​​ពី ១២% ​ទៅ ១៨​% ជា​រៀង​រាល់​​ឆ្នាំ​។

លោក សុផាន់ណារិទ្ធ បាន​លើកឡើង​ថា ការពិភាក្សាជាមួយ​ដៃគូ​កំពុងដំណើរការ​នៅឡើយ ដូច្នេះ​ហើយលោ​កមិនអាច​ផ្តល់ព័ត៌មានលម្អិតបន្ថែម ឬកំណត់ពេលវេលាបាន​ទេ។

លោក សុផាន់ណារិទ្ធ បន្ថែម​ថា៖ «ឥឡូវនេះ ក្រុមការងារ ប.​ស.ស.កំពុង​សិក្សា​ពង្រី​ក​ប្រសិទ្ធភាព​​ឱ្យទូ​លំទូលាយ​ ​និង​ការ​​ឆ្លើយ​​តប​​​​នឹង​​ក្តី​កង្វល់​​របស់​អ្នក​បើក​បរ​​ក្នុង​​វិស័យ​កាត់​ដេរ»

សម្រាប់អ្នក​បើកបរទាំងអស់ដែលបានទិញ​រថយន្តទេសចរណ៍​ថ្មី​រួច​ហើយ ប.ស.ស នឹងស្នើ​សុំ​ឱ្យក្រសួង​សេដ្ឋកិច្ចផ្តល់ការ​ត្រួត​ពិនិត្យយាន​យន្តប្រចាំឆ្នាំដោយ​ឥត​គិត​ថ្លៃ និង​ផ្តល់​ជូន​បណ្ណ​សម​ធម៌ ដើម្បី​ផ្តល់​សេវា​ចូល​មន្ទីរពេទ្យរដ្ឋដោយ​ឥត​​គិត​ថ្លៃ។ លោក សុផាន់ណា​រិទ្ធ បាន​បន្ថែម​ថា ប.ស.ស នឹងបន្ត​អប់រំ​អ្នកបើកបរ​អំពីសុវត្ថិភាព​ចរាចរណ៍ផ្លូវ​គោក និងកែ​លម្អ​ការ​ប្រមូល​ទិន្នន័យ​ដែល​ទាក់ទង​នឹងគ្រោះថ្នាក់ចរាចរណ៍។

លោក វី អ្នក​បើក​រថយន្ត​ទេសចរណ៍នៅ​​ខេត្ត​កំពង់ចាម បាន​និយាយ​ថា រដ្ឋាភិបាល និងអង្គការ ពាក់ព័ន្ធ ដូចជាមូលនិធិអង្គការមូលនិធិ បង្កា​ររ​បួស​អាស៊ី គួរតែកាត់បន្ថយអត្រា​ការប្រាក់ ចេញបណ្ណ​ក្រីក្រ ដើម្បីផ្តល់​អត្ថប្រយោជន៍សុខុមាល​ភាព និង​បញ្ចុះ​ថ្លៃ​​ប្រេង​សាំង​​។ លោក​បានបន្ថែម​ថា អ្នកបើក​បររថយន្តទេចរណ៍​មិន​មាន​​​​បណ្ណ​​​មន្ទីរ​​ពេទ្យ ដើម្បីទទួលបាន​​ការ​ឧបត្ថម្ភ​​ថ្លៃព្យាបាល​​តាមរយៈគ្រឹះស្ថាន​​របស់​រដ្ឋា​ភិបាល គឺ​វា​មិន​​​ដូច​​គ្នា​នឹង​​​​អ្នក​​​ជិះ​ជា​កម្មកររោង​ចក្រ​​ឡើយ។

លោក វី បន្ថែមទៀត​ថា​៖ «​ពី​មុន​ ប្រើ​អស់​សាំង​៨​កាន​​​ ឥឡូវ​​ប្រើ​​អស់​១៣​កាន​ ​​ក្នុង​​​មួយ​​​ខែ​​។ ខ្ញុំគិត​ថា ល្អ​ដែរ​បើ​មាន​ការ​ប្រាក់​ទាប ដូច្នេះ​ទើប​អ្នកបើកបរឡាន​ទេសចរណ៍​អាច​សងប្រាក់​កម្ចីធនាគារបានទាន់​ពេល​ ហើយអ្នក​បើ​កបរ​ឡាន​ទេសចរណ៍​ក៏ធ្វើការក្នុងវិស័យដូចគ្នា​​នឹង​កម្មកររោង​ចក្រ​ដែរ អី​ចឹង​យើង​គួរតែ​មាន​បណ្ណ​ពេទ្យ ដើម្បី​​ទទួល​បាន​ការព្យាបាលពី​រដ្ឋាភិបាល​​ដែរ​»​។

ភាគីពាក់​ព័ន្ធគម្រោងផ្លាស់ប្តូរ​​ឡាន​កូរ៉េ​ ចុះទៅមើលចំណត​​រថយន្ត​ទេសចរណ៍​​នៅរោង​ចក្រ 7NG ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

អ្នកបើកបរម្នាក់ទៀតនៅខេត្តកំពង់ចាម ឈ្មោះ ខេង ឃឿន អាយុ ៣៥ឆ្នាំ បាននិយាយចំៗ​អំពីមូលហេតុដែល​គាត់នៅតែ​មិនអាច​អនុវត្តតាមគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងអង្គការក្រៅរដ្ឋាភិបាលក្នុងការទិញរថយន្ត​ទេសចរណ៍។

គាត់​​បាន​​ឱ្យដឹង​ថា​៖ «​ទីមួយ ខ្ញុំ​គ្មាន​​លុយ​កាក់​​ទេ​។ ទី​ពីរ ផ្លូវ​ពិបាក​​សម្រាប់​ឡាន​ទេសចរណ៍​​ក្នុង​​ការ​បើក​លើ​​ផ្លូវ។ ម្យ៉ាងវិញ​ទៀត ​បើខ្ញុំខ្ចីលុយពីធនា​គារ​ដើម្បីទិញឡាន​ថ្មី ខ្ញុំ​មិនអាចរក​ចំណូលបាន​ច្រើន​ទេ ព្រោះសព្វ​ថ្ងៃនេះ ឧស្សាហកម្មកាត់ដេ​រក៏​មិនមាន​​ការងារច្រើន​​ដែរ​»

ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Policy Improves Garment Workers’ Safety But Leaves Bus Drivers Deep in Debt

366 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម