សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព្យុះភ្លៀងខ្លាំងបង្កជាទឹកជំនន់​នៅខេត្ត​មួយចំនួន​ក្នុងប្រទេស​​កម្ពុជា

រូបភាព​ថតស្គ្រីនពី​វីដេអូ​អ្នក​ភូមិ​បង្ហោះលើ​ហ្វេសប៊ុស​បង្ហាញ​ពី​ស្ថាន​ភាព​ទឹកជន់​លិច​ក្នុង​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២៤​។​
រូបភាព​ថតស្គ្រីនពី​វីដេអូ​អ្នក​ភូមិ​បង្ហោះលើ​ហ្វេសប៊ុស​បង្ហាញ​ពី​ស្ថាន​ភាព​ទឹកជន់​លិច​ក្នុង​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២៤​។​

ទឹក​ទន្លេមេគង្គ​​ហក់​ឡើង​លឿន​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ ស្រប​ពេល​​មាន​ព្យុះ​ផងនោះ បង្ក​ឲ្យ​ផ្ទះ ផ្លូវ សាលា​រៀន មន្ទីរពេទ្យ និង​វត្តអារាម​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​តាម​ដងទន្លេ​រង​ការ​ជន់លិច និងមាន​ប្រជា​ជន​មួយ​ចំនួន​ត្រូវ​ជម្លៀសទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។​

ក្រ​សួង​ធន​ធាន​ទឹក​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឲ្យ​ដឹង​ថា ​​ស្ថានីយជលសាស្រ្ត​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ទឹក​កំពុង​ហក់​ឡើង​ជា​បន្ត​បន្ទាប់​។ ក្រ​សួង​បាន​ជំរុញ​ឲ្យក្រ​សួង និង​ស្ថាប័ន​ពាក់​ព័ន្ធ ក៏​ដូច​ជា​អាជ្ញាធរមូល​ដ្ឋាន និង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេង​ទាំងនោះ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​ជៀសវាងគ្រោះ​ថ្នាក់​ដែល​អាចកើត​ឡើង​ជា​យថាហេតុ​។​

​ចន្លោះ​ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែកញ្ញា កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះទី​១៣​ឈ្មោះ​ថាប៊ីប៊ីនកា (Bibinka) និង​ព្យុះទី​១៤ឈ្មោះថា​ពូឡាសាន (Polasan) ដែល​កើត​លើ​គន្លង​តែមួយ​ និង​មាន​ឥទ្ធិពល​ខ្លាំង​លើ​ខ្យល់​មូសុង​និរតី​ បក់លើ​សមុទ្រ​អាន់ដាម៉ាន់ (Andaman) ឈូង​សមុទ្រថៃ     ខណៈសម្ពាធទាប​បន្ត​គ្របដណ្ដប់​ភាគកណ្ដាល​នៃ​អាងទន្លេមេគង្គ សមុទ្រចិន​ខាង​ត្បូង និង​លើ​ប្រទេស​កម្ពុជា​។​ នេះ​បើ​តាម​ការជូន​ដំណឹង​របស់​ក្រ​សួង​ធនធាន​ទឹក​។​

ដោយសារ​តែ​ព្យុះ តំបន់​ទំនាប និង​តំបន់​ខ្ពង់រាប​នឹង​បន្ត​មាន​ភ្លៀងផ្គររន្ទះ និង​ខ្យល់​កន្ទ្រាក់​គ្រប​ដណ្ដប់លើ​ផ្ទៃដី​​ប្រហែល​៦០​ភាគរយ​។ ចំណែក​តំបន់​ឆ្នេរវិញនឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយ​មាន​ផ្គររន្ទះ និង​អាចមាន​​ខ្យល់​កន្ទ្រាក់​ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​៤០ភាគរយ​។ បន្ថែមពី​នេះ​កម្ពស់​​រលក​សមុទ្រ​អាច​មាន​ចន្លោះពី​១,៥ម៉ែត្រ ទៅ​២,២៥ម៉ែត្រ​។​

វីដេអូខ្លី​មួយ​បង្ហោះ​ផ្សាយ​ដោយ​ប្រជាពល​រដ្ឋ​នៅ​ភូមិ​អញ្ចាញ ឃុំ​ដា ស្រុក​ចិត្របុរី ខេត្ត​ក្រចះ បាន​បង្ហាញ​ពី​ស្ថានភាព​ទឹក​ជន់​លិច​ផ្លូវ ស្ពាន សាលារៀន និង​វត្ត​អារាម​។ អ្នក​ភូមិ​បាន​វេច​របស់​របរ​សំខាន់ៗ​ និង​មាន​​អ្នក​ខ្លះដឹកជញ្ជូន​តាម​ម៉ូតូ និង​ខ្លះដឹក​តាម​គោយន្ត​ទៅ​រកទីទួល​សុវត្ថិភាព​។​ 

អ្នក​ភូមិ​លើក​ឡើងថា ​នេះជា​លើក​ទី​មួយ​ហើយ​ដែល​ភូមិ​របស់​ពួក​គាត់​រង​ការជន់​លិច ដែល​កម្ពស់ទឹក​ទន្លេបច្ចុប្បន្ន​១៩,៨៤ម៉ែត្រ និង​កម្ពស់សម្រាប់​​ប្រកាស​អាសន្នគឺ​២២ម៉ែត្រ​។​

​អភិបាល​ស្រុក​ចិត្របុរី លោក យិន វណ្ណៈ ប្រាប់ ​ខេមបូចា​ ថា​​កម្ពស់ទឹក​​ទន្លេមេគង្គ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​។ ទឹក​ជំនន់​នេះ​បង្ក​ឡើង​ដោយ​ភ្លៀង និង​ព្យុះ ដែល​នាំ​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​ស្រុក​ចិត្រ​បុរី​រង​ការ​ជន់លិច​។​

លោកបន្តថា លោក​បាន​រៀប​ចំ​ប្រជុំ​​ដើម្បី​ប្រមូល​ព័ត៌មាន​ និង​ចំនួន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​។ បើទោះ​បីជាកម្ពស់​ទឹក​ទន្លេ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន អាជ្ញាធរ​បាន​ត្រៀម​ជា​ស្រេច​ដើម្បីជួយ​ប្រជាពល​រដ្ឋ។​

លោក​មាន​ប្រសាសន៍ថា៖ «យើង​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍ពី​ការ​ខូច​ខាត​នៅឡើយ​ពីព្រោះ​ថា​យើង​ទើប​តែ​ប្រជុំ​ពិនិត្យទីតាំង​ជន់លិច​ជាក់ស្ដែង។ ការ​ជន់​លិច​នេះ​កើតចេញ​ពី​ទឹក​ភ្លៀង និង​ព្យុះ។ ពេល​ដែល​មាន​ភ្លៀង​ទឹក​ហូរ​ទៅ​អាង​ស្ដុក​យឺត  ហេតុ​នេះ​បង្ក​ជា​ជំនន់ ដោយសារ​ទឹក​ទន្លេមេគង្គឡើង»។​

លោក​បន្ថែមថា ​ទឹក​ជំនន់​នេះ​បាន​បង្កផល​ប៉ះពាល់ដល់​ឃុំ​ចំនួន​ប្រាំ​នៅ​ក្នុង​ស្រុក រួម​មានឃុំដា ឃុំបុសលាវ ឃុំកន្ទួត ឃុំថ្មី និង​ឃុំសំបុក​។ លោក​បញ្ជាក់ថា​អាជ្ញាធរ​មិន​ទាន់​ជម្លៀស​ប្រជាជន​ទេ ដោយថា​ការ​​ជន់​លិច​ផ្លូវ ផ្ទះ វត្តអារាម និង​មណ្ឌល​សុខភាពគឺ​ស្ថិត​ក្នុង​កម្រិត «ស្រាល» នៅ​ឡើយ​។​

លោក​ថា បើ​សិនជា​មាន​ករណី​បន្ទាន់ អាជ្ញាធរ​បាន​ត្រៀម​រួច​ជាស្រេច​ក្នុង​ការ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ ប៉ុន្តែ​ ពេល​នេះ​នៅ​មិន​ទាន់​ដល់​កម្រិត​ដែល​ត្រូវ​អន្តរាគមន៍​នៅ​ឡើយ​។ លោក​ឲ្យ​ដឹង​ថា​បើ​ធៀប​ទៅ​នឹង​កម្ពស់ទឹក​កម្រិត​អាសន្ន ពេល​នេះកម្ពស់ទឹក​មានត្រឹម​១៩,៨៤ម៉ែត្រ ខណៈ​កម្ពស់​ទឹក​កម្រិត​អាសន្នគឺ​២២ម៉ែត្រ​។

រូបភាព​ថតស្គ្រីនពី​វីដេអូ​អ្នក​ភូមិ​បង្ហោះលើ​ហ្វេសប៊ុស​បង្ហាញ​ពី​ស្ថាន​ភាព​ទឹកជន់​លិច​ក្នុង​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២៤​។​

អ្នកនាំពាក្យ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ប្រាប់​ ខេមបូចា​ ថា ​គិត​ត្រឹម​ថ្ងៃទៅ​១៧ ខែកញ្ញា ឃុំដា នៅ​ក្នុង​ស្រុក​ចិត្របុរី និង​ស្រុកស្ទឹងហាវ ក្នុង​ខេត្ត​ព្រះសីហនុ បាន​រង​គ្រោះ​ទឹក​ជំនន់ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់ខ្លាំង​ពេញ​មួយ​​យប់​។​

លោក​មាន​ប្រសាសន៍ថា៖ «​ក្នុងឃុំដា ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ដែលមាន​ទឹកជន់លិច​នៅ​ថ្ងៃទី​១៧ ខែកញ្ញា មិន​មែន​បង្ក​ឡើង​ដោយ​ទឹក​ទន្លេមេគង្គ​នោះទេ។​ ដោយឡែក​នៅ​ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះសីហនុ គឺមាន​ភ្លៀង​ធ្លាក់ខ្លាំង ធ្វើឲ្យ​តំបន់​មួយ​ចំនួន​ជន់​លិច​»។​

លោក​បន្ថែម​ថា អាជ្ញាធរ​​អាចគ្រប់​គ្រង​ស្ថានការណ៍​បាន ក៏​ដោយសារ​តែពួកគាត់​បាន​ត្រៀម​ខ្លួន​ជា​មុន​។ លោក​បញ្ជាក់​ថា ​មិន​មាន​សេចក្ដីរាយការណ៍​ថា​មាន​អ្នក​រងគ្រោះថ្នាក់នោះទេ ហើយ​តួលេខ​អ្នក​រង​ផល​ប៉ះពាល់​ក៏​មិន​ទាន់​ដឹង​ច្បាស់ដែរ ព្រោះថា​ស្ថានភាព​មិន​ទាន់​ឈាន​ដល់​កម្រិត​ប្រកាសអាសន្ន​។ លោកបន្តថា៖ «​ដូច​នេះ យើង​មិន​មាន​របាយការណ៍អ្វី​ទេ»។​

គណៈកម្មាធិការ​ទន្លេមេគង្គឲ្យ​ដឹងថា ​ចន្លោះថ្ងៃទី​១៧​ដល់២១ ខែកញ្ញា នឹង​មាន​ភ្លៀង​ធ្លាក់ខ្លាំង​នៅ​ភាគកណ្ដាល​នៃអាងទន្លេមេគង្គ ដូច​ជាកំពង់ស្ពឺ កំពង់ធំ ក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹង​ត្រែង និង​រតនគិរី​។​

អ្នកភូមិ​ម្នាក់​ឈ្មោះ កន សំដន រស់នៅ​ភូមិស្នែង ស្រុកបុរីអូរស្វាយ ខេត្ត​ស្ទឹង​ត្រែង ឲ្យ​ដឹង​ថា​ អ្នកស្រីមាន​ការ​ព្រួយ​បារម្ភ​អំពី​ទឹក​ជំនន់ ព្រោះ​ថា ​វានឹង​បង្ក​ការ​លំបាក​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ត្រូវ​ជម្លៀស​រក​ទី​ទួល​សុវត្ថិភាព បើ​ទោះ​បីជា​ទី​ទួល​សុវត្ថិភាព​មាន​ត្រៀម​ហើយ​ក៏​ដោយ​។​

អ្នកស្រី​បន្ថែម​ថា​ អាជ្ញាធរ​បាន​បិទ​ផ្សាយ​ការ​ជូន​ដំណឹង​អំពី​កម្រិ​តកម្ពស់ទឹក​នៅ​ក្ដារព័ត៌មាន និង​ប្រាប់​ប្រជាពល​រដ្ឋ​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន និង​ត្រៀម​ឧបករណ៍​សង្គ្រោះ​បើ​មាន​គ្រោះទឹក​ជំនន់​។​

ប្រធាន​មន្ទីរធនធានទឹក​ខេត្ត​ស្ទឹង​ត្រែង លោក លំ សិរីគុត មាន​ប្រសាសន៍ថា ​កម្រិត​ទឹក​ទន្លេមេគង្គ​មិន​ទាន់​ដល់កម្រិត​ប្រកាសអាសន្ននៅឡើយ​។

​យ៉ាងណា​លោក​ថា បើ​សិនជា​កម្រិត​កម្ពស់ទឹក​ឡើង​ដល់​១១,៣ម៉ែត្រ គឺ​ «ជាពេល​ដែល​ត្រូវ​ប្រកាស​កម្រិតអាសន្ន»​។ នៅ​ខេត្ត​ស្ទឹង​ត្រែង​មាន​ស្ថានីយ​ចំនួន​បី គឺ​ស្ថានីយ​ស្ទឹង​ត្រែង​កម្ពស់ទឹកកម្រិតអាសន្នគឺ​១០,៧០ម៉ែត្រ ស្ថានីយ​សេសាន​ ៩,៩ម៉ែត្រ និង​សៀមប៉ាង គឺ​១១,៥០ម៉ែត្រ​។​

លោក​បន្ថែមថា៖ «​ដូច​នេះកម្រិត​កម្ពស់ទឹក​មិន​ទាន់​ដល់​កម្រិត​អាសន្ននៅឡើយ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rainstorms, Strong Winds Cause Floods in Cambodia’s Provinces

364 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម