មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅខែសីហា លោក ហ៊ុន ម៉ាណែត បានប្រាប់សាធារណជននៅថ្ងៃព្រហស្បតិ៍ថា លោកនឹងធ្វើតាមពាក្យបណ្តាំរបស់ឪពុកលោក។
អនាគតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ» ។
លោកបានសម្តែងការដឹងគុណចំពោះឪពុករបស់គាត់។
លោក ហ៊ុន ម៉ាណែត បានបង្ហោះបណ្តាំដែលមានខ្លឹមសារថា៖ «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខានតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បដិសេធមិនបញ្ជាក់លម្អិតថា តើនរណានឹងត្រូវតែងតាំងក្នុងគណៈរដ្ឋមន្ត្រីបន្ទាប់ រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែសីហា។
នៅពេលអ្នកសារព័ត៌មានខេមបូចា សួរថា តើលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ នឹងត្រូវដាក់ឲ្យបន្តតំណែងលោក ស ខេង ដែលជាឪពុករបស់លោក ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬយ៉ាងណានោះ លោក សុខ ឥសាន សុំមិនបញ្ជាក់ទេ។
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី២២ ខែសីហា នេះបើតាមការថ្លែងរបស់ឪពុកលោក កាលពីថ្ងៃពុធ។ លោក ហ៊ុន សែន ថ្លែងថា លោករដ្ឋមន្ត្រី ស ខេង លោក ទៀ បាញ់ និង លោកស្រី ម៉ែន សំអន និងលោក ហេង សំរិន ប្រធានរដ្ឋសភា នឹងចាកចេញពីមុខតំណែង ហើយនឹងតែងតាំងជាជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គព្រះមហាក្សត្រ។
លោក ហ៊ុន សែន បានថ្លែងថា៖ « រដ្ឋមន្ត្រីខ្លះទៀតនឹងមិនក្លាយជារដ្ឋមន្ត្រីទៀតទេ។ [ពួកគេ] នឹងអង្គុយនៅរដ្ឋសភាជាតំណាងរាស្រ្ត ដោយសារយើងចាស់ហើយ» ។
លោកបាននិយាយថា រដ្ឋមន្ត្រីផ្សេងទៀតនឹងក្លាយជាទីប្រឹក្សារដ្ឋាភិបាល ឬសមាជិកព្រឹទ្ធសភា។
លោក បានបន្ថែមថា៖ «សមាជិកព្រឹទ្ធសភាមួចំនួនចាស់ អ្នកខ្លះអាយុជាង៨០ឆ្នាំ និងខ្លះអាយុជិត៨០ឆ្នាំ។ ល្មមដល់ពេលចាកចេញហើយ។ អាយុច្រើនក៏ធ្វើការមិនកើតដែរ យើងត្រូវគិតពីសុខភាពខ្លួន ហើយផ្តល់ឱកាសដល់ក្មេងស្នងជំនាន់ក្រោយ»។
សមាជិករដ្ឋសភាដែលទើបជាប់ឆ្នោតថ្មី ដែលភាគច្រើនមានទំនាក់ទំនងនឹងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអំណាចកាន់តែទូលំទូលាយទៅកាន់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចជំនាន់ក្រោយវ័យក្មេងនៅក្នុងប្រទេស។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនដឹងថាមានរដ្ឋមន្ត្រីណា ឬប៉ុន្មាននាក់នឹងផ្លាស់ប្តូរមុខតំណែងក្នុងជួររដ្ឋាភិបាលរបស់ពួកគេទេ ហើយបាននិយាយថា សេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាលនឹងមកដល់ «ក្នុងពេលឆាប់ៗនេះ» ។
លោក ស៊ីផាន ថ្លែងថា៖ «ឱ្យបង្ហើបយ៉ាងម៉េច[ព័ត៌មាននៃការផ្លាស់ប្ដូរ]! បើពូអត់ដឹងផង»។
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន ម៉ាណែត និងភរិយា បានទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាទួលគោក ក្នុងការិយាល័យបោះឆ្នោតរាជធានីភ្នំពេញ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាបានបោះឆ្នោតនៅមណ្ឌលក្នុងខេត្តកណ្តាល។
យោងតាមលទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោត គណបក្សកាន់អំណាចទទួលបាន ១២០ អាសនៈ ខណៈគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈក្នុងរដ្ឋសភា ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Future Prime Minister Hun Manet Promises to Follow His Father’s Advice