សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីពCATU​ទទូច​ឲ្យ​តុលាការ​​ខេត្ត​កំពង់​ស្ពឺ​ផ្តល់​យុត្តិធម៌​ដល់​​ប្រ​ធាន​​សហជីពនៅ​រោង​ចក្រ ​វីង​ស្តារ ស៊ូ​

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) និងសមាជិករបស់លោកស្រីបានប្រមូលផ្តុំគ្នានៅខាងក្រៅសាលាដំបូងខេត្តកំពង់ស្ពឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព CATU)
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) និងសមាជិករបស់លោកស្រីបានប្រមូលផ្តុំគ្នានៅខាងក្រៅសាលាដំបូងខេត្តកំពង់ស្ពឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព CATU)

តំ​ណាងសហជីពនិងសមាជិកសហព័ន្ធ​សហជីពកម្ពុជា(CATU)ប្រមាណ៤០នា​ក់ បានប្រមូលផ្តុំគ្នា​ ខណៈ​​​សា​លា​ដំ​បូ​​​​ង​​​ខេ​​​ត្ត​​​​​កំពង់​ស្ពឺ​បើក​​សវនាការជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក​ ជា ​ចាន់​ ​កា​ល​​​ពី​ថ្ងៃ​ពុ​ធ ដោយមាន​លើកបដា​ទាម​ទារឱ្យ​ដោះ​លែងលោក។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០​២៤​។

 លោក ជា ចាន់​ ដែលជាមេដឹកនាំ​សហជីពប្រចាំ​នៅ​រោងចក្រផលិត​ស្បែក​ជើង​ វីងស្តារ ស៊ូ​ (Wing Star Shoes Co Ltd) ត្រូវបានចាប់ខ្លួនកាល​ពី​ខែកុម្ភៈ ឆ្នាំ២០​២៤ និងត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើលួច» ដែលជាឧប្បត្តិហេតុ​​មួយ​ដែលតាម​ចោទថា បានកើតឡើងកាលពីពីរឆ្នាំមុន។ មក​ដល់​ពេល​នេះ លោក ជា ចាន់ ​​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​អស់​រយៈពេល៨៥​ថ្ងៃ​ហើយ។ 

លោក ម៉េត សម្ផស្ស​ អាយុ៤០ឆ្នាំ បានប្រាប់ខេមបូចា​ថា ការចោទប្រកាន់លើលោក ជា ចាន់ បានបង្ហាញថា និយោជករបស់គាត់កំពុងប្រើប្រព័ន្ធតុលាការ​ ដើម្បី​បំភិតបំភ័យសហជីព ហើយមិនចង់ឲ្យមានសហជីពឯករាជ្យ។ លោក​បាន​ចោទ​ថា ក្រុមហ៊ុន​នេះកំពុង​​រំលោភ​សិទ្ធិ​សហជីព។

 លោក សម្ផស្ស បាន​និយាយថា៖ «នៅពេលលោក ជា ចាន់​ បង្កើតសហជីព ដើម្បីការ​ពារសិទ្ធិកម្មករ ក្រុមហ៊ុនបានរក​លេសចោទប្រកាន់គាត់ដោយគ្មានភស្តុតាង​។ នេះ​ គឺ​ជា​ [ទម្រង់​នៃ] ​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​តុលាការ»។ 

 លោក​បាន​ទទូច​​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​លោក ជា ចាន់ ខណៈ​អំពាវនាវ​ឲ្យ​​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បរទេស​ណា​ ដែល​រំលោភ​សិទ្ធិ​សហជីព ឬ​សិទ្ធិ​កម្មករ។ លោក សម្ផស្ស​ យល់ឃើញថា សហជីពមួយចំនួនដែលស្របតាម​ក្រុមហ៊ុនមិនប្រ​ឈមមុខនឹងបញ្ហាអ្វីឡើយ ប៉ុន្តែសហជីពឯករាជ្យណាដែល «ហ៊ានការពារសិទ្ធិកម្មករ តិចឬច្រើន​ នឹងប្រឈមមុខបញ្ហា ឬវិធានការផ្លូវច្បាប់»។ លោកនិយាយ​ថា សហជីព​ឯករាជ្យ​ដែល​តស៊ូ ​ដើម្បី​ផលប្រយោជន៍ ឬ​សិទ្ធិ​របស់​កម្មករ គឺនៅកណ្តាល​។

លោក សម្ផស្ស បាននិយាយថា៖ «ប្រសិនបើយើងឃើញអ្វីមួយខុស យើងនឹងនិយាយថា ខុស។ បើ​យើង​ឃើញ​អ្វី​ដែល​ត្រូវ យើង​នឹង​និយាយ​ថា ​ត្រូវ។ នេះ​​ជា​មូល​ហេតុ​ដែល​ពួក​គេ​មិន​ចង់​ឱ្យ​​យើង​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ»។  

ផ្អែកលើការសង្កេតរបស់​លោកស្រី​លើសវនាការ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រ​ធាន​សហជីព​ CATU បានមាន​ប្រសាសន៍​ថា លោក ជា​ ចាន់ គ្មានកំហុសទេ ដោយសារ «គ្មានជន​ដៃដល់​ណាម្នាក់​ត្រូវបានចាប់ខ្លួន» នៅពេលមាន​ករណីលួចដែលតាម​ចោទ​ថា បានកើតឡើងកាល​ពី​ឆ្នាំ២០២២ ហើយក្រុមហ៊ុនក៏​មិនបានចាត់វិធាន​ការ​ភ្លាមៗនៅពេលនោះដែរ​។  

លោកស្រី សុភ័ណ្ឌ​ បាន​បន្ថែមថា អោ សំអុល សាក្សីរបស់​ក្រុមហ៊ុន វីងស្តារ ស៊ូ​មិនបាន​ផ្តល់ចម្លើយច្បាស់លាស់ថា អ្នកណាជាអ្នកប្រព្រឹត្តអំពើលួចនោះទេ។ លោក​ស្រី សុភ័ណ្ឌ មាន​ប្រសាសន៍ថា អោ សំអុល គឺ​ជាកម្មករកាត់ដេរក្នុងរោងចក្របាន​ប្រើពាក្យថា «ប្រហែល» ពេលសាក​សួរក្នុង​តុលាការ ដែលមិនសមហេតុផលទេ​​ ដោយ​លោកស្រី​កត់​សម្គាល់​ថា​ «គេ​មិន​​អាចសន្មត់បាន»​ ថា នោះគឺ​​ជាលោក​ ជា​ ចាន់ ទេ​។

 លោកស្រី សុភ័ណ្ឌ ថ្លែងថា៖ «លោក ជា ចាន់​ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ក្នុង​ពន្ធ​នាគារ​ជិត​បី​ខែ។ វា​អយុត្តិធម៌​សម្រាប់​គាត់។ លោក ចាន់ ត្រូវបានចាប់ខ្លួនដោយ​គ្មានដីកាពីតុលាការ ហើយនេះ គឺដោយសារតែក្រុមហ៊ុនមិនសប្បាយចិត្តនៅពេលដែលសហជីពឯករាជ្យត្រូវបានបង្កើតឡើងនៅទីនោះ»។

លោកស្រី​​ទទូច​​ឲ្យ​តុលាការសម្រេច​ឲ្យ​​លោក ជា ចាន់​ រួច​ពី​បទ​ចោទ​ ​ពី​ព្រោះ​​គាត់​គ្មាន​កំហុស ហើយ​ការ​ចោទ​ប្រកាន់របស់​​ក្រុមហ៊ុន​នេះ ​គឺ​គ្រាន់​តែ​ជា «ការប្រ​ឌិត​​ឡើង ​ដើម្បី​បំភិត​បំភ័យ​សហជីព»។ លោក​ស្រី​បាន​បន្ថែម​ថា អ្នក​បញ្ជា​ទិញ​របស់​​ក្រុមហ៊ុន​ ​វីង​ស្តារ ស៊ូ​ គួរ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុននេះ​​ឲ្យ​ដោះលែងលោក​ ជា ចាន់ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ 

លោកស្រី សុភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ការដោះលែងលោក ចាន់ ពិតជាសំ​ខាន់ណាស់ ពីព្រោះរដ្ឋធម្មនុញ្ញកម្ពុជា​ ច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិដែល​គាំទ្រសិទ្ធិក្នុងការបង្កើតសហជីពនៅកន្លែងធ្វើការ។ ដូច្នេះ​ បើ​តុលាការ​ផ្តល់​យុត្តិ​ធម៌​​ [ដល់​គាត់] ​មាន​​ន័យ​ថា ​តុលាការ​យុត្តិធម៌។ សាធារណជនក៏ជឿជាក់លើប្រ​ព័ន្ធតុលាការដែរ»។ 

លោក ផេង ស៊ីភ័ណ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ មិន​បាន​ឆ្លើយ​តប​នឹង​ការ​​ហៅ​ទូរសព្ទ និង​សារ​តាម​តេឡេក្រាម​ទេ។ 

រថយន្តពន្ធនាគារដឹកលោក ជា ចាន់ និងអ្នកទោសផ្សេងទៀតមក​កាន់​​សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព CATU)

អ្នក​ស្រី ឆែ ចាន់រ៉ា អាយុ៣៥​ឆ្នាំ ភរិយា​របស់​លោក ជា ចាន់ សង្ឃឹម​ថា តុលាការ​នឹង​​សម្រេច​ដោយ​យុត្តិធម៌ និង​ដោះលែង​ប្តី​របស់​អ្នក​ស្រី​​ ដោយសារ​គាត់​គ្មាន​កំ​ហុស​​ទេ​​។ 

អ្នកស្រីថាអំឡុង​​សវនាការ​នោះ សាក្សី​ឈ្មោះ សំ​អុល បាន​បញ្ជាក់​ថា លោក ជា ចាន់ មិន​ជាប់​​​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​លួចទេ។ 

បន្ទាប់ពីប្តីរបស់អ្នក​ស្រីត្រូវបានឃុំខ្លួននៅពន្ធនាគារ អ្នក​ស្រី​បានប្រឈមនឹងការ​លំបាកផ្នែកហិរញ្ញវត្ថុ ដោយត្រូវចំណាយប្រាក់ប្រហែល៩០០​ដុល្លារក្នុងមួយខែ​ ដើម្បីសងប្រាក់កម្ចីធនាគារ ថ្លៃសិក្សារបស់កូនបីនាក់ និងថ្លៃ​ចំណាយលើការរស់​នៅ​។ 

អ្នកស្រី ចាន់រ៉ា និយាយថា៖ «ខ្ញុំ​សង្ឃឹម​ថា ​តុលាការ​នឹង​​ឱ្យ​ប្តី​ខ្ញុំ​រួច​ខ្លួន ​ព្រោះ​គាត់​មិន​បាន​​សមគំនិត​​​ប្រព្រឹត្ត​អំពើ​លួចទេ​។ សុខភាព​គាត់​ក៏​មិន​ល្អ​ដែរ ដោយ​សារ​​គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ពិបាក​ដក​ដង្ហើម »។ 

លោក កត្តា អ៊ន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រ​សាសន៍​​ថា លោក ជា ចាន់​ កំ​ពុង​ប្រឈម​មុខ​នឹង «សំណុំរឿង​​ព្រហ្មទណ្ឌ» ហើយ​​វា «ហួស​ពី​សមត្ថកិច្ចរបស់ក្រសួង​»។

លោក កត្តា អ៊ន​ មាន​ប្រសាសន៍​ថា៖ «វា​មិន​ស្ថិត​នៅ​​ក្រោម​អំណាច​របស់​ក្រសួង​ទេ ប៉ុន្តែ​ក្នុង​ករណី​សហជីព​ត្រូវ​ការ​មេធាវី ក្រសួង​អាច​​ជួយ​បាន»  

យោងតាមគេហទំព័រ​ ​​Trademo Intel ជាវេទិកាតាម​ដាន​​ទិន្នន័យខ្សែសង្វាក់ផ្គត់ផ្គង់​សកលបានឱ្យដឹងថា «ក្រុមហ៊ុន​ វីងស្តារ ស៊ូ មានមូលដ្ឋាននៅក្នុង​ប្រទេសកម្ពុជា ដែល​មាន​ដំណើ​ការ​នាំចូលចំនួន១៣៨លើ​ក និងដំណើការ​នាំចេញចំនួន៦១៨លើក​»។ គេ​និយាយថា ក្រុមហ៊ុននេះ គឺនាំ​ចូល​វត្ថុ​ធាតុដើម​ពី​សហរដ្ឋអាមេរិក កាណាដា និងហ្វីលីពីន ហើយទីផ្សារនាំចេញសំខាន់​​ គឺវៀតណាម​។  

កាល​ពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋាននិរន្តរភាពរបស់​ក្រុមហ៊ុន​​បញ្ជាទិញ​នៅ​ជប៉ុន​ឈ្មោះ​ ASICS បានឆ្លើយតបតាម​រយៈ​លិខិតមួយទៅកាន់មជ្ឈ​មណ្ឌលធន​ធានធុរកិច្ច និងសិទ្ធិមនុស្ស (BHRRC) ថា ការចាប់ខ្លួនលោក ជា ចាន់ គឺផ្តើម​ចេញ​ពី​ពាក្យបណ្តឹងរបស់​​ក្រុមហ៊ុន វីងស្តារ ស៊ូ​។ ក្រុមហ៊ុនផលិត​ស្បែក​ជើង​​កីឡារបស់ជប៉ុន​នេះ​បានអះអាង​ថា ខ្លួន «ទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់លោក ចាន់ » ហើយ «បានប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិការងារ និងការអនុ​វត្តការងារដោយយុត្តិធម៌នៅតាម​ខ្សែសង្វាក់ផ្គត់ផ្គង់របស់​ក្រុមហ៊ុន​ ASICS»។

 លិខិត​ដដែល​បានលើក​ឡើង​ថា៖ «យើងបានស្នើទៅ​ក្រុមហ៊ុន​ វីងស្តារ ស៊ូ​ ឱ្យ​បញ្ឈប់​រាល់ទម្រង់នៃការជ្រៀតជ្រែក និងការសងសឹកប្រឆាំងនឹងសកម្មភាពសហជីព ហើយ​ត្រូវ​គោរពសិទ្ធិរបស់កម្មករក្នុងការរៀបចំសហជីព​។ ទោះបី​ជាយ៉ាង​ណាក៏ដោយ យើងកំពុងតាមដានការវិវត្តនៃករណីនេះយ៉ាងយក​ចិត្ត​ទុក​ដាក់​​»។ 

លើសពីនេះទៅទៀត​ ក្រុមហ៊ុន ASICS បានសម្តែងការព្រួយបារម្ភរបស់ខ្លួន​​ចំ​ពោះសុខភាព និងសុខុមាលភាពរបស់លោក​ ចាន់។ ក្រុមហ៊ុន​បានពិភាក្សាជា​មួយ​ក្រុម​ហ៊ុន វីងស្តារ ស៊ូ​ និងបានស្នើរកមធ្យោបាយ​ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់លោក ជា ចាន់​។ 

ទាក់ទងនឹងវិធាន​ការ​បន្ទាប់របស់​​លោក​ ចាន់ ក្រុមហ៊ុន​ ASICS បានអះអាង​ថា ដោយសារខ្លួន​មាន​ឥទ្ធិពលលើ​ក្រុម​ហ៊ុន​ វីងស្តារ ស៊ូ​ ក្រុមហ៊ុននេះ​​បានយល់ព្រមដាក់លោក ជា ចាន់ ឱ្យស្ថិតក្នុង «ស្ថានភាពឈប់សម្រាកបណ្តោះអាសន្ន»។ក្រុមហ៊ុន ASICS លើកឡើង​ថា

ក្រុមហ៊ុនវីងស្តារ ស៊ូ ​បានយល់ព្រម «គោរពតាមសំណើរបស់ក្រសួង​​​ការងារ» និងដោះស្រាយស្ថានភាពនេះ​ស្របតាមច្បាប់​។

 ASICS បានបញ្ជាក់​ថា៖ «ប្រសិនបើលោក ចាន់​ ត្រូវបានរកឃើញថា គ្មានកំហុស ក្រុម​​​ហ៊ុន​ វីងស្តារ ស៊ូ នឹងប្តេជ្ញាអនុវត្តតាមសំណើរបស់ក្រសួង​​ការ​ងារ​ ផ្តល់​សំ​ណង​ និងផ្តល់តួនាទីរបស់គាត់ឡើងវិញ »

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Render Justice on Wing Star Union’s Chief, CATU Urges Kampong Speu Court

226 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម