សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សវនាការលោក រ៉ុង ឈុន ពីបទញុះញង់ចាប់ផ្តើមយ៉ាងក្តៅគគុក

រថយន្តពន្ធនាគារបានដឹកមេដឹកនាំសហជីពលោក រ៉ុង ឈុន មកដល់តុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ បញ្ញា ឆព័ណ្ណ
រថយន្តពន្ធនាគារបានដឹកមេដឹកនាំសហជីពលោក រ៉ុង ឈុន មកដល់តុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ បញ្ញា ឆព័ណ្ណ

កាល​ពីថ្ងៃសុក្រ សាលាដំបូង​រាជធានីភ្នំពេញ​ចាប់​ផ្តើម​ជំនុំជម្រះលើសំណុំរឿង​របស់​លោក រ៉ុង ឈុន ជាមេដឹកនាំ​សហជីព​ដ៏លេចធ្លោ​ពីបទ​ញុះញង់​ ខណៈ​ការសួរ​ដេញ​ដោល​ចាប់​ផ្តើម​​ក្តៅ​គគុក​នៅ​ពេល​ភាគី​ទាំង​អស់​ជជែក​ពី​អង្គហេតុនៃ​សំ​ណុំរឿង​នេះ។

លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សហភាព​សហជីពក​ម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ដោយ​សារតែបាន​បង្ហោះ​សារនិងការ​បញ្ចេញមតិ​យោបល់​របស់​លោក​តាម​រយៈបទ​​សម្ភាសជាមួយវិទ្យុអាស៊ីសេរី ដែល​លោកបានលើកឡើងថា កសិករនៅខេត្តត្បូង​ឃ្មុំ​បាត់​បង់​ដី​ធ្លី​ អំឡុង​ពេល​បោះ​បង្គោលព្រំដែន​ជាមួយ​ប្រទេសវៀតណាម។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញុង់​បង្កឲ្យ​មាន​ភាព​វឹកវរធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​កាល​ពីខែ​សីហា​។

រដ្ឋាភិបាល​កម្ពុជា​មាន​ភាព​រសើបខ្លាំង​ចំពោះ​ដំណើរ​ការបោះបង្គោល​ព្រំដែន​។ ​សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ​ចោទ​ប្រ​កាន់​​ថា ប្រទេសកម្ពុជា​បានបាត់បង់​ទឹកដី​ទៅ​ប្រទេសវៀតណាម​​ដោយ​សារតែ​ការ​បោះ​បង្គោល​​ព្រំដែននេះ​​។

សវនាការរយៈ​ពេល​៣​ម៉ោង​នេះក៏មាន​ការ​ចោទសួរ​ជាច្រើន​លើលោក​ រ៉ុង ឈុន អំពី​ស្ថានប័ន​ដែល​លោកធ្វើ​ការ​ជាមួយ​គឺក្រុម​ប្រឹក្សាឃ្លាំមើល​កម្ពុជា​ និង​ថាតើ​ស្ថាប័ន​នេះបាន​ចុះបញ្ជី​ផ្លូវ​ការ​ដែរឬទេ។

អំឡុង​ពេល​ជំនុំជម្រះ លោក​ រ៉ុង ឈុន បានបដិសេធ​ការចោទ​ប្រកាន់​ថា លោក​ព្យាយាម​ញុះ​ញង់​ពលរដ្ឋ​តាម​រយៈ​ការ​បញ្ចេញមតិ​យោបល់​របស់​លោក​និង​បាន​មាន​ប្រសាសន៍ថា លោក​ប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ​ ដើម្បី​លើក​ឡើង​ពី​បញ្ហា​ដ៏សំខាន់មួយនេះ​។

លោក​មាន​ប្រសាសន៍ថា៖ «វាមិនមែនជា​ការញុះញង់​ទេ ពីព្រោះ​ខ្ញុំ​បានបង្ហោះ​ [ មតិយោបល់​] តាំងពី​ថ្ងៃទី​២១​ ខែ​កក្កដា​ដល់​ថ្ងៃទី​៣១ ខែកក្ក​ដា​ ហើយ​គ្មាន​សកម្មភាព​ដែល​បង្កភាព​វឹកវរនោះទេ។ ការ​តវ៉ា​ក្នុងប្រទេស​​កើត​មាន​ក្រោយ​ពី​ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​សកម្មជនយុវជន​ចាប់ផ្តើម​តវ៉ា​»

លោក រ៉ុង ឈុន ក៏បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​អំពី​អត្តសញ្ញាណ​សហការី​ដែល​បាន​ចុះទៅព្រំដែន​ជាមួយ​លោក ភស្តុតាង​គាំទ្រការអះអាងរបស់ពល​រដ្ឋ​ស្តី​ពីការ​បាត់ដី​និង​ចំនួន​បង្គោល​ព្រំដែន​ដែលលោកបាន​ចុះទៅពិនិត្យ​នោះទេ។ លោក​​ក៏​មាន​ការ​ជជែក​ស្វិតស្វាញខ្លះៗជាមួយ​ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ លិ សុខា​ ផងដែរ។

លោកចៅក្រម លិ សុខា បាន​សួរ​ថា៖ «​តើ​លោកដឹងច្បាស់ទេថា អ្នក​ភូមិ​ពិតជា​បាត់​ដី​របស់គាត់​?។ សេចក្តី​ថ្លែង​របស់​លោក​គឺធ្វើ​ឲ្យ​សាធារណជន​យល់ច្រឡំ»

លោក សំ​ សុគង់​ មេធាវី​របស់​លោក រ៉ុង ឈុន ភ្លាមៗ​នោះ​បាន​ជំទាស់នឹង​ការចោទសួរ​បែប​ចោទប្រកាន់​បន្តបន្ទាប់​របស់​លោក​ចៅក្រម​។

លោក​ សំ សុគង់ មាន​ប្រសាសន៍បន្ទាប់ពី​សវនាការ​នេះថា៖ «​សំណួរ​របស់​លោក​ចៅក្រម​ហាក់មាន​ភាពលម្អៀងហើយ​លោក​ធ្វើ​បុរេវិនិច្ឆ័យ​ថា កូន​ក្តី​របស់​ខ្ញុំ​មាន​ទោសរួចទៅហើ​យ។ ហើយ​ដូច្នេះមាន​ន័យថា យើងមិនអាចស្វែង​រក​យុត្តិធម៌​សម្រាប់កូនក្តី​របស់​ខ្ញុំបាន​ទេ»។​

ព្រះ​រាជអាជ្ញា​រងនិង​មេធាវី​រដ្ឋាភិបាល​បាន​អះអាងថា ការប្រើប្រាស់​ពាក្យ​ «យួន»ជា​ពាក្យ​បន្ទោស​បង្អាប់​​ចំពោះ​ជនជាតិ​វៀតណាម គឺមាន​បំណង​ញុះញង់​ពលរដ្ឋឲ្យ​ស្តីបន្ទោស​​មក​លើរដ្ឋាភិបាល​។

លោក ឈិត បូរ៉ាវុធ​ មេធាវីរដ្ឋាភិបាល​មាន​ប្រសាសន៍​ថា៖ «​ដូចយើង​ដឹង​ហើយ​ ការ​ប្រើប្រាស់ពាក្យ​ដូចជា យួន គឺជា​ការ​រើសអើង​»។

លោក បូរ៉ាវុធ​ មាន​ប្រសាសន៍ថា លោក រ៉ុង ឈុន ចង់បង្កើតឲ្យមានការ​ខឹងសម្បា​តាម​រយៈ​ការ​អត្ថាធិប្បាយ​របស់​គាត់​ ហើយថា គាត់មិនមែនជា​អ្នក​ជំនាញ​ព្រំដែន​ដែល​អាចធ្វើ​ការ​សន្និដ្ឋាន​ណាមួយ​អំពី​ដំណើរ​ការ​បោះ​បង្គោលព្រំដែននោះទេ។

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់​នៅសមាគមអាដហុក​​និង​បាន​ចូល​ស្តាប់​សវនាការផ្ទាល់នោះ​បាន​មាន​ប្រសាសន៍ថា សវនាការនេះ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​លោក រ៉ុង ឈុន នឹង​ទទួល​បាន​យុត្តិធម៌គ្រប់​គ្រាន់​ដែរឬទេ ហើយថា តើ​តុលាការ​បើកចំហ​ទទួល​យក​ភស្តុតាងដោះបន្ទុក​ ដើម្បី​គាំទ្រ​រឿងក្តី​​របស់​មេដឹក​នាំ​​សហជីពរូបនេះឬទេ។

លោកបាន​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​គ្មាន​សង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌​ដល់​លោក​ រ៉ុង ឈុន​ ទេ​»

លោក សែន​ករុណា​ បាន​មាន​ប្រសាសន៍ថា ការចាប់ខ្លួន​លោក រ៉ុង ឈុន គឺជា​រឿង​នយោបាយ​ហើយថា បទចោទ​មកលើគាត់គួរត្រូវ​បាន​ទម្លាក់ចោល។

លោក​ចៅក្រម លិ សុខា បាន​ផ្អាក​សវនាការ​ ហើយ​នឹង​បន្ត​ទៅ​ថ្ងៃទី​៣ ខែកុម្ភៈ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rong Chhun’s incitement trial kicks off to a heated start

43 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម