ទិន្នន័យថ្មីពីផ្កាយរណបបង្ហាញថាតំបន់ព្រៃស្រោងរបស់កម្ពុជាទទួលរងការកាប់បំផ្លាញខ្លាំងជាងឆ្នាំកន្លងទៅ ក្នុងនោះតំបន់ព្រៃការពារធំៗចំនួនបួន និងឧទ្យានជាតិរងការកាប់បំផ្លាញច្រើនជាងឆ្នាំ២០២១។
ទិន្នន័យនេះចេញផ្សាយដោយអង្គការ Global Forest Watch និងស្ថាប័នរុករក និងវិភាគទិន្នន័យដីសកលរបស់សាកលវិទ្យាល័យ Maryland (University of Maryland’s Global Land Analysis and Discovery (GLAD) Laboratory) កាលពីសប្ដាហ៍មុន។ បើតាមទិន្នន័យនេះសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងឆ្នាំ២០២២ មានខ្លាំងជាងឆ្នាំ២០២១ ក្នុងតំបន់ព្រៃការពារចំនួនបួនក្នុងប្រទេសកម្ពុជា ខណៈតំបន់ព្រៃការពារផ្សេងទៀតក៏កំពុងមានអត្រាបាត់បង់ព្រៃឈើក្នុងអត្រាខ្ពស់ដែរ។
ជារួម ដីគម្របព្រៃឈើជាង ៣៥ ០០០ហិកតាបានបាត់បង់ក្នុងឆ្នាំ២០២២ ហើយបើធៀបនឹងពីរឆ្នាំមុនគឺមានចំនួនតិចជាង ដែលកាលនោះក្នុងមួយឆ្នាំបាត់បង់ចំនួន ៤០ ០០០ហិកតា។ តំបន់ព្រៃការពារចំនួនបួនដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃបឹងពែរ។
តំបន់ព្រៃការពារព្រៃឡង់ដែលមានផ្ទៃដីធំជាងគេនៅកម្ពុជារហូតដល់ជាង ៤៣០ ០០០ហិកតានោះ ក៏មានការបាត់បង់ដីព្រៃរបស់ខ្លួនប្រហែល ៨ ៣០០ហិកតាដែរក្នុងឆ្នាំ២០២២ តែតួលេខនេះតិចជាងឆ្នាំ២០២១។ ប៉ុន្តែថាតំបន់នេះនៅតែត្រូវបានចាត់ទុកថាមានចំនួនដើមឈើបាត់បង់ខ្ពស់បំផុតមួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២២។
លោក ស្រី ថី សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តព្រះវិហារ បានឱ្យដឹងថា លោកបានទទួលរបាយការណ៍បឋមថាមានករណីលួចកាប់ឈើខុសច្បាប់ជាង៥០០ករណីគិតតាំងពីដើមឆ្នាំ២០២៣ មក។ បើតាមអ្វីដែលពួកលោកបានជួបប្រទះពេលចុះល្បាត អ្នកលួចកាប់ឈើខុសច្បាប់បានប្រើគោយន្តសម្រាប់ដឹកជញ្ជូនឈើដែលទើបកាប់ថ្មីៗដែលមានប្រវែងរហូតដល់ប្រាំពីរម៉ែត្រ និងជាពូជឈើប្រណិតប្រភេទផ្សេងៗគ្នា។
លោកឱ្យដឹងទៀតថា៖ «វាមានការកើនឡើងគួរឱ្យកត់សម្គាល់ ពីព្រោះថារាល់ខែមានសេចក្ដីរាយការណ៍ពីបទល្មើសថ្មីៗពីសហគមន៍ ដែលនេះជាកង្វល់សម្រាប់តំបន់ព្រៃឡង់របស់យើង»។ លោកបន្តថា៖ «ពេលចុះល្បាតម្ដងៗ ខ្ញុំបារម្ភពីសុវត្ថិភាព និងអាយុជីវិត ពីព្រោះពួកគេមានកាំភ្លើងច្រើន ប៉ុន្តែខ្ញុំនៅតែតស៊ូការពារព្រៃឡង់ ដើម្បីអនាគតក្មេងៗជំនាន់ក្រោយ»។
ប្រហាក់ប្រហែលគ្នានេះដែរ ដែនជម្រកសត្វព្រៃភ្នំសំកុកក៏បានបាត់បង់គម្របព្រៃឈើជាង ២ ០០០ហិកតាដែរកាលពីឆ្នាំទៅ ប៉ុន្តែមានចំនួនតិចជាងឆ្នាំ២០២១ ដែលពេលនោះគម្របព្រៃបានបាត់បង់ប្រហែល ៣ ២០០ហិកតា។
ដែនជម្រកសត្វព្រៃកែវសីមា និងគូលេនព្រហ្មទេព ក៏មានការបាត់បង់ព្រៃឈើគួរឱ្យបារម្ភដែរអំឡុងឆ្នាំ២០២២ ដែលមានការបាត់បង់ប្រហែល ២ ១០០ហិកតានៅកែវសីមា និង៣ ២០០ហិកតានៅគូលែនព្រហ្មទេព។ កាលពីឆ្នាំ២០២១ ព្រៃឈើនៅដែនជម្រកសត្វព្រៃទាំងពីរដែលបាត់បង់មានខ្ពស់ជាងនេះ ដោយនៅកែវសីមាបាត់បង់ជាង ៣ ០០០ហិកតា និងនៅគូលែនព្រហ្មទេពមានច្រើនជាង ៥ ៥០០ហិកតា។
សកម្មជនបរិស្ថាន ក្រុមជនជាតិដើមភាគតិច និងសហគមន៍នាំគ្នាចុះល្បាតជាប្រចាំដើម្បីជួយផ្ដល់ជាដំណឹងដល់រដ្ឋាភិបាលអំពីការបំផ្លាញព្រៃឈើនៅកម្ពុជា ប៉ុន្តែថាអ្នកទាំងនោះច្រើនជួបការរំខាន និងរារាំងមិនឱ្យចូលទៅក្នុងតំបន់ព្រៃការពាររបស់ពួកគេ។
លោក ហេង គឹមហុង នាយកផ្នែកតស៊ូមតិ និងស្រាវជ្រាវរបស់អង្គការបណ្ដាញយុវជនកម្ពុជា មានប្រសាសន៍ថា៖ «អំពើពុករលួយជាបញ្ហាចម្បងមួយក្នុងការកាប់ឈើខុសច្បាប់ និងការបាត់បង់ព្រៃឈើនៅកម្ពុជា»។ លោកបន្ថែមថា៖ «មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានធ្វើការសកម្មក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅពេលអាជ្ញាធរថ្នាក់ជាតិចូលរួម ប៉ុន្តែនៅពេលអាជ្ញាធរថ្នាក់ជាតិត្រឡប់មកភ្នំពេញវិញ ពួកគេធ្វើការធម្មតា»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្រ្តា មិនបានឆ្លើយតបសំណួរដែលអ្នកសារព័ត៌មានទាក់ទងតាមប្រព័ន្ធតេឡេក្រាមនោះទេកាលពីថ្ងៃពុធ។ យ៉ាងណា កន្លងមកលោកបានចាត់ទុកថាការទិន្នន័យពីផ្កាយរណបដើម្បីតស៊ូប្រឆាំងនឹងការបំផ្លាញព្រៃឈើគឺជារឿង «ខុសច្បាប់» និងបានទាមទារឱ្យមានវិធានការផ្លូវច្បាប់ផងដែរ។
លោក Mathew Hansen អ្នកស្រាវជ្រាវរបស់ GLAD មានប្រសាសន៍ថា តួលេខកាប់បំផ្លាញព្រៃឈើក្នុងឆ្នាំ២០២២ ទាបជាងឆ្នាំកន្លងទៅ គឺអាចមកពីធនធានដែលអាចទាញយកជាប្រយោជន៍បានមានតិចជាងមុនដែរ។
លោកពន្យល់ថា៖ «ចំណុចសំខាន់នៅត្រង់ថាបើសិនជាធនធានព្រៃឈើដែលងាយប្រមូលផលបានមានកាន់តែតិច នោះអត្រា[កាប់បំផ្លាញព្រៃឈើ]ក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ ដែលនេះគឺដោយសារតែធនធានដែលមានកាន់តែខ្សត់ទៅៗ»។ លោកបន្តថា៖ «បើសិនជាអ្នកបាត់បង់ការគ្រប់គ្រងព្រៃឈើរបស់អ្នក ហើយអ្នកកំណត់អត្រាខ្ពស់នៅឆ្នាំនោះដែរ តែឆ្នាំក្រោយមកតួលេខនៃអត្រានោះធ្លាក់ចុះវិញ តើនេះមានន័យថាអ្នកបានជោគជ័យក្នុងការការពារព្រៃឈើ?»។
ឧទ្យានជាតិបុទុមសាគរ
បើតាមទិន្នន័យរបស់ GLAD ផ្ទៃដីព្រៃនៅឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុងប្រហែល ២ ៧០០ហិកតាត្រូវបានបាត់បង់។ ព្រៃឈើដែលបាត់បង់មួយភាគធំគឺនៅជាប់នឹងដីសម្បទានសេដ្ឋកិច្ចនៃតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ ដែលជាគម្រោងអភិវឌ្ឍន៍មួយរបស់ក្រុមហ៊ុន Union Development Group (UDG) តាំងពីឆ្នាំ២០០៨។ តំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានដីប្រហែល ៣៦ ០០០ហិកតា បានជាប់ទណ្ឌកម្មរបស់រតនាគារអាមរិកទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្ស ដោយផ្អែកលើករណីបណ្ដេញប្រជាជនចេញពីដីនៅតារាសាគរ។
កាលពីឆ្នាំ២០២១ Mongabay បានរាយការណ៍ពីផលប៉ះពាល់របស់សំណង់កាស៊ីណូ និងខុនដូនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចទៅលើឧទ្យានជាតិបុទុមសាគរ ដែលតាមការវាយតម្លៃធ្វើឱ្យឧទ្យានបាត់បង់គម្របព្រៃឈើអស់ ៣០ ០០០ហិកតាក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។
បើតាមអង្គការ Global Forest Watch ដីសម្បទានសេដ្ឋកិច្ចរបស់ UDG បានធ្វើឱ្យបាត់បង់ព្រៃឈើ ១០ ៩០០ហិកតាចន្លោះឆ្នាំ២០០០ ទៅ២០២១ ដែលស្មើនឹងការបាត់បង់២១ភាគរយនៃគម្របព្រៃឈើ។ សកម្មភាពឈូសឆាយដីព្រៃមានខ្ពស់ខ្លាំង និងអស់ជាច្រើនហិកតាក្នុងអំឡុងឆ្នាំ២០០៦ ឆ្នាំ២០០៧ ឆ្នាំ២០០៩ និងឆ្នាំ២០១០ គឺមុន និងក្រោយពេលក្រុមហ៊ុន UDG បានទទួលសិទ្ធិកាន់កាប់ដីសម្បទានសេដ្ឋកិច្ច។
ដែនជម្រកសត្វព្រៃបឹងពែរ
ដែនជម្រកសត្វព្រៃបឹងពែរ ដែលស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាបានបាត់បង់ផ្ទៃដីព្រៃជាង ៥ ៥០០ហិកតាក្នុងឆ្នាំ២០២២ ដែលជាការថយចុះគម្របព្រៃឈើដ៏ច្រើនបំផុតគិតតាំងពីឆ្នាំ២០១៦ មក។ ព្រៃឈើស្ទើរតែត្រូវបានបំផ្លាញទាំងស្រុង ហើយការកាប់បំផ្លាញព្រៃឈើក្នុងឆ្នាំ២០២នេះ ជាសញ្ញានាំទៅដល់ការដើរទៅរកទីបញ្ចប់នៃតំបន់បៃតង។
តំបន់ព្រៃនៅភាគខាងកើតនៃដែនជម្រកសត្វព្រៃនេះត្រូវបានឈូសឆាយអស់ស្ទើរទាំងស្រុងតាំងពីឆ្នាំ២០១៨។
បឹងពែរ ជាតំបន់ការពារមួយកន្លែងទៀតដែលត្រូវបានផ្ដល់ជាដីសម្បទានសេដ្ឋកិច្ច។ មហាសន្និបាទអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១២ បានកត់ត្រាក្រុមហ៊ុនចំនួនប្រាំពីរដែលបានទទួលដីសម្បទានសេដ្ឋកិច្ចក្នុងឆ្នាំ២០១១ សម្រាប់ការជីករុករករ៉ែ ដំណាំកៅស៊ូ និងដំណាំកសិឧស្សាហកម្មផ្សេងទៀត ដែលអ្វីទាំងនេះបានប៉ះពាល់អវិជ្ជមានជាខ្លាំងដល់ជនជាតិដើមភាគតិចកួយ។
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងឆ្នាំ២០២២ បានបាត់បង់គម្របព្រៃឈើច្រើនជាងឆ្នាំណាៗទាំងអស់គិតពីឆ្នាំ២០១៧ មក ដែលក្នុងឆ្នាំ២០២២នេះ បាត់ប្រហែល ១ ៦០០ហិកតា។ ដែនជម្រកសត្វព្រៃនេះមានព្រំប្រទល់ជាប់នឹងភាគខាងត្បូង និងកណ្ដាលនៃឧទ្យានជាតិភ្នំក្រវាញ និងជាជួរភ្នំខ្ពស់ជាងគេនៅកម្ពុជា។ បើទោះបីជាឧទ្យាននេះមានកំណត់ត្រាកម្ពស់ភ្នំខ្ពស់ជាងគេនៅកម្ពុជាក៏ដោយ វាក៏មានប្រវត្តិនៃការកាប់បំផ្លាញព្រៃឈើខ្លាំងណាស់ដែរ ដោយសារតែវាមានផ្លូវចេញចូលស្រួលជាងបណ្ដាភ្នំនៅជួរភ្នំក្រវាញ។
របាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Withness ក្នុងឆ្នាំ២០០៥ បានរកឃើញថាការកាប់ឈើខុសច្បាប់ និងការជួញឈើខុសច្បាប់ពីភ្នំឱរ៉ាល់ គឺធ្វើឡើងដោយក្រុមមន្ត្រីយោធាផ្សេងៗគ្នានៅតំបន់នោះ។ កាសែតភ្នំពេញប៉ុស្ដិ៍បានរាយការណ៍ពីជម្លោះរវាងក្រុមឧទ្យានុរក្ស និងក្រុមកាប់ឈើខុសច្បាប់ដែលគាំទ្រដោយក្រុមយោធា ហៅតំបន់៣។ ក្រុមយោធាជាច្រើនក្រុមបានជាប់ពាក់ព័ន្ធនឹងការរកស៊ីជួញដូរឈើដោយខុសច្បាប់នេះ ប៉ុន្តែអង្គការ Global Witness បានចោទប្រកាន់ថាក្រុមនេះក៏បានបង្កើនទីតាំងអារឈើ និងកាប់ឈើដោយផ្ទាល់ដែរ។
ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល
ការកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលមានការកើនឡើងអំឡុងឆ្នាំ២០២២ ដែលផ្ទៃដីព្រៃឈើបាត់បង់មានចំនួន ៨៣៤,៥ហិកតា។ របាយការណ៍ស៊ើបអង្កេតរបស់ Mongabay ចេញផ្សាយកាលពីចុងខែឧសភា បានភ្ជាប់បញ្ហានេះទៅនឹងសកម្មភាពកាប់ឈើខុសច្បាប់ និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីគាំទ្រដោយរដ្ឋាភិបាលនៅស្ទឹងតាតៃលើជិតសហគមន៍ថ្មបាំង។
រាយការណ៍បន្ថែមដោយ៖ រ៉ុន ស្រីដែត
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Satellite Data Shows Protected Areas Faced Brunt of Deforestation in 2022