សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតីតបុគ្គលិក និងសណ្ឋាគារសូហ្វីតែល ឈានដល់កិច្ចព្រមព្រៀងលើប្រាក់សំណងផ្សេងៗ

បុរសម្នាក់ជិះម៉ូតូឆ្លងកាត់សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីថ្ងៃពុធ។បញ្ញា ឆព័ណ្ណ
បុរសម្នាក់ជិះម៉ូតូឆ្លងកាត់សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីថ្ងៃពុធ។បញ្ញា ឆព័ណ្ណ

អតីត​​បុគ្គលិកសណ្ឋាគារ​សូហ្វីតែល ភ្នំពេញ​ ភូគីត្រា និង​ភាគី​សណ្ឋាគារ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើការ​ផ្ដល់​ប្រាក់​សំណង​ផ្សេងៗ​​ មួយ​​ថ្ងៃ​បន្ទាប់​ពី​​អតីត​បុគ្គលិក​ទាំង​នេះ​បាន​ធ្វើ​បាតុកម្ម​នៅក្រ​សួង​ការងារ​។​​

​បើ​តាម​កំណត់​ហេតុ​អង្គ​ប្រ​ជុំ​ មាន​ចុះ​ហត្ថលេខា​មន្ត្រី​ក្រសួង​ការងារ លោក និន វណ្ណៈ ផង​នោះ បាន​បង្ហា​ញ​ថា​ ភាគី​សណ្ឋា​គារ​បាន​យល់​ព្រម​ជាមួយ​អតីតបុគ្គលិក​ដែល​ត្រូវបញ្ឈប់​ពី​ការងារ​ ដោយ​ថានឹង​ទូទាត់​ប្រាក់​សំណង​ផ្សេងៗ រួម​ទាំង​ប្រាក់​លើកទឹក​ចិត្ត ប្រាក់​អតីតភាពការងារ និង​​ប្រាក់​​កាត់​ទុក ផង​ដែរ​។​​

​ក្នុង​កំណត់​ហេតុ​សរសេរថា៖ «ភាគីតំណាង​កម្មករ និយោជិត​​បាន​យល់​ព្រម​តាម​ការ​ផ្ដល់​ជូន​របស់​ភាគីក្រុម​ហ៊ុន»។​

​អតីត​បុគ្គ​លិក​សណ្ឋាគារ​សូហ្វីតែល ដែល​ត្រូវ​បាន​បញ្ឈប់ពី​ការងារ​កាល​ពីខែ​សីហា ដោយ​សារ​បញ្ហា​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​អំឡុវិបត្តិ​កូវីដ១៩ បាន​នាំគ្នា​តវ៉ា​នៅ​ក្រ​សួង​ការងារ​កាលពី​ថ្ងៃអង្គារ បន្ទាប់​ពី​មន្ត្រីរបស់ក្រសួង​មិន​បាន​បញ្ជូន​បណ្ដឹង​របស់​ពួក​គេ​​ទៅ​កាន់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​។​

​លោក ផាត សារួន ថ្នាក់​ដឹក​នាំ​សហជីពឯករាជ្យ​សាមគ្គី ប្រចាំសណ្ឋា​គារ​បាន​និយាយថា​តំណាង​សណ្ឋាគារនឹងបូក​សរុប​ប្រាក់​សំណង​ផ្សេង​នៅ​ក្នុង​សប្ដាហ៍​នេះ។ លោក​បន្តថា​ខាង​សហជីព​សង្ឃឹម​ថា​ ភាគី​សណ្ឋា​គារ​នឹង​ទូទាត់​ត្រឹម​ត្រូវ​តាម​ចំនួន​បុគ្គលិក ដែល​មាន​ទឹក​ប្រាក់​ជិត​​១០ ០០០​ដុល្លារ។​

លោក​បន្ថែមថា៖ «​ឥឡូវ​យើង​កំពុង​រង់ចាំ​ការ​ទូទាត់​ពី​ខាងសណ្ឋា​គារ​ក្នុងពេល​មួយ​សប្ដាហ៍»។​

អតីត​បុគ្គលិក​ចំនួន​៥៣​នាក់​បាន​ចូល​រួមការ​តវ៉ា​ ប៉ុន្តែ​លោក សារួន ថា​មាន​តែបុគ្គលិក​ចំនួន​៤៩​នាក់​ប៉ុណ្ណោះ​បាន​ទទួល​ប្រាក់​សំណង ដោយ​ថា​បុគ្គលិក​បួន​រូប​ផ្សេង​ទៀត​បាន​ឈប់​ពី​ការ​ងារ​មុន​បញ្ចប់​កិច្ច​សន្យាការងារ​ថ្ងៃទី៣១ ខែសីហា​។​​

លោក និន វណ្ណៈ អគ្គលេខាធិការ​រង​​គណៈកម្មការ​ដោះ​ស្រាយវិវាទ និង​កូដកម្ម​នៃក្រ​សួងការងារ​ដែល​ជា​ប្រធាន​ដឹក​នាំ​អង្គប្រជុំផង​នោះ ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។​

លោក ទូច​ កុសល ប្រធានសហព័ន្ធសហជីពកម្មនិយោជិតវិស័យទេសចរណ៍កម្ពុជា បាន​និយាយ​ថា​ដំបូង​ខាង​សណ្ឋាគារ​នឹង​ដោះ​ស្រាយ​ប្រាក់​អតីតភាពការងារ​​ក្នុង​រយៈពេល​មួយ​​សប្ដាហ៍​ រួច​នឹងបន្ត​ផ្ដល់​​ប្រាក់អត្ថប្រយោជន៍​ផ្សេងៗទៀត​ដូច​ជា ប្រាក់​លើកទឹក​ចិត្ត និង​ប្រាក់​កាត់​ទុក​នៅ​ថ្ងៃទី​១២ ខែ​មករា ខាង​មុខ​​។ ប្រាក់​កាត់ទុក គឺខាង​សណ្ឋាគារ​កាត់ប្រាក់ខែ​បុគ្គលិក​មួយ​ចំនួនពេល​បំពេញ​ការងារ​ដើម្បី​ទុក​ទូទាត់​ពេល​មានការ​បែកបាក់ ឬខូច​ខាត​ទ្រព្យសម្បត្តិ​ណាមួយ​របស់​សណ្ឋា​គារ​។​

លោក កុសល មាន​ប្រ​សាសន៍​ថា៖ «​ខ្ញុំ​គិតថា​​ក្នុង​ការ​ចរចាព្រឹក​មិញ ទោះបី​មិន​បាន​តាម​ការ​ចង់​បាន​១០០​ភាគរយ តែ​គ្រប់ភាគី​ព្រម​ទទួល​យក»។​

លោក Charles-Henri Chevet អ្នក​ចាត់ការ​ទូទៅ​របស់​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា មិន​បាន​បញ្ជាក់​លម្អិត​ពី​ការ​ចរចា​នេះទេ គ្រាន់តែ​ថា​ខាង​សណ្ឋាគារ​នឹង​ធ្វើ​រតាម​​​ច្បាប់​ស្តីពី​ការងារ​។​

លោក​ ឲ្យ​ដឹង​ទៀតថា​ភាព​រង​គ្រោះ​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​ទេសចរណ៍​ដោយ​សារវិបត្តិ​កូវីដ១៩ ធ្វើ​ឲ្យ​សណ្ឋាគារ​គ្មានជម្រើសអ្វី​ក្រៅពី​ព្យួរការងារបុគ្គលិក និង​កាត់​បន្ថយ​បុគ្គលិក​នោះទេ ។ លោក​ក៏​បាន​និយាយ​ពី​មូលនិធិ បង្កើត​ដោយ​ក្រុម​ហ៊ុន​មេ​​របស់​សូហ្វីតែល គឺក្រុម​ហ៊ុន​ Accor Hotels ចំនួន​​៨៣​លាន​ដុល្លារសម្រាប់ជួយ​ដល់​បុគ្គលិក​ដែល​រង​ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩​នេះ។​ យ៉ាង​ណា លោក​មិនបាន​បញ្ជាក់ទេថា​​បុគ្គលិក​ដែល​ត្រូវ​ព្យួរការងារ​នៅ​ភ្នំពេញ​ នឹង​អាច​ទទួល​បាន​មូលនិធិនេះ​ឬយ៉ាងណា​។​

លោកប្រាប់ខេមបូចាតាម​អ៊ីម៉ែល​​ថា៖ «ពួក​យើង​គឺ​ពិបាក​ដូច​គ្នា ហើយ​យើង​នៅ​តែ​ខំប្រឹង​ជួយ​បុគ្គ​លិក​របស់​យើង ក្នុង​ការ​ឆ្លង​កាត់​ពេល​វេលា​លំបាក​មួយ​នេះ»។​

វិស័យ​ទេស​ចរណ៍​​ទទួល​រង​គ្រោះ​ធ្ងន់​ជាង​គេ​​ក្នុង​អំឡុង​វិបត្តិ​កូវីដ​១៩នេះ ដោយ​ចំនួន​ភ្ញៀវ​បរទេស​បាន​ធ្លាក់ចុះ​៩៨​ភាគ​រយ​នៅ​ត្រីមាសទី​២ និង​៤០ភាគ​រយ​នៅ​ត្រីមាសទី​១​ក្នុង​ឆ្នាំ​២០២០។​

រដ្ឋលេខាធិការ​ក្រ​សួង​ទេសចរណ៍ លោក សុង តុងហាប់ បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​ក្រ​សួង​ទេសចរណ៍​ថា​ចំនួន​ភ្ញៀវ​ទេសចរបរទេស​មាន​ការធ្លាក់ចុះ​ចំនួន​៨០ភាគ​រយ និង​អ្នក​ទេសចរក្នុង​ស្រុក​ធ្លាក់ចុះ​៥០​ភាគរយ​ និង​គិត​ជា​ទឹក​ប្រាក់​ខាត​ក្នុង​វិស័យ​នេះ​មាន​ប្រហែល​៣ពាន់​លាន​ដុល្លារ​។​ ដោយ​សារ​តែ​បញ្ហា​នេះ បាន​ប៉ះពាល់​ដល់​ជំនួយ​ពាក់​ព័ន្ធ​ផ្នែក​ទេសចរណ៍​១ភាគ​៣ និង​ធ្វើ​ឲ្យ​បាត់បង់ការងារ​ជិត​៥១ ០០០​កន្លែង​។

419 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម