លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្មីម្ដងទៀតបានទទួលស្គាល់ថាមានការហូរចូលនូវថ្នាំញៀន និងសារធាតុគីមីផ្សំយ៉ាងច្រើនចូលមកក្នុងប្រទេសកម្ពុជា។ លោក លើកឡើងបែបនេះនៅក្នុងពិធីដុតបំផ្លាញចោលនូវត្ថុតាង ថ្នាំញៀន និងសារធាតុគីមីផ្សំដែលរឹបអូសបានកាលពីឆ្នាំកន្លងទៅ។
លោក ស ខេង កាលពីថ្ងៃពុធ បានចូលរួមក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងនៅកោះពេជ្រក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោកថ្លែងដែរថា មន្ត្រីអនុវត្តច្បាប់បានរឹបអូសសារធាតុញៀនសរុប១៤តោនក្នុងឆ្នាំ២០២២ គឺមានចំនួនបីដងច្រើនជាងឆ្នាំ២០២១ ហើយក្នុងនោះមានជាង៥តោនត្រូវយកមកដុតបំផ្លាញ។
បើតាមលោក ស ខេង កាលពីឆ្នាំមុនសារធាតុញៀនជាង៣០០តោនក៏ត្រូវបានរឹបអូសដែរ ដែលសារធាតុញៀនទាំងនេះនឹងត្រូវដុតបំផ្លាញដោយមានជំនួយពីការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម។
ប្រទេសកម្ពុជាត្រូវគេមើលឃើញថាមានការកើនឡើងយ៉ាងខ្លាំងលើចំនួនសារធាតុញៀនដែលបង្ក្រាបបាន ខណៈដែលការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ថា UNODC លើកឡើងថាក្នុងឆ្នាំ២០២១ ក្រុមអង្គការឧក្រិដ្ឋជនទំនងជាបានប្រើប្រាស់ប្រទេសកម្ពុជាជាកន្លែងផលិតថ្នាំញៀន។ យ៉ាងណា កម្ពុជាបានច្រាចោលការលើកឡើងបែបនេះ ដោយថាថ្នាំញៀនភាគច្រើនដែលរឹបអូសបានក្នុងប្រទេសកម្ពុជាគឺមានទិសដៅនាំចេញទៅបរទេស។
លោក ស ខេង ថាថ្នាំញៀនទាំងនោះត្រូវបានគេលួចនាំចូលកម្ពុជាដើម្បីនាំចេញទៅក្រៅបន្តទៀត។
លោកបញ្ជាក់ថា៖ «បរិមាណថ្នាំញៀននាំចូលពីតំបន់ត្រីកោណមាសមកកម្ពុជាមានការកើនឡើងតាមរយៈខេត្តនៅភាគឦសាន្តរបស់កម្ពុជា»។
បើតាមទិន្ន័យដែលប្រកាសដោយលោក ស ខេង បានបង្ហាញថាបទល្មើសគ្រឿងញៀនមានការកើនឡើង១០០ភាគរយក្នុងឆ្នាំ២០២២ ហើយមន្ត្រីអនុវត្តច្បាប់បានឃាត់ខ្លួនជនសង្ស័យចំនួន១៥ ០០០នាក់។
កម្ពុជាបានប្រឈមនឹងការរិះគន់ជាច្រើនទាក់ទងការបង្ក្រាបលើបទល្មើសគ្រឿងញៀនដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០១៧ និងពេលនោះជាលទ្ធផលមានការចាប់ខ្លួនជនសង្ស័យរាប់ម៉ឺននាក់ទាក់ទងនឹងបទល្មើសគ្រឿងញៀន។ យុទ្ធនាការបង្ក្រាបនេះក៏បាននាំឲ្យមានចំនួនអ្នកជាប់ឃុំកើនឡើងយ៉ាងខ្លាំង ស្របពេលដែលពន្ធនាគាររបស់កម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំដាក់អ្នកជាប់ឃុំ។
ក្នុងយុទ្ធនាការបង្រ្កាបដ៏ធំមួយធ្វើឡើងកាលពីឆ្នាំទៅ សារធាតុផ្សំជាសារធាតុញៀនប្រភេទកេតាមីន(ketamine) ប្រហែល២៧០តោនត្រូវបានរកឃើញនៅទីតាំងចំនួនប្រាំពីរ មាននៅភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ក្នុងការបង្ក្រាបផ្សេងទៀត ក៏បានរឹបអូសថ្នាំញៀន និងសារធាតុផ្សំចំនួន១២តោន ពីចម្ការស្វាយមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ មានប្រសាសន៍ថា នៅពេលនោះនគរបាលបានរកឃើញសារធាតុញៀន«ពាក់កណ្ដាលសម្រេច»នៅទីតាំងខាងលើ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sar Kheng Acknowledges Steep Rise in 2022 Drug Seizures