សាលាដំបូងខេត្តកំពង់ស្ពឺបានផ្តន្ទាទោសប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes) ឲ្យជាប់ពន្ធនាគារមួយឆ្នាំក្រោមបទចោទសមគំនិតលួច ប៉ុន្តែតុលាការបានឱ្យលោក ជា ចាន់ ត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួនប្រាំមួយខែ និងប្រាំមួយខែទៀតត្រូវព្យួរ ដែលការសម្រេចនេះធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
លោក ជា ចាន់ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែកុម្ភៈ ដោយមិនមានដីកា គឺមួយសប្ដាហ៍ក្រោយលោកបានជាប់ជាប្រធានសហជីព។ ការចាប់ខ្លួននេះធ្វើឡើងតាមបណ្ដឹងរបស់ម្ចាស់រោងចក្រដោយចោទថា លោកពាក់ព័ន្ធនឹងអំពើលួចដែលកើតឡើងកាលពីពីរឆ្នាំកន្លងទៅ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថា អ្នកស្រី «ពិតជាមានការខកចិត្តជាខ្លាំង» ចំពោះសេចក្ដីសម្រេចរបស់តុលាការ និងមិនបានរំពឹងថាតុលាការកាត់សេចក្ដីដោយ «អយុត្តិធម៌» បែបនេះដែរ។
អ្នកស្រីបន្តថា ការសម្រេចរបស់តុលាការនេះមិនយុត្តិធម៌រសម្រាប់លោក ជា ចាន់ នោះទេ ខណៈដែលលោកកំពុងរងនូវអំពើអយុត្តិធម៌ ព្រោះលោក «មិនបានសមគំនិតលួច» ស្របពេលដែលអ្នកបានប្រព្រឹត្តមិនបាននាំយកមកកាត់ទោសនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «មហាជនយល់ថាទីនេះ [តុលាការ] គឺជាកន្លែងផ្ដល់យុត្តិធម៌ ប៉ុន្តែយើងមិនរំពឹងថា តុលាការចេញសេចក្ដីសម្រេចបែបនេះទេ។ វាហាក់ដូចជារងឥទ្ធិពលពីអ្នកមានអំណាច ឬអ្នកមានប្រាក់ណាម្នាក់»។
អ្នកស្រីបន្តថា ការសម្រេចរបស់តុលាការនេះគឺបង្ហាញពីការធ្លាក់ចុះនៃសេរីភាពសហជីព បើទោះបីជាជាការពិតច្បាប់កម្ពុជាបានគាំទ្រឲ្យមានការបង្កើតសហជីព ដែលស្របទៅតាមច្បាប់ស្ដីពីការងារ និងអនុសញ្ញាអង្គការអន្តរជាតិខាងការងារ និងអនុសញ្ញាផ្សេងៗទៀត។
អ្នកស្រីបន្ថែមថា៖ «ទោះបីជាពួកគេមានសិទ្ធិបង្កើតសហជីព ម្ចាស់រោងចក្រមិនសប្បាយចិត្តទេ តែងរកលេស និងរារាំងសិទ្ធិសហជីព។ នេះជាការរំលោភលើសិទ្ធិរបស់កម្មករ»។
ភរិយារបស់លោក ជា ចាន់ គឺអ្នកស្រី ឆាយ ចាន់រ៉ា វ័យ៣៥ឆ្នាំ ប្រាប់ ខេមបូចា ថា អ្នកស្រីរន្ធត់ចិត្តជាខ្លាំងពេលបានឮសេចក្ដីសម្រេចរបស់តុលការ ដោយធ្លាប់គិតថា «តុលាការជាកន្លែងផ្ដល់យុត្តិធម៌» ប៉ុន្តែថាសាលក្រមនេះពិតជាធ្វើឲ្យអ្នកស្រីខកចិត្ត។
អ្នកស្រីអះអាងថា ស្វាមីអ្នកស្រីមិនបានសមគំនិត ឬបានចូលរួមក្នុងអំពើលួចដូចក្រុមហ៊ុនចោទនោះទេ ដោយថាស្វាមីជាមនុស្សបរិសុទ្ធ និងមិនគួរត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារទេ។
អ្នកស្រីលើកឡើងថា៖ «វាមិនយុត្តិធម៌ទេ។ ខ្ញុំមិនអាចទទួលយកបានទេ។ ខ្ញុំរំពឹងថាតុលាការនឹងដោះលែងគាត់ថ្ងៃនេះ។ ប៉ុន្តែពេលបានឮសេចក្ដីសម្រេច ខ្ញុំស្ទើរតែមិនជឿ។ ប្ដីរបស់ខ្ញុំជាមនុស្សបរិសុទ្ធ»។

ដោយសារតែលោក ជា ចាន់ ត្រូវចាប់ខ្លួនកាលពីខែកុម្ភៈ ដូចនេះលោកនឹងត្រូវបន្តជាប់ពន្ធនាគារពីរខែបន្តទៀតដើម្បីគ្រប់ប្រាំមួយខែ ខណៈប្រាំមួយខែទៀតត្រូវព្យួរ។ អ្នកស្រី ឆាយ ចាន់រ៉ា ឱ្យដឹងថា៖ «ប្ដីរបស់ខ្ញុំនឹងមានសេរីភាពវិញនៅពាក់កណ្ដាលខែសីហា ឆ្នាំនេះ»។
អ្នកសារព័ត៌មានខេមបូចា បានព្យាយាមទាក់ទង អ្នកនាំពាក្យតុលាការខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ្ឌ តាមទូរសព្ទតែមិនមានអ្នកទទួលពេលហៅចូល។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំនេះ ក្រុមហ៊ុនសម្លៀកបំពាក់កីឡាជប៉ុន ASICS បានទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់ លោក ចាន់ និងបានធានានូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិការងារ និងការអនុវត្តការងារដោយយុត្តិធម៌នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ASICS ។ ក្រុមហ៊ុនក៏បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេចំពោះសុខភាព និងសុខុមាលភាពរបស់លោក ចាន់ ផងដែរ។
បើតាមអង្គការ លីកាដូ លោក ជា ចាន់ ជាបុគ្គលម្នាក់ក្នុងចំណោមសហជីពយ៉ាងហោចណាស់បីនាក់ដែលបានជាប់ឃុំក្នុងប្រទេសកម្ពុជា។ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ជាប់ពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែកលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ក៏ជាប់ពន្ធនាគារដែរកាលពីដើមខែនេះ មុនពេលការបោះឆ្នោតផ្ទៃក្នុងឈានចូលមកដល់។
ក្នុងឆ្នាំ២០២២ របាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងថា កម្ពុជាមិនបានបង្កើតតុលាការការងារនោះទេ បើទោះបីជាច្បាប់ការងារបានបង្ហាញពីតម្រូវការតុលាការនេះក៏ដោយ។ ក្នុងរបាយការណ៍របស់ខ្លួនមួយចេញផ្សាយក្នុងឆ្នាំ២០២៣ ក្រសួងការងារបានជំរុញឲ្យរោងចក្រទាំងអស់ គោរពច្បាប់ការងារ និងដោះស្រាយវិវាទការងារ ដែលមានជាង ៨ ០០០ករណីត្រូវបានកត់ត្រា៕
(រាយការណ៍បន្ថែមដោយ៖ ទេព សួគានី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Wing Star Shoes Union Leader Sentenced to One Year Imprisonment by Kampong Speu Court










