អាជ្ញាធរស្រុកក្នុងខេត្តកំពង់ចាមកំពុងប្រញាប់ប្រញាល់ស៊ើបអង្កេតលើករណីផ្ទុះរាលដាលជំងឺកូវីដ១៩ក្នុងតំបន់ បន្ទាប់ពីបានរកឃើញកម្មកររាប់សិបនាក់បានឆ្លងកូវីដ១៩នៅក្នុងរោងចក្រស្បែកជើងចំនួនពីរក្នុងស្រុកនេះ។
ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អាជ្ញាធរខេត្តកំពង់ចាម បានសរសេរថាកម្មករចំនួន៥១នាក់បានតេស្តវិជ្ជមានកូវីដ១៩ នៅរោងចក្រចំនួនពីររបស់រោងចក្រស្បែកជើង Carlington និង Juhui ។ រោងចក្រទាំងពីរមានទីតាំងស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលទើបមានផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ថ្មីទៀតក្នុងចំណោមកម្មកររោងចក្រ ហើយអាជ្ញាធរនៅពេលនេះកំពុងដាក់ការសង្ស័យលើរថយន្តដឹកកម្មករដែលមានការចង្អៀតណែនពេក ទើបក្លាយជាប្រភពនៃការចម្លងនេះ។
ចំនួនឆ្លងថ្មី ៣៥ករណីទៀតត្រូវបានបញ្ជាក់កាលពីម្សិលមិញក្នុងចំណោមកម្មកររោងចក្រក្នុងខេត្តកំពង់ចាម ដែលការណ៍នេះទំនងជាមានទាក់ទងនឹងលំហូរនៃបុគ្គលិករោងចក្រចេញពីភ្នំពេញ បន្ទាប់ពីការធ្វើដំណើរក្នុងទីក្រុងភ្នំពេញត្រូវបានអនុញ្ញាតឡើងវិញនៅថ្ងៃទី៦ ខែឧសភា។ មន្ត្រីសុខាភិបាលនៅខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ក៏បានរាយការណ៍ក្នុងសប្ដាហ៍នេះពីចំនួនឆ្លងរាប់សិបនាក់ ក្នុងទម្រង់ដូចគ្នានេះ។ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរខេត្តតាកែវក៏បានរាយកាណ៍ថាមានចំនួនអ្នកឆ្លងកូវីដ១៩ ៤១ករណីថ្មី ដែលភាគច្រើនជាកម្មកររោងចក្រ។
លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បញ្ជាក់ថាអាជ្ញាធរបានផ្អាកដំណើរការរោងចក្រស្បែកជើង Carlington ជាបណ្ដោះអាសន្ន ដែលនេះជារោងចក្រមួយក្នុងចំណោមបួន ដែលមានការឆ្លងជំងឺកូវីដ១៩។ ចំណែករោងចក្របីផ្សេងទៀត រួមទាំងរោងចក្រ Juhui ផង បានបិទប្រតិបត្តិការតាមផ្នែកមួយចំនួន។
លោកឲ្យដឹងទៀតថារោងចក្រ Carlington មានកម្មករប្រហែល៧ ០០០នាក់។
លោក គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ។ យ៉ាងណា អភិបាលស្រុកជើងព្រៃ លោក អូត ឈាងលី មានប្រសាសន៍ថា ពេលនេះអាជ្ញាធរកំពុងតាមរកអ្នកប៉ះពាល់ និងធ្វើតេស្តអ្នកដែលជាប់ពាក់ព័ន្ធជាមួយកម្មករ។ លោកថា ការស្រាវជ្រាវកំពុងចាប់ផ្ដើមធ្វើក្នុងស្រុករបស់លោក ហើយស្រុកបាធាយ និងស្រុកព្រៃឈរ ដែលកម្មកររស់នៅក៏ធ្វើដូចគ្នា។
លោកបន្ថែមថា៖ «យើងបានយកសំណាកអ្នកប៉ះពាល់ផ្ទាល់ជាមួយកម្មករវិជ្ជមានកូវីដ១៩ រួមមានទាំងសមាជិកគ្រួសារពួកគេផងដែរ»។ លោកបន្ថែមថា នៅថ្ងៃព្រហស្បតិ៍ ក្រុមគ្រូពេទ្យបានចាប់ផ្ដើមធ្វើតេស្តមនុស្សប្រហែល២០០នាក់។
លោកថា៖ «យើងពិតជាមានការបារម្ភ ព្រោះពួកគេរស់នៅជាមួយឪពុកម្ដាយ និងសមាជិកគ្រួសារផ្សេងទៀត»។
លោកអភិបាលស្រុក ក៏បានបញ្ជាក់ដែរថា លោកបានបញ្ជាទៅកាន់មន្ត្រីថ្នាក់ឃុំ និងភូមិឲ្យប្រមូលអ្នកពាក់ព័ន្ធជាមួយកម្មករមានវិជ្ជមានកូវីដ១៩ យកទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលសុខភាព។
លោក ផេត សុផល អភិបាលស្រុកបាធាយ បានបញ្ជាក់ជាមួយខេមបូចាដែរថាមន្ត្រីមូលដ្ឋានរបស់លោកក៏កំពុងធ្វើដូចគ្នានេះដែរ ក្នុងការធ្វើតេស្ត និងដាក់ដាច់ដោយឡែកចំពោះអ្នកពាក់ព័ន្ធ។
លោកបានឲ្យដឹងថា៖ «ពេលដែលមានកម្មកររោងចក្រតេស្តវិជ្ជមានកូវីដ១៩ អាជ្ញាធរមូលដ្ឋានរបស់យើង បានចងខ្សែ និងដាក់របាំងបិទផ្ទះរបស់ពួកគាត់ មិនអនុញ្ញាតឲ្យពួកគាត់ចេញក្រៅរហូតដល់ការធ្វើតេស្តចុងក្រោយបញ្ជាក់ថាអវិជ្ជមាន»។
អាជ្ញាធរខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជាក៏កំពុងមានវិធានការដូចគ្នានេះដែរ ដើម្បីបញ្ឈប់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាមានករណីឆ្លងថ្មីចំនួន៤១ករណី ដែលភាគច្រើនជាកម្មកររោងចក្រធ្វើការនៅក្នុងខេត្តកណ្ដាល និងអ្នកទៅលេងផ្ទះ។ ករណីផ្សេងទៀតនៅខេត្តតាកែវ គឺរកឃើញលើពលករត្រឡប់ពីប្រទេសថៃ។
លោក នុត ស៊ីណាត ឲ្យដឹងទៀតថាអ្នកតេស្តវិជ្ជមានកូវីដ១៩ មួយចំនួនជាអ្នកបញ្ចប់ការធ្វើចត្តាឡីស័ក ដែលបានចាប់ផ្ដើមភាគច្រើននៅថ្ងៃទី៣ និងទី៤ ខែឧសភា ពេលដែលអ្នកទាំងនោះត្រឡប់មកផ្ទះនៅខេត្ត។ លោកថា បន្ទាប់ពីតេស្តឃើញវិជ្ជមានកូវីដ១៩ កម្មករទាំងនោះត្រូវបានយកត្រឡប់ទៅធ្វើចត្តាឡីស័កវិញភ្លាមដែរ។
សម្រាប់ខេត្តកំពង់ឆ្នាំងវិញ ចំនួនឆ្លងកូវីដ១៩ ថ្មីមាន២០ករណី កាលពីថ្ងៃពុធ។ លោក ប្រាក់ វុធ ប្រធានមន្ទីរសុខាភិបាលខេត្តនេះ ឲ្យដឹងថា ថ្ងៃបន្ទាប់មិនមានការឆ្លងថ្មីនោះទេ។ លោកថា ក្រុមគ្រូពេទ្យបានប្រមូលសំណាកជាង១០០នាក់ដើម្បីធ្វើតេស្ត រួមមានទាំងនិយោជក ប៉ុន្តែថាមិនទាន់ដឹងលទ្ធផលនៅឡើយ។
ប្រធានសហជីពមួយចំនួនបានលើកឡើងា វិធាការបង្ការដែលធ្លាប់តែប្រើដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ មានដូចជាការបិទផ្នែកខ្លះនៃកន្លែងធ្វើការដែលមានឆ្លងជំងឺ គឺមិនទាន់គ្រប់គ្រាន់ក្នុងការការពារកម្មករនោះទេ។
លោក អាត់ ធន់ ប្រធានសភាពការងារកម្ពុជា មានប្រសាសន៍ថា អាជ្ញាធរខេត្តគួរបិទខ្ទប់តំបន់ ឬភូមិមួយចំនួន ដែលមានកម្មករវិជ្ជមានកូវីដ១៩។
លោកបន្ថែមថា៖ «បើសិនជាស្ថានភាពនេះនៅតែបន្ត យើងនឹងដាក់លិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យមានវិធានការតឹងរឹងដូចនៅភ្នំពេញ»។ វិធានការដែលលោកនិយាយនេះគឺសម្ដៅដល់ការបិទដំណើរការរោងចក្រជាបណ្ដោះអាសន្ន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Provincial leaders scramble to contain, investigate COVID-19 outbreaks among garment workers