សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោតជាយក្រុងភ្នំពេញស្នើអាជ្ញាធរ​ជួយបណ្ដោះទឹកបណ្ដើរៗកុំចាំដល់ទឹកឡើងខ្លាំង

ទឹកជំនន់ឡើងលិចតំបន់មួយចំនួនក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)
ទឹកជំនន់ឡើងលិចតំបន់មួយចំនួនក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)

ពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោតក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់វិធានការបណ្ដោះទឹកភ្លៀងជា​បណ្ដើរៗ​ដោយថាកុំចាំឱ្យទឹកឡើងខ្លាំង។

ជាពលរដ្ឋរស់នៅក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ អស់រយៈពេលជាង២០ឆ្នាំ លោក ចែម ឡេង បានឱ្យដឹងថា បន្ទាប់ពីមានការ​ជន់​លិចជារៀងរាល់ឆ្នាំ​នៅរដូវវស្សា ​និង​មាន​ទឹក​ជន់​​ខ្លាំងក្នុងឆ្នាំ២០២២បានធ្វើឱ្យដីនៅក្រោយផ្ទះរបស់លោកបាក់ស្រុតអស់ជិត​១០​ម៉ែត្រ ប៉ុន្តែ​លោកថាវាមិនបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការរស់នៅប៉ុន្មាននោះទេ ព្រោះផ្ទះគាត់ស្ថិត​នៅ​តំបន់​ខ្ពស់ជាងអ្នកឯទៀត។

ប៉ុន្តែយ៉ាងណា លោកចង់ឃើញរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានរកវិធីសាស្រ្តយ៉ាងណាកុំឱ្យ​មាន​ការជន់លិចខ្លាំង ដោយត្រូវបើកទំនប់បង្ហូរទឹកជាបណ្ដើរៗនៅពេលដល់រដូវវស្សា និង​មិន​ត្រូវចាំរហូតទាល់តែទឹកពេញអាង និងជិតបាក់ទំនប់ទើបធ្វើការបណ្ដោះទឹកចេញនោះឡើយ ដូច្នេះពលរដ្ឋងាយរងគ្រោះដែលរស់នៅបណ្ដោយស្ទឹងដូចជារូបលោក នឹងនៅតែ​បន្តជួបការ​ជន់​លិចដដែលៗជារៀងរាល់ឆ្នាំ។

លោកបន្តថា៖«បើថាទឹកល្មមៗគេអត់បើកនោះទេ គេបញ្ចាល់ទុកតែម្ដង[..] បើតាមខ្ញុំ​ជា​អ្នក​រស់​នៅតាមមាត់ស្ទឹង ការស្នើសុំដែលសំខាន់ គឺមានតែប៉ុណ្ណេះនោះទេ បើថាទ្វារទឹក​នៅ​ខាង​លើ​វាល្មមៗយើងបើកទឹកបណ្ដោះៗមកដើម្បីឱ្យទឹកវាបន្ថយ ដល់ពេលចាប់ផ្ដើមភ្លៀងខ្លាំង​មែន​ទែន គំហុកមកហើយបានចាប់ផ្ដើមបើកទ្វារទឹកនោះ ទឹកក៏វានឹងចាប់ផ្ដើមច្រើន​ទៅៗ​ហើយ»

លោក ចែម ឡេង កំពុងឈរមើលទឹកជំនន់ឡើងក្នុងស្ទឹងព្រែកត្នោត នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)

រំលងប្រមាណជាង១០ខ្នងផ្ទះ ស្រ្តីវ័យកណ្ដាលម្នាក់ទៀតរស់នៅភូមិហា ក្នុងសង្កាត់ដដែល នោះ គឺអ្នកស្រី ភិន សុផល បានឱ្យដឹងដែរថា បើប្រៀបធៀបនឹងជំនាន់មុនគឺ  សភាពទឹកជំនន់ ឬទឹកជន់បច្ចុប្បន្នមិនមានពេលវេលាច្បាស់លាស់នោះឡើយ ដោយថា ឆ្នាំនេះមានទឹកជន់​ទាំង​រដូវ​​ប្រាំង និងរដូវវស្សាដែលវាតែងបង្កនូវការប៉ះពាល់ខ្លាំងដល់គ្រួសារអ្នកស្រី ទាំងជីវភាព និងពេលវេលា ព្រោះថាផ្ទះរបស់គាត់នៅតំបន់ដីទាបជាងគេ។

អ្នកស្រីបន្តថា នៅពេលដែលមាន​ទឹកជន់ម្ដងៗ គឺត្រូវរង់ចាំយ៉ាងតិចពីមួយសប្ដាហ៍ ទៅកន្លះខែ​ទើបទឹកស្រកវិញ ដែលវាធ្វើឱ្យខាតបង់នូវរបររកស៊ីដែលអាចរកបានក្នុងមួយ​ថ្ងៃ១ទៅ២ម៉ឺន​សម្រាប់​ទិញម្ហូបបរិភោគ ក៏ដូចជាចំណាយកម្លាំងច្រើនដើម្បីបោសសម្អាត និងរៀបចំផ្ទះ​ឡើង​វិញ​ពេលទឹកស្រក។

អ្នកស្រីបានបញ្ជាក់ថា៖ «អារើអីវ៉ាន់មិនសូវប៉ុន្មាននោះទេ ជាពិសេសអាពេលទឹកស្រកទៅវិញ​នៀក មានភក់មានអី វេទនាណាស់ក្មួយអើយ មិនមែនស្រួលទេទឹកលិចម្ដងៗចូលក្នុងផ្ទះ។ ឥឡូវ​បានតែ[ឡើងដល់]ត្រឹមហ្នឹងអរហើយ បើបានទៅវិញអរហើយ! កុំឱ្យមកឡើងទៀតវេទនា​ណាស់»

អ្នកស្រីក៏បានបន្តថា នៅរៀងរាល់រដូវវស្សា គឺអ្នកស្រីសម្រាន្តមិនស្កប់នោះទេ ដោយត្រូវចាំ​មើល​កម្ពស់ទឹកព្រោះខ្លាចវាឡើងខ្លាំងនិងធ្វើការជម្លៀសខ្លួន និងអីវ៉ាន់ពុំទាន់។

អ្នកស្រីបន្ថែម៖«ឥឡូវអត់ដឹងថាទឹកមកដល់ត្រឹមណាទៀតនោះទេ! ព្រោះឥឡូវឡើងមករាង​លឿន​ជាងម្សិលមិញ។ បើសិនណាជាទឹកមកទៀតនោះនឹងលិចហើយ មិនដឹងម៉ោងណា​ម៉ោង​ណី​នោះទេ ព្រោះទឹកលិចអត់ទៀងអ៊ីចឹង! បើចង់មកគឺមកភ្លាមតែម្ដង អត់សន្សឹមៗដូច​អាកាល​យើ​ងពីជំនាន់មុនទាល់តែថាមានរដូវទឹកលិច ប៉ុន្តែឥឡូវគឺអត់ទេបើថាត្រូវមកគឺទម្លាក់​មក​ម៉ង»

កំពុងដើរលុយទឹកត្រឹមជង្គង់ចេញពីផ្ទះខាងក្រោយដែលជាប់នឹងមាត់ស្ទឹងតែម្ដង យុវជន គង់ ភក្ដី អាយុ១៨ឆ្នាំ ដែលត្រូវជាក្មួយអ្នកស្រី សុផល បានបង្ហាញពីក្ដីបារម្ភចំពោះគ្រួសារ និងប្អូន​ប្រុស​អាយុ៥ឆ្នាំ ដោយរូបគេថានៅពេលមានទឹកជន់ គឺតែងតែមានសត្វក្អែប និងសត្វថ្លែន​ឡើង​មកលើផ្ទះ ខណៈដែលលោកថានៅតែ៣កាំនៃជណ្ដើរទៀតនោះទេ គឺទឹកនឹងលិចចូល​ក្នុងផ្ទះឈើរបស់ខ្លួនហើយ។ លោកបន្តថា នៅពេលដែលមានការ​ជន់លិចម្ដងៗ គឺគ្រួសារ​របស់​​លោកមិនបានរើអីវ៉ាន់អ្វីនោះទេ គឺបណ្ដោយឱ្យវាលិចតាមហ្នឹងសិនទៅ។

ចំណែកឯពលរដ្ឋរស់នៅជាប់នឹងមាត់ស្ទឹងម្នាក់ទៀត អ្នកស្រី  ម៉ឹង ឡា បានលើកឡើងថា បញ្ហាទឹក​ជំនន់​បាន​បង្កការរំខានជាច្រើន ព្រោះថាបើមានទឹកជន់លិចនោះ​ភ្លើងនឹងត្រូវកាត់​ផ្តាច់ ហើយ​អ្នកស្រីក៏មានការព្រួយបារម្ភថាផ្ទះនឹងត្រូវទឹកកួចទៅដែរ ខណៈដែលកន្លងមក​នៅខាងក្រោយផ្ទះអ្នកស្រីក៏ធ្លាប់មានបញ្ហាបាក់ច្រាំងដែរ។

ក្រៅពីការព្រួយបារម្ភទឹកកួចផ្ទះ អ្នកស្រី ឡា បន្ថែមថា បញ្ហាទឹកជំនន់បានធ្វើឱ្យសិស្ស​ក៏​ដូចជា​កូនអ្នកស្រីត្រូវផ្អាកការរៀនសូត្រមួយរយៈ ព្រោះបើទឹកឡើងសាលានឹងលិចដូចគ្នា។

អ្នកស្រីនិយាយថា៖«បើលិចខ្លាំង គឺលិចសាលាដែរ បើសាលាលិច កូនអត់បានទៅរៀនទៅ​សូត្រ​ទេ»

លោក ហង្ស ជុំ ចៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ ខេមបូចា នៅថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០២៣។ (ហ៊ែល កំសាន)

ទាក់ទិននឹងករណីនេះ ចៅសង្កាត់ស្ពានថ្មនៃខណ្ឌដង្កោ លោក ហង្ស ជុំ ថ្លែងប្រាប់ ខេមបូចា ថា បន្ទាប់ពីលោកទទួលបានដំណឹងពីក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋានខណ្ឌ លោក​បាន​ជួបប្រជុំ​ជាមួយមេភូមិនិង ផ្សព្វផ្សាយដំណឹងបន្តទៅកាន់គ្រួសារ​ដែលកំពុងរស់នៅក្បែរ​ដងស្ទឹងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណជាមួយទឹកជំនន់។ លោកបន្តថា បច្ចុប្បន្នទឹកតាមដងស្ទឹងមិនទាន់ដល់ដំណាក់កាលប្រកាសអាសន្នដល់ពលរដ្ឋត្រូវតែជម្លៀសចេញពីផ្ទះទេលោកថាដំណាក់កាលនេះប្រជាពលរដ្ឋគ្រាន់តែត្រៀមលក្ខណៈនិងត្រូវចេះប្រុងប្រយ័ត្នប៉ុណ្ណោះ។

ទោះបីមិនមែនជាដំណាក់កាលប្រកាសអាសន្នក្តីលោកចៅសង្កាត់ក៏បានបែងចែកកម្លាំង ដើម្បីតាមដានពីស្ថានភាពទឹកឡើង និងត្រូវរាយការណ៍មកលោកយ៉ាងតិច៣ដងក្នុងមួយថ្ងៃ។

ចំពោះដំណោះស្រាយដើម្បីការពារទឹកកុំឱ្យឡើងលោកចៅសង្កាត់ស្ពានថ្ម ថ្លែងថា បញ្ហាទឹក​ឡើង គឺជាជំនន់ទឹកភ្លៀងដែលមិនអាចឃាត់បាន ហើយសង្កាត់ស្ពានថ្មគឺនៅក្រោមខេត្តមួយ​ចំនួនដូចជាខេត្តកំពង់ស្ពឺ ដូច្នេះលោកមិនអាចដឹងទឹកស្រកនៅថ្ងៃណានោះទេ។ 

លោក ហង្ស ជុំ ថ្លែងបន្តថា ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្មពួកគេ​មានទម្លាប់ជាមួយនឹង​ទឹក​ជំនន់​​ហើយ ដោយសារពួកគេបានជួបជាមួយបញ្ហានេះជារៀងរាល់ឆ្នាំ ហើយពួកគេក៏មិនសូវ​ភ័យខ្លាចដែរ ព្រោះមានការជួយពីក្រសួងធនធានទឹកដែលបានធ្វើរនាំង​ការពារកុំឱ្យបាក់ទំនប់​ចាប់តាំងពីសង្កាត់ទៀន ទៅដល់ព្រែកកំពឹស។

លោកបន្តថា៖«និយាយរួមទៅគាត់លែងភ័យហើយដោយសារ វាជាលក្ខណៈស៊ាំ​ទៅហើយ​[..]បើឡើងរាល់ឆ្នាំចឹង»

លោក ហស្ស ជុំ បានបន្ថែមថា សង្កាត់ស្ពានថ្មមានភូមិចំនួន៨ និងមានប្រជាពលរដ្ឋជាង​៧០០​គ្រួសារ ហើយមានភូមិចំនួន៧ដែលពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ ចំណែកប្រជាពលរដ្ឋដែល​ងាយរងគ្រោះ​ទឹកជំនន់បំផុតមានចំនួនជាង៤០គ្រួសារ។

យ៉ាងណាមិញ មេប៉ុស្ដ៍សង្កាត់គងនយ ខណ្ឌដង្កោ លោក សេន  សង បានប្រាប់ ខេមបូចា នៅ​ល្ងាច​​ថ្ងៃ​ពុធ​​នេះដែរថា គិតចាប់ពីព្រឹកថ្ងៃទី១៨ ទឹកបានបន្តលិចសន្សឹមៗ​នៅតាមតំបន់​ទំនាប​នៃ​ផ្ទះ​ដែល​ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៣០គ្រួសារ ក្នុងនោះមាន២៥ ខ្នងផ្ទះ​និងមានមនុស្ស​ចំនួន១៣៩នាក់ ស្រី៧១នាក់។

លោកបន្តថា ប្រជាពលរដ្ឋអាចនឹងត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព​បើសិនជាកម្ពស់ទឹក​នៅតែបន្តហក់ឡើងនៅយប់នេះ ខណៈដែលមកទល់ពេលនេះ គឺវាបានឡើងដល់ចំណុច​ប្រកាស​អាសន្ន។

ទឹកជំនន់ឡើងលិចតំបន់មួយចំនួនក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍យ៉ាងខ្លីថា គិតត្រឹមរសៀលថ្ងៃពុធ នេះស្ថានភាពទឹកនៅរាជធានីភ្នំពេញ គឺពុំមិនទាន់មានការជន់លិចនៅឡើយទេ ដោយលោក​ថា ​រដ្ឋបាលរាជធានីក៏បានចេញសេចក្តីប្រកាសពីការបង្ការរួចមកហើយដែរ។ លោកបន្តថា សម្រាប់វិធានការការពារ គឺអាជ្ញាធរបាននិងកំពុងត្រៀមកម្លាំងដើម្បីជួយជម្លៀស​ពលរដ្ឋរង​គ្រោះ ក៏ដូចជាត្រៀមសម្ភារៈដូចជាបាវខ្សាច់ និងគ្រឿងចក្រសម្រាប់​ទប់ស្កាត់នៅតាមតំបន់​ជន់លិច ជាពិសេស គឺពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត។

អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍​ថា គិតត្រឹមថ្ងៃទី១៨នេះ ខេត្តដែលកំពុងរងគ្រោះដោយសារទឹកជំនន់មាន​ចំនួន១៣ខេត្ត ក្នុង​នោះ​មានមនុស្សស្លាប់ចំនួន៣នាក់។ លោកបន្តថា  នៅតាមបណ្ដាស្រុកនៃខេត្តមួយចំនួន គឺ​ទឹក​បានស្រកទៅវិញហើយ ប៉ុន្តែនៅខេត្តមួយចំនួនផ្សេងទៀតដូចជាខេត្តសៀមរាប កំពង់ស្ពឺ កំពង់ធំ និងបន្ទាយមានជ័យគឺទឹកពុំទាន់ស្រកនៅឡើយ ។

លោក គឹមកុលមុនី បន្ថែមថាបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា រដូវវស្សានៅឆ្នាំនេះនឹងបញ្ចប់នៅសប្តាហ៍ក្រោយនៃខែតុលានេះ។ ហើយ​ជំនន់​ទឹក​ភ្លៀងនឹងអាចលែងមាននៅរដូវវស្សានេះ ប៉ុន្តែនឹងមានភ្លៀងកក់ខែ ក៏ដូចជាមានភ្លៀង​តិចតួច ដែលនឹងមិនបង្កឱ្យមានជំនន់ទឹកភ្លៀងឡើយ។

យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និង ឧតុនិយម កាលពីថ្ងៃទី១៧ ខែតុលា ឱ្យដឹងថា ស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើបានហក់ឡើងដល់ ចំណុចត្រៀមលក្ខណៈប្រុងប្រយ័ត្នរួមមានស្ថានីយទំនប់តាសាលដែលទឹកស្ទឹងមានកម្ពស់ ១៩,២០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន១៩,៥០ម៉ែត្រ។ ស្ថានីយពាមឃ្លី ទឹកកម្ពស់ ៦,០០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន៧,៥០ម៉ែត្រ។ ស្ថានីយសំណង់រលាំងជ្រៃទឹកកម្ពស់ ៧,៥៤ម៉ែត្រលើ​កម្ពស់​ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងនៅតំបន់ ទីជម្រាលអាងស្ទឹងព្រែកត្នោត​ក៏មានបរិមាណ​ទឹកភ្លៀង​ធ្លាក់ចន្លោះពី៥០មមទៅ១០០ម ដែលជាចំណុច ត្រូវធ្វើការត្រៀមលក្ខណៈ​គ្រប់គ្រង​ទឹកស្ទឹងឱ្យស្របតាមលក្ខណៈបច្ចេកទេស។

ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននោះទេ គិតត្រឹមរសៀលថ្ងៃទី១៨នេះ៕


ពលរដ្ឋរស់នៅបណ្ដោយស្ទឹងព្រែកត្នោត សង្កាត់ស្ពានថ្ម ព្រួយបារម្ភពីស្ថានភាពទឹកឡើង និងស្នើឱ្យអាជ្ញាធរពិនិត្យរកវិធីសាស្រ្តជួយបណ្ដោះទឹកកុំឱ្យលិចដល់ផ្ទះរបស់ពួកគេ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/​ ហ៊ែល កំសាន)
222 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម