សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាឧទ្ធរណ៍បើកសវនាការលើបទចោទញុះញង់ប្រឆាំងនឹងអតីតអ្នកសារព័ត៌មានCambodia Daily

អតីត​អ្នកសារព័ត៌មាន​កាសែត​ ឌឹខេមបូឌា ដេលី (Cambodia Daily) លោក Zsombor Peter និង​លោក អូន ភាព បាន​ស្នើ​ឲ្យ​មាន​ទម្លាក់​បទ​ចោទ​ប្រកាន់​ ដែល​អ្នក​ទាំងពីរ​ចាត់ទុក​ថា​ជា «បទ​ចោទប្រកាន់​ក្លែងក្លាយ» ពាក់ព័ន្ធ​នឹង​ការបង្ក​ការ​ញុះញង់​ ជុំវិញ​ការ​រាយការណ៍​ព័ត៌មាន​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ ២០១៧។

ការ​អំពាវនាវ​របស់​អ្នកសារព័ត៌មាន​ទាំងពីរ​រូប​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែ​ធ្នូ។ សវនាការ​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​តំណាងអយ្យការ​ខេត្ត​រតនគិរី​បាន​ធ្វើ​ការ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​ចៅក្រម​សាលាដំបូងខេត្តនេះ​​ក្នុង​ការ​ទម្លាក់​បទ​ចោទប្រកាន់​ប្រឆាំង​អ្នកទាំងពីរ។

សាល​ដីការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី៤ ខែ​មករា។ នេះ​បើ​យោង​ទៅ​តាម​លោក​ កុល បុន ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ។ លោក កុល បុន បដិសេធ​មិន​ចែករំលែក​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ភស្តុតាង​ដែល​ត្រូវ​បាន​បង្ហាញ​អំឡុងពេល​សវនាការ​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ទាំងពីរ​រូប។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ [នៅ​សវនាការ​] ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ឡើង​វិញ​នោះ​ទេ ពីព្រោះ​ខ្ញុំ​ខ្លាច​ខុស​ នៅ​ពេល​ខ្ញុំ​និយាយ​ឡើង​វិញ។ ខ្ញុំ​មិន​អាច​ចាំ​អ្វី​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ស្រប​ទៅ​តាម​ច្បាប់»។

អ្នកសារព័ត៌មាន​ទាំងពីរ​រូប​បាន​ទទួល​ពានរង្វាន់​សម្រាប់​ការ​រាយការណ៍​បែប​​ស៊ើប​អង្កេត​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​សន្ធឹកសន្ធាប់​នៅ​កម្ពុជា។ ពួកគេ​បាន​ចុះ​យក​ព័ត៌មាន​នៅ​ខេត្ត​រតនគិរី មុន​ការ​បោះឆ្នោត​ឃុំសង្កាត់​កាល​ពី​ឆ្នាំ ២០១៧។ លោក​ រម៉ាំ​ យ៉ូ​ត ដែល​កាលនោះ​ ​​ជា​​មេ​​ឃុំ​​គណ​​បក្ស​​សម​ រង្ស៊ី មិនសប្បា​យ​ចិត្ត​នឹង​ការ​សាកសួរ​របស់​អ្នក​ទាំង​ពីរ​ ហើយ​បាន​សម្រេច​ចិត្ត​ប្តឹង​អ្នក​សារព័ត៌​មាន​​ទាំង​ពីរ​​ពី​បទ​​​ញុះ​​ញង់​​​។ លោក​បាន​បន្ត​ដាក់​ពាក្យ​បណ្តឹង​នៅ​ក្នុងឆ្នាំ ២០១៧ ដែល​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​ដក​វិញ​កាល​ពី​ឆ្នាំ​មុន។​

លោក Zsombor ​បាន​ប្រាប់​ខេមបូចា តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ថា លោក​នៅ​តែ​ប្រកាន់​គោលជំហរ​ថា​ បទ​ចោទប្រកាន់​ប្រឆាំង​នឹង​រូប​លោក​គឺ ខុស និង​បាន​និយាយ​ថា តុលាការ​សាលាដំបូង​គឺ ​ធ្វើ​រឿង​ ត្រឹមត្រូវ​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ក្លែងក្លាយ​ប្រឆាំង​នឹង​រូប​លោក និង​លោក​អូន ភាព ​កាល​ពី​ឆ្នាំ​មុន។​

លោក​បាន​ថ្លែង​ថា៖ «មិនមាន​ភស្តុតាង​សូម្បី​តែ​បន្តិច​ដែល​អាច​បំពេញ​បទចោទប្រកាន់​ទាំង​នោះ ពីព្រោះ​បទចោទប្រកាន់​ទាំង​នោះ​ត្រូវ​បាន​បំភ្លៃ​យ៉ាង​ច្បាស់។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​សាលាឧទ្ធរណ៍​នឹង​ធ្វើ​សេចក្តីសម្រេច​ត្រឹមត្រូវ​ ដោយ​ទម្លាក់​ចោល​រឿង​ក្តី​នេះ»។

លោក​ អូន ភាព​ ដែល​ជា​សហការី​ជាមួយ​នឹង​លោក Zsombor បាន​ប្រាប់ខេមបូចា ថា ពាក្យ​បណ្តឹង​ដែល​កំពុង​បន្ត​នេះ​គឺ​ជា​ ឧទាហរណ៍​មួយ​នៃ​ការ​គំរាមកំហែង​ប្រឆាំង​នឹង​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

​លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​តុលាការ​រក្សា​ [សេចក្តី​សម្រេច​របស់​សាលាដំបូង] ខ្ញុំក៏​មិន​មាន​ជំនឿ​​ទុកចិត្ត​ក្នុង​ការ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ​ទេ ពីព្រោះ​ខ្ញុំ​មិន​ជឿ​នោះ​ទេ។ ដូចខ្ញុំ​បានលើកទ្បើងចឹងគ្រាន់តែជាលេសរបស់គេ ដោយសារសហរដ្ឋអាមេរិក ​​មាន​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​​ ហើយ​ពួកគេ [រដ្ឋាភិបាល] ចង់​សម្រួល​ស្ថានភាពធូរស្រាសបន្តិច»។

លោក រ៉ា ប៉ូរាន់ឌី ព្រះរាជ​អាជ្ញា​រង​ខេត្ត​រតនគិរី ដែល​បាន​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ។​

លោក​បាន​ថ្លែង​ថា៖ «រឿងក្តី​នោះ​បាន​កើត​ឡើង​កាល​ពី​យូរ​មក​ហើយ ខ្ញុំ​មិន​អាច​ចាំ​បាន​នោះ​ទេ។ ពីព្រោះ​ថា ខ្ញុំ​បាន​ផ្លាស់ចេញ [ពី​តុលាការ​ខេត្ត​រតនគិរី] ដូច្នេះ​ខ្ញុំ​ចាំ​មិន​បាន​នោះ​ទេ»។

លោក សេក សុភណ្ឌ មេធាវី​ការពារក្តី​ឲ្យ​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​ខាង​លើ​ និយាយ​ថា លោក​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​រក្សា​សេចក្តីសម្រេច​របស់​សាលាដំបូង​ខេត្ត​ក្នុង​ការ​ទម្លាក់​បទ​ចោទប្រកាន់។​

លោក​បាន​ថ្លែង​ថា៖ «យើង​មិនបាន​ឃើញ​ភស្តុតាង​ណា​មួយ​នោះ​ទេ ហើយ​អ្វី​ដែល​ពួកគេ​បាន​បង្ហាញ​គឺ​ដូចគ្នា​ទៅ​នឹង​សាលាដំបូង»។

លោក​ អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​គោរព​តាម​សេចក្តីសម្រេច​របស់​សាលាដំបូង​ខេត្ត។

លោក​បាន​ថ្លែង​ថា៖ «ករណី​បន្តផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អតីត​អ្នកសារព័ត៌មាន​ពីររូប​របស់​កាសែត​ខេមបូឌា ដេលី គឺ​ជា​ រូបភាព​មួយ​ក្នុង​ការ​គំរាមកំហែង​អ្នកសារព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​ផង​ដែរ ពីព្រោះ​នៅ​ក្នុង​ករណី​មុន​នេះ បទចោទប្រកាន់​ត្រូវ​បាន​ទម្លាក់​ចោល​រួច​ទៅ​ហើយ»។ ​

យ៉ាងណាក្តី អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​លោក មាស សុភ័ណ្ឌ​ បាន​និយាយ​ថា អ្នក​សារព័ត៌មាន​ដែល​បាន​ធ្វើ​ខុស​ច្បាប់​ ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់។

លោក​បាន​ថ្លែង​ថា៖ «ការអនុវត្តន៍ ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ទាំងទ្បាយណាដែល​ធ្វើ​ខុស​ច្បាប់​គឺ​មិនមែន​ជា​ការ​គំរាមកំហែង​វីជ្ជាជីវៈសារពត៌មាននោះ​ទេ»។

លោក អំ សំអាត នាយករង​នៃ​អង្គការគាំពារ​សិទ្ធិ​លីកាដូ បាន​និយាយ​ថា សេរីភាព​សារព័ត៌មាន​ក្នុង​ស្រុក​និង​បរទេស​បាន​ធ្លាក់​ចុះ​នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង ការ​ចាប់ខ្លួន និង​ការ​ចាប់អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ។

​លោក​បាន​ថ្លែង​ថា៖ «នេះ​ជា​សារមួយ​ដែល​គំរាមកំហែង និង​បំបាក់ស្មារតី [ដើម្បី​] ឲ្យ​អ្នកសារព័ត៌មាន​មួយ​ចំនួន​មិនអាច​បំពេញ​អាជីព​របស់​ពួកគេ​ ដោយសារ​តែ​ភាពភ័យខ្លាច»។

​លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​នៅ​តែ​ឃើញ​ការ​រឹតត្បិត​លើ​សេរីភាព​ព័ត៌មាន ពីព្រោះ​ពាក្យបណ្តឹង​មួយ​ចំនួន​នៅ​តែ​ធ្វើ​ឡើង​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន ហើយ​អ្នកសារព័ត៌មាន​ខ្លះ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ»។

​កាល​ពី​ឆ្នាំ ២០១៧ សារព័ត៌មាន​ ឌឹខេមបូឌា ដេលី ត្រូវ​បាន​បង្ខំ​ឲ្យ​បិទទ្វារ​ បន្ទាប់​ពី​បដិសេធ​មិន​បង់​ពន្ធ​ដ៏​ច្រើន​មហិមា ជា​ផ្នែក​មួយ​នៃ​ការ​បង្រ្កាប​ប្រឆាំង​នឹង​ស្ថាប័ន​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​បាន​កំណត់​គោលដៅ​មក​លើ​វិទ្យុ​អាស៊ីសេរី កាសែត Phnom Penh Post និង​សំឡេង​សហរដ្ឋអាមេរិក (VOA)៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Regional appeals court hears incitement case against ex-Cambodia Daily reporters

188 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម