ហានិភ័យអាកាសធាតុនានា ដោយរាប់ទាំងការកើនកម្ដៅផង ត្រូវគេរំពឹងថា នឹងកើនឡើងនៅក្នុងប្រទេសកម្ពុជា ដោយឥទ្ធិពលពីបម្រែបម្រួលអាកាសធាតុទាំងនេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើពលរដ្ឋកម្ពុជា និងសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងធ្វើឱ្យការអភិវឌ្ឍមានស្ថានភាពកាន់តែអាក្រក់។ នេះបើយោងតាមការលើកឡើងនៅក្នុងរបាយការណ៍អាកាសធាតុនិងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា (CCDR) របស់ធនាគារពិភពលោក។
បម្រែបម្រួលអាកាសធាតុអាចធ្វើឱ្យកម្ពុជាខាតបង់ GDP ដល់ទៅ៩%នៅឆ្នាំ២០៥០ និងធ្វើឱ្យអត្រានៃភាពក្រីក្ររបស់ប្រទេសកើនឡើងដល់ទៅ៦%ពិន្ទុ នៅត្រឹមឆ្នាំ២០៤០ ប្រសិនបើគ្មានការអនុវត្តវិធានការបន្ស៊ាំនិងកាត់បន្ថយផលប៉ះពាល់ឱ្យបានសមស្របទេនោះ។
ផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុបានកើតមានជាក់ស្ដែងរួចទៅហើយនៅក្នុងប្រទេសកម្ពុជា ដែលគេចាំបាច់ត្រូវមានវិធានការបន្ស៊ាំ។ នេះជាការលើកឡើងនៅក្នុងរបាយការណ៍ខាងលើ ដោយបានបន្ថែមថា ភាពញឹកញាប់នៃគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរកំពុងកើនឡើងដោយសារកំណើនការប្រែប្រួលនៅក្នុងរបបទឹកភ្លៀង។
ក្នុងអំឡុងឆ្នាំ២០១៥-២០១៦ ខេត្តចំនួន១៨ក្នុងចំណោមខេត្តរាជធានីទាំង២៥ បានទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ប្រជាជនជិត២,៥លាននាក់។ គ្រោះរាំងស្ងួតដែលទាក់ទងនឹងបាតុភូត El Niño នៅឆ្នាំ២០១៩ បានបណ្ដាលឱ្យខាតបង់ថវិកាប្រមាណ១០០លានដុល្លារគិតជាទិន្នផលស្រូវ។
ការធ្លាក់ភ្លៀងដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលបីឆ្នាំចុងក្រោយ បានកើតឡើងនៅខែកញ្ញា ឆ្នាំ២០២២ ដោយបានបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន១៤ប៉ះពាល់ដល់ប្រជាជនជិត ៨៥ ០០០គ្រួសារ ព្រមទាំងបង្កឧបទ្ទវហេតុបាក់ដីដែលបានបង្ខំប្រជាជន ៥ ០០០គ្រួសារត្រូវតែជម្លៀសចេញ។
អនុប្រធាននៃធនាគារពិភពលោកសម្រាប់តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោកស្រី Manuela V. Ferro បានថ្លែងថា៖ «កម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីបម្រែបម្រួលអាកាសធាតុ ជាពិសេស ដោយសារគ្រោះទឹកជំនន់ដែលបានកើតឡើងញឹកញាប់ជាងមុន និងកាន់តែធ្ងន់ធ្ងរជាងមុន»។ លោកស្រីបន្តថា៖ «ដើម្បីស្ដារឡើងវិញពីការខាតបង់ដែលបណ្ដាលមកពីជំងឺរាតត្បាត ព្រមទាំងការឡើងថ្លៃស្បៀងអាហារ និងថាមពល កម្ពុជាចាំបាច់ត្រូវសម្រេចឱ្យបានកំណើនខ្ពស់ និងទន្ទឹមគ្នានេះ ត្រូវដោះស្រាយផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុមកលើសេដ្ឋកិច្ច និងកាត់បន្ថយដង់ស៊ីតេកាបូនរបស់ខ្លួន»។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បានបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនទប់ទល់នឹងការប្រែប្រួលអាកាសធាតុតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីជម្លៀសទឹកជំនន់ អាងស្តុកទឹកសម្រាប់ដោះស្រាយគ្រោះរាំងស្ងួត បច្ចេកវិទ្យាសន្សំសំចៃទឹកដើម្បីស្រោចស្រពដំណាំ និងការអនុវត្តបច្ចេកទេសកសិកម្មសមស្របទេ នោះសេដ្ឋកិច្ចនឹងទទួលរងផលប៉ះពាល់អវិជ្ជមានជាមិនខានឡើយ។
លោក សុផល បានលើកឡើងថា៖ «ការបន្ស៊ាំខ្លួនប្រភេទនេះជួយយើងទប់ទល់ពីគ្រោះមហន្តរាយធម្មជាតិ ទោះបីក្នុងករណីមិនទាន់មានព្រឹត្តិការណ៍ប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរក៏ដោយ»។លោកបានបន្ថែមថា៖ «ប្រសិនបើយើងមិនត្រៀមខ្លួនឱ្យរួចរាល់ទេ ផលប៉ះពាល់ និងការខាតបង់សេដ្ឋកិច្ចនឹងកាន់តែធ្ងន់ធ្ងរថែមទៀត»។
នៅពេលអ្នកសារព័ត៌មាន ខេមបូចា បានសួរសំណួរទៅកាន់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកឆ្លើយតបត្រឹមតែចែករំលែកយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នៅក្រោមផ្នែកស្ដីពី«និន្នាការបរិស្ថាននិងការប្រែប្រួលអាកាសធាតុ»ប៉ុណ្ណោះ។
យុទ្ធសាស្ត្រនេះបានលើកឡើងថា៖ «និរន្តរភាពនៃបរិស្ថានសកល បាននិងកំពុងរងការគំរាម ដោយការបំពុលបរិស្ថាន ការរេចរឹលធនធានធម្មជាតិ ការបាត់បង់ប្រព័ន្ធជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ ដែលជះផលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដូចជា ការបម្លាស់ទី សន្តិសុខទឹក ស្បៀង និងថាមពល ការធ្វើកសិកម្ម ឧស្សាហូបនីយកម្ម នគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគាំពារសង្គម និងសុខភាពសាធារណៈ»។
យុទ្ធសាស្ត្រដដែលបានបន្ថែមថា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យបានខ្លាំងក្លាថែមទៀតទៅថ្ងៃអនាគត ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសាកល ដែលគ្រប់ប្រទេសកំពុងជួបប្រទះ ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ជាមួយនឹងគោលនយោបាយនិងយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដែលយើងអនុវត្ត យើងកំពុងគិតគូរពីភាពប្រឈមនៃការប្រែប្រួលអាកាសធាតុ»។ លោកបន្តថា៖ «គ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ដីកើតឡើងនៅគ្រប់ប្រទេស ហើយពួកគេប៉ះពាល់ខ្លាំងជាងនៅប្រទេសកម្ពុជាទៅទៀត»។
ប៉ុន្តែលោកបន្តថា រដ្ឋាភិបាលមានទស្សនវិស័យច្បាស់លាស់រួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហានេះ។
លោក បូណា បានបន្ថែមថា៖ «យើងប្រើពាក្យ«ភាពធន់»នៅក្នុងគោលនយោបាយនីមួយៗ។ វាសំដៅទៅលើភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។ លោកបន្តថា៖ «នេះជាពាក្យគន្លឹះដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានលើកឡើងជាយូរមកហើយ ដើម្បី[ដោះស្រាយ]បញ្ហាការប្រែប្រួលអាកាសធាតុ»។
ស្របពេលជាមួយគ្នានេះ គ្រោះទឹកជំនន់ត្រូវបានព្យាករថា បង្កការខូចខាតកាន់តែកើនឡើងទៅលើរោងចក្រ ផ្លូវថ្នល់ ផ្ទះសម្បែង និងសាលារៀន ព្រមទាំងបង្កការរំខានដល់សេវានិងខ្សែច្រវាក់ផ្គត់ផ្គង់ដែលសំខាន់ចាំបាច់ជាច្រើន។
ការវិភាគមួយដោយផ្អែកលើរបាយការណ៍ពីរស្ដីពី «ការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរនៅក្នុងវិស័យសម្លៀកបំពាក់ម៉ូដ និងផលប៉ះពាល់ទៅលើកម្មករ» និង«ភាពស៊ាំនឹងអាកាសធាតុ និងការចំណាយរបស់វិស័យសម្លៀកបំពាក់ម៉ូដទៅលើការបន្ស៊ាំខ្លួន» ដែលធ្វើឡើងដោយវិទ្យាស្ថានពលកម្មសកល នៃសកលវិទ្យាល័យ Cornell University កាលពីខែកញ្ញា ឆ្នាំ២០២៣ បានបង្ហាញថា មជ្ឈមណ្ឌលផលិតកម្មសម្លៀកបំពាក់ពិភពលោកចំនួន៣២កំពុងប្រឈមនឹងភាពងាយរងគ្រោះខ្ពស់ដោយសារគ្រោះទឹកជំនន់ និងការឡើងកម្ដៅធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍ទីមួយ ប្រទេសកម្ពុជា វៀតណាម បង់ក្លាដែស និងប៉ាគីស្ថាន ដែលស្មើនឹង១៨%នៃការនាំចេញសម្លៀកបំពាក់កាត់ដេរសរុបទូទាំងពិភពលោក កំពុងប្រឈមនឹងការខាតបង់ថវិកា ៦៥ពាន់លានដុល្លារនៅក្នុងចំណូលនាំចេញ នៅឆ្នាំ២០៣០ ដែលស្មើនឹងការធ្លាក់ចុះ២២% ព្រមទាំងការបាត់បង់ការងារថ្មី១លានកន្លែង ដោយសារតែកំណើនយឺតយ៉ាវជាងមុន។
នៅតំបន់នានាដែលងាយជន់លិច ជាពិសេសតំបន់នៅក្បែរដងស្ទឹង ប្រជាជនព្រួយបារម្ភជាញឹកញាប់ថា គ្រោះទឹកជំនន់នឹងធ្វើឱ្យជីវិតរស់នៅរបស់ពួកគេជួបការលំបាក និងបំផ្លិចបំផ្លាញផ្ទះសម្បែង និងដំណាំរបស់ពួកគេ ខណៈដែលប្រទេសកម្ពុជាពុំទាន់មានប្រព័ន្ធលូបង្ហូរទឹកដែលអាចរំដោះទឹកជំនន់នៅឡើយ។
លោក សឿង សារឿន នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) បានសង្កេតឃើញថា គ្រោះរាំងស្ងួត ទឹកភ្លៀង និងទឹកជំនន់ គឺជាហានិភ័យអាកាសធាតុដ៏គួរឱ្យព្រួយបារម្ភបំផុតនៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «[ឥទ្ធិពលទាំងនេះ]បង្កផលប៉ះពាល់ទៅលើដំណាំ គុណភាពដំណាំ ជីវភាពរស់នៅរបស់កសិករនិងប្រជាជនទូទៅ និង[បង្ក]ការបម្លាស់ទី [ដោយបង្ក]ជាផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា»។
លោក សារឿន បានបន្ថែមថា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន បាននិងកំពុងធ្វើការរួមគ្នាលើបញ្ហានេះ ក្នុងនោះរាប់បញ្ចូលទាំងការរៀបចំបង្កើតនូវយុទ្ធសាស្ត្រមួយដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ លើកកម្ពស់ការវិនិយោគបៃតង និងលើកកម្ពស់ចំណេះដឹងពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank: Climate Change Could Cost Cambodia’s GDP Up to 9% by 2050