បច្ចុប្បន្ននេះមានគម្រោងសាងសង់បុរី ផ្ទះល្វែង វីឡា និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកំពុងប្រកាសលក់ជាហូរហែ ប៉ុន្តែពេលខ្លះប្រជាពលរដ្ឋខ្មែរមួយចំនួនពិបាកសម្រេចចិត្តថា គួរតែជ្រើសរើសទិញអចលនទ្រព្យបែបណាដែលល្អស័ក្ដិសម និងគ្មានការបង្កបញ្ហាទៅថ្ងៃក្រោយ។
ជាក់ស្ដែងថ្មីៗប្រជាពលរដ្ឋជាង ២០០គ្រួសារដែលជាអតិថិជនទិញផ្ទះនៅបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាទាមទារឱ្យម្ចាស់សាងសង់បុរីគោរពតាមលក្ខខណ្ឌមួយចំនួននៅក្នុងកិច្ចសន្យាដែលបានព្រមព្រៀងគ្នាកន្លងមក។
ស្របពេលជាមួយគ្នានេះ អតិថិជនដែលបានទិញផ្ទះនៅក្នុងបុរីប៊ូយ៉ុងខ្មែររបស់ក្រុមហ៊ុនជនជាតិកូរ៉េ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏បានផ្ទុះការតវ៉ានៅមុខក្រុមហ៊ុនប៊ូយ៉ុងខ្មែរដែរ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសរំសាយកិច្ចសន្យាលក់ផ្ទះឱ្យអតិថិជនចោលវិញដោយមិនបានសួរនាំពីអតិថិជន និងមិនបានបញ្ជាក់ពីហេតុផលសមរម្យឡើយ។
ដើម្បីចៀសវាងការទិញអចលនទ្រព្យរួចហើយខកបំណង ខាតបង់ថវិកា ចំណាយពេលវេលាដោះស្រាយបញ្ហារំខានច្រើន និងត្រូវប្រឈមមុខឡើងតុលាការទៀតនោះ អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ បានរៀបរាប់ពីចំណុចសំខាន់ៗមួយចំនួនដល់ប្រជាពលរដ្ឋខ្មែរ និងអតិថិជនដែលកំពុងសម្រេចចិត្តទិញអចលនទ្រព្យដើម្បីជាជំនួយស្មារតី និងពិចារណា។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា អតិថិជនភាគច្រើនសុទ្ធសឹងតែដឹងរួចហើយថា មុនពេលសម្រេចចិត្តទិញវិឡា ទិញផ្ទះក្នុងបុរី និងទិញដី គឺត្រូវគិតទៅលើទីតាំងជាចំណុចសំខាន់ក្នុងការជ្រើសរើសជាអាទិភាពក្នុងការរស់នៅដូចជា ជិតកន្លែងធ្វើការ ផ្សារ ឬជិតសាលារៀនកូនៗ ឬស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្មផ្សេងៗ។
លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំចង់ប្រាប់ថា វាសំខាន់ជាងទីតាំងទៅទៀតនោះ គឺយើងគប្បីគួរតែសិក្សាពីជីវប្រវត្តិម្ចាស់គម្រោង គាត់បានសាងស្នាដៃអ្វីខ្លះ? ចរិករកស៊ីរបស់គាត់យ៉ាងម៉េច? ចំណុចនេះអាចធ្វើឱ្យយើងស្វែងយល់អំពីការទំនួលខុសត្រូវរបស់ក្រុមហ៊ុនគាត់»។ លោកបន្តថា ជាក់ស្តែងយើងសម្គាល់ឃើញថា មានគម្រោងមួយ ចំនួនមានតែច្បាប់សាងសង់ ប៉ុន្តែមិនមានវិញ្ញាបនបត្រអភិវឌ្ឍន៍គម្រោងនោះទេ ដែលធ្វើឱ្យគម្រោងនេះគ្មានលក្ខណៈស្របច្បាប់ពេញលេញ។
លោកថា៖ «យើងក៏ត្រូវតែពិនិត្យមើលបន្ថែមទៀតថា តើគម្រោងនេះមានផ្តល់ជូននៅកម្មសិទ្ធិប្លង់រឹងជូនអតិថិជននៅពេលបញ្ចប់ការសាងសង់នេះដែរឬទេ? ហើយយើងក៏ត្រូវសិក្សាអំពីកុងត្រាទិញ-លក់របស់ក្រុមហ៊ុនឱ្យបានច្បាស់លាស់ផងដែរ»។
លោក លាង ឡុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត(Eyes Real Estate Co.,Ltd) បានថ្លែងថា ការទិញដីឡូត៍ ផ្ទះល្វែង និងអចលនទ្រព្យនានា មិនមែនសុទ្ធតែអាចសម្រេចបានជោគជ័យដោយងាយៗនោះទេ បើទោះជាអ្នកមានលុយសម្រាប់ចំណាយក្នុងការទិញក៏ដោយ ព្រោះមានប្រជាពលរដ្ឋជាច្រើននាក់មកហើយដែលធ្លាប់មានបញ្ហាជាមួយនឹងការខាតបង់ទាំងពេលវេលា និងថវិកាដែលខ្លួនរកបានដោយលំបាក ដោយទិញរួចហើយ បែរជាត្រូវមានបញ្ហាដោះស្រាយមិនចេះចប់មិនចេះហើយទៅវិញ។
លោកបន្តថា ចំពោះការទិញ-លក់ដីឡូត៍ មានបញ្ហាប្រឈមចម្បងបំផុតគឺ «បញ្ហាកម្មសិទ្ធិ»។ ជាទូទៅគម្រោងដីឡូត៍តែងតែមានលិខិតផ្ទេរសិទ្ធិ ដើម្បីបញ្ជាក់ពីម្ចាស់កម្មសិទ្ធិ ប៉ុន្តែអ្វីដែលជាបញ្ហាគួរឱ្យបារម្ភនោះ គឺដីឡូត៍ដែលមានប្លង់រឹង ហើយលក់ទៅឱ្យអតិថិជនដោយផ្ទេរសិទ្ធិត្រឹមតែខណ្ឌ ឬស្រុក នោះនឹងកើតមានបញ្ហាដែលត្រូវដោះស្រាយជាក់ជាមិនខាន។
លោកបន្ថែមថា ដោយឡែក សម្រាប់គម្រោងដីឡូត៍ដែលមានប្លង់រឹង ហើយម្ចាស់គម្រោងបានស្នើរសុំសិទ្ធិធ្វើអាជីវកម្មពុះដីឡូត៍លក់បានត្រឹមត្រូវស្របច្បាប់ និងលក់ឱ្យអតិថិជនដោយបំបែកក្បាលដីចេញប្លង់រឹងត្រឹមត្រូវជូនអ្នកទិញនោះ វាជាចំណុចវិសេសវិសាលបំផុត។
លោក លាង ឡុង បញ្ជាក់ថា៖ «ជារួម គឺមុននឹងលោកអ្នកមានបំណងចង់ទិញដីឡូត៍ ឬផ្ទះ អ្នកត្រូវប្រុងប្រយ័ត្នលើចំណុចគ្រោះថ្នាក់បំផុតនៅក្នុងការទិញ គឺស្ថិតនៅត្រង់ភាពជាកម្មសិទ្ធិកាន់កាប់ស្របច្បាប់»។ លោកឱ្យដឹងថា៖ «បើមានប្លង់ទន់ គឺផ្ទេរប្លង់ទន់ឱ្យអ្នកទិញ ប៉ុន្តែប្រសិនបើមានប្លង់រឹង គឺត្រូវបំបែកក្បាលដីរួចផ្ទេរប្លង់រឹងជូនអ្នកទិញ»។
បន្ថែមលើនេះ លោកថា ដីឡូត៍ដែលលោកអ្នកគួរតែទិញអាចពិចារណាលើប៉ុន្មានចំណុចដូចជា ត្រូវមានទាំងប្លង់រឹងត្រឹមត្រូវ និងរត់ការក្នុងការធ្វើប្លង់រឹងជូនលោកអ្នកត្រឹមត្រូវស្របច្បាប់ ហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវដូចជា ប្រព័ន្ធលូ, ប្រព័ន្ធទឹក ភ្លើង ដើម្បីងាយស្រួលសម្រាប់លោកអ្នកអាចសាងសង់ផ្ទះ ឬធ្វើអាជីវកម្មផ្សេងៗនៅពេលក្រោយ។

ប្រជាពលរដ្ឋ ២៤៨គ្រួសារដែលជាអតិថិជនទិញផ្ទះពីបុរី VIP កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជំរុញឱ្យលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយកក្រុមហ៊ុន អ.អ៊ិន វីអាយភី រៀល អ៊ឺស្តេត ឯ.ក និងជាម្ចាស់បុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញឱ្យដោះស្រាយបញ្ហាជូនពួកគាត់។
តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ដែលបានស្នើសុំឱ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍បានឱ្យដឹងថា ពួកគេបានចំណាយលុយរាប់ម៉ឺនដុល្លារ ដោយខ្លះត្រូវបង់រំលស់ប្រចាំខែ និងខ្លះទៀតបានបង់ផ្តាច់តាំងពីឆ្នាំ២០១៨រហូតមកដល់ពេលនេះ នៅមិនទាន់បានទទួលផ្ទះនៅឡើយ ពោលគឺបានហួសកិច្ចសន្យារយៈពេល២ទៅ៣ឆ្នាំមកហើយ។
លិខិតពាក្យបណ្តឹងបន្តថា ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់មិនទាន់បានផ្ទះចំនួន ២៨គ្រួសារ ពលរដ្ឋ ៨០គ្រួសារបង់ប្រាក់ផ្តាច់ទទួលបានផ្ទះហើយ ប៉ុន្ដែមិនទាន់ទទួលបានប្លង់កម្មសិទ្ធិ ពលរដ្ឋចំនួន ៨៨គ្រួសារ បង់ប្រាក់មិនទាន់ផ្តាច់ ក៏ផ្ទះមិនទាន់សាងសង់ហើយ ប៉ុន្ដែហួសកិច្ចសន្យា និងពលរដ្ឋចំនួន ៥២គ្រួសារ បានបង់ប្រាក់មិនទាន់ផ្តាច់ ដោយទទួលបានផ្ទះហើយ ប៉ុន្ដែមិនទាន់ទទួលបានប្លង់បំបែកក្បាលដី ដើម្បីយកទៅសិក្សាជាមួយធនាគារ។
លោក ហុង ចាន់មករា តំណាងពលរដ្ឋ ២៤៨គ្រួសាររស់នៅក្នុងបុរី VIP បានថ្លែងថា ភាគីបុរី និងអាជ្ញាធរខណ្ឌដង្កោបានអញ្ជើញពួកលោកទៅសម្របសម្រួលនៅសាលាខណ្ឌដង្កោកាលពីថ្ងៃទី១៤ ខែមករានេះ ប៉ុន្ដែមិនទទួលបានលទ្ធផលល្អទេ ដោយក្រុមហ៊ុនបានត្រឹមសន្យាខ្យល់ មិនគោរពតាមពាក្យសំដីនៅក្នុងអង្គប្រជុំ។
លោកបញ្ជាក់ថា៖ «នៅក្នុងអង្គប្រជុំហ្នឹង ភាគីតំណាងបុរី VIP សន្យាថា នឹងចាប់ផ្ដើមកែលម្អតាមអ្វីដែលជាការទាមទាររបស់អតិថិជនឱ្យចប់សព្វគ្រប់ត្រឹមចុងឆ្នាំ២០២២នេះ ហើយចាប់ផ្ដើមធ្វើនៅពេលបញ្ចប់កិច្ចប្រជុំហ្នឹង ប៉ុន្ដែរំលងទៅជាច្រើនថ្ងៃហើយ ពួកខ្ញុំនៅមិនទាន់ឃើញមានជាងមកធ្វើតាមការសន្យាទេ»។
លោកបន្ថែមថា ពួកលោកនឹងធ្វើការតវ៉ាបន្តទៀត ប្រសិនបើភាគីបុរីមិនគោរពកិច្ចសន្យា និងគ្មានការទទួលខុសត្រូវបែបនេះ។ អតិថិជនទាំងអស់ បានព្យាយាមអត់ធ្មត់ជាច្រើនខែឆ្នាំមកហើយ ពួកគាត់ព្យាយាមរកលុយមកបង់ឱ្យថ្លៃបុរីមិនដែលខកខានពេលវេលាទេ បើទោះបីជាមានបញ្ហាជីវភាពប្រចាំថ្ងៃក៏ដោយ។
តំណាងពលរដ្ឋ២៤៨គ្រួសារម្នាក់ទៀត លោក ប៊ុន តុង រស់នៅក្នុងបុរី VIP បានថ្លែងថា សព្វថ្ងៃលោករស់នៅផ្ទះជួលគេ ដោយទន្ទឹងរង់ចាំចូលស្នាក់នៅផ្ទះផ្ទាល់ខ្លួន ប៉ុន្ដែអ្វីៗខុសពីការរំពឹងទុកទាំងអស់ ដោយសារភាពយឺតយ៉ាវ និងគ្មានការទទួលខុសត្រូវរបស់ក្រុមហ៊ុនបុរី VIP។

លោកបន្តថា រហូតមកដល់បច្ចុប្បន្ននេះភាគីបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់ និងផ្ទះខ្លះសាងសង់រួចហើយ ប៉ុន្ដែមិនទាន់បានប្លង់កម្មសិទ្ធិ។ ដូច្នេះទើបពួកលោកស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់លោក ហម រ៉ន និងលោក វន វណ្ណៈ ពន្លឿនការសាងសង់ផ្ទះ និងប្រគល់ប្លង់កម្មសិទ្ធិមកឱ្យពួកគាត់។
លោកបញ្ជាក់ថា៖ «ផ្ទះនៅបុរីVIPហ្នឹងមានតម្លៃចាប់ពីជាង ២ម៉ឺនដុល្លារដល់ជាង ១០ម៉ឺនដុល្លារ ហើយប្រជាពលរដ្ឋខ្លះបានបង់ប្រចាំខែចាប់ពី ៣០០ដុល្លារឡើងទៅ ហើយម្នាក់ៗបានចំណាយរាប់ពាន់ រាប់ម៉ឺនដុល្លារហើយ តែមិនទាន់ទទួលបានផ្ទះ និងប្លង់ផ្ទះទេ។ អ៊ីចឹងខ្ញុំសូមអំពាវនាវថ្នាក់ដឹកនាំទាំងអស់ជួយជំរុញដោះស្រាយជូនពួកខ្ញុំផង»។
លោក ហម រ៉ន និងលោក វន វណ្ណៈ ជាអគ្គនាយកក្រុមហ៊ុន អ.អ៊ិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងជាម្ចាស់បុរី VIP នៅថ្ងៃទី១៨ ខែមករា នេះ មិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
លោក ស៊ុំ ស៊ីដេត ប្រធានគ្រប់គ្រងបុរី VIP និងជាអ្នកតំណាងឱ្យលោក ហម រ៉ន និងលោក វ៉ន វណ្ណៈបានលើកឡើងថា ដើម្បីបញ្ចប់ភាពចម្រូងចម្រាសនេះ ក្រុមហ៊ុននឹងសម្រេចឱ្យបាននូវផែនការហិរញ្ញវត្ថុបញ្ចប់គម្រោងសាងសង់ផ្ទះទាំងអស់ជូនដល់ប្រជាពលរដ្ឋត្រឹមចុងឆ្នាំ២០២២ ដោយនឹងចេញប័ណ្ណកម្មសិទ្ធិជាផ្លូវការជូនដល់ម្ចាស់ផ្ទះនីមួយៗទៅតាមលំដាប់។
លោកបន្តថា ក្រុមហ៊ុននឹងមិនធ្វើឱ្យមានការយឺតយ៉ាវក្នុងការប្រគល់ផ្ទះជូនអតិថិជនឡើយ។ លោកថា បច្ចុប្បន្ននេះក្រុមហ៊ុនបានបញ្ចប់ការសាងសង់រួចរាល់លើសពី៨០ភាគរយហើយ ប៉ុន្ដែបញ្ហាដែលបានយឺតយ៉ាវរហូតមានអ្នកខ្លះតវ៉ានោះ មិនមែនជាចេតនារបស់ក្រុមហ៊ុននោះទេ ប៉ុន្តែគឺបណ្ដាលមកពីបញ្ហាកូវីដ១៩ដែលបានរាំងស្ទះក្នុងគម្រោងសាងសង់។
លោកបញ្ជាក់ថា៖ «លើសពីនេះយើងមានបញ្ហាកម្មករមិនហ៊ានមកធ្វើការ និងដោយសារតែកត្តាសម្ភារៈសំណង់ស្ទើរគ្រប់ផ្នែកដែលក្រុមហ៊ុនបានកុម្ម៉ង់ពីបរទេស ដើម្បីពន្លឿនដល់ការសាងសង់នោះ គឺត្រូវបានរាំងស្ទះ ព្រោះច្រកដឹកជញ្ជូនមួយចំនួនត្រូវបានបិទខ្ទប់»។
លោក ស៊ីដេត បានពន្យល់ថា បញ្ហាដែលក្រុមហ៊ុនបានជួបប្រទះ គឺដោយសារតែកូវីដ១៩ផ្ទុះខ្លាំងស្របពេលដែលមានអតិថិជនជាច្រើនសុំពន្យាពេលបង់ប្រាក់ និងខ្លះស្នើសុំមិនបង់តែម្ដងដែលតម្រូវឱ្យក្រុមហ៊ុនមានការយោគយល់។ ក្នុងនោះបញ្ហាដូរប្រភេទក្បាលដី និងការបំបែកក្បាលដីជូនពលរដ្ឋក៏ត្រូវប្រើពេលវេលាដែរ ទើបការងារកន្លងមកមានភាពយឺតយ៉ាវ ហើយបង្កឱ្យអតិថិជនខ្លះមានរឿងអន់ចិត្ត។
ស្រដៀងគ្នានេះដែរ អតិថិជនដែលបានទិញផ្ទះនៅក្នុងបុរីប៊ូយ៉ុងខ្មែរ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ា និងបាននាំគ្នាទៅតវ៉ានៅខាងមុខក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ។ ការតវ៉ានេះ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសរំសាយកុងត្រាឈប់លក់ផ្ទះឱ្យអតិថិជនហើយផ្ដល់សំណងសងទៅអតិថិជនវិញដោយមិនបានបញ្ជាក់ពីមូលហេតុសមរម្យ។
Inside 3: សកម្មភាពកម្មករកំពុងសាងសង់បុរីប៊ូយ៉ុងខ្មែរ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ រូបថតផ្ដល់ឱ្យ
ស្ដ្រីម្នាក់វ័យជាង ៣០ឆ្នាំក្នុងចំណោមអតិថិជនដែលតវ៉ានៅខាងមុខការិយាល័យលក់របស់ក្រុមហ៊ុនប៊ូយ៉ុងខែ្មរសុំមិនបង្ហាញអត្តសញ្ញាណបាននិយាយថា អ្នកស្រីបានយល់ព្រមទទួលយកសំណងរបស់ក្រុមហ៊ុនហើយ ប៉ុន្ដែអតិថិជនមួយចំនួនទៀតនៅមិនទាន់ទទួលយកទេ ហើយពួកគេនៅបន្តតវ៉ាទាមទារយកផ្ទះពីក្រុមហ៊ុនវិញ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់មានតួលេខចំនួនអ្នកមកតវ៉ាហ្នឹងទេ ខ្ញុំគ្រាន់តែដឹងថា មានមួយចំនួនយល់ព្រមទទួលយកសំណងដូចខ្ញុំដែរ ប៉ុន្ដែនៅមានមួយចំនូនទៀត មិនទាន់យល់ព្រមទទួលយកទេ ហើយពួកគាត់នៅបន្តតវ៉ានៅឡើយ»។
អ្នកស្រីបន្តថា ការប្រកាសរំសាយកុងត្រាចោលនេះ គឺដោយសារតែដី និងផ្ទះនៅទីនោះឡើងថ្លៃខ្ពស់ ទើបបានជាក្រុមហ៊ុនប្រមូលទិញផ្ទះ និងដីពីអតិថិជន រួចផ្ដល់សំណងជូន ៤,២៥ភាគរយទៅឱ្យអតិថិជនវិញ។ ការធ្វើបែបនេះ គឺអតិថិជនភាគច្រើនមិនទទួលយកនោះទេ ព្រោះអ្នកខ្លះខ្ចីលុយធនាគារយកមកទិញ ប៉ុន្ដែក្រុមហ៊ុនឱ្យតម្លៃមិនសមស្របនៅអ្វីដែលអតិថិជនចង់បាន។
លោក Jung H Wan Kim នាយកប្រតិបត្តិក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ ខូ អិលធីឌី(BooYoung Co., Ltd) នៅថ្ងៃទី១៨ ខែមករានេះ មិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
តាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ ខូ អិលធីឌី(BooYoung Co., Ltd)ចុះថ្ងៃទី ២៧ខែធ្នូឆ្នាំ២០២១បានឱ្យដឹងថា ក្រុមហ៊ុនបានលក់ប្រភេទផ្ទះល្វែង ប្រភេទផ្ទះវិឡា និងប្រភេទហ្សបហាវជូនអតិថិជន។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននឹងបញ្ចប់កិច្ចសន្យា ទិញដី និងទិញផ្ទះដែលក្រុមហ៊ុនបានលក់ជូនអតិថិជនកន្លងមក។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា៖ «ក្រុមហ៊ុនធានាសងប្រាក់ដែលបានទទួលពីការបង់របស់អតិថិជនមកឱ្យក្រុមហ៊ុន ក្នុងនោះមានទំហំទឹកប្រាក់ដែលបានបង់មកក្រុមហ៊ុន បូករួមនឹងប្រាក់បន្ថែមចំនួន ៤,២៥ភាគរយនៃតម្លៃទិញ–លក់ដី និងផ្ទះសរុប»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ លើបញ្ហានេះ។
លោក អំ សំអាត នាយករងនៃអង្គការការពារសិទ្ធមនុស្ស លីកាដូ(LICADHO) បានថ្លែងថា ការទិញ ឬលក់អចលនទ្រព្យរវាងអតិថិជន និងម្ចាស់គម្រោងបុរី ឬដីឡូតិ៍នីមួយៗសុទ្ធតែមានកិច្ចសន្យាទិញ-លក់ និងកិច្ចសន្យាប្រគល់សិទ្ធិកាន់កាប់ពេញលេញ។
លោកបន្តថា គូភាគីដែលកំពុងអនុវត្តកិច្ចសន្យា គឺជារឿងរដ្ឋប្បវេណី។ ដូច្នេះគូភាគីដែលរងផលប៉ះពាល់ពីកិច្ចសន្យានេះ អាចមានសិទ្ធិទាមទារឱ្យភាគីម្ខាងទៀតអនុវត្តតាមកិច្ចសន្យា ប៉ុន្ដែប្រសិនបើភាគីណាមួយមិនព្រមអនុវត្ត គឺភាគីម្ខាងទៀតមានសិទ្ធប្ដឹងទៅតុលាការ ដើម្បីទាមទារសំណង ឬទាមទារឱ្យជួសជុលការខូចខាតជាដើម។
លោកបន្តថា៖ «ខ្ញុំគិតថា ករណីនេះគឺសុទ្ធតែមានកិច្ចសន្យាសំអាងរៀងៗខ្លួន អ៊ីចឹងបើសិនភាគីណាមួយរំលោភកិច្ចសន្យា គឺដូចរំលោភច្បាប់ដែរ ហើយបើរំលោភច្បាប់ គឺអាហ្នឹងរំលោភសិទ្ធមនុស្សដែរហើយ។ អតិថិជនខំជឿទុកចិត្តលើម្ចាស់បុរីហ្នឹង ប៉ុន្ដែម្ចាស់បុរីបែរជាមិនគោរពតាមកិច្ចសន្យា គឺវាប៉ះពាល់ដល់សិទ្ធពួកគាត់ហើយ។ ដូច្នេះត្រូវតែដោះស្រាយជូនអតិថិជន»៕






