សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កំណាត់ផ្លូវ៩៣ក្នុងក្រុងភ្នំពេញខូចខាតខ្លាំង ខណៈពលរដ្ឋស្នើឱ្យស្ថាបនាឡើងវិញ

ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរលើផ្លូវលេខ៩៣ដែលកំពង់ខូចខាត បន្ទាប់ពីធ្លាក់ភ្លៀង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរលើផ្លូវលេខ៩៣ដែលកំពង់ខូចខាត បន្ទាប់ពីធ្លាក់ភ្លៀង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កំណាត់ផ្លូវ៩៣មួយខ្សែស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​កាន់តែមានការខូចខាត​ខ្លាំងទៅ ជាពិសេសនារដូវវស្សានេះ។ ពលរដ្ឋអះអាងថា ផ្លូវនេះលំបាកធ្វើដំណើរខ្លាំងណាស់ ដោយសារតែអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកបានកាយផ្លូវ៩៣ដើម្បីបង្កប់ខ្សែភ្លើង និង​ដាក់​លូ។

បើធ្វើដំណើរពីរង្វង់មូលកាណុងកាំភ្លើងបត់ស្ដាំឆ្ពោះទៅផ្សារតូចប្រមាណ១០នាទីគេនឹងឃើញកំណាត់ផ្លូវ៩៣ដែលស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ផ្លូវនេះជាផ្លូវសំខាន់មួយ ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាប្រចាំដើម្បីទៅបំពេញការងារ និងរៀនសូត្រ។ នៅអមសងខាងផ្លូវ៩៣ គឺសម្បូរផ្ទះប្រជាពលរដ្ឋរស់នៅកកកុញ មានទាំង​សាលារៀន កន្លែងរកស៊ីចម្រុះមុខ។

គេសង្កេតឃើញថា ផ្លូវមួយខ្សែនេះ ពិបាកធ្វើដំណើរ ព្រោះមានជង្ហុកតូចធំដូចរន្ធបាយខុម ហើយ​ពេលមានភ្លៀងធ្លាក់កាន់តែបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ជាពិសេសអ្នកធ្វើដំណើរឆ្លងកាត់ ងាយជួបគ្រោះថ្នាក់ដោយសារតែផ្លូវមានទឹកដក់ និងគ្រលុក​ធំៗ។

កំពុងតែលក់បាយស្រូប អ្នកស្រី ធារី អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ ខេមបូចា ថា កំណាត់ផ្លូវ៩៣នេះមិនមែន​ទើបតែ​ខូច​នៅក្នុងឆ្នាំនេះទេ គឺតាំងតែមុនបោះឆ្នោតអាណត្តិមុនមកម៉្លេះ។ ប៉ុន្តែអ្នកស្រីថា ផ្លូវនេះកាន់តែ​ខូច​ខ្លាំងក្រោយពេលដែលខាងអគ្គិសនី និងរដ្ឋាករទឹក បានកាយផ្លូវដើម្បីដាក់លូ និងបង្កប់​ខ្សែ​ភ្លើង តែមិនបានធ្វើឡើងវិញឱ្យស្អាតទេ បានត្រឹមតែចាក់ដី និងថ្មបន្តិចបន្តួច ដល់តែមេឃ​ភ្លៀង​មកផ្លូវខូចលើសដើម។

អ្នកស្រីថ្លែងថា៖ «អគ្គិសនីកម្ពុជាផង រដ្ឋាករទឹកផង កាយកប់លូ កាយកប់ខ្សែភ្លើងអ៊ីចឹងទៅ កាយម្ដងខូចបន្តិចៗ។ កាន់តែកាយ និងចាក់ដីកាន់តែគ្រលុក ពេលភ្លៀងមកដក់ទឹកមាន​គ្រលុក​ ជិះម៉ូតូជិះឡានអីចង់ធ្លាក់ថ្លើមហើយឥឡូវ»។

អ្នកប្រាប់ឱ្យដឹងថា ដោយសារតែផ្លូវនេះ មានស្ថានភាពគ្រលុកតូចធំស្ទើតែគ្មានចន្លោះ ធ្វើឱ្យ​អ្នកដំណើរពិបាកក្នុងការបើកបរ ជាពិសេសសិស្សសាលា​ ឬអ្នកដំណើរ​ដែលមិនដឹង​ស្ថានភាព​ផ្លូវ ជិះដួលទីណាត់ទីណែង ប្រឡាក់សម្លៀកបំពាក់ក៏មាន។

អ្នកស្រីលើកដៃចង្អុលទៅផ្លូវគ្រលុករួចនិយាយថា៖ «ថ្ងៃមុននោះ សិស្សសាលាជិះដួលរអិល​មក​ខ្វោក គ្នាពាក់អាវសខោខៀវរអិលដួលហើយក៏ទៅផ្ទះវិញទៅ។ អ្នកជិះយប់មិនប្រយ័ត្ន​ក៏ដួលអ៊ីចឹងទៅ»។

អ្នកស្រីបានបន្តថា ពេលដែលផ្លូវពិបាកខ្លាំងប្រជាពលរដ្ឋចាក់ដីបំពេញគ្រលុក ដើម្បី​សម្រួល​ការធ្វើដំណើរបណ្ដោះអាសន្ន ព្រោះមិនដឹងពេលណាអាជ្ញាធរ​ចុះមកធ្វើផ្លូវបេតុងឱ្យស្អាត។ យ៉ាងណាមិញ​ អ្នកស្រីធារី សំណូមពរឱ្យអាជ្ញាធររដ្ឋ ពិសេសគណបក្ស​ដែល​ទើបជាប់ឆ្នោត​ឱ្យគិតគូរពីបញ្ហាផ្លូវ៩៣ក្នុងសង្កាត់ទួលសង្កែ ដើម្បីស្ថាបនាផ្លូវនេះឡើងវិញជូនពលរដ្ឋ និង​សិស្ស​សាលា បានធ្វើដំណើរស្រួលផង ព្រោះផ្លូវនេះមានអ្នកធ្វើដំណើរឆ្លងកាត់ច្រើន ​ហើយ​ណាមួយផ្លូវនេះនៅក្នុងក្រុងផង។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសំណូមពរដល់អ្នកដឹកនាំមេត្តាជួយសម្រួលផ្លូវហ្នឹងឱ្យស្អាតទៅ ដើម្បី​សិស្សសាលាបានទៅរៀនស្រួល ព្រោះឥលូវផ្លូវចង្អៀតណាស់ កូនចៅរៀន​ច្រើន​ ហើយ​អ្នកធ្វើដំណើរក៏ច្រើន»។

ប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវលេខ៩៣ដែលកំពង់ខូចខាត បន្ទាប់ពី​ធ្លាក់ភ្លៀង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ចំណែកអាជីករមួយរូបទៀត​ គឺអ្នកស្រី ណាវី អាយុ៣២ឆ្នាំ  លើកឡើងស្រដៀងគ្នាថា ផ្លូវ៩៣​នេះ ពីដំបូងឡើយខូចដោយអន្លើៗតែប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីខាងរដ្ឋាករទឹក និងអគ្គិសនី​កម្ពុជា កាយផ្លូវដាក់លូ និងបង្កប់ខ្សែភ្លើងហើយ ផ្លូវនេះវិវឌ្ឍទៅ​ជាខូចទាំងស្រុង​ដូចបច្ចុប្បន្ន​នេះ។

អ្នកស្រីណាវីប្រាប់ទៀតថា ទាំងអ្នកធ្វើដំណើរឆ្លងកាត់ និងអ្នករស់នៅសងខាងផ្លូវ៩៣នេះ​ពិបាក​ជាងគេពេលមេឃភ្លៀងហើយ និងពេលក្ដៅខ្លាំង។ ព្រោះថាពេលភ្លៀងហើយទឹកលិចផ្លូវ គ្រលុកធំៗ ឯពេលបើកថ្ងៃប្រែទៅជាហ៊ុយពិបាកដល់ការរកស៊ីលក់ដូរជាដើម។

អ្នកស្រីលើកឡើងថា៖ «មុនកូវីដខូចតែបរិវេណសាលាសុវណ្ណភូមិទេ ក្រោយមក​គាត់​ចាប់ផ្ដើម​ជីកដាក់ខ្សែភ្លើង​ដាក់លូមក ចាប់ផ្ដើមខូចខ្លាំង»។

អ្នកស្រីចង្អុលទៅគ្រលុកធំមួយនៅខាងមុខផ្ទះថា ដោយសារតែមេឃភ្លៀងទឹកដក់ជ្រៅៗ និង​គ្រលុកធំៗ បណ្ដាលឱ្យសិស្សសាលាជិះទៅរៀនដួលប្រលាក់សម្លៀកបំពាក់ ឯអ្នកដំណើរ​ដឹក​ឥវ៉ាន់​ខ្លះទៀត ក្រឡាប់រឺម៉កក៏មាន។ ចំណែក មុខផ្ទះអ្នកស្រីវិញ មានទឹកសាចចូលផ្ទះ និងជះ​ទឹក​ប្រលាក់ភ្ញៀវមកទិញម្ហូបផងដែរ។

អ្នកស្រីបន្ថែមថា៖ «និយាយមិនថាំចិត្តយ៉ាងម៉េច លក់ដូររាល់ថ្ងៃពេលភ្ញៀវឈរទិញឥវ៉ាន់​ គេជិះ​មកខ្ទាត់ភក់ប្រលាក់ភ្ញៀវ។ បើអត់ភ្លៀងវិញហ៊ុយដូចស្អីអ៊ីចឹង ហ៊ុយឡើងចាំតែ​បោស​មិនបាច់ធ្វើអីទេ»។

មិនខុសគ្នាពីពលរដ្ឋខាងលើ អ្នកស្រី ប្រឹក្ស គីមលាង អះអាងថា ផ្លូវកាន់តែទ្រុឌទ្រោមដូច្នេះ ធ្វើឱ្យការរស់នៅរបស់អ្នកស្រីកាន់តែលំបាកទៅៗ និងគាត់បានស្នើឱ្យរដ្ឋាភិបាល​ជួយពិនិត្យ​បញ្ហាក្នុងមូលដ្ឋាននេះផង ត្បិតថាអ្នកស្រីបានសួរនៅអាជ្ញាធរក្នុងសង្កាត់ដែរ ប៉ុន្តែមិនរំពឹងថា​នឹងជួសជុលផ្លូវនេះបានឆាប់ៗឡើយ។

អង្គុយកាយថ្មដាក់គ្រលុកបណ្ដើរអ្នកស្រីប្រាប់ថា៖ «ខ្ញុំសួរគេដែរ តែថាគេអត់ទាន់ធ្វើ ខ្ញុំរស់នៅ​សែនលំបាកហើយខ្ញុំនៅទីនេះ២២ឆ្នាំហើយ មានតែសំណូមពរឱ្យរដ្ឋាភិបាលជួយ​ធ្វើផ្លូវបេតុង​ឱ្យស្អាតដូចមុន ជាប់ឆ្នោតហើយតាស ជួយបើកភ្នែកមើលផង»។

អ្នកស្រីបន្តទៀតថា ផ្លូវ៩៣នេះ ក្រៅតែពីពិបាកធ្វើដំណើរពេលភ្លៀងមក​គ្មានប្រព័ន្ធលូបង្ហូរ​ទឹក​ត្រឹមត្រូវទៀតផង ព្រោះលូដែលរដ្ឋាករទឹកមកដាក់ មិនមានរន្ធសម្រាប់ទឹកហូរត្រឹមត្រូវទេ ធ្វើ​ឱ្យ​ទឹកស្ទះនិងលិចផ្ទះពលរដ្ឋផងដែរ។អ្នកស្រីបញ្ជាក់ថា ផ្លូវនេះពិបាកតែជាង២០០ម៉ែត្រ​ប៉ុណ្ណោះ ហេតុអ្វីអាជ្ញាធរមូលដ្ឋានមិនធ្វើផ្លូវឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងប្រកបការងារ​ដោយស្រួល។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនដឹងធ្វើរបៀបម៉េចទៀត បើហ្វេសប៊ុកក៏ផុសហើយគ្រប់សព្វតែអត់​ឃើញចំណាត់ការទេ ខ្ញុំមិនសង្ឃឹមថាគេនឹងធ្វើឱ្យថ្ងៃណាទេ បើសួរប្រធានភូមិ ប្រាប់ពលរដ្ឋ​វិញថាអត់ធ្មត់ៗ ហើយខ្ញុំអត់ធ្មត់ហ្នឹងវាយូរហើយ»។

លោក សៅ ចាន់ណា ជាមេភូមិរងនៃភូមិទួលសង្កែ បានឱ្យដឹងថា កំណាត់ផ្លូវ៩៣នេះ​មាន​ស្ថានភាពរាងបាតខ្ទះ និងរងការខូចខាតប្រមាណជា៣០០ម៉ែត្រ ហើយខូចមុនអគ្គិសនី និង​រដ្ឋាករទឹកមកកាយផ្លូវទៅទៀត។  អាជ្ញាធរតែងតែដោះស្រាយបញ្ហាផ្លូវនេះ​ពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ ពីដំបូងឡើយគឺបញ្ហាលូដើម្បីរំដោះទឹក ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមិនសហការជាមួយ​អាជ្ញាធរ និងស្របពេលដែលអគ្គិសនី និងរដ្ឋាករទឹកកាយលូ និងខ្សែកាប ដូច្នេះបានផ្អាកការ​សាងសង់មួយរយៈសិន។​

លោកមេភូមិរងបញ្ជាក់ថា៖ «ប្រព័ន្ធលូយើងវាខូចអស់ យើងដោះស្រាយរឿងប្រព័ន្ធលូហ្នឹង​ពីមួយឆ្នាំទៅមួយឆ្នាំ ​ណាមួយវាអត់ត្រូវរូវគ្នាជាមួយពលរដ្ឋ គម្រោងដោះស្រាយរឿងលូដំបូង​យើងអត់អាចកាត់ផ្លូវកើតទេ ដោយសារយើងចាំគ្នា»។

យ៉ាងណាមិញ លោកចាន់ណា អះអាងថា ផ្លូវនេះនឹងស្ថាបនាឆាប់ៗក្នុងឆ្នាំនេះ ក្រោយបាន​កែសម្រួលប្រព័ន្ធលូដោយគ្រោងនឹងពង្រីកទំហំផ្លូវផងដែរ ព្រោះថ្នាក់ក្រុង​កំពុងតែសិក្សា​ទៅតាមផែនការដែលមានក្រោមការឧបត្ថម្ភថវិកាពីខណ្ឌ។

លោក​ ចាន់ណា ថ្លែងថា៖ «យើងធ្វើទៅតាមគម្រោងរបស់ថ្នាក់ក្រុងថ្នាក់ខណ្ឌគេសម្រេចត្រូវឱ្យ​ធ្វើ​ហើយ។ គេកំពុងតែរៀបចំធ្វើ ចឹងយើងដើរប្រមូលបានឯកសារប្រគល់ឱ្យគេ ហើយ​ប្រហែល​ពង្រីក១២ម៉ែត្រ»។

ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរលើផ្លូវលេខ៩៣ដែលកំពង់ខូចខាត បន្ទាប់ពី​ធ្លាក់ភ្លៀង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ចំណែកលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ មានប្រសាសន៍ថា ផ្លូវ៩៣នេះ​ខាងខណ្ឌបានបញ្ជូនគម្រោងទៅខាងក្រុង និងក្រុមការងារពាក់ព័ន្ធចប់សព្វគ្រប់ នឹងចាប់ផ្ដើមការស្ថាបនាក្នុងឆ្នាំ២០២២នេះ។

លោកឆ្លើយយ៉ាងខ្លីថា៖«យើងបានទំនាក់ទំនងក្រុមបច្ចេកទេស និងចុះសិក្សាគម្រោងរួចហើយ គម្រោងបានដាក់ទៅក្រុងឯកភាពហើយឆាប់ៗនេះហើយ»។

លោកបន្តថា ការស្ថាបនាផ្លូវគឺត្រូវលើកជាគម្រោងទៅថ្នាក់លើ និងមានកញ្ចប់ថវិការត្រឹមត្រូវ មិនអាចសាងសង់តាមតែនឹកឃើញឡើយ។

លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បញ្ហាផ្លូវក្នុងក្រុង ឬក្នុងបុរី មិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឡើយ គឺស្ថិតក្រោមចំណុះរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ប៉ុន្តែខេមបូចាមិនអាចសាកសួរ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរាជធានីភ្នំពេញ ដើម្បី​អធិប្បាយ​ពីបញ្ហានេះបានឡើយ ដោយទូរសព្ទទៅច្រើនដងប៉ុន្តែមិនទទួល។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បានលើកឡើងថា បញ្ហាផ្លូវនៅកម្ពុជា​ដែលនៅតែបន្តខូចខាត ដោយហេតុថាការស្ថាបនាមួយចំនួនមិនមានផែនការមេ ឬហៅថា Master plan​ ច្បាស់លាស់។ បញ្ហានេះ បានធ្វើឱ្យខាតបង់ថវិកាជាតិផងដែរ ដើម្បីស្ថាបនា​ផ្លូវ​ឡើង​វិញ ចំណែកពលរដ្ឋអ្នកប្រើប្រាស់ផ្លូវក៏ប្រទះនឹងការលំបាកក្នុងការរស់នៅ និងរកស៊ី​ផង​ដែរ។

លោកបន្តថា៖ «ខ្ញុំគិតថារដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធគួរតែការរួមគ្នា​ក្នុងការ​រៀបចំ Master plan ជាក់លាក់ក្នុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​ឱ្យមានការរៀបចំ​ទៅ​ជាប្រព័ន្ធតែម្ដង»។

លោក ពិសី បញ្ជាក់ទៀតថា ជាការប្រសើរដើម្បីបញ្ចៀសបញ្ហានេះនៅក្នុងរាជធានី រដ្ឋាភិបាល គួរតែរៀបចំការស្ថាបនាជាប្រព័ន្ធ ដូចជាប្រព័ន្ធលូ ប្រព័ន្ធភ្លើងព្រមគ្នា និងប្រព័ន្ធផ្សេងៗ ដើម្បី​កុំឱ្យមានការកែលម្អទៅមកៗដដែលៗដូច្នេះ។ លោកបន្តថា កិច្ចការនេះប្រព្រឹត្តទៅបាន​ដោយ​រលូន លុះត្រាណាតែមានការសហការរួមគ្នា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ​ឱ្យមាន​ភាពល្អប្រសើរ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិក្នុងការ​គ្រប់​គ្រង​និងចាត់ចែងផ្លូវថ្នល់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីរួមស្រុកនៃខេត្តនិងផ្លូវដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ​និងដឹកជញ្ជូននិងក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រសួងទាំងពីរខាងលើ ធ្វើប្រតិភូកម្មអំណាច​ឬផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្លូវផ្សេងទៀតក្រោយពេលមានការសម្រេច​ឯកភាពពីរាជរដ្ឋាភិបាល។

បើតាមរបាយការណ៍ថវិកាជាតិ ក្រសួងសាធារណការ មានគោលនយោបាយមួយ គឺអភិវឌ្ឍន៍ ថែទាំ និងគ្រប់គ្រងសំណង់សាធារណការ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មធ្យោបាយសេវាកម្ម​ដឹកជញ្ជូនគ្រប់ប្រភេទ និងភស្ដុភារកម្ម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។បើក្រឡេកទៅមើលផ្លូវនៅតាមបណ្ដាខេត្តវិញ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល​​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ធ្វើ​ផ្លូវ​កាត់​តាម​បណ្ដា​ខេត្ត​នានារីកដុះដាលដូចផ្សិត ​ដែលមាន​ចម្ងាយ​សរុប​ជាង​៣ពាន់​គីឡូម៉ែត្រ ដែលថវិកាទាំងនោះ​បាន​មកពី​ជំនួយ​ និង​កម្ចី​របស់​ចិន៕

402 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម