ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង អះអាងថា អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបងម្នាក់បានយកដីអាងរបស់រដ្ឋចំនួន៥៣ហិកតាជួលឱ្យកសិករធ្វើស្រែជាង១០ឆ្នាំ បានលុយរាប់ម៉ឺនដុល្លារមិនដឹងយកទៅណា តែត្រូវបានថ្នាក់ដឹកនាំមន្ទីរធនធានទឹកបដិសេធថាមិនបានជួលដីរដ្ឋឱ្យកសិករធ្វើស្រែនោះទេ។
ចំណែកសង្គមស៊ីវិលថា តាមផ្លូវច្បាប់ដីសាធារណៈរបស់រដ្ឋមិនមែនជាកម្មវត្ថុជួល រឺលក់នោះទេ បើសិនមានការគប់គិតគ្នាវាអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក្រសួងពាក់ព័ន្ធគួរតែធ្វើការស៊ើបអង្កេតករណីនេះដើម្បីស្វែងរកការពិត។
ពលរដ្ឋម្នាក់លោក លន់ ម៉ាប់ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ឱ្យដឹងថា លោកនិងប្រជាពលរដ្ឋ នៅភូមិបឹងរាំងសរុប១៤នាក់ បានជួលដីអាងបឹងពោធិ៍ដែលជាដីរដ្ឋ ស្ថិតនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងចំនួន៥៣ហិកតា ពីលោក ខៃ សុដា អនុប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបង តាំងពីឆ្នាំ២០០៩ មក ដែលគិត មកទល់ពេលនេះ១៤ឆ្នាំហើយ ។
លោក លន់ ម៉ាប់ បានបន្តថា៖ «ប្រជាពលរដ្ឋជួលដីអាងនេះ៥៣ហិកតា ១៤ឆ្នាំមកហើយ មុនដំបូង១ហិកតា២០០០បាត[ប្រហែលជាង៥០ដុល្លារ]ក្នុងមួយហិកតា ក្រោយមកឡើង ២៥០០បាតធ្វើស្រែ១ដង បើឆ្នាំណាមានទឹកធ្វើ ពីរដងគឺ៥០០០បាតក្នុងមួយហិកតា សរុបលុយខ្ទង់លានបាត (ខ្ទង់ម៉ឺនដុល្លារ)» ។
លោក លន់ ម៉ាប់ ដែលជាប្រធានសហគមន៍ប្រើប្រាស់ទឹកក្នុងសង្កាត់ អូរម៉ាល់ផងបានរំលឹកថា ពីមុនដីអាងបឹងពោធិ៍នេះជាដីគ្រប់គ្រងដោយសាលាស្រុកបាត់ដំបង ប៉ុន្តែក្រោយមកក៏ខាងសុរិយោដីវាស់វែង ធ្វើប្លង់ប្រគល់ឱ្យ ខាងមន្ទីរធនធានទឹក និងឧត្តុនិយម ជាអ្នកគ្រប់គ្រងវិញ។ លោកបន្តថា នៅឆ្នាំ២០០៩ លោក ខៃ សុដា អនុប្រធានមន្ទីរធនធានទឹក បានរកអ្នកជួលដីអាងនេះតាមរយៈលោក អង វ័ន្ត ជាអតីតមន្រ្តីមន្ទីរធនធានទឹក ដែលរស់នៅក្បែរ តំបន់នោះដែរ ក្រោយមកលោក អង វ័ន្ត បានបបួលលោក និងអ្នកភូមិបឹងរាំងផ្សេងទៀតជួលដីអាងនោះ ធ្វើស្រែតាំងពីពេលនោះមក។
លោកបន្ថែមថា រាល់ឆ្នាំលោក និងលោក អង វ័ន្ត តែងតែប្រមូលលុយពីប្រជាពលរដ្ឋដែលជួលស្រែនេះ យកទៅប្រគល់ឱ្យលោក ខៃ សុដា សរុប១៣ឆ្នាំមកហើយ ដោយប្រគល់លុយទាំងនោះដល់ផ្ទះលោក ខៃ សុដា ផ្ទាល់ ដែលមានទាំងប្រពន្ធគាត់មកទទួលលុយនោះផង ហើយពេលខ្លះយកទៅប្រគល់ដល់ការិយាល័យធ្វើការរបស់គាត់នៅមន្ទីរក៏មាន ។
លោកឱ្យដឹងទៀតថា ឆ្នាំនេះជាឆ្នាំទី១៤ លោកនិងលោក អង វ័ន្ត បានប្រមូលលុយពីប្រជាពលរដ្ឋរួមទាំងលោកផងសរុប ១៣២ ៥០០បាត(សម្រាប់ធ្វើស្រែ១លើក)យកទៅប្រគល់ដល់ផ្ទះលោក ខៃ សុដា ដូចរាល់ឆ្នាំនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានប្រពន្ធលោក សុដា បដិសេធមិនទទួល និងថាប្តីរបស់គាត់(លោកខៃសុដា)មិននៅ។
លោកបានបន្តថា ឆ្នាំនេះភរិយារបស់លោក ខៃ សុដា មិនបើករបងផ្ទះរាក់ទាក់ដូចឆ្នាំមុនៗទេ ដែលរាល់ឆ្នាំទាំងប្តីនិងប្រពន្ធ ពេលឃើញរូបលោកទាំងពីរយកលុយថ្លៃជួលដីអាងទៅជូនគឺ បើកទ្វាររបងរាក់ទាក់ និងទទួលលុយពីលោកជានិច្ច។
លោក លន់ម៉ាប់ បន្ថែមថា៖ «ឆ្នាំនេះពេលខ្ញុំយកលុយទៅឱ្យដល់ផ្ទះគាត់ ប្រពន្ធគាត់ឆ្លើយពីក្នុងរបងផ្ទះថា ប្តី(ខៃសុដា)មិននៅផ្ទះនោះទេ! ហើយប្រពន្ធគាត់ថាអត់ដឹងលឺទេ! ខ្ញុំសួរថាចុះលុយនេះ? ប្រពន្ធគាត់ថា លុយនេះ ខ្ញុំអត់ដឹងទេ តែពីដើមគ្រាន់តែឃើញ ខ្ញុំទៅទាំងប្តីទាំងប្រពន្ធបើកទ្វារអោយខ្ញុំចូលភ្លាម! »។
លោក អង វ័ន្ត ជាអតីតមន្រ្តីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង បច្ចុប្បន្នបានចូលនិវត្តន៍ទៅហើយ ដែលបានជួលដីអាងនេះដែរ បានរៀបរាប់ប្រាប់ដូចគ្នាទៅនឹងលោក លន់ ម៉ាប់ ខាងលើនេះដែរ។
លោកបានបញ្ជាក់ថា ក្រោយពីប្រពន្ធរបស់លោក ខៃ សុដា បដិសេធទទួលលុយជួលដីអាងដូចរាល់ឆ្នាំ លោកនិងលោក អង វ័ន្ត បាននាំគ្នាទៅរកលោក ខៃ សុដា នៅមន្ទីរធនធានទឹកដែលមានទីតាំងក្បែរផ្ទះរបស់គាត់ដែរ ស្ថិតនៅក្បែរព្រលានយន្តហោះវាលបែកចានក្នុងក្រុងបាត់ដំបងដើម្បីយកលុយជួលដីអាងប្រគល់ឱ្យគាត់តែ មន្រ្តីប្រចាំការនៅទីនោះថាលោកមិននៅនោះទេ ។ ក្រោយមកលោកបានយកទូរស័ព្ទលោក លន់ ម៉ាប់ ព្យាយាមទាក់ទងតាមលេខទូរស័ព្ទទៅលោកខៃ សុដា មុនដំបូងទូរស័ព្ទចូលលឺសំឡេងគាត់ហើយបិទវិញ ក្រោយមកតេចូលមិនលើក និងទាក់ទងមិនបាន ។
លោក អង វ័ន្ត បានបញ្ជាក់ថា តាមការប៉ាន់ស្មានមូលហេតុដែលគាត់លែងទទួលលុយដូចមុន ប្រហែលដោយសារសារព័ត៌មាន បានចុះផ្សាយពីរឿងជួលដីអាងបឹងពោធិ៍របស់រដ្ឋនេះបង្ហោះតគ្នាលើបណ្តាញសង្គមមុនពេលដែលក្រុមលោកយកលុយទៅជូនគាត់ហើយតាមមើល និងសូម្បីតែលេខទូរសព្ទរបស់លោកក៏ត្រូវលោក ខៃ សុដា ប្លុកចោលទូរស័ព្ទទៅគាត់លែងចូលដែរ។
លោកបន្តថា ក្រោយពីភរិយារបស់លោក ខៃ សុដា មិនទទួលលុយដូចឆ្នាំមុនៗ និង ទាក់ទងប្តីរបស់គាត់មិនបានទៀតនោះ លោកបានពិភាក្សាគ្នាសម្រេចយកលុយចំនួន ១៣២ ៥០០បាតនេះ ប្រគល់ទៅឱ្យលោកមេភូមិបឹងរាំងជាអ្នកទុក ព្រោះលោកខ្លាចមានបញ្ហាដល់ខ្លួន ណាមួយខ្លាចបាត់លុយទាំងនេះ គ្មានអីសងគេវិញ។
លោក អង វ័ន្ត បញ្ជាក់ទៀតថា៖ «លុយច្រើនដែរ ខ្ញុំមិនសូវនៅផ្ទះទៀតខ្លាចបាត់ ក៏ពិភាក្សាជាមួយអ្នកជួលដីជាមួយគ្នាយកលុយទៅផ្ញើមេភូមិសិនទៅ ចាំរឿងរ៉ាវជ្រះស្រឡះចាំដកវិញ លុយទៅខាងណាក៏ទៅៗ»។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋខាងលើ ក្នុងរយៈពេល១៣ឆ្នាំដែលពួកគាត់ប្រមូលលុយជួលដីអាងប្រគល់ឱ្យលោក ខៃ សុដា បើសិនគិតតែមួយរដូវមួយហិកតា២៥០០បាត គឺស្មើ១លាន៧សែន២ម៉ឺនបាតជាង ហើយបើសិនគិតមួយឆ្នាំធ្វើស្រែពីរដង គឺក្នុងមួយហិកតា៥០០០បាតនោះ គឺជាង៣លាន៤សែន៤ម៉ឺនបាតស្មើរនឹងជិត១០ម៉ឺនដុល្លារ។
លោក អង វ័ន្ត បានបន្ថែមថា លុយដែលយកទៅប្រគល់ឱ្យលោក ខៃ សុដា រាល់ឆ្នាំនេះមិនដឹងជាគាត់យកទៅដាក់ក្នុងអង្គភាពមន្ទីរចាត់ចែង រឺគាត់យកទៅធ្វើអ្វីនោះទេ គឺលោកគ្រាន់តែប្រគល់លុយឱ្យហើយ ក៏នាំគ្នា ត្រឡប់មកផ្ទះវិញដោយមិនហ៊ានសួរនាំអ្វីច្រើននោះទេ និងពុំមានឯកសារប្រគល់ទទួលលុយនោះដែរ។
លោក ទុយ អឿត មេភូមិបឹងរាំង បានឱ្យដឹងថា ប្រជាពលរដ្ឋលោក អង វ័ន្ត និងលោក លន់ ម៉ាប់ បានយកលុយ ១៣២ ៥០០បាត ដែលប្រមូលថ្លៃជួលដីអាងមកប្រគល់ឱ្យលោកទុកបណ្តោះអាសន្នពិតមែន ក្រោយពីលោក ខៃ សុដា មិនទាន់ទទួលយកលុយទាំងនេះដូចរាល់ឆ្នាំ។
លោក ទុយ អឿត បានថ្លែងថា៖ «ឆ្នាំនេះគាត់(អង វ័ន្ត និងលន់ ម៉ាប់)យកលុយទៅឱ្យ គេអត់ហ៊ានទទួល គាត់យកលុយមកផ្ញើនឹងខ្ញុំហ្នឹងឯង១៣២ ៥០០បាត គាត់ផ្ញើរទុកក្រែងខាងមន្ទីរមកចរចាអី តែអត់ទាន់ឃើញខាងមន្ទីរមកចរចាអីទេ ខ្ញុំក៏រក្សាទុកប្រាក់ហ្នឹងសិនទៅ! ហើយលោក ម៉ាប់ លោក វ័ន្ត គាត់ភ័យគាត់ដែរ រឿងប្រាក់រឿងអីហ្នឹងគាត់មិនបានយកនោះទេ គាត់យកប្រគល់ឱ្យលោក ខៃ សុដា រាល់ឆ្នាំហ្នឹង!»។
លោកមេភូមិបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងភូមិបឹងរាំងចំនួន១៤គ្រួសារ ពិតជាបានជួលដីអាងបឹងពោធិ៍ដែលជាដីរបស់រដ្ឋពីលោក ខៃ សុដា រយៈពេល១៤ឆ្នាំ ពិតប្រាកដមែន។
ខេមបូចាបានសាកសួរជុំវិញការលើកឡើងពីការជួលដីអាងខាងលើ លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបងបានបញ្ជាក់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យ៉ាងខ្លីថា៖ «បើគេថា លោក ខៃ សុដា ជួលដី ទាល់តែសួរលោក ខៃ សុដា ព្រោះលោកប្រធាន(ខ្ញុំ)អត់ដឹងផង! ខ្ញុំជម្រាបជូនថាគ្មានអ្នកណាហ៊ានជួលដីរដ្ឋទេ មានតែមួយគត់ គឺក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ! មានតែមួយគត់គឺក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ !គ្មានអ្នកណាហ៊ានជួលទេ បងណា អគុណ!»។
ចំណែក លោក ខៃ សុដា អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង បានបដិសេធរាល់ការចោទប្រកាន់ខាងលើ។ លោកបន្តថា លោកមិនមានការជាប់ពាក់ព័ន្ធនឹងការជួលដីអាងបឹងពោធិ៍ចំនួន៥៣ហិកតានោះទេ ហើយលោកនិងភរិយា ក៏ មិនដែលបានទទួលលុយពីឈ្មោះ វ័ន្ត និងឈ្មោះ ម៉ាប់ រាល់ឆ្នាំដូចការលើកឡើងនោះដែរ។
លោក ខៃ សុដា បញ្ជាក់ថា៖ «ខ្ញុំអត់ដឹងទេបង ហើយមន្ទីរក៏បានធ្វើសេចក្តីបំភ្លឺរួចហើយដែរ»។
លោកបន្ថែមថា ធ្លាប់លឺលោកប្រធានមន្ទីរប្រាប់ថាដីក្នុងអាងទឹកខាងលើនេះជាង១០០ហិកតា មានប្លង់កម្មសិទ្ធិ ដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧត្តុនិយម គឺប្រជាពលរដ្ឋលួចធ្វើ និងអាស្រ័យផល មន្ទីរមិនដឹងនោះទេ ហើយក៏មិនបានជួលឱ្យប្រជាពលរដ្ឋនោះដែរ។
ក្នុងសេចក្តីបំភ្លឺមួយរបស់មន្ទីរធនធានទឹក និងឧត្តនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ករណីលើកឡើងថាដីអាងពោធិ៍ចំនួន៥៣ហិកតាដែលលោក ខៃ សុដា ជួលឱ្យប្រជាកសិកររយៈពេល១៤ឆ្នាំមិនដឹងយកលុយទៅណានោះ គឺមិនមែនការពិតទេ ព្រោះលោក ខៃ សុដា ទទួលបន្ទុកប្រធានស្តីទីរយៈពេលខ្លី និង មិនមានសិទ្ធិជួលដីរដ្ឋនោះឡើយ។ ការជួលដីរដ្ឋជាដែនសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្ទុយពីការលើកឡើងខាងលើនេះ លោក សន ពឿន ចៅសង្កាត់អូរម៉ាល់ បានបញ្ជាក់ទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងសង្កាត់លោកពិតជាបានជួលដីពីមន្ទីរធនធានទឹកមែនរយៈពេល១៤ឆ្នាំមកហើយ ដោយប្រជាពលរដ្ឋបានប្រគល់លុយទៅឱ្យលោក ខៃ សុដា ១៣ឆ្នាំមកហើយ ។ លោកបានអស់សំណើច នៅពេលដែលសួរសំនួរថា មន្ទីរធនធានទឹកបានបដិសេធថាមិនបានជួលដីអាងបឹងពោធិ៍ទាំង៥៣ហិកតាទៅឱ្យប្រជាពលរដ្ឋនោះទេ។
លោក សន ពឿន ថ្លែងថា៖ «ប្រជាពលរដ្ឋនៅភូមិបឹងរាំងគាត់ជួលច្រើនជាងគេ បើសិនប្រជាពលរដ្ឋមិនជួលពីកាលហ្នឹងមក គេហាមឃាត់មិនឱ្យធ្វើទេ»។ លោកបន្តថា៖ «ការយកដីអាងរដ្ឋទៅជួលឱ្យប្រជាពលរដ្ឋហ្នឹងវាខុសច្បាប់ហើយ»។
ទាក់ទងបញ្ហាខាងលើនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយក្រោយពី ខេមបូចា សាកសួរតាមសារអេឡិចត្រូនិកតេឡេក្រាមកាលពីព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយលោករុញឱ្យសួរខាងក្រសួងធនធានទឹក។
លោក ប៉ែន បូណា បញ្ជាក់ថា៖ «រឿងធនធានទឹកទៅសួរក្រសួងធនធានទឹកទៅប្អូន»។
ខេមបូចា បានទាក់ទង លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកដើម្បីសាកសួរបញ្ហា ខាងលើនេះ តាមសារតេឡេក្រាមកាលពីព្រលប់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ។
លោក យិន ម៉េងលី មន្រ្តីស៊ើបអង្កេតសមាគមអាដហុកប្រចាំខេត្តបាត់ដំបង និងប៉ៃលិន បានឱ្យដឹងថា តាមផ្លូវច្បាប់ ការទទួលលុយឱ្យតែមានវិក្កយបត្រត្រឹមត្រូវ មានក្បាលបញ្ជីពីមន្ទីរ រឺក្រសួង ដែលចេញវិក្កយបត្រហ្នឹង មានហត្ថលេខាអ្នកទទួល និងអ្នកប្រគល់ ហើយប្រាប់ពីគោលបំណងច្បាស់លាស់ និងប្រភពហិរញ្ញវត្ថុច្បាស់លាស់វាមិនអីទេ តែបើកាលណាលុយទាំងនោះចូលហោប៉ៅអាវ ហោប៉ៅខោ អត់មានវិក្កយបត្រ វាគឺជាអំពើពុករលួយហើយ។
លោកបញ្ជាក់ថា ដីសាធារណៈរបស់រដ្ឋមិនមែនជាកម្មវត្ថុលក់ រឺជួលនោះទេ លុះត្រាការបាត់បង់ផលប្រយោជន៍ ហើយអ្នកដែលមានសិទ្ធិហ្នឹង មិនមែនត្រឹមប្រធាន រឺអនុប្រធានមន្ទីរនោះទេ គឺមានដល់រដ្ឋមន្រ្តីហើយមានការយល់ព្រមពីរាជរដ្ឋាភិបាលដែរ ទើបយកដីប្រភេទនេះទៅប្រើប្រាស់បាន។
លោក យិន ម៉េងលី បន្តថា៖ «ការដែលនាំគ្នាឃុបឃិតយកទ្រព្យសម្បត្តិរបស់រដ្ឋទៅធ្វើការជួល ហើយមិនដឹងថា លុយហ្នឹងចេញពីប្រភពពីណានោះ ជាអំពើខុសច្បាប់ វាអាចជាអំពើពុករលួយ»។
លោក យិន ម៉េងលី បានបញ្ជាក់ថា ចំពោះករណីខាងលើដែលប្រជាពលរដ្ឋអះអាងថាបានជួលដីអាងរបស់រដ្ឋ ហើយមន្ទីរធនធានទឹកបានបដិសេធថាមិនបានជួលដីខាងលើនោះ វាមិនមែនតែពាក់ព័ន្ធរឿងអំពើពុករលួយមួយទេ វាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលនិងក្រសួងថែមទៀតបើមិនស្វែងរកការពិត។
លោកបានផ្តល់យោបល់ថា៖ «បើរឿងខាងលើនេះផ្ទុះជាសាធារណៈទៅហើយដើម្បីជម្រះ មន្ទិល ក្រសួងពាក់ព័ន្ធ និងរដ្ឋមន្រ្តីក្រសួងធនធានទឹក គួរតែមានគណៈកម្មាធិការ រឺក្រុម អធិការកិច្ច ចុះមកស្រាវជ្រាវស្វែងរកការពិត ជួបជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ពាក់ព័ន្ធ វានឹងរកការពិតឃើញមិនខាន មិនមានអ្វីអាថ៌កំបាំងនោះទេ» ។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិប្រទេសកម្ពុជាទទួលបានពិន្ទុ២៤លើពិន្ទុអតិបរមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥០ក្នុងចំណោម១៨០ប្រទេសដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍CPI ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន២៣ពិន្ទុ លើពិន្ទុអតិបរិមា ១០០ និងជាប់ចំណាត់ថ្នាក់ទី១៥៧។ ជារួម ពិន្ទុរបស់កម្ពុជា មានការកើនឡើងជាលំដាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះពី២០ពិន្ទុក្នុងឆ្នាំ២០១៨ដល់២៤ពិន្ទុក្នុងឆ្នាំ២០២២។
លទ្ធផលសន្ទស្សន៍CPIឆ្នាំ២០២២បង្ហាញថា ប្រទេសកម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោក។ នៅកម្រិតតំបន់ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេទី២ ក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទាបជាងគេទី៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច គឺនៅលើតែប្រទេសមីយ៉ាន់ម៉ា(ចំណាត់ថ្នាក់ទី១៥៧) និងកូរ៉េខាងជើង(ចំណាត់ថ្នាក់ទី១៧១)ប៉ុណ្ណោះ៕