សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តកំពង់ស្ពឺលិចទឹកដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុនលំនៅដ្ឋានមួយ

សាលាបឋមសិក្សាទួលត្រាច ស្ថិតក្នុងភូមិរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
សាលាបឋមសិក្សាទួលត្រាច ស្ថិតក្នុងភូមិរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ប្រជាពលរដ្ឋដែលរស់នៅក្បែរសាលាបឋមសិក្សាទួលត្រាច ស្ថិតនៅក្នុងភូមិត្រាំរនាប ឃុំ​អង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អះអាងថា សាលារៀនលិចទឹកដោយសារ​ការអភិវឌ្ឍ​របស់ក្រុមហ៊ុនលំនៅដ្ឋានមួយ គួបផ្សំនឹងភ្លៀងធ្លាក់បន្តបន្ទាប់​បណ្ដាល​ឱ្យគ្មានផ្លូវ​ទឹកហូរ ធ្វើ​ឱ្យទឹកលិចសាលាប៉ះពាល់ដល់ការសិក្សារបស់សិស្ស។

មានទីលំនៅក្បែររបងសាលា អ្នកស្រី ញឹក យ៉ុន អាយុ៦០ឆ្នាំ ថ្លែងប្រាប់ ខេមបូចា ថា គាត់រស់​នៅ​​​តំបន់នេះយូរកាលហើយ មិនដែលប្រទះនឹងរឿងលិចសាលាឡើយ ទើបតែ២ឆ្នាំ​ចុង​ក្រោយ ចាប់តាំងពីមានវត្តមានបុរីមួយឈ្មោះ«ម៉ន ដានី» ក៏កើតមានបញ្ហា​ទឹកលិចសាលារៀន​ដូច្នេះ។

ថ្លែងទាំងសម្លេងស្អកៗ អ្នកស្រី យ៉ុន បន្តថា ដោយសារតែមានទឹកលិចបរិវេណ​សាលា បណ្ដាល​ឱ្យ​សិស្សត្រូវអាក់ខានរៀនសូត្រប៉ុន្មានដងដែរ​ ព្រោះខាងសាលាបារម្ភ​ពី​សុត្ថិភាព​សិស្សតូចៗ។

អ្នកស្រីរៀបរាប់ថា៖ «ស្រុកខ្ញុំអត់ដែលលិចផង តាំងពីខ្ញុំកើតមកនៅស្រុកហ្នឹងមិនដែលឃើញ​លិច​ទេ ទើបឃើញមានបុរីហ្នឹងមក ហើយគេវាយរបងមក ទឹកវាហូរមកហ្នឹងណា៎»។

អ្នកស្រីបានបន្តថា រូបគាត់មិនពេញចិត្តចំពោះវត្តមានបុរីខាងលើ ដែលកំពុងធ្វើអាជីវកម្ម​លក់​ផ្ទះ ហើយបណ្ដាលឱ្យមានការជនលិចសាលារៀនដូច្នេះឡើយ។ តែអ្នកស្រីបាន​ត្រឹមតែ​សម្ដែង​ការមិនពេញចិត្ត ដោយមិនដឹងពឹងអ្នកណាឱ្យដោះស្រាយបាន។

អ្នកស្រី យ៉ុន បញ្ជាក់ថា៖ «ខ្ញុំអត់សប្បាយចិត្តទេ ដល់តែលិចកូនសិស្សចឹង តែមិនដឹងធ្វើ​ម៉េច»។

ផ្លូវដើរនៅក្នុងទីធ្លាសាលារៀន មានដីនៅសើមស្អិត ខណៈទឹកមិនទាន់ស្រកនៅឡើយ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ចំណែកអ្នកស្រី ចិន ជាពលរដ្ឋរស់នៅក្បែរសាលារៀនខាងលើ បានប្រាប់ឱ្យដឹងថា រយៈ​ពេល​ពីរឆ្នាំមកហើយដែលសាលារៀននេះលិចទឹក។ អ្នកស្រីថា កម្មករដែលមកធ្វើការនៅបុរី បាន​ទម្លុះ​របងហើយបង្ហូរទឹកចូលក្នុងដីសាលា គួបផ្សំនឹងបុរីនោះចាក់ដីខ្ពស់ និងបិទផ្លូវទឹកផង ទើបសាលាដែលមានដីទាប រងការលិចទឹកដូច្នេះ។

អ្នកស្រីបានសម្ដែងការបារម្ភដែរថា នឹងមានការលិចខ្លាំងជាងនេះ ពីព្រោះថា​នៅក្បែរ​សាលា​រៀន ពុំមានប្រលាយដើម្បីរំដោះទឹកឡើយ។ អ្នកស្រីថា កាលពីមុនទឹកលិចខ្លាំង ឪពុកម្ដាយ​សិស្ស​មិនហ៊ានឱ្យកូនមករៀនខ្លាចក្មេងលង់ទឹក រហូតមានសិស្សខ្លះត្រូវប្ដូរទៅរៀន​សាលា​ផ្សេង។ 

អ្នកស្រីបន្តថា៖ «ខ្ញុំអត់សូវចាំដែរ តែគ្រាន់តែដឹងថាលិចយូរដែរហើយ លិចជ្រៅ។ និយាយរួម​ខាងនោះចាក់ដីខ្ពស់ជាងយើង ហើយអ្នកនៅក្នុងរបងឃើញដើរវាយប្រលោះៗដែរ តាមថា​វាអត់មានកន្លែងត្រូវបង្ហូរចេញ អត់មានប្រលាយត្រូវបង្ហូរ វាលិចសាលាចឹងទៅ»។

អង្គុយលក់នំឱ្យសិស្សបណ្ដើរ អ្នកស្រីប្រាប់ទៀតថា នាយកសាលាបានព្យាយាម​រកដំណោះ​ស្រាយ​ដែរ តែបញ្ហាទឹកលិចសាលានៅតែកើតឡើងដដែល។

អ្នកស្រីចិនប្រាប់ថា៖«គ្រូមិនដឹងធ្វើម៉េច បើគាត់ធ្វើអត់ចេញ ធ្លាប់ស្នើអីដែរ ប៉ុន្តែនៅតែចឹង​អត់​ដាច់ស្រេច»។

នៅពេលដែលអ្នកសារព័ត៌មានចុះទៅដល់ គេសង្កេតឃើញថា ទីធ្លាសាលារៀនមានដីទាប​ជាង​បុរីដែលព័ទ្ធរបងដាច់កន្ទុយភ្នែក ហើយនៅពុំឃើញមានប្រលាយសម្រាប់​រំដោះទឹក​ឡើយ។ ទន្ទឹមនឹងនោះនៅតាមរបងសាលារៀន គេឃើញមានទុយោខៀវ និងរន្ធទម្លុះមក​ពី​ខាងបុរី បង្ហូរទឹកចូលមកទីធ្លាសាលា ហើយឃើញស្នាមទឹកដែលទើបនឹង​ស្រកជាប់​របង​សាលា​នៅឡើយ។

ដោយសារតែបរិវេណសាលាមានទឹកលិចនៅកន្លែងមានដីទាប និងទឹកមិនទាន់ស្រកអស់ បណ្ដាលឱ្យកុមារតូចៗមិនមានទីធ្លាសម្រាប់រត់លេងឡើយ។ សិស្សខ្លះរត់លេងក្នុងថ្នាក់ សិស្សខ្លះទៀតទៅរត់លេងនៅក្នុងវត្តទល់មុខសាលា ខណៈផ្លូវ និងទីធ្លាសាលាមិនសូវស្អាត មានស្មៅដុះច្រើន និងសំរាមស្អេកស្កះ។

សិស្សប្រុសៗកំពុងអង្គុយលេងក្បែររូបសំណាក នៅជាប់ផ្លូវដើរចូលសាលារៀន ដោយសារ​ទីធ្លាលិចទឹកមិនអាចរត់លេងបាន។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

បើតាមលោកគ្រូបង្រៀនមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ខេមបូចា ថា បុរីនេះមាន​ផ្ទៃដីប្រមាណ១ ៥០០ហិកតា លាតសន្ធឹងក្នុងឃុំពីរ គឺឃុំអង្គពពេល និងឃុំព្រះនិពា្វន្ត ដែល​គេស្គាល់ថាឈ្មោះ«ម៉ន ដានី»។ លោកបន្តថា សាលារៀននេះចាប់ផ្ដើមលិចតាំងពីឆ្នាំ២០២១ តាំងពីមានវត្តមានបុរីនេះចាក់ដីលុបប្រលាយរដ្ឋ។

លោកថ្លែងថា៖ «ប្រឡាយគេនៅនេះ[ចង្អុលបង្ហាញអ្នកសារព័ត៌មាន] តែគេអត់ឱ្យបើក គេថា​ទឹកស្អុយ។ អាបុរីហ្នឹងវាបិទប្រឡាយ តែប្រឡាយហ្នឹងក្នុងដីគេទេ ប្រឡាយហ្នឹង២ម៉ែត្រ។ ពីមុនទោះម៉េចក៏វា[ទឹក]ហូរអត់ដែលលិចដែរ ដល់ហើយវា[បុរី]ចាក់លុបអស់ទៅ វាថាអត់​មានប្រឡាយអត់មានអី ដល់តែភ្លៀងមកវាហូរមកយើងឯណេះ»។

គ្រូបង្រៀនសុំមិនបញ្ចេញឈ្មោះរូបនេះថា ម្ចាស់បុរីមានលុយទិញដីសង់ផ្ទះសន្ធឹកសន្ធាប់​បែប​នេះមិនមែនអ្នកតូចទេ ដូច្នេះវាមានការពិបាកក្នុងការដោះស្រាយ​បញ្ហាទឹកលិចសាលារៀន​នេះ។

លោកគ្រូប្រាប់ថា៖ «ខ្ញុំបង្រៀនជិត៣០ឆ្នាំហើយ មិនដែលមានទឹកលិចទឹកអីទេ។ ក្មួយឃើញ​ទេ នោះផ្ទះកម្មករ៣០០ខ្នង ហើយវាធ្វើវាយរបងខ្ទេចខ្ទីអស់ហើយបង្ហូរទឹកមកយើង»។

លោកគ្រូរូបនេះបន្ថែមថា កាលពីសាលានេះលិចខ្លាំងពេក សិស្សផ្អាករៀនតែ៣ថ្ងៃប៉ុណ្ណោះ តែរហូតមកដល់ពេលនេះទឹកស្រកហើយ ឯសិស្សសាលាក៏បានចូលរៀនវិញដែរ ព្រោះខាង​សាលាបានចាក់ថ្មក្រាលផ្លូវដើរចូលទៅសាលាចំនួន២ឡាន ដើម្បីងាយស្រួលធ្វើដំណើរ។

នាយកសាលាបឋមសិក្សា ទួលត្រាច លោកអ៊ុន សង ឆ្លើយប្រាប់ ខេមបូចា ថា សាលា​បឋមសិក្សា​នេះរងការលិចលង់រយៈពេល២ឆ្នាំមកហើយ និងបណ្ដាលឱ្យ​សិស្ស​ឈប់​រៀន​បណ្ដោះអាសន្នតែមួយរយៈពេលខ្លីប៉ុណ្ណោះ។

នៅពេលដែលអ្នកសារព័ត៌មាន សាកសួរបញ្ជាក់ពីដើមចមថា ការលិចទឹកនេះទាក់ទងនឹងបុរី ឈ្មោះម៉ន ដាទី ឬទេ?  លោកនាយកសាលាប្រាប់ថាមិនចង់និយាយឱ្យមានការវែងឆ្ងាយ។ បច្ចុប្បន្ននេះ លោកនាយកសាលាប្រាប់ថា បានចាក់ដី២០០ឡាន ជុំវិញបរិវេណសាលា ដើម្បី​ឱ្យសិស្សរត់លេង ខណៈសិស្សក៏បានចូលរៀនឡើងវិញ។

លោក សង ថ្លែងថា៖ «មិនបាច់និយាយអីទេ មិនបាច់ទេ! ខ្ចិលហែកកេរ្តិ៍គ្នាឯង​ ទ្រាំៗទៅ រឿង​បើចង់ដោះតែបន្តិចទេ តែខ្ចិលបរិយាយ ព្រោះវាពាក់ព័ន្ធច្រើន»។

សិស្សសាលាបឋមសិក្សាទួលត្រាច កំពុងធ្វើដំណើរចាកចេញពីសាលា នៅម៉ោង​ប្រមាណ​១១ព្រឹក។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

យ៉ាងណាមិញ មេឃុំអង្គពពេល លោក ប៉ែន ហេង បានអះអាងថា បញ្ហាទឹកលិច​សាលា​បឋមសិក្សា​ ទួលត្រាច គឺបង្កដោយសារបុរី ម៉ន ដានី ពិតមែន។ ប៉ុន្តែលោកបញ្ជាក់ថា បញ្ហា​នេះ មិនស្ថិតក្នុងដែនសមត្ថកិច្ចលោកឡើយ ព្រោះសាលានេះស្ថិតនៅឃុំផ្សេង។ តែលោក​បន្ថែមថា អាជ្ញាធរមូលដ្ឋានបានចាក់ដី និងដាក់លូដើម្បីរំដោះទឹកក្នុងសាលាហើយ ដូច្នេះ​មិន​មានការព្រួយបារម្ភអ្វីទៀតទេ។

លោកបន្ថែមថា៖ «យើងបានដាក់លូរំដោះទឹកនិងចាក់ដីឱ្យក្មេងៗអាចរៀនវិញបានហើយ​ក្មួយ។​ ហើយរឿងណែនាំបុរី គឺជាដែនសមត្ថកិច្ចអាជ្ញាធរឃុំផ្សេងទេ គឺវាឋិតនៅទឹកដីឃុំ​ព្រះនិព្វានទេ ក្មួយអាចទៅសួរគាត់បាន»

មេឃុំព្រះនិព្វាន លោក ប្រាក់ លន់ បានឱ្យដឹងថា លោកបានជជែកជាមួយម្ចាស់បុរី ម៉ន ដានី រួចហើយ ប៉ុន្ដែខាងបុរីមិនទាន់មានកាឆ្លើយតបមកទេ។

 លោកមេឃុំបញ្ជាក់ថា៖ «ចាំមើលខ្ញុំរាយការណ៍ទៅស្រុកអំពីបញ្ហាអស់ហ្នឹងសិន ចាំខាង​ស្រុក​គេឆ្លើយសិនចាំពូប្រាប់ក្មួយឯងវិញ»

អភិបាលស្រុកគងពិសី លោក  ចែម ភិនរីមវុទ្ធី បានថ្លែងប្រាប់ ខេមបូចា ថា កន្លងមកអាជ្ញាធរ​បានចុះពិនិត្យស្ថានភាពជាក់ស្ដែង និងបើកផ្លូវទឹកដែលអាចបង្ហូរទឹកបានមួយកន្លែង។

បច្ចុប្បន្ន អាជ្ញាធរបានចាក់ដីក្នុងទីធ្លាសាលានៅកន្លែងណាទាបៗ និងកាយប្រឡាយ​សម្រាប់​ឱ្យទឹកហូរបាន ដើម្បីបញ្ចប់បញ្ហាទាំងអស់ដែលនៅ​សេសសល់ពាក់ព័ន្ធនិងបញ្ហា​ទឹកលិច​នេះ។

 លោកថ្លែងយ៉ាងខ្លីថា៖ «អាជ្ញាធរកំពុងដោះស្រាយបញ្ហារឿងទឹកលិចហ្នឹងហើយ»

សកម្មភាពគ្រឿងចក្រកំពុងកាយដីដាក់ឡានក្នុងបរិវេណបុរី ម៉ន ដានី ដែលមានទីតាំង​នៅក្រោយរបងសាលាបឋមសិក្សាទួលត្រាច។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

អ្នកសារព័ត៌មានខេមបូចា មិនអាចទំនាក់ទំនងខាងម្ចាស់បុរី ម៉ន ដានី បានទេ ប៉ុន្តែបុគ្គលិក​ម្នាក់ធ្វើការនៅការិយាល័យលក់របស់បុរី ម៉ន ដានី បានថ្លែងប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរសព្ទ​ថា គាត់ឈ្មោះ ទ្រី ហើយគាត់មិនបានប្រាប់ឈ្មោះពេញទេ។ លោក ទ្រី បន្តថា ថ្វីត្បិតតែ​មាន​ពលរដ្ឋលើកឡើងពីបញ្ហានេះ ប៉ុន្តែខាងបុរីមិនទាន់ទទួល​បាន​ដំណឹង​អ្វីទាក់ទងនឹង​ការលិច​ទឹក​នៅសាលានោះទេ ហើយលោកនឹងសាកសួរ​ខាងថ្នាក់​លើ​បន្ថែម។

លោកបានថ្លែងយ៉ាងខ្លីថា៖ «ចាំខ្ញុំសាកសួរថ្នាក់លើខ្ញុំសិនបង ព្រោះខ្ញុំខាងបុរីអត់ទាន់ទទួលព័ត៌មានពីខាងសាលាបញ្ចូនព័ត៌មានមកខាងខ្ញុំផង ស្ងាត់ឈឹងអ៊ីចឹងណាបង»

ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា( CITA)  អ្នកស្រី អ៊ុក ឆាយ៉ាវី  កត់សម្គាល់ឃើញថា បញ្ហាទឹកលិចសាលារៀននេះ មិនមាននៅតែខេត្តកំពង់ស្ពឺឡើយ សូម្បីតែសាលាមតេ្តយ្យ​នៅ​កៀនស្វាយក៏រងការជនលិចដែរ។

លោកស្រីបានដាក់បន្ទុកទៅលើអាជ្ញាធរមូលដ្ឋានក្នុងនាមជាម្ចាស់ផ្ទះ មិនបាន​យកចិត្ត​ទុក​ដាក់ និងដោះស្រាយបញ្ហាក្នុងភូមិឃុំ ពិសេសទាក់ទងនឹងបញ្ហាអប់រំ ​ដែលបណ្ដាលមកពី ការវិនិយោគនានាក្នុងមូលដ្ឋាន។

អ្នកស្រីថ្លែងថា៖ «ឥទ្ធិពលអ្នកមានលុយមានអំណាចលុបបាត់ហើយ ឥទ្ធិពលគេ គេលើសលុប ប៉ុន្ដែក្នុងនាមម្ចាស់ផ្ទះត្រូវតែយកចិត្តទុកដាក់ចំពោះវិស័យអប់រំ»

អ្នកស្រីបន្ថែមថា ក្នុងវិស័យអប់រំចាប់ពីមតេ្តយ្យសិក្សារហូតដល់អនុវិទ្យាល័យ គឺស្ថិតនៅ​ក្រោម​ដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ដូច្នេះអាជ្ញាធរថ្នាក់ក្រោមគួរតែចិត្តទុកដាក់ឱ្យបានខ្ពស់ និងគ្រប់ជ្រុងជ្រោយ ទើបមិនមានបញ្ហាទាំងនេះកើតឡើង។

អ្នកស្រីបន្ដថា៖«ក្រសួងអប់រំក៏ដូចជាអាជ្ញាធរដែនដីនៅថ្នាក់មូលដ្ឋានហ្នឹងត្រូវយកចិត្តទុកដាក់ចំពោះសាលារៀនរដ្ឋ បើមិនអ៊ីចឹងទេគឺវាប៉ះពាល់ការសិក្សាសិស្សដែលកំពុងរៀន»

542 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម