សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការបដិសេធសំណើសុំនៅក្រៅឃុំលោក រ៉ុង ឈុន និង សរ កន្និកា ចំពេលមានការផ្ទុះជំងឺកូវីដ-១៩ក្នុងពន្ធនាគារ

លោក រ៉ុង ឈុន ចាកចេញពីតុលាការកំពូលកាលពីថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក រ៉ុង ឈុន ចាកចេញពីតុលាការកំពូលកាលពីថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារបានបដិសេធសំណើសុំដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពដ៏លេចធ្លោនិងសកម្មជនយុវជន សរ កន្និកា។ សេចក្តីសម្រេចនេះធ្វើឡើងចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ -១៩ ដែលមិនធ្លាប់មានពីមុននៅក្នុងពន្ធនាគារប្រទេសកម្ពុជា ស្របពេលមន្រ្តីក្រសួងយុត្តិធម៌កំពុងពិភាក្សាអំពីលទ្ធភាពដោះលែងអ្នកទោសជាអនីតិជនដែលបានអនុវត្តទោសរបស់ខ្លួនជិតចប់ឲ្យត្រឡប់ចូលទៅសហគមន៍របស់ពួកគេវិញ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនដោយសារការបង្ហោះសារតាមហ្វេសប៊ុកនិងការអត្ថាធិប្បាយរបស់លោកក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដោយអះអាងថា កសិករនៅខេត្តត្បូងឃ្មុំបានបាត់បង់ដីធ្លី អំឡុងពេលបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គមកាលពីខែសីហា។ ចំណែកកញ្ញា កន្និកា ដែលជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ត្រូវបានចាប់ខ្លួននិងត្រូវបានចោទប្រកាន់ពីបទញុះញង់ ខណៈពេលកញ្ញាចូលរួមអំពាវនាវឱ្យដោះលែងមេដឹកនាំសហជីពរូបនេះ។

រដ្ឋាភិបាលកម្ពុជាមានភាពរសើបខ្លាំងចំពោះការពិភាក្សាអំពីដំណើរការបោះបង្គោលព្រំដែន។ ប្រជាជនកម្ពុជាជាច្រើន រួមទាំងសមាជិកនៃគណបក្សសង្គ្រោះជាតិដែលបានត្រូវបានរំលាយដោយតុលាការកំពូលបានចោទប្រកាន់ថា ប្រទេសកម្ពុជាបានបាត់បង់ទឹកដីទៅប្រទេសវៀតណាម ខណៈពេលមានការបោះបង្គោលព្រំដែននៅតាមព្រំដែន។

លោក រ៉ុង ឈុន និង សរ កន្និកា អវត្តមាននៅក្នុងសវនាការសុំនៅក្រៅឃុំនេះ បន្ទាប់ពីមន្រ្តីពន្ធនាគារព្រៃសបានស្នើសុំផ្អាកការដឹកជញ្ជូនអ្នកទោសចំពេលមានការឆ្លងរាលដាលជំងឺកូវី-១៩ នៅក្នុងមណ្ឌលអប់រំកែប្រែ នេះបើតាមការលើកឡើងរបស់ព្រះរាជអាជ្ញារងនិងចៅក្រម អំឡុងពេលបើកសវនាការ។

ក្នុងបន្ទប់សវនាការ លោកព្រះរាជអាជ្ញារង សេង ហៀង មានប្រសាសន៍ថា គ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីដោះលែងជនជាប់ចោទនៅក្រៅឃុំបណ្តោះអាសន្ននោះទេ។

លោក សេង ហៀង បានមានប្រសាសន៍ថា៖ «បទល្មើសនេះ ប៉ះពាល់ដល់សន្តិសុខសង្គម ដូច្នេះតុលាការមិនអនុញ្ញាតឱ្យពួកគាត់នៅក្រៅឃុំទេ។ តំណាងអយ្យការសូមបដិសេធបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មេធាវីជនជាប់ចោទ»។

លោកព្រះរាជអាជ្ញារងបានបដិសេធការលើកឡើងថា ជនជាប់ចោទនឹងមានហានិភ័យនៃការឆ្លងជំងឺនៅក្នុងពន្ធនាគារ ដោយលោកអះអាងថា មន្ត្រីពន្ធនាគារបានចាក់វ៉ាក់សាំងអ្នកទោសទាំងអស់នៅក្នុងមណ្ឌលអប់រំកែប្រែម១ និងម២ នៃពន្ធនាគារព្រៃសរួចហើយ។

អំឡុងពេលសវនាការ លោក លិ សុខា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ថា សវនាការត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍កាលថ្ងៃទី២០ ខែកុម្ភៈ។

លោកចៅក្រម លិ សុខា បានមានប្រសាសន៍ថា៖«ជនជាប់ចោទអាចបន្តឃុំខ្លួនរហូត ដល់តុលាការចេញសេចក្តីសម្រេចរឿងអង្គសេចក្តី។ [ក្នុងនាមជាមេធាវី] យើងមិនអាចយកលេសនៃការ [អូសបន្លាយពេល] ឃុំខ្លួនលើសនីតិវិធីទេ»។

ក្រុមមេធាវីរបស់ជនជាប់ចោទទាំងពីរបានមានប្រសាសន៍ថា លោកបានដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ពីព្រោះកូនក្តីរបស់លោកត្រូវបានឃុំខ្លួនអស់រយៈពេលជាង១១ខែរួចមកហើយ ពោលគឺជិតពាក់កណ្តាលនៃរយៈពេលអតិបរមានៃការផ្តន្ទាទោសពីបទញុះញង់ ដែលអនុវត្តទោសជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ។ ក្រុមមេធាវីការពារក្តីក៏បានអះអាងផងដែរថា លោកមិនបានទទួលព័ត៌មានណាមួយពីកូនក្តីអស់រយៈពេលប្រហែលជា៤ខែមកហើយ ដែល​នាំ​ឱ្យ​លោក​បារម្ភ​ចំពោះ​សុខភាព​របស់​កូនក្តី​ចំ​ពេល​មាន​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩​នៅក្នុងពន្ធនាគារជាលើកដំបូងក្នុងប្រទេស។

លោក សំ សុគង់ មេធាវីការពារក្តីជនជាប់ចោទមានប្រសាសន៍ថា ការសម្រេចរបស់តុលាការ គឺមិនសមហេតុផលនោះទេ។

លោកបានមានប្រសាសន៍ថា៖ «កូនក្តីរបស់ខ្ញុំត្រូវបានចោទប្រកាន់ពីបទមជ្ឈិម ដូច្នេះទោសអតិបរមាមានរយៈពេលតែ២ឆ្នាំ ប៉ុន្តែកូនក្តីរបស់ខ្ញុំត្រូវបានឃុំខ្លួនអស់រយៈពេលជាង១១ខែហើយ»។ ដោយបន្ថែមថា៖ «ប្រសិនបើការសម្រេចចិត្តនេះ ផ្អែកលើស្ថានភាពជំងឺកូវីដ-១៩ ពីព្រោះយើងដឹងថា កូវីដនឹងចប់នៅពេលណា?»។

លោក រ៉ុង វិជ្ជា ជាក្មួយរបស់មេដឹកនាំសហជីព លោក រ៉ុង ឈុន មានវត្តមានក្នុងសវនាការនោះដែរ បាននិយាយថា ការសម្រេចនេះមានជាប់ទាក់ទងនឹងបញ្ហានយោបាយ។

លោកបាននិយាយថា៖ «ខ្ញុំសោកស្តាយខ្លាំងណាស់ចំពោះសេចក្តីសម្រេចនេះ…គាត់មិនបានបង្កភាពវឹកវរដល់សន្តិសុខជាតិទេ»។ លោក វិជ្ជា បានបន្ថែមថា លោកមិន ដែលបានទទួលព័ត៌មានអំពីពូរបស់លោកនោះទេ ចាប់តាំងពីមានការឆ្លងរាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ ខែកុម្ភៈ ដែលធ្វើឱ្យលោកបារម្ភចំពោះសុខភាពរបស់លោក រ៉ុង ឈុន។

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ (GDP) មានប្រសាសន៍ថា  លោកទើបទទួលបានព័ត៌មានថា ក្រសួងសុខាភិបាលនឹងផ្តល់វ៉ាក់សាំង AstraZeneca ចំនួន៦០០០ដូស ដើម្បីចាក់ជូនអ្នកទោសនៅតាមតំបន់ប្រឈម​មួយចំនួនរួមមាន ខេត្កកណ្ដាល កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង និង ខេត្តបន្ទាយមានជ័យ។

លោក សវនា បានបន្តថា រហូតមកដល់ពេលនេះ ការឆ្លងជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ក៏ដូចជាមណ្ឌលអប់រំកែប្រែ ម១ នៅពន្ធនាគារព្រៃស និងពន្ធនាគារប៉េហ្ស៊ីក្នុងរាជធានីភ្នំពេញ។ លោកបានបដិសេធមិនបា្រប់ពីតួលេខ របស់អ្នកទោសដែលបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩នោះទេ។

លោកបានមានប្រសាសន៍ថា៖ «ក្រសួងយុត្តិធម៌អាចពិចារណាដោះលែងអ្នកទោសដែលជាអនីតិជននៅក្រៅឃុំភ្ជាប់ជាមួយនឹងលក្ខខណ្ឌ»។ លោក សវនា បានបន្ថែមថា ថ្មីៗនេះក្រសួងបានសួរមកអគ្គនាយកដ្ឋានពន្ធនាគារថា តើមានអ្នកទោសប៉ុន្មាននាក់ជាអនីតិជន ដែលអនុវត្តទោសជិតចប់ ដោយពិនិត្យមើលលទ្ធភាពដើម្បីអនុញ្ញាតឱ្យពួកគេទៅរស់នៅក្នុងសហគមន៍របស់ពួកគេវិញ។

លោក សវនា បានប្រាប់ខេមបូចាថា ពន្ធនាគារទាំងអស់នៅភ្នំពេញនិងនៅតាមបណ្តាខេត្តបាននិងកំពុងធ្វើការដោយផ្ទាល់ជាមួយសាលាដំបូងរាជធានីភ្នំពេញនិងតុលាការខេត្តដើម្បីបបញ្ជូនឈ្មោះអ្នកទោសដែលអនុវត្តទោសជិតចប់។

កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៦៧៨ករណី ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់៣៥.៥១១នាក់ចាប់តាំងពីការ ឆ្លងរាលដាលកាលពីដើមឆ្នាំ២០២០។ ភាគច្រើននៃករណីទាំងនេះគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃទី២០ ខែកុម្ភៈជាពេលដែលការឆ្លងសហគមន៍ចាប់ផ្តើមជាថ្មី។ ក្រសួងក៏បានកត់ត្រាករណីជាសះ ស្បើយ២៨.៦៤៩ករណីនិងមានមនុស្ស២៧៨នាក់បានស្លាប់ដោយសារជំងឺនេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rong Chhun and Sar Kanika denied bail amid COVID-19 prison outbreak

317 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម