សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋផ្លាស់ទៅនៅតំបន់រុនតាឯក កំពុងប្រឈមនឹងការជន់លិចដោយប្រព័ន្ធរំដោះទឹក ធ្វើមិនទាន់រួចរាល់

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការជន់លិចនៅរុនតាឯកជាទីតាំងដែលប្រជាពលរដ្ឋទើបត្រូវបានបានផ្លាស់ទីទៅរស់នៅ រូបភាពថតថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ផ្ដល់ឲ្យ)
ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការជន់លិចនៅរុនតាឯកជាទីតាំងដែលប្រជាពលរដ្ឋទើបត្រូវបានបានផ្លាស់ទីទៅរស់នៅ រូបភាពថតថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ផ្ដល់ឲ្យ)

ផ្ទះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​នៅ​តំបន់​រុន​តាឯក​បាន​ជន់​លិច​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ។ ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ត្រូវ​គេ​តម្រូវ​ឲ្យ​ចាក​ចេញ​ពី​ទី​លំនៅ​ក្នុង​តំបន់​អង្គរ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

កន្លង​មក​ប្រ​ជាពល​រដ្ឋ​នៅ​ទី​នោះ​បាន​ត្អួញ​ត្អែ​រ​ថាផ្ទះ​របស់​ពួកគេ​អាច​ប្រ​ឈម​នឹង​ការ​ជន់​លិច​ ព្រោះ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​នៅទី​នោះ ជាពិសេស​ប្រព័ន្ធ​រំដោះ​ទឹក​មិន​ទាន់​បាន​សាងសង់​រួច​រាល់​។​

អ្នកស្រី អៀ រ៉ៃ ដែល​ទើប​បាន​ចាក​ចេញពី​តំបន់​អង្គរ​ទៅ​រស់​នៅ​តំបន់​រុន​តាឯក​ក្នុង​អំឡុង​រដូវ​វស្សា​នេះ បាន​ឲ្យ​ដឹង​ថា​អ្នក​ស្រី​មាន​ការ​បារម្ភ​ជា​ខ្លាំង​អំពី​ការ​ជន់​លិចផ្ទះ ហើយ​អ្នក​ភូមិ​ផ្សេង​ទៀត​ក៏​មាន​កង្វល់​ដូច​គ្នា​នេះ​ដែរ។ អ្នកស្រី​ថាប្រព័ន្ធ​លូ​រំដោះ​ទឹក អាជ្ញាធរ​មិន​ទាន់​បាន​សាង​សង់​រួច​រាល់​នៅ​ឡើយ​។​​

​អ្នកស្រី​បន្ថែម​ថា៖ «​យើង​មាន​ការ​បារម្ភ​ពី​បញ្ហា​នេះ ប៉ុន្តែ​ក្រុម​អ្នក​សាង​សង់​បាន​ប្រាប់​ខ្ញុំ​ថា​មិន​ចាំ​បាច់​បារម្ភ​ពី​រឿង​នេះទេ»។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា​តំបន់​ដែល​អ្នក​ស្រី​កំពុង​រស់​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​នៅឡើយទេ ហើយថា​អ្នក​ស្រី​ក៏​បារម្ភ​ពី​សុវត្ថិ​ភាព​កូនៗដែល​ដើរ​លេង​ជុំ​វិញ​កន្លែង​កំពុង​រស់​នៅ ខណៈ​ដែល​ទី​តាំង​ក្នុង​ភូមិ​កំពុង​សាងសង់​នៅឡើយ​។​​

អ្នកស្រី ស៊ឹម ចាន់ណា អ្នក​ភូមិ​ទើប​ផ្លាស់ពី​តំបន់​អង្គរ​ម្នាក់​ទៀត បាន​ឲ្យ​ដឹង​ថា​ដំបូល​ផ្ទះ​របស់​អ្នកស្រី​​បាន​រង​ការ​ខូច​ខាត​ដោយសារ​ខ្យល់ និង​ភ្លៀង​ខ្លាំង​។ អ្នកស្រី​ថា អ្នកស្រី​ក៏​បាន​ស្នើ​ទៅ​អាជ្ញាធរ ក៏​ដូច​ជា​អភិបាល​ខេត្ត​ឲ្យ​ជួយ​ពន្លឿន​ការ​តំឡើង​ប្រព័ន្ធ​ការពារ​រន្ទះ​ ដែល​ការណ៍​នេះ​អាច​ជួយ​ឲ្យ​អ្នក​ភូមិ​មាន​សុវត្ថិ​ភាព​ជាង​មុន​។​

អ្នកស្រី​បន្ត​ថា៖ «​យើង​បារម្ភ​ពី​បញ្ហា​រន្ទះ​…​ទី​នេះ​គ្មាន​ដើម​ឈើ ឬ​គ្មាន​ឧបករណ៍ចាប់​រន្ទះ​ដែរ​។ យើង​ក៏​បារម្ភ​ពី​ការ​ឆក់​នឹង​ចរន្ត​អគ្គិសនី​ដែរ ពេលខ្លួន​យើង​សើម​ហើយ​កាន់​ប៉ះ​អ្វី​មួយ​។ គ្រប់​គ្នា​និយាយ​បែប​នេះ»។​

ខ្យល់​កន្ត្រាក់បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ដែល​ទើប​ផ្លាស់​ទៅ​នៅ​រុន​តាឯក អស់​ជា​ច្រើន​ខ្នង រូបភាព​ថត​កាលពី​ថ្ងៃទី​២៨​ ខែ​មិថុនា ឆ្នាំ​២០២៣។ (ផ្ដល់​ឲ្យ)

រដ្ឋាភិបាល​កម្ពុជា​កំពុង​ដោះ​ស្រាយ​នាំ​យក​អ្នក​មាន​លំនៅ​ដ្ឋាន​នៅ​តំបន់​ឧទ្យានអង្គរ​ចេញ ក្នុង​ន័យ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​លក្ខខណៈសម្បត្តិ​គ្រប់​គ្រា​ន់​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។​

មន្ត្រី​បាន​អះអាង​ថា​ប្រជា​ពល​រដ្ឋ​បាន​ស្ម័គ្រ​ចិត្ត​ផ្លាស់​ទី​លំនៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​ស៊ើប​អង្កេត​របស់​ខេមបូចា​កាលពីខែ​មេសា កន្លង​ទៅ​បាន​រក​ឃើញ​ថា​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​អះអាង​ថា​ពួក​ខ្លួន​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាក​ចេញ និង​មក​រស់​នៅ​តំបន់​រុនតាឯក​។​ របាយការណ៍​របស់​ខេមបូចា បាន​វបង្ហាញ​ថា​ទី​តាំង​ថ្មី​នៅ​រុន​តាឯក​នៅ​ខ្វះ​ខាត​ទឹក​ស្អាតសម្រាប់​បរិភោគ បង្គន់អនាម័យ និងផ្ទះ​មិន​ទាន់​បាន​សាងសង់​​រួច​រាល់​ពេល​ប្រជាពល​រដ្ឋ​បាន​ផ្លាស់​ទៅ​រស់​នៅ​​កាលពី​ចុង​ឆ្នាំ​២០២២​។​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​ក៏​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ដែរ​កាល​ពី​ខែ​មីនា ដោយ​ថា​ប្រ​ជា​ពល​រដ្ឋ​នៅ​តំបន់​រុន​តាឯក​មិន​បាន​ទទួល​ផ្ទះ​សម្បែង​ត្រឹម​ត្រូវ មិនមាន​ទឹក​ស្អាត​ប្រើ​​ប្រាស់ និង​មិន​មាន​បង្គន់​អនាម័យ​ត្រឹម​ត្រូវពេល​ពួក​គេ​ទៅ​ដល់​។​

មេឃុំ រុនតាឯក​ លោក​ស្រី ឈួន អ៊ីម មាន​ប្រសាសន៍​ថា​ភ្លៀង​ខ្លាំង​នឹង​ធ្វើ​ឲ្យ​លិច​តំបន់​នោះ ជា​ពិសេស​សម្រាប់​ផ្ទះ​ដែល​សង់​នៅ​តំបន់​មាន​ដី​ទាប​។​

​លោក​ស្រី​បន្ថែម​ថា៖ «​បច្ចុប្បន្ន​នេះ ទឹក​បាន​ស្រក​ទៅ​វិញ​អស់​ហើយ ហើយ​យើង​ក៏​បាន​ផ្ញើ​របាយការណ៍​ទៅ​អាជ្ញាធរ​ខេត្ត​ផង​ដែរ​»។

លោក លី សំរិទ្ធ​ អ្នក​នាំពាក្យរដ្ឋបាល​ខេត្ត​សៀមរាប ប្រាប់​ខេមបូចា​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​ផ្ទះ​ប្រជាពល​រដ្ឋ អាជ្ញាធរ​ខេត្ត​បាន​រាយការណ៍​ទៅ​កាន់​មន្ត្រី​ជំនាញ​រួច​រាល់​ហើយ​។​

លោក​មាន​ប្រសាសន៍​ថា៖ «​យើង​ត្រូវ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរថ្នាក់​កណ្ដាល​ជា​បន្ទាន់​ ដើម្បី​​រៀបចំ​ដំណោះ​ស្រាយ​បណ្ដោះ​អាសន្ន​មួយ ពីព្រោះ​ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់ ដូច​នេះ​នឹង​បង្ក​ជា​បញ្ហា​»។​

លោក ឡុង កុសល អ្ន​ក​នាំ​ពាក្យ​អាជ្ញាធរជាតិ​អប្សរា ដែល​គ្រប់​គ្រង​លើ​តំបន់​ឧទ្យាន​អង្គរ​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះទេ និង​ថា​កិច្ច​ការ​នេះ​ក៏​មិន​ស្ថិត​ក្រោម​ស្ថាប័ន​របស់​លោក​ដែរ។​

លោក​ឲ្យ​ដឹងថា៖ «​ពួកគាត់​មាន​ក្រុម​ជំនាញ [ធ្វើ​ការ​អភិវឌ្ឍតំបន់​រុន​តាឯក] ដូច​នេះ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ជំនួស​ពួក​គាត់​បាន​ទេ»។​

លោក សួស ណារិន មន្ត្រី​សម្រប​សម្រួល​របស់​សមាគមសិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​សៀម​រៀប​ មាន​ប្រសាសន៍​ថាបញ្ហា​ទឹក​ជន់​លិច​គឺ​ជា​រឿង​បណ្ដោះ​អាសន្ន​ដោយសារ​តែ​ជា​រដូវ​ភ្លៀង​ធ្លាក់ ហើង​ថា​អាជ្ញាធរ​កំពុង​កសាង​ប្រព័ន្ធ​លូ និង​ផ្លូវ​។​ ប៉ុន្តែ​បញ្ហា​ដែល​ប្រជាពល​រដ្ឋ​កំពុង​ជួប​ប្រទះ​គឺ​បញ្ហា​ទឹក​ស្អាត និង​បង្គន់​អនាម័យ​។​

លោក​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ឃើញ​ក្រុម​វិស្វករ​កំពុង​ខិត​ខំ​ធ្វើ​ការ បើ​សិន​ជា​យើង​មើល​លើ​ចំនួន​ផ្ទះ​ដែល​បាន​សាងសង់​ គឺជិត​បាន​គ្រប់​ទៅ​តាម​ចំនួន​ដែល​គ្រោង​ទុក​ហើយ…​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ចង់​បាន​ទឹក​ស្អាត និង​បង្គន់​អនាម័យ​»។​

​ប្រជាពល​រដ្ឋ​ម្នាក់​កំពុង​រស់​នៅ​តំបន់​រុន​តាឯក​បាន​ថត​រូប និងវីដេអូ បង្ហោះ​លើ​ហ្វេសប៊ុក ដោយ​បង្ហាញពី​ការជន់​លិច​ផ្ទះ​ជា​ច្រើនកន្លែង​។ ប្រជា​ពល​រដ្ឋ​រូប​នេះបាន​​សរសេរ​ពី​បទ​ពិសោធន៍​រស់​នៅ​តំបន់​រុន​តាឯក​ដែល​ថា​ខុស​ពី​ការ​រំពឹង​ទុក​។​

ប្រជាពល​រដ្ឋ​រូប​នោះ​សរសេរថា៖​ «ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​ទី​នេះ រស់​នៅ​កន្លែង​ថ្មី​ដោយ​ក្ដី​ជឿ​ជាក់ថា​ រស់​នៅ​បាន​ស្រួល និង​មាន​សុវត្ថិ​ភាព…​ឥឡូវ​នេះ​គ្រួសារ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ចាក់​ដី​បំពេញឲ្យ​បាន​ខ្ពស់​ជាង​នេះ ពីព្រោះ​ថា​ដី​របស់​ពួក​យើង​ទាប ហើយ​អាច​នាំ​ឲ្យ​មាន​ទឹក​ជន់​លិច»។​

អាជ្ញាធរ​មូល​ដ្ឋាន​បាន​ប្រើ​គ្រឿង​ចក្រ​កាយ​ផ្ដាច់​ផ្លូវ​ក្នុង​សហគមន៍​រុន​តាឯក​ដើម្បី​រំដោះ​ទឹក​ចេញពី​ភូមិ កាលពីថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៣។​ (រូបភាព​ផ្ដល់​ឲ្យ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Relocated Run Ta Ek Residents Face Flooding With Incomplete Drainage System

249 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម