សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋមួយចំនួនក្នុងភូមិមួយនៃខេត្តបាត់ដំបងសុំសង្គមស៊ីវិលជួយ ក្រោយពីអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយទំនាស់ផ្លូវចេញចូលភូមិ

ប្រជាពលរដ្ឋភូមិជ្រោយស្តៅជាង១០គ្រួសារលើកគ្នាទៅសមាគមអាដហុកខេត្តបាត់ដំបង ដើម្បីស្នើសុំជួយអន្តារគមន៍រឿងបិទផ្លូវចេញចូលភូមិពេលយប់ដែលមានទំនាស់អូសបន្លាយជាង៤ឆ្នាំ។ រូបថតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ សុខ សាវី)
ប្រជាពលរដ្ឋភូមិជ្រោយស្តៅជាង១០គ្រួសារលើកគ្នាទៅសមាគមអាដហុកខេត្តបាត់ដំបង ដើម្បីស្នើសុំជួយអន្តារគមន៍រឿងបិទផ្លូវចេញចូលភូមិពេលយប់ដែលមានទំនាស់អូសបន្លាយជាង៤ឆ្នាំ។ រូបថតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋភូមិជ្រោយស្តៅ៖ «ខ្ញុំចង់ឱ្យដោះដែកបាំងផ្លូវចេញ ឱ្យមានសេរីភាព​ដូចគេទូទៅ​ដែរ ផ្លូវលំភូមិគេ ទូទៅចេញចូលសេរីមិនដែលឃើញមាន​អ្នកមកធ្វើរបង​ដែកបិទផ្លូវមិនឱ្យ​ចេញ​ចូលពេលយប់ចឹងទេ ! ខ្ញុំចង់មាន សេរីភាពដូចគេ ពួកខ្ញុំអីក៏រស់នៅពិបាកម៉្លេះ!»

នេះជាការរៀបរាប់របស់អ្នកស្រី ថោង វ៉ាន់ស៊ុយ ជាប្រជាពលរដ្ឋរស់នៅភូមិ និងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈដែលគាត់និងអ្នកភូមិជាង១០គ្រួសារផ្សេងទៀត បានជួល​រថយន្ត និងម៉ូតូកង់បីជិះពីភូមិឡើងទៅសមាគមសិទ្ធិមនុស្សអាដហុក​ខេត្តបាត់ដំបង​កាលពី​សប្តាហ៍​ទី២នៃខែនេះឱ្យជួយអន្តរាគមន៍បញ្ហាផ្លូវចេញចូលភូមិ។

អ្នកស្រី វ៉ាន់ស៊ុយ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មកទល់ពេលនេះរយៈពេល​ជាង៤ឆ្នាំ​ហើយ​​​អាជ្ញាធរភូមិឃុំស្រុក នៅមិនទាន់អាចដោះស្រាយរុះរើរបងដែកដែលពលរដ្ឋម្នាក់បាន​បិទលើផ្លូវសាធារណៈមិនឱ្យប្រជាពលរដ្ឋប្រមាណ២០គ្រួសារ ឆ្លងកាត់ពេលយប់បាន​នៅ​ឡើយ​​ទេ ទើបពួកគាត់ឡើងមករកអង្គការសិទ្ធិមនុស្សជួយវិញម្តង ។

 អ្នកស្រី វ៉ាន់ស៊ុយ ដែលមានកូនពីរនាក់នឹងប្តីមានមុខរបរធ្វើកម្មករនិងចេញរកត្រី កង្កែប កណ្តូប​ពេលយប់ បានបញ្ជាក់រួមជាមួយប្រជាពលរដ្ឋផ្សេងទៀតថា មានអ្នកភូមិម្នាក់ឈ្មោះ លី សារឿន អាយុប្រហែល៦០ឆ្នាំ រស់នៅប៉ែកខាងមុខដែលផ្ទះរបស់គាត់ជាប់​នឹងផ្លូវជាតិលេខ៥​និងចំហៀងជាប់ផ្លូវក្បែររបងវត្តជ្រោយស្តៅ​​ ។ គាត់បានផ្សាររបងដែកមួយចំហៀងជាប់នឹង​របង​វត្តកម្ពស់លើជង្គង់ដែលអាចទាញមកចាក់សោជាប់របងដី ផ្ទះរបស់គាត់បិទផ្លូវ​សាធារណៈមិនឱ្យប្រជាពលរដ្ឋប៉ែកខាងក្រោយប្រមាណ២០គ្រួសារជិះម៉ូតូចេញចូលនៅពេលយប់ ដោយលើកហេតុផលថាគាត់ឈឺ ជិះម៉ូតូចុះឡើងដេកមិនបាន ។

អ្នកស្រី វ៉ាន់ស៊ុយ បន្ថែមថា៖ «គាត់ដេកក្នុងអង្រឹង លើក្បាលមានកែវឆ្លុះមួយចាំឈួល​មើល​មុខ​​គេស្ទើរទល់ៗភ្លឺ មិនព្រមដេក នៅពេលដែលលឺសម្លេងម៉ូតូឆ្លងកាត់ទីនេះ​តែងតែសួរគេថា​ទៅ​ណា ! ថ្ងៃមុនកូនខ្ញុំឈឺ ខ្ញុំជិះម៉ូតូ មកទិញថ្នាំម៉ោងប្រហែល៩យប់គាត់កាក់សួរដេញដោល និង​ស្តី​ឱ្យថាជិះចេញចូលៗរកដេកពួនមិនបាន ខ្ញុំរស់នៅហាក់គ្មានសេរីភាព»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី សួន ចិន្តា អាយុ៣៣ឆ្នាំដែល​រស់នៅប៉ែកខាងក្រោយ​ដែរ​បាន​និយាយ​ថា បុរសម្នាក់ខាងលើនេះមិនដឹងជាមានខ្សែរឺអាងអីនោះទេ សូម្បីតែអាជ្ញាធរភូមិឃុំ នគបាលឃុំមិនហ៊ានជាមួយគាត់ផង ទុកឱ្យគាត់ធ្វើរបងបិទផ្លូវសាធារណៈ​បានដោយសេរី​ច្រើន​ឆ្នាំមកហើយ ទោះបីប្រជាពលរដ្ឋស្នើសុំអាជ្ញាធរ​ជួយអន្តារគមន៍ច្រើនដងក៏ដោយ។

អ្នកស្រីបញ្ជាក់ថា បើសិនជាមិនលឺសូរសំឡេងម៉ូតូឆ្លងកាត់ពេលយប់គាត់​មិនទាញ​របង​បិទ​នោះទេ ប៉ុន្តែបើសិនជាលឺសំឡេងម៉ូតូឆ្លងកាត់ទៅមកមួយដងពីរដង គាត់ចាប់ផ្តើមទាញទ្វារ​ដែកបិទផ្លូវលែងឱ្យចេញចូលហើយ គឺបិទបើកស្រេចលើគាត់។ អ្នកស្រីបន្តថា វាប៉ះពាល់​យ៉ាង​ខ្លាំងដល់ប្រជាពលរដ្ឋនៅទីនេះពេលចង់ជិះម៉ូតូ ចេញពីភូមិទៅរកត្រី និងបាញ់កណ្តុរធ្វើម្ហូប​ពេល​យប់អីក៏ពិបាកដែរ សូម្បីតែមានកម្មវិធីហៅបង ប្អូនពីក្រៅមកចូលរួមក៏គេមិនហ៊ាន​មក​ដែរ ​ព្រោះខ្លាចត្រឡប់មកវិញចេញមិនរួច ។

អ្នកស្រី ចិន្តា ឱ្យដឹងបន្ថែមថា៖ «យើងជិះម៉ូតូឆ្លងកាត់តែពីរត្រឡប់គាត់ទាញរបងចាក់សោ បិទផ្លូវ​មិនឱ្យចេញចូល គាត់ថាឈឺរោគខ្សោយបេះដូងដេកអត់បាន ប៉ុន្តែខ្ញុំឆ្ងល់ចុះឡាន​ម៉ូតូ​គេបើកទល់ៗភ្លឺលើផ្លូវជាតិលេខ៥ ជាប់មុខផ្ទះគាត់ គាត់មិនថ្លង់ និងមិនធ្វើរបងបិទផ្លូវជាតិ​ដែរ​ទៅ!»

អ្នកស្រីចិន្តា និងពលរដ្ឋផ្សេងទៀតបន្ថែមថា ប្រជាពលរដ្ឋបានធ្វើពាក្យសុំឱ្យអាជ្ញាធរ​ជួយ​អន្តារគមន៍តាំងពីឆ្នាំ២០១៩មក គឺមិនទាន់មានដំណោះស្រាយនៅឡើយទេ ភូមិរុញទៅឃុំ ឃុំរុញទៅស្រុក  ស្រុករុញមកឃុំ  ហើយចុងក្រោយអាជ្ញាធរភូមិឃុំរុញឱ្យ​ទៅប្តឹងតុលាការ​ដើម្បីឆាប់ចប់ ដោយអាជ្ញាធរថារឿងដដែលៗ អស់សមត្ថភាពដោះស្រាយហើយ។

លោក ឆាន ប៊ុនឈឿត អនុភូមិជ្រោយស្តៅបានថ្លែងថា អាជ្ញាធរភូមិធ្លាប់បានហៅគាត់​មក​សម្របសម្រួល នឹងដោះស្រាយដែរកន្លងមក​ហើយបានណែនាំគាត់មិនឱ្យបិទផ្លូវសាធារណៈ​របស់រដ្ឋនោះទេ បើសិនជាក្មេងវាជិះម៉ូតូតម្លង់ រឺបើវាប្រព្រឹត្តអីខុស ទុកប៉ូលិសគេ​ដោះស្រាយ​ទៅ យើងប្រជាពលរដ្ឋមិនមានសិទ្ធិបិទផ្លូវរដ្ឋនោះទេ ប៉ុន្តែគាត់មិនស្តាប់។

លោក ប៊ុនឈឿត បន្តថា៖ «ប្រជាពលរដ្ឋនៅខាងក្រោយសុទ្ធតែក្រីក្រ គាត់ទៅលីស្រូវលីអី គាត់ត្រឡប់មកវិញម៉ោង១យប់អី គាត់បិទផ្លូវមិនឱ្យចូល គ្នាមានម៉ូតូថ្មីណា! មានតែម៉ូតូចាស់​វាលឺសំឡេងថ្លង់ខ្លះហើយ ចុះឡានបើកលើផ្លូវជាតិជាប់ផ្ទះគាត់មិនថាផង!។

លោកបញ្ជាក់ថា៖ «បីបួនឆ្នាំហើយខ្ញុំនិយាយមិនកើត យប់ណាម៉ោង១ ម៉ោង២ មិនបានដេក​ដោយសារ​គាត់ហ្នឹង! ប្រជាជនប្តឹងខ្ញុំ និងប៉ូលិសទៅដោះស្រាយទាំងយប់ គាត់មិនស្តាប់ គាត់​នៅតែបិទផ្លូវសាធារណៈដដែល ខ្ញុំអស់សមត្ថភាពហើយ!»

ចំណែកលោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្តៅបានថ្លែងដែរថា បញ្ហាខាងលើនេះកើតឡើង​ច្រើន​ឆ្នាំមកហើយ អាជ្ញាធរធ្លាប់បានហៅភាគីទាំងពីរមកសម្របសម្រួលដោះស្រាយ​គ្នា​ដោយ​មានទាំងធ្វើកិច្ចសន្យាផ្តិតមេដៃទាំងសងខាងផងដែរ គឺនៅពេលដែលគាត់ត្រូវគ្នាគាត់ទៅវិញ​ទៅ ហើយនៅពេលដែលមានបញ្ហាគាត់មកទៀតទៅ។

លោកបញ្ជាក់ថា ផ្លូវខាងលើនេះមិនមែនជាដីសាធារណៈរបស់រដ្ឋនោះទេ វាជាដីរបស់វត្ត គាត់មានសិទ្ធិបិទ។ ដោយលោកបន្ថែមថា ​លោក លី សារឿន បានកាន់កាប់ដីនេះតាំងពីឆ្នាំ ១៩៧៩ ហើយបានចែកដីឱ្យកូន ក្រោយមកបានឱ្យដីនោះទៅវត្ត ដោយគាត់បានចាក់ដី​អស់​ជាង៩០ឡានធ្វើផ្លូវឱ្យប្រជាពលរដ្ឋដើរមានទទឹង៥ម៉ែត្រ។

ផ្ទុយពីការលើកឡើងនេះអ្នកស្រី នូវ យឺន ​ អាយុ៧៤ឆ្នាំបាននិយាយថា គាត់រស់នៅភូមិនេះ​តកូនតចៅតាំងពី សម័យ លន់ នល់ ផ្លូវខាងលើនេះមានតាំងពីសង្គមមកបន្ត​រហូតដល់ឆ្នាំ​១៩៧៩ដល់បច្ចុប្បន្ន ​ដែលពីមុនជាផ្លូវភក់សម្រាប់គោដើរឆ្លងកាត់។

ផ្លូវចេញចូលផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ២០គ្រួសារ នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបិទរបងពេលយប់ មិនឱ្យពលរដ្ឋធ្វើដំណើរ។ រូបថត​នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ) 

អ្នកស្រី នូវ យឿន បានលើកឡើងថា៖ «ខ្ញុំមិនមែនប្តឹងផ្តល់មេភូមិមេឃុំអីទេ សុំ​ឱ្យតែ​ផ្លូវ​បើក​គ្រប់ពេលវេលាមក គេបិទយប់ ចុះកូនចៅនៅខាងក្រោយដប់ម្ភៃគ្រួសារ ឈឺស្កាត់យប់ព្រលប់ ថ្ងៃណាទៅរកស៊ីចាប់កណ្តុរ ចាប់កណ្តូប លាន់ស្រូវ លាន់អី យប់ព្រលប់ម៉ោង១ម៉ោង២អី​ត្រឡប់​មកវិញវាពិបាក!»។ 

លោក ឈៀម អេង មេភូមិជ្រោយស្តៅ វ័យ៧០ឆ្នាំដែលជាចាស់ទុំនៅភូមិនេះបានបញ្ជាក់ថា ផ្លូវខាងលើជាដី ធ្លារបស់វត្តមិនមែនជាកម្មសិទ្ធិរបស់អ្នកណានោះទេតាំងពីឆ្នាំ១៩៧៩មក ប៉ុន្តែ​ក្រោយមក​នៅឆ្នាំ២០១២ ខាងមន្រ្តីសូរិយោដីបានវាស់វែង ទុកផ្លូវទទឹង៥ម៉ែត្រ​ជាផ្លូវ​សាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅធ្វើដំណើរឆ្លងកាត់។

ទាក់ទងសំណួរសួរថាតើលោក លី សារឿន គាត់ជានណា ទើបបានអាជ្ញាធរមិនអាចហាម​ឃាត់​គាត់មិនឱ្យបិទផ្លូវសាធារណៈរបស់រដ្ឋបាន លោកមេភូមិបានបញ្ជាក់ថាគាត់ជា​ប្រជាពលរដ្ឋធម្មតា មិនដឹងថាគាត់អាងអ្វីនោះទេបានជាមិនស្តាប់អាជ្ញាធរ ប៉ុន្តែកន្លងមក​លោក​ធ្លាប់ឃើញមន្រ្តីពាក់សក្តិប្រាំម្នាក់មកលេងផ្ទះគាត់ដែរ មិនដឹងជាមានទំនាក់ទំនង​អ្វីនោះទេ។

លោក ឈៀម អេង បន្តថា៖ ​«អាជ្ញាធរអស់សមត្ថភាពដោះស្រាយហើយ ទៅដល់ស្រុកហើយ ធ្វើមិនកើតរុញមកឃុំវិញ ចឹងមានតែខេត្តអីចុះមកវាស់វែង ចេញលិខិតមកបញ្ជាក់ថាផ្លូវនេះ មិនអាចបិទបានទេជាផ្លូវសាធារណៈ»

ចំណែកលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល ហាក់មានការភ្ញាក់ផ្អើលនៅពេលសាកសួរ ជុំវិញរឿង ប្រជាពលរដ្ឋមានបញ្ហាខាងលើបានឡើងមកស្រុកដើម្បីឱ្យជួយដោះស្រាយ ដោយ​លោកថាមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។

លោក សម្បត្តិ បន្ថែមថា៖ «ដូចជាមិនធ្លាប់មានទេ ចាំមើលខ្ញុំសួរកូនចៅសិន! ចាំមើលខ្ញុំសិក្សា អគុណ!»

ទាក់ទងការបញ្ហាខាងលើនេះខេមបូចាមិនទាន់អាចទំនាក់ទំនងភាគីលោក លី សារឿន ដែលរងការចោទប្រកាន់ ដើម្បីធ្វើការបំភ្លឺបាននៅឡើយមកទល់នឹងម៉ោងចេញផ្សាយនេះ ។

លោក យិន ម៉េងលី មន្រ្តីសម្របសម្រួលអាដហុកប្រចាំខេត្តបាត់ដំបង និងប៉ៃលិន​បានមាន​ប្រសាសន៍ថា តាមផ្លូវច្បាប់បើជាដីសាធារណៈរបស់រដ្ឋ គឺមិនអនុញ្ញាត​ឱ្យបុគ្គលណាមួយមក​ហួងហែងបាននោះទេ។ លោកថាក្នុងនាមអាជ្ញាធរឃុំស្រុកជាប្រធានគណៈកម្មការគ្រប់គ្រង​ការប្រើប្រាស់ដីធ្លីថ្នាក់ឃុំនិងស្រុកដែលជាតំណាងឱ្យរាជរដ្ឋាភិបាល ត្រូវតែចាត់វិធានការ​ដោះ​ស្រាយជូនដល់ប្រជាពលរដ្ឋ។

 លោក ម៉េងលី បន្ថែមថា៖ «អាជ្ញាធរមិនត្រូវនិយាយហេតុផលអីច្រើនទេ បើសិនជាទ្រព្យ​សម្បត្តិ​​របស់រដ្ឋ ឃុំស្រុកត្រូវចាត់វិធានការឱ្យរុះរើរបងហ្នឹងចេញតែម្តង ដោយគ្មានសម្រប​សម្រួលអ្វីលើទ្រព្យសម្បត្តិរបស់រដ្ឋទេ»

លោកម៉េង លី បន្ថែមថាការអូសបន្លាយពេលវេលាតាំងពីឆ្នាំ២០១៩ ដល់២០២៣ រយៈពេល​ជាង៤ឆ្នាំ អាជ្ញាធររុញពីមួយទៅមួយ បន្ថែមពីនោះ រុញឱ្យប្រជាពលរដ្ឋទៅតុលាការទៀត គាត់​ឡើងចុះៗ ចំណាយថវិកាច្រើន វាធ្វើឱ្យប្រជាពលរដ្ឋឈឺចាប់។ ហើយវានឹងធ្វើឱ្យ​ប្រជាពលរដ្ឋ​ឈឺចាប់កាន់តែខ្លាំងទៀត បើសិនប្រជាពលរដ្ឋគាត់អត់យល់ អាចមានអំពើហិង្សាកើតឡើង កាន់​តែលំបាកថែមទៀតដល់ពួកគាត់ និងបន្ថែមពីនោះធ្វើ​ឱ្យពលរដ្ឋកាន់តែអស់ជំនឿលើ​អាជ្ញាធរ​មូលដ្ឋានក្នុងការផ្តល់សេវាជូនពួកគាត់។

លោក ម៉េងលី បន្ថែមថា៖ «ថ្នាក់លើគិតតែនិយាយពីរឿងធ្វើវិមជ្ឈការតួនាទី អំណាចដល់​ថ្នាក់​មូលដ្ឋាន តែថ្នាក់មូលដ្ឋានរុញយកតែរួចខ្លួន គាត់ហាក់បីដូចជាមិនចង់ប្រឈមមុខ តែ​ខ្ញុំ​មិន​ដឹង​ថាអាជ្ញាធរមូលដ្ឋានហ្នឹងមានការ ពាក់ព័ន្ធអីនឹងភាគីម្ខាងទៀតនោះទេ​បាន​ជា​ការដោះ​ស្រាយ​វាអូសបន្លាយយូរដូច្នេះ»

អាជ្ញាធរខេត្តបាត់ដំបងបានបញ្ជាក់លើផេករដ្ឋបាលខេត្តឱ្យដឹងថា ចាប់ពីខែតុលាឆ្នាំ២០២២ ដល់ដំណាច់ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានសម្រុះសម្រួល និងដោះស្រាយ​ទំនាស់​បានចំនួន២០៤ ករណីដោយជោគជ័យ និងបន្តប្តេជ្ញាខិតខំជួយការងារនេះ​ដល់សហគមន៍​ជា​បន្តទៅមុខទៀត។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងឱកាសប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​កាលពីថ្ងៃទី២៧​ខែតុលាឆ្នាំ២០២៣បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីបានពិនិត្យ​លើ​សេចក្តី​ព្រាង​ស្តីពីការបង្កើត ការរៀបចំនៃកិច្ចដំណើរការរបស់អាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការរួចហើយ។ ដោយលោកថា នេះជាកិច្ចការងារដ៏សំខាន់មួយក្នុង​កំណែ​ទម្រង់​វិស័យយុត្តិធម៌ ដូចនេះក្រសួងយុត្តិធម៌ត្រូវពន្លឿននីតិវិធីសេសសល់ ដើម្បីជំរុញឱ្យ​សេចក្តី​ព្រាងព្រះរាជក្រឹត្យនេះ ឱ្យដាក់អនុវត្តបានឆាប់រហ័សនៅពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរជាតិដោះស្រាយវិវាទ​ក្រៅប្រព័ន្ធ​តុលាការ និងជំរុញបង្ខិត​សេវាយុត្តិធម៌ ឱ្យកាន់តែជិតជាមូយប្រជាពលរដ្ឋនៅមូលដ្ឋានកាត់​បន្ថយការចំណាយថវិកា និងពេលវេលាសម្រួលបន្ទុក និងកាត់បន្ថយកក់ស្ទះសំណុំរឿង​នៅ​តុលាការ ជាពិសេសការពង្រឹងសុខដុមនីយកម្មនៅក្នុងសហគមន៍៕

266 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម