សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋរស់នៅតាមដងទន្លេសាបមួយចំនួនទើបតែមានបង្គន់អនាម័យប្រើប្រាស់ ខណៈពលរដ្ឋខ្លះទៀតនៅមិនទាន់មាននៅឡើយ

លោកស្រី ជុំ សោភា ដែលទើបមានបង្គន់អនាម័យជួយកម្ចាត់មេរោគលើដង ទន្លេសាប ក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ម៉ិច ជូឡាយ
លោកស្រី ជុំ សោភា ដែលទើបមានបង្គន់អនាម័យជួយកម្ចាត់មេរោគលើដង ទន្លេសាប ក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ម៉ិច ជូឡាយ

ស្ត្រីវ័យកណ្តាលម្នាក់កំពុងអង្គុយក្បែរស្ត្រីចំណាស់ម្នាក់នៅលើគ្រែតូចមួយដែលធ្វើអំពីដើម​ត្នោត ហើយនៅពីក្រោយផ្ទះគាត់ឃើញមានសសរឈើចាស់ៗជាច្រើន។ ស្រីវ័យកណ្តាលបាន​លើក​ឡើង​ថា គ្រួសាររបស់គាត់ទើបតែមានបង្គន់អនាម័យប្រើប្រាស់ ខណៈពលរដ្ឋខ្លះ​ទៀត​មិន​ទាន់មានបង្គន់ប្រើប្រាស់​នៅ​ឡើយ។

ស្ត្រីវ័យកណ្តាលឈ្មោះថា អ្នកស្រី ជុំ​ សោភា អាយុ​៥៣​ឆ្នាំ មានមុខរបរជាអ្នកនេសាទ​ កំពុង​អង្គុយ​លើគ្រែត្នោតតូចមួយជាមួយម្តាយចាស់ជរា​ដែល​មាន​វ័យ​៨១ឆ្នាំ បានឱ្យដឹង​ថា ដោយ​មាន​ម្តាយចាស់ជរាមានអាយុ៨១ឆ្នាំហើយ​គាត់ពិបាក​ឡើងចុះលើផ្ទះ​ពេលបត់ជើងម្តងៗ​មាន​ការលំបាកដោយសារតែគ្មានបង្គន់អនាម័យ ដច្នេះពេលយប់ឡើងត្រូវបត់ជើងដាក់ថង់ រឺដាក់​កន្ថោរ ដល់ព្រឹកឡើងទើបយកទៅចោលក្នុងព្រៃ ​ធ្វើ​បែបនេះ​អស់រយះពេលច្រើន​ឆ្នាំ​ហើយ កាលដែលមិនទាន់មានបង្គន់អនាម័យ។

អ្នកស្រី​ សោភា បាននិយាយថា៖ «កាលពីមិនទាន់មានបង្គន់ម៉ែខ្ញុំចាស់  គាត់បត់ជើងតែដាក់​កន្ថោរ ដាក់ថង់ ខ្ញុំក្រោកតាំងពីម៉ោងបួនយកទៅចោល​នៅក្នុងព្រៃរាល់យប់ ដល់ពេលថ្ងៃឡើង ម៉ែគាត់ទៅជីកនៅក្រោមផ្ទះ រឺបត់ជើងនៅក្នុងព្រៃ»​  ​

អ្នក​ស្រីបន្តថា ក្រុមគ្រួសារអ្នកស្រីរស់នៅក្នុងភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយអ្នកស្រី​មានកូន​9​នាក់​ រួមមានស្រី2នាក់ និងប្រុស​7នាក់។​​

អ្នកស្រីបន្ថែមថា៖ «នៅពេលបានបង្គន់ខ្ញុំមានអារម្មណ៍ថាសប្បាយ មានអារម្មណ៍ថាធូរក្នុង​ក្រុម​គ្រួសារខ្ញុំ វាមិនអស់ថវិកាច្រើន អរគុណដល់អង្គការដែលបានជួយផ្តល់បង្គន់បន្ទោបង់​នេះ​ដល់គ្រួសារខ្ញុំ»

ឃុំកំពង់ភ្លុក ជាឃុំមួយដែលសិ្ថតនៅតំបន់លិចទឹកតាមដងទន្លេសាប ដែលមានចម្ងាយ​ប្រមាណ​​៣០​គីឡូម៉ែត្រ​​ពីទីរួម​ខេត្តសៀមរាប និងមានចម្ងាយប្រមាណ១៤គីឡូម៉ែត្រ​ពីស្រុក​ប្រាសាទ​បាគង​។ ឃុំនេះមានផ្ទៃដីសរុប ២៤ ៨០០ ហិកតា និងមានភូមិចំនួន៣ រួមមាន ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម។

យោងតាមស្ថិតិប្រជាពលរដ្ឋក្នុងឆ្នាំ២០២០ នៅក្នុងឃុំកំពង់ភ្លុក មានគ្រួសារចំនួន៩៩៧គ្រួសារ និងមានប្រជាពលរដ្ឋសរុបចំនួន ៣ ៨០៥នាក់ (ស្រី ១ ៩២១នាក់) ហើយប្រជាជន៩៨ភាគរយ​ជាអ្នកនេសាទត្រី និងភាគតិចជាម្ចាស់កសិដា្ឋនចិញ្ចឹមត្រីឬក្រពើ និងខ្លះទៀតទៀតលក់ដូរ​អីវ៉ាន់​ចាប់ហួយ។

អ្នកស្រុកនៅតំបន់នេះបានសាងសង់ផ្ទះបណ្តែតទឹក ឬផ្ទះខ្ពស់ៗហើយផ្ទះខ្លះខ្ពស់រហូត​ដល់​១២ម៉ែត ដើម្បីការពារទឹកលិចនៅរដូវវស្សា។ ដូចនេះការសាងសង់បង្គន់អនាម័យតាមផ្ទះនៅ​មានកម្រិតដោយសារតែតម្លៃនៃការសាងសង់បង្គន់អនាម័យ គឺមានតម្លៃថ្លៃជាងនៅលើដីគោក គឺត្រូវចំណាយថវិកាប្រហែលជា៧០០​ដុល្លារសម្រាប់បង្គន់មួយ។

ដោយសារជាទម្លាប់ពលរដ្ឋក្នុងភូមិលិចទឹកនៅរដូវវស្សា ហើយគោកនៅ​រដូវ​ប្រាំងប្រជាជន​មួយចំនួនដែលមានជីវភាពខ្វះខាតបានបន្ទោបង់ពាសវាលពាសកាលខ្លះក៏ទៅតាមព្រៃ​ដោយ​សារមិនទាន់មានលទ្ធភាពក្នុងការធ្វើបង្គន់អនាម័យ។

លោក សុខ យុន ជាអនុភូមិនៃភូមិគោកក្ដុលបានថ្លែងថា​ ប្រជាជននៅភូមិគោកក្ដុល​សរុប​៣៣៦​គ្រួសារ ហើយមានផ្ទះ១៦៤​ខ្នង ហើយផ្ទះដែលនៅខ្វះបង្គន់អនាម័យ គឺ៦៨ផ្ទះ​ដោយ​សារ​​តែ​​​កាលណាការនេសាទថយចុះ ទិន្នផលត្រីធ្លាក់ចុះ គាត់នេសាទមិនបានច្រើន ដូច្នេះ​គាត់ទទួល​បានថវិកាតិចតួចដើម្បីផ្គត់ផ្គង់ការហូបចុក និងកូនចៅរៀនសូត្រតែប៉ុណ្ណោះ។

លោកបានបន្តថា៖ «ដោយសារតែការនេសាទមិនបានច្រើន គាត់មិនមានលុយពីរ រឺបីលាន​រៀល​ទៅធ្វើបង្គន់បានទេ»

 លោកអនុប្រធានភូមិបញ្ជាក់ថា មានអង្គការបានចែកបង្គន់អនាម័យដល់៥ផ្ទះ មិនបានចាំ​ឈ្មោះ​ទេ តែដឹងថាអង្គការនឹងធ្វើបង្គន់នៅតាមដងទន្លេសាប ធ្វើបង្គន់ធុងជ័រដែលអាច​កម្ចាត់​មេរោគបាន  គាត់ចុះទៅធ្វើនៅខេត្តបាត់ដំបង ពោធិ៍សាត់ ដល់គាត់ចុះទៅឆ្លងកាត់​ភូមិ​នេះ ដូចនេះ គាត់ក៏បានសូមឱ្យជួយប្រជាជនមួយចំនួន​ដែលមានភាពខ្វះ​បង្គន់​អនាម័យ។ ខាង​អង្គការ​គាត់ថា អាចជួយបានខ្លះ គាត់ឱ្យចាប់ឆ្នោតជាង៦០នាក់​ដើម្បី​កុំឱ្យ​ច្រណែនគ្នា​ ដូច្នេះ​អ្នកដែលទទួលបានបង្គន់គឺមានចំនួនប្រាំគ្រួសារហើយអ្នកដែលមិនបានបង្គន់បានកាដូជាសាប៊ូ។

លោក សុខ យុន បានបញ្ជាក់ថា៖ «តាំងពីមានបង្គន់អនាម័យមកសុខភាពរបស់​ប្រជាពលរដ្ឋ​គឺមាន​ភាពប្រសើរជាងមុនពួកគាត់មិនពិបាកទៅព្រៃ យើងវាងាយស្រួយហើយ​ភ្ញៀវ​ទេសចរណ៍​​មកលេងគាត់មិនបានឃើញលាមកអណ្តែតលើទឹក»

បង្គន់អនាម័យរបស់អ្នកស្រី ជុំ សោភា ដែលទើបតែទទួលបាននៅក្នុង ភូមិគោកក្តុល ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០២៣។ ខេមបូចា/ ម៉ិច ជូឡាយ

អ្នកស្រី ជា សុភាព រស់នៅភូមិត្នោតកំបុត ឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាយុ៣៥ឆ្នាំ។ ដែលកាលពីមុនធ្លាប់មានមុខរបរជាអ្នករាយមង និងប្តីជាអ្នកបើកទូកដឹកភ្ញៀវ​តែ​​ឥឡូវ​​អត់មានទូក អត់ចង្វារ។ ដូចនេះប្តីគាត់ក៏បានទៅស៊ីឈ្មួលនេសាទឱ្យគេ។

អ្នកស្រី​បាន​បន្តថា៖ «ថ្ងៃណាខ្លះក៏បានហើយថ្ងៃណាក៏អត់៤ទៅ៥ថ្ងៃបានទៅម្តង គេហៅ​ឱ្យ​ជួល​នេសាទ​ក្នុងមួយថ្ងៃបាន៣ម៉ឺន ប៉ុន្តែពេលខ្លះមកវិញមួយរយក៏មិនបាន ដោយសារតែអត់​មាន​ត្រី»

រាល់ថ្ងៃអត់មានបង្គន់អនាម័យប្រើប្រាស់ទេដោយសារតែជីវភាពខ្វះខាតហើយជំពាក់ធនាគារ ដូចនេះ ទាក់ទងនឹងបង្គន់ប្រសិនបើយើងធ្វើត្រូវចំណាយលុយច្រើន ប្រហែលពី២០០​ទៅ​៣០០​​ដុល្លារ​ នេះគ្រាន់តែចំណាយធ្វើបង្គន់។

អ្នកស្រីបានបន្តថា៖ «ពួកខ្ញុំអត់មានបង្គន់អនាម័យប្រើ៤ឆ្នាំមកហើយ ពីមុនមានប៉ុន្តែ​ដោយសារ​ខ្ញុំលក់ផ្ទះពីខាងត្បូង មកនៅខាងជើងវិញគ្រួសារខ្ញុំជំពាក់បំណុលគេហើយ​រក​ចំណូល​អត់បាន»

អ្នកស្រី សុភាព​ បានបន្ថែមថា ពេលអត់បង្គន់ពិបាកខ្លាំងពេលត្រូវបត់ជើងត្រូវទៅចូលព្រៃ កាន់ចបកាប់ចូលទៅដើម្បី​បត់ជើង​ធំ នៅពេលដើរទៅមានសត្វពស់សត្វអីត្រូវជួបប្រទះ ហើយ​​មានបន្លា មុតជើង​មុតដៃ​ហើយកូននៅតូចៗមួយថ្ងៃៗត្រូវបត់ជើងច្រើនដង។

លោក ចាន់ សុភារី ជាបុគ្គលិកសម្របសម្រួលការងារអនាម័យសហគមន៍របស់អង្គការ Wetlands បាន​ថ្លែងថា ការដំឡើង Handipod ឱ្យប្រជាជននៅតាមផ្ទះ​របស់គាត់វាមាន​សារ:សំខាន់​ណាស់ដែលជួយសម្រាលដល់បញ្ហាអនាម័យ និងសុខភាពពួកគាត់។ គាត់ទទួល​បានប្រព័ន្ធនេះគឺការបត់ជើងមិនបានទម្លាប់ទៅក្នុងបឹងទន្លេសាបក្នុងទឹកតំបន់ដែលគាត់រស់នៅទេ។  

លោកបន្តថា វាមិនប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះនៅក្នុងតំបន់គាត់រស់នៅដែរ ហើយធ្វើឱ្យទឹក​ល្អ​ប្រសើរឡើង​សម្រាប់គាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ ដោយសារកាកសំណល់​ដែលគាត់​បត់​ជើងរាល់ថ្ងៃ ប្រភពមេរោគ បាត់តេរី  វីរុសមួយចំនួនដែលប៉ះពាល់ទៅដល់សុខភាព​គាត់ត្រូវ​បាន​ស្តុកទុកនៅក្នុងប្រព័ន្ធដែលវាមិនអាចហូរចេញទៅក្រៅបានទាំងអស់ទៅក្នុងទឹកឡើយ។

លោកបញ្ជាក់ថា ប្រជាជនដែលរស់នៅលើបឹងទន្លេសាបប្រឈមនឹងបញ្ហាសុខភាពខ្លាំង​មិនថា​មនុស្សចាស់ រឺក្មេងធ្វើឱ្យពួកគាត់មានផលប៉ះពាល់ផ្នែកជីវភាព ការអប់រំ​​​ និងសេដ្ឋកិច្ច​គ្រួសារ ដោយសារកង្វះអនាម័យក្នុងពេលបច្ចុប្បន្ននេះ ការបន្ទោបង់ក្នុងបឹងទន្លេសាប។

លោក សុភារី បានបន្តថា៖ «ដើម្បីដោះស្រាយក្នុងការទប់ស្កាត់ការបន្ទោបង់នេះ​គឺមានតែ​សាង​សង់​បង្គន់ព្រោះវាមានសារ:សំខាន់ណាស់ដែលជួយសម្រាលដល់បញ្ហាអនាម័យ និង​សុខភាព​ពួកគាត់ដោយសារគាត់បត់ជើងទម្លាក់ទៅក្នុងទឹកបឹងបណ្តាលឱ្យទឹកបឹងកខ្វក់សម្បូរទៅ​ដោយ​មេរោគហើយគាត់ក៏បានយកទឹកមកប្រើប្រាស់វិញជាបញ្ហាប្រឈមធ្ងន់ធ្ងរមែនទែន»

លោក សុភារី បានឱ្យដឹងថា ផលវិបាកក្នុងការអនុវត្តន៍គម្រោងនេះមានផលវិបាកច្រើន​​ជាង​លើគោក ទីមួយ ពាកព័ន្ធនឹងការចំណាយខ្ពស់នៅក្នុងតំបន់ទឹក​មិនថាការចំណាយការ​ដឹក​ជញ្ជូន​ការធ្វើដំណើរជួបអាជ្ញាធរជួបមេភូមិគឺចំណាយខ្ពស់ហើយប្រឈមនឹង​ហានិភ័យ​ពេល​ទឹកឡើងប៉ះខ្យល់ប៉ះក្នុងការធ្វើដំណើររបស់បុគ្គលិក។ ហើយបញ្ហាប្រឈមមួយទៀត​ទាក់ទង​នឹងសម្ភារ:សាងសង់ឱ្យគាត់វាមានតម្លៃថ្លៃ ដូចជាប្រភេទឈើកម្រដែលយកទៅ​ធ្វើ​ស៊ុមដើម្បី​ភ្ជាប់ប្រព័ន្ធទៅនឹងផ្ទះរបស់គាត់។

លោកបានលើកឡើងទៀតថា ផលវិបាកមួយចំណោមផលវិបាកដទៃ គឺការដំឡើងដោយសារ​ផ្ទះរបស់​ពួកគាត់មានភាពទ្រុឌទ្រោមត្រូវរើជួសជុលជារៀងរាល់ឆ្នាំហើយការដំឡើងត្រូវតែ​ប្រយ័ត្ន​ប្រយែងមើលតាមស្ថានភាពផ្ទះរបស់គាត់ហើយធ្វើការអប់រំណែនាំទៅកាន់ពួកគាត់​ត្រូវ​តាម​ដានត្រូវផ្តល់ការប្រឹក្សាយោបល់បន្ថែមទាក់ទងនឹងការប្រើប្រាស់ដើម្បីឱ្យមាន​និរន្តរភាព​ប្រើ​បានយូរអង្វែង។

លោក សុភារី បានបញ្ជាក់ទៀតថា៖ «ដើម្បីឱ្យដឹងអំពីគុណភាពបង្គន់អនាម័យ យើងបានធ្វើ​តេស្ត​ទឹក​ទៅបានឃើញថា​ប្រភពមេរោគដែលបង្កឱ្យមានជំងឺរាគរុស រឺជំងឺផ្សេងឃើញថា​មាន​ការថយចុះពេលដែលយើងបានដំឡើងប្រព័ន្ធនេះ»

លោក សុភារី បានបន្ថែមថា អង្គការបានពន្យល់ថាបង្គន់អនាម័យ​នេះបាន​ចម្រុះមាន​ចេញ​មានចូលហើយមានបង្ហូរពីមួយទៅមួយដោយ​មានទុយោបង្កប់មានប្រហែល២០ទៅ៣០ដើមហើយទឹកដែលហូរចេញនេះមិនមានធំក្លិនមិនមានមេរោគអ្វីទេវាអាចហូរចូលទន្លេនៅខែវស្សា

ស្រី្តម្នាក់កំពុងប្រមូលសំរាមក្បែរផ្ទះ នៅក្នុងភូមិដីក្រហម ឃុំកំពង់ភ្លុក ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០២៣។ ខេមបូចា/ ម៉ិច ជូឡាយ

អ្នកស្រី សិន សុភាព មានអាយុ៥៣ឆ្នាំ មានកូន៤នាក់ និងមានមុខរបរលក់ដូរ​បន្តិច​បន្តួច​​ក្នុងសាលានៃភូមិគោកក្ដុល មុនពេលមិនទាន់បានបង្គន់អនាម័យគ្រួសារ​របស់គាត់​បានទៅ​បន្ទោបង់នៅផ្ទះរបស់បងប្អូនវាមានការលំបាក។ ពេលបានបង្គន់អនាម័យនៅលើផ្ទះខ្លួនឯង​វាសម្រួលដល់មនុស្សចាស់ និងក្មេងៗ យប់ព្រលប់មិនចាំបាច់ទៅសុំបង្គន់ផ្ទះរបស់បងប្អូន។

អ្នកស្រី សុភាព បានបន្តថា៖ «មានបង្គន់ វាស្រួលមានមនុស្សចាស់ ហើយស្រួលដល់គាត់​អាយុ ៧០ជាងហើយ គាត់ថាមិនពិបាកចុះទៅផ្ទះកូនក្មួយនៅពេលយប់ព្រលប់ទៀតទេ»

អ្នកស្រី ជា ពុនណាយ អាយុ៥៦ឆ្នាំ មានកូន៣នាក់​មានមុខរបរជាអ្នកជួសជុលមងឱ្យគេបាន​តិចតួចក្នុងមួយអាទិត្យធ្វើបានមួយដង ហើយ​មួយថ្ងៃទទួលបានពីរម៉ឺនរៀល​ដោយសារ​ជីវភាព​គ្រួសារ​មានការខ្វះខាតអត់មានលុយធ្វើបង្គន់។

អ្នកស្រី ឱ្យដឹងថា ពេលអង្គការចុះមកបានហៅឱ្យទៅចាប់ឆ្នោតទៅ ​ហើយសំណាង​ក៏​ទទួល​បាន​​បង្គន់មានអារម្មណ៍ថាសប្បាយពេលបានបង្គន់ យើងវាអត់មានលុយធ្វើបង្គន់​នឹងគេ​បាន​គេធ្វើ​ឱ្យមានអារម្មណ៍ថាសប្បាយ​ អរគុណដែលបានមកធ្វើឱ្យ​គេប្រាប់ថាទឹកដែល​វាហូរ​ពី​បង្គន់​អនាម័យគឺបានចម្រុះកម្ចាត់មេរោគរួចហើយ

អ្នកស្រីបានបន្តទៀតថា៖ «ពេលអត់បង្គន់ យប់ត្រូវទៅបត់ជើងនៅព្រែកត្រូវមូសខាំ ពេល​ខ្លះ​ទៅកាប់នៅអន្លុងនៅខាងក្រោយ»

យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជននៅ​ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បាន​បញ្ជាក់ថា ប្រមាណ៨២,៨៣%នៃគ្រួសារកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ ក្នុងនោះ​តំបន់​ទីប្រជុំជន៩០,៤១% និងជនបទ៧៨,៣១%។

របាយការណ៍ដដែលឱ្យដឹងទៀតថា ចំពោះគ្រួសារកម្ពុជាដែលមិនមានបង្គន់អនាម័យប្រើមាន​១៧,១៧% ក្នុងនោះទីប្រជុំជនមាន ៩,៥៩% និងជនបទ២១,៦៩% បានន័យថា គ្រួសារ​កម្ពុជា​ឆ្នាំ២០១៩ មានបង្គន់​អនាម័យ​ប្រើប្រាស់៩គ្រួសារ ក្នុងចំណោម១០គ្រួសារ នៅទីប្រជុំជន និង​៨គ្រួសារនៅជនបទ។ ក្នុងនោះប្រមាណ៤៩,៦%នៃគ្រួសារមានបង្គន់អនាម័យ​នៅទីប្រជុំជន​ប្រើ​ប្រាស់បង្គន់ចាក់ទឹក ឬចុចបង្ហូរទឹក តភ្ជាប់ទៅប្រព័ន្ធលូ ចំណែកឯនៅជនបទមានត្រឹមតែ ២៤,៨%។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ថ្លែងក្នុងពិធី​អបអរសាទរ​ខេត្តកណ្តាល​ទទួល​​បានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់​ពាសវាលពាស​កាល​(ODF)​នៅ​ទី​ធ្លាសួនច្បារ​មាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងអភិវឌ្ឍន៍ជនបទ កំណត់​ផែនការផ្ដល់សេវាទឹកស្អាត និងអនាម័យជនបទ១០០ភាគរយក្នុងឆ្នាំ២០២៥ ក្រោយពីផែនការ​យុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ​ជនបទ បានសម្រេច​លើស​ផែនការ​ដែលបានគ្រោងទុកក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ និង បញ្ឈប់ការបន្ទោបង់​ពាសវាលពាសកាលត្រឹមឆ្នាំ២០២៥​​។

អ្នកស្រី សោភា បានបន្តទៀត​ថា៖ «អង្គការគេបានបង្រៀនខ្ញុំពីសារៈសំខាន់នៃបង្គន់​កម្ចាត់​មេរោគមួយនេះថា កាលណាយើងបន្ទោបង់មកវាធ្លាក់ក្នុងធុងមួយ ពីធុងមួយ​វាចូល​ដល់​ធុង២ ធុង២នោះលាមកយើង មិនទាន់រងថ្លាបានទេ តែអាចបញ្ចូលទៅធុងមួយ​ទៀត​វាថ្លា​ហើយ​គេអាចប៊ូមយកទៅធ្វើជាជីបានយកទៅកែច្នៃ»​​

អ្នកស្រី​បានបន្ថែមទៀតថា ការប្រើប្រាស់គឺវាមានភាពងាយស្រួល ដោយយើងមិនទៅឆ្ងាយ​ពីផ្ទះ​វាកាត់បន្ថយការដើរ​ហើរ​យប់ព្រលប់ហើយម៉ែចាស់ជរានៅលើផ្ទះគាត់អាចបត់ជើងបាន បើគ្មានបង្គន់នេះ គាត់ត្រូវ​ចុះ​ឡើងៗ៕

170 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម