សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រាជរដ្ឋាភិបាលប្រារព្ធខួបលើកទី៧០នៃបុណ្យឯករាជ្យជាតិដែលមានលក្ខណៈទ្រង់ទ្រាយធំ

ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ស្តេចយាងចូលរួមខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង។ រូបថតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ស្តេចយាងចូលរួមខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង។ រូបថតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ បានប្រារព្ធខួបដ៏ធំលើកទី៧០​នៃទិវាបុណ្យ​ឯករាជ្យជាតិ ដែលទទួលបាន​ឯករាជ្យ​ពីបារាំង នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជវត្តមាន​របស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងថ្នាក់ដឹកនាំប្រទេសកំពូលៗ ពីក្រសួង ស្ថាប័ននានា ​និងអង្គទូតជាច្រើនទៀត។

ពិធីព្រឹកនេះ ធ្វើឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលកម្ពុជា​បានទទួលនូវឯករាជ្យពេញលេញ និងទទួលបានសិទ្ធិសេរីភាពពីប្រទេសបារាំង ក្រោមការ​តស៊ូ​ទាមទាររបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ។ ពិធីនេះមានការចូលរួមពី ព្រះមហាក្សត្រ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត លោក ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​នៃ​ព្រះមហាក្សត្រ ​លោក ហ៊ុន សែន ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​ព្រះមហាក្សត្រ និង​មន្ត្រីជាន់​ខ្ពស់​​ជាច្រើន​រូប​ទៀត​។

នៅក្នុងការផ្សាយបន្តផ្ទាល់លើគេហទំព័ររបស់នាយករដ្ឋមន្រ្តី អ្នកអត្ថាធិប្បាយ បានសង្ខេបពី ដំណើរជាប្រវត្តិសាស្រ្តរបស់ព្រះបាទនរោត្តម សីហនុ ថាកាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះបាទនរោត្តម សីហនុ បានសន្យាចំពោះ​ប្រជារាស្ត្រ​ថា «ព្រះអង្គនឹងដណ្តើមយកឯករាជ្យ​ទាំងស្រុងនេះដើម្បីមាតុភូមិ​ក្នុងរយៈ​ពេល​៣ឆ្នាំយ៉ាងយូរបំផុត»។ នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ១៩៥៣ ព្រះអង្គស្តេចយាងចាកចេញពី​ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បី​ទាម​ទារ​ឯករាជ្យសម្រាប់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង។

ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួមខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ​ដែលប្រារព្ធធ្វើនៅមុខ​ព្រះបរមរាជវាំង។ រូបថតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

នៅក្នុងពិធីនេះ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានមានព្រះបន្ទូលថា ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ធ្លាប់មានព្រះរាជបន្ទូលថា «ព្រះអង្គមិនយាង​មកកាន់​រាជធានី​ភ្នំពេញវិញឡើយ ដរាបណាព្រះអង្គមិនបានទទួលឯករាជ្យពេញបរិបូណ៌ មកជូន​ជាតិ​មាតុភូមិ»

ឥស្សរជន និងតំណាងសំខាន់ៗរបស់បារាំង និងកម្ពុជា បានប្រឹងប្រែងធ្វើការនៅភ្នំពេញ​រហូត​ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបទទួលបានលទ្ធផលជាពីពេញចិត្តរបស់កម្ពុជា ហើយចាប់​ពីពេលនោះមក កម្ពុជាមានឋានៈស្មើប្រទេសបារាំង  និងទទួលបានឯករាជ្យពេញលេញ។

ក្រោយទទួលបានឯករាជ្យនេះ សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងរហូតមក​ដល់​បច្ចុប្បន្ន។ ព្រះបាទនរោត្តម សីហមុនី ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំប្រទេស ក្រសួង ស្ថាប័ន ដែលបានប្រាព្ធពិធីនេះឡើង និងបានដឹកនាំគ្រប់គ្រងប្រទេសដោយភាពចាស់ទុំ។ ក្នុងនោះ ព្រះអង្គក៏បានគាំទ្រនូវសារនយោបាយរបស់នាយករដ្ឋមន្រ្តីថាមានលក្ខណៈ​គ្រប់​ជ្រុង​ជ្រោយផងដែរក្នុងការវាយតម្លៃពីសភាពការណ៍សង្គមផងដែរ ផ្ដោតលើសេដ្ឋកិច្ច និង​ការអភិវឌ្ឍ។

ព្រះអង្គមានព្រះបន្ទូលថា៖ «រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មាន​ការ​ប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ»។ ព្រះអង្គបន្ថែមថា៖ «យើងកំពុងតែ​សប្បាយ​រីករាយ និងទទួលផលជាវិជ្ជមានដែលផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង»

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ចូលរួមខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ​ដែលប្រារព្ធធ្វើនៅមុខ​ព្រះបរមរាជវាំង។ រូបថតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្នុងកម្មពិធីប្រារព្ធខួបដ៏ធំនេះដែរ នេះជាលើកដំបូងរបស់លោក ហ៊ុន​​​ ម៉ាណែត ក្នុងនាមជា​នាយក​រដ្ឋមន្រ្តី​ដែលបានឡើងថ្លែងសុន្ទរកថាដោយអមជាមួយនឹងឧបនាយករដ្ឋមន្ត្រីនិង​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ លោក ស សុខា និងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា។  លោកបានសម្ដែងនូវ​រំលឹកដឹងគុណដល់អតីតព្រះមហាក្សត្រ​ដែលបាន​ទាមទារដោយអហិង្សាដើម្បីទទួលបានឯករាជ្យជាតិដោយពេញលេញពីបារាំង។

លោកបានលើកឡើងថា៖ «ឯករាជ្យ និងសន្តិភាពពុំមែនកើតឡើងដោយឯកឯងនោះទេ ទាំង​ការ​ទទួលបានឯករាជ្យ និងសន្តិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងផ្ដួចផ្ដើម​ដោយ​ខ្មែរខ្លួនឯង»

លោកនាយករដ្ឋមន្រ្តី ក្នុងឱកាសនោះ​ក៏បានប្ដេជ្ញាចិត្ត និងយកគំរូតាមវីរភាពរបស់​អតីត​ព្រះមហាក្សត្រ​ក្នុងការកសាងប្រទេសជាតិ និងធានានូវសុខសន្តិភាពជូនប្រជាជន។

សិស្ស និស្សិត និងមន្ត្រីរាជការ ចូលរួមអបអរខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមវូចា/ ព្រីង សំរាំង)

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ខេមបូចានៅព្រឹកនេះថា ខួបលើក​ទី៧០​នៃបុណ្យឯករាជ្យជាតិនៅព្រឹកនេះត្រូវបានរៀបចំមានលក្ខណៈពិសេស និងអធិកអធម។

លោកបន្តថា ក្រោយកម្ពុជាទទួលបានឯករាជ្យជាតិដែលជាស្នាព្រះហស្ថ​របស់អតីត​ព្រះមហាក្សត្រ បច្ចុប្បន្ន​កម្ពុជាកំពុងតែបន្តនូវស្ថិរភាពនយោបាយដែលបានជំរុញ និងធានា​នូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងការអភិវឌ្ឍ​ដោយមិន​មានអ្វីមករារាំង​បានឡើយ។​

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយយល់ថា ក្រោមការដឹកនាំរបស់អតីត​ព្រះមហាក្សត្រ​​បានបន្សល់ទុកនូវស្នាដៃសំខាន់ៗជាច្រើន ជាពិសេសក្នុងនោះមាន​ដូចជា ការទាមទារនូវឯករាជ្យជាតិ និងប្រាសាទព្រះវិហារជាដើម។ តែយ៉ាងណាមិញ លោកបន្តថា សម្រាប់ថ្នាក់ដឹកនាំថ្មីហាក់មិនទាន់មាននូវសមិទ្ធផល ឬយន្តការណាមួយ​ដែលប្រជាពលរដ្ឋ ឬអ្នកអង្កេតការសង្កេតឃើញនៅឡើយនោះទេ។

លោកលើកឡើងថា៖ «យើងមិនទាន់រំពឹងថានឹងមាន (ការរីកចម្រើនដូចសម័យ​សង្គម​រាស្រ្ត​និយម) ឬក៏យ៉ាងម៉េចទេ។ យើងមិនទាន់ហ៊ានវាយតម្លៃបានទេ»។ តែលោកបន្ថែមថា៖ «ប្រសិន​បើ (ថ្នាក់ដឹកនាំថ្មី) មានការតាំងចិត្តខ្ពស់នៅក្នុងការសម្រេច ឬដោះស្រាយជីវភាព​ប្រជាពលរដ្ឋ វាជាកិច្ចការមួយល្អ។ ប៉ុន្តែគួរតែពង្រឹង ឬក៏ជំរុញលក្ខណៈ​អព្យាក្រឹត្យភាព​កម្ពុជា​ផងដែរ»

កងកម្លាំងប្រដាប់អាវុធ ចូលរួមអបអរខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមវូចា/ ព្រីង សំរាំង)
129 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម