សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ថាប័នរដ្ឋ​ធានាឱ្យមានឡាន​ដឹក​កម្មករ​រោងចក្រ​ដែលមានកៅអីអង្គុយ​នៅត្រឹមឆ្នាំ២០២៤ និង​រថយន្តក្រុង​​ឆ្នាំ២០២៧

ឡានដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរចេញពីធ្វើការនៅឯរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)
ឡានដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរចេញពីធ្វើការនៅឯរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

បន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​ជាច្រើន​លើក​ច្រើនសា​ចាប់តាំងពី​ឆ្នាំ២០១៨មក នៅថ្ងៃពុធនេះ ស្ថាប័ន​រដ្ឋ​បាន​ប្ដេជ្ញានឹងធ្វើឱ្យការដឹកជញ្ជូនកម្មករ​មានសុវត្ថិភាពប្រសើរជាងមុននៅទូទាំងប្រទេស ដោយ​តម្រូវ​ឱ្យ​រថយន្តដឹកជញ្ជូន​កម្មករទៅមកកន្លែងការងារ​មាន​កៅអីអង្គុយត្រឹមត្រូវ ដែលជាទូទៅច្រើន​តែជា​ប្រភេទ​រថយន្តទ្រុងដែលគ្មានកៅអី ។ ការដំឡើងកៅអីអង្គុយ​ពេញលេញ​នៅលើរថយន្តដឹកជញ្ជូនកម្មករ​ត្រូវគេរំពឹងថា នឹងអនុវត្ត​ឱ្យបានមុនដំណាច់ឆ្នាំ២០២៤ ។

គោលដៅ​នៃការ​ផ្លាស់ប្ដូរ​ទៅរក​ការប្រើប្រាស់​រថយន្តក្រុងដឹកអ្នកដំណើរទាំងស្រុងតែម្ដងនៅត្រឹមឆ្នាំ២០២៧ ដើម្បីដឹកជញ្ជូនកម្មកររោងចក្រ​ កំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នា​នៅឡើយរវាង​ស្ថាប័ន​ពាក់ព័ន្ធនានា ដោយសារតែការផ្លាស់ប្ដូរពី​ឡានទ្រុងគ្មានកៅអីអង្គុយ​ទៅប្រើ​រថយន្តក្រុង​មានទ្វារបិទជិត​ប្រឈមនឹង​បញ្ហា​កង្វះធនធាន ។​

លោក ព្រាប ចាន់វិបុល ទីប្រឹក្សាក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និងជាអនុប្រធាន​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍តាមដងផ្លូវ​សម្រាប់​ការបង្ការគ្រោះថ្នាក់​កម្មករ បាន​លើកឡើងថា នៅឆ្នាំ២០១៩ ស្ថាប័នរដ្ឋ​បាន​គ្រោង​ការផ្លាស់ប្ដូរពី​ការប្រើប្រាស់​ឡានទ្រុង​គ្មានកៅអីអង្គុយ​ទៅប្រើ​រថយន្តក្រុង​ស្តង់ដារ​ដែលមានកៅអីអង្គុយត្រឹមត្រូវវិញ ។ ប៉ុន្តែ វាជាការផ្លាស់ប្ដូរដ៏លំបាក​ដោយសារតែ​ការចំណាយ​ខ្ពស់ ។

ទោះជាយ៉ាងនេះក្ដី នៅក្នុងសុន្ទរកថា​មួយ​កាលពីថ្ងៃពុធ លោក ចាន់វិបុល បាន​ជំរុញ​ឱ្យ​ម្ចាស់​ឡានដឹក​ជញ្ជូនកម្មករ​ផ្ដោតសំខាន់​លើ​ការ​ដំឡើងកៅអីអង្គុយ​នៅលើ​យានយន្តរបស់ពួកគេ ឱ្យបាន​មុន​ដំណាច់​ឆ្នាំ២០២៤ ដើម្បី​កាត់បន្ថយ​ហានិភ័យនៃការឱ្យ​កម្មករ​ឈរក្នុងពេលធ្វើដំណើរ ។ ជុំវិញ​បញ្ហា​នៃការប្រើ​រថយន្តក្រុង​មានទ្វារបិទជិត លោក​ ចាន់វិបុល បាន​និយាយថា ម្ចាស់​ឡានទ្រុង​គ្មានកៅអី​អាច​បន្ត​កិច្ចពិភាក្សា​ថែមទៀត​នៅពេល​បច្ចុប្បន្ន​នេះ ។

លោកបាននិយាយថា៖ «ដើម្បីសម្រេចគោលដៅ​ឱ្យបានមុនដំណាច់ឆ្នាំ២០២៤ ដំឡើងតែកៅអីអង្គុយ​ទៅ មិនចាំបាច់​រង់ចាំ[ការអនុវត្ត]ស្តង់ដារទេ ដោយសារតែវាមិនទាន់អាចទៅរួចទេ ក្នុងការ​កែ​ឡានទ្រុង​គ្មានកៅអីទៅជា​ប្រភេទរថយន្តក្រុង​មានទ្វារបិទជិតនោះ» ។ ដោយលោកបន្ថែមថា៖ «ដំឡើង​កៅអីអង្គុយ​ចំណាយអស់តែ ៣០០ដុល្លារ ទៅ ៤០០ដុល្លារប៉ុណ្ណោះ ហើយវានឹងកាត់បន្ថយ​ចំនួនអ្នកធ្វើដំណើរ​ ១០នាក់ ប៉ុន្តែ វា​ប្រសើរ​ជាង​ឈរ​ ។ ប្រសិនបើអ្នកអង្គុយ វាមានសណ្ដាប់ធ្នាប់ជាង មានផាសុកភាព និងសុវត្ថិភាពជាង» ។

បច្ចុប្បន្ន មានកម្មកររោងចក្រ​កាត់ដេរ​ប្រហែល ២២០.០០០នាក់ ដែល​ដឹកជញ្ជូន​ដោយ​យានយន្ត​ចំនួន ៣៣៣២គ្រឿង ។ ៦៥% នៃកម្មករសរុប​ធ្វើដំណើរដោយ​ជិះឡានទ្រុង​គ្មានកៅអីអង្គុយ ចំណែក​ឯ ៣៥% ទៀតធ្វើដំណើរតាមរថយន្តដែលមានទ្វារបិទជិតចំនួន ១៣៦៩គ្រឿង ។ ​

មធ្យោបាយ​ធ្វើដំណើរ​របស់ក​ម្មកររោងចក្រ​កាត់ដេរ​មាន​ពីរ​ប្រភេទ ។ ប្រហែល​ ៧៦% នៃកម្មកររោងចក្រ​ធ្វើដំណើរដោយ​ជិះឈរ​នៅលើ​ឡានទ្រុងគ្មានកៅអី ចំណែក​ឯ​កម្មករ​ផ្សេងទៀត​ក្រៅពីនេះ ធ្វើដំណើរតាមឡានទ្រុង​ដែលមានដំឡើងកៅអីត្រឹមត្រូវ ជាពិសេស កម្មករ​រោងចក្រ​នៅខេត្ត​កំពង់ចាម ។

លោក ខេង ខឿន អ្នកបើកបរ​ឡានដឹក​កម្មករ​នៅខេត្ត​កំពង់ចាម ដែលបានប្រកប​ការងារ​នេះ​រយៈពេល​ ៩ឆ្នាំមកហើយ បាន​ប្រាប់ ខេមបូចា ថា លោកបានដំឡើង​កៅ​អី​អង្គុយ​នៅលើ​ឡានរបស់​លោក ដោយ​ចំណាយអស់ ១៥០ដុល្លារ តាំងពីដំបូងទីមកម្ល៉េះ ដោយ​សារលោក​បារម្ភពី​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ ។ វាក៏ជា​លក្ខខណ្ឌតម្រូវ​របស់​ក្រុមហ៊ុនផងដែរ ។

លោកបាននិយាយថា៖ «ខ្ញុំគិតពី​សុវត្ថិភាពរបស់ពួកគេ​ បើ​ពួកគេ​ឈរ​ នៅពេលវាគ្រលែង […] ខ្ញុំគិតថាវាគ្រោះថ្នាក់ ។ វាដូចជា​ទឹក​កន្លះពាង​អ៊ីចឹង […] ពេលខ្លះ វា​គ្រលែងទៅស្ដាំ ទៅឆ្វេង ប៉ុន្តែ បើ​យើង​អង្គុយ វា​សុវត្ថិភាព​ជាង វា​នឹងជាង» ។

អ្នកបើកបរ​ដដែលបាននិយាយថា៖ «បើ[យើង]ដាក់​កៅអី វានឹង​ដឹក​[អ្នកដំណើរ]បានតិចនាក់ ជាង​ឈរ ។ ប៉ុន្តែ ចាប់តាំងពីខ្ញុំចាប់ផ្ដើម​ដឹកកម្មករមក ខ្ញុំ​មិនដែល​ឃើញ​អ្នកណាដឹកច្រើនជាងនោះ​ទៀតទេ» ។ លោក​និយាយថា កាលពីមុន លោកធ្លាប់ដឹក​ ៤០នាក់​ក្នុងមួយថ្ងៃ ប៉ុន្តែ ឥឡូវ ថយចុះពាក់កណ្ដាល ដែលនាំ​ឱ្យ​ចំណូលបានតិចជាងមុន ។ ពេលខ្លះ លោក​ត្រូវ​យក​លុយសន្សំពីគ្រួសារដើម្បី​ចាក់សាំង​ក៏មានដែរ ។

នៅពេលសួរថា​លោក​អាច​ប្ដូរពី​​ឡានទ្រុង​របស់​លោកទៅប្រើ​​ជា​ប្រភេទរថយន្តក្រុងវិញ ដែរឬទេ លោក​បាន​និយាយថា វាមិនអាចទៅរួចទេ ដោយសារតែស្ថានភាពផ្លូវ​មិនល្អ ឬ​មិនសមស្របនឹង​ឡានក្រុង ។ លោក​ក៏មិនមាន​លុយ​គ្រប់គ្រាន់ដើម្បី​ប្ដូរទៅប្រើ​រថយន្តក្រុង​ដែរ ។

លោក ព្រាប ចាន់វិបុល ទីប្រឹក្សាក្រសួង​សាធារណការនិងដឹក​ជញ្ជូន និងជា​អនុប្រធាន​ក្រុម​ការងារ​សុវត្ថិភាពចរាចរណ៍​សម្រាប់​កម្មកររោងចក្រ ធ្វើបទបង្ហាញពី​ការផ្លាស់ប្ដូរ​ពី​ឡានទ្រុង​ដឹកទំនិញ​ទៅជា​ឡានដឹក​អ្នកដំណើរ ដើម្បីធានាសុវត្ថិភាព​សម្រាប់​កម្មកររោងចក្រកាត់ដេរ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

កាលពីថ្ងៃពុធ សិក្ខាសាលាមួយដើម្បី​ផ្សព្វផ្សាយ​ពី​ការផ្លាស់ប្ដូរ​យានយន្តដឹកជញ្ជូន​កម្មករ​ស្របទៅតាម​លក្ខណៈបច្ចេកទេស​និង​ផាសុកភាព ត្រូវបានធ្វើឡើង​ដើម្បី​លើក​ទឹកចិត្ត​ដល់​ការប្រើប្រាស់​រថយន្ត​ដឹក​អ្នកដំណើរដែលមានទ្វារបិទជិតដើម្បីដឹកជញ្ជូនកកម្មករ​ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ២០២៧ ។

ក្នុងអំឡុងពេលសិក្ខាសាលានេះ អ្នកពាក់ព័ន្ធ ជាពិសេស អ្នកបើកបរ សហជីព អាជ្ញាធរមូលដ្ឋាន និង​អង្គការ​មិនមែនរដ្ឋាភិបាល បានលើកឡើងនូវបញ្ហា​នានា និងផ្ដល់ជាសំណើ​ផ្សេងៗ ។ អ្នកចូលរួម​ម្នាក់​បាន​និយាយថា៖ «ទោះបីមានសិក្ខាសាលាច្រើនទៀត​ក៏ដោយ ក៏[លទ្ធផល]នៅតែដដែល​ […] ប្រសិន​បើ​គ្មាន​វិធានការទេនោះ» ។

គម្រោង​ផ្លាស់ប្ដូរ​រថយន្ត​ ដែល​ផ្ដួចផ្ដើម​ដោយ​អង្គការ មូលនិធិបង្ការរបួសអាស៊ី (AIP Foundation) សហការជាមួយ​ក្រសួង​ការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​កាលពីឆ្នាំ២០១៨ ត្រូវបានអនុវត្ត​ជាមួយអ្នក​បើកបរ​ដែល​ផ្ដល់​សេវាកម្ម​ដល់​រោងចក្រ​ជាង ១០០០រោងចក្រ​នៅខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ស្វាយរៀង និង​ភ្នំពេញ ។

នាយកអង្គការ មូលនិធិ​បង្ការរបួសអាស៊ី ប្រចាំកម្ពុជា លោក គឹម បញ្ញា បាននិយាយថា រដ្ឋាភិបាល​គួរតែ​បញ្ឈប់«ជាស្ថាពរ»នូវការអនុញ្ញាត​ឱ្យ​ឡានទ្រុង​គ្មានកៅអីអង្គុយ​ដឹកជញ្ជូន​កម្មករ​ដោយ​ដាក់​ចេញ​នូវ​កាលកំណត់ច្បាស់លាស់ដើម្បី​បញ្ជៀស​បញ្ហាកើនឡើងបន្តទៅទៀត ។ លោក​បាន​កត់សម្គាល់ថា កាលពីឆ្នាំ២០២២ ចំនួន​ឡានទ្រុង​គ្មានកៅអី​មានត្រឹមតែប្រហែល ១៦០០​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ ឆ្នាំ២០២៤ ចំនួននេះបានកើនឡើង​ដល់​ជិត ២០០០គ្រឿង ។

លោក​បានជំរុញ​ឱ្យ​ស្ថាប័នរដ្ឋនានារិះរក​វិធី​ដើម្បី​ផ្ដល់​លទ្ធភាពដល់​អ្នកបើក​បរ​​មធ្យោបាយដឹក​ជញ្ជូនកម្មករ​រោងចក្រ​ ​ដើម្បី​អាច​ខ្ចី​បំណុល​ការប្រាក់ទាបត្រឹមពី ៦% ទៅ ៧% ក្នុងមួយឆ្នាំ ដែល​ស្រដៀងគ្នានឹង​វិស័យ​កសិកម្ម​និង​ទេសចរណ៍ដែរ ។ យោងតាម​លោក បញ្ញា ៩០% នៃ​អ្នក​បើកបរដែល​ AIP បានសម្ភាស បានបង្ហាញថា ពួកគេបានខ្ចីបំណុល​ក្នុង​អត្រាការប្រាក់ ១៦% ។ ​

បើទោះបីជាអត្រាការប្រាក់​ខុសគ្នាទៅតាម​ស្ថាប័ន​ហិរញ្ញវត្ថុក្ដី អត្រាការប្រាក់​ជាមធ្យម​បច្ចុប្បន្ន​សម្រាប់​ការ​ខ្ចី​លុយទិញ​រថយន្តពីធនាគារពាណិជ្ជនៅភ្នំពេញ ចាប់ផ្ដើមពីត្រឹម ៩,៥% ក្នុងមួយឆ្នាំ ។ ឧទាហរណ៍ កម្ចីធនាគារអេស៊ីលីដា​មានអត្រាការប្រាក់ពី ១២% ដល់ ១៨% ក្នុងមួយឆ្នាំ ។

លោក បញ្ញា ក៏បាននិយាយដែរថា ស្ថាប័នពាក់ព័ន្ធ​គួរតែផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការរក្សា​ចំណូល​របស់អ្នកបើកបរ​មធ្យោបាយ​ដឹកជញ្ជូន​កម្មកររោងចក្រ តាមរយៈការដំឡើងថ្លៃ​ពីកម្មករ​ដែល​ធ្វើដំណើរតាមឡាន ដើម្បី​ឱ្យ​អ្នកបើកបរអាចរកបានចំណូលថេរ​មួយ​ដូច​ពេល​បច្ចុប្បន្ន ។

រដ្ឋមន្ត្រីក្រសួងការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានសង្កត់ធ្ងន់ថា គោលដៅ​នៃការ​ផ្លាស់ប្ដូរ​ពីឡានទ្រុង​គ្មានកៅអី គឺ​មិនមែន​បង្កើន​សម្ពាធទៅលើ​អ្នកបើកបរ​មធ្យោបាយដឹកជញ្ជូន​ទេ ។ វា​ពាក់ព័ន្ធនឹង​សុវត្ថិភាព​និង​ផាសុកភាពរបស់​កម្មករ និងតម្រូវ​ឱ្យ​អ្នកបើកបរ​មាន​ទំនួលខុសត្រូវ ។ ជាងនេះ​ទៀត លោក​បាន​និយាយថា ការជំរុញ​នេះ​មិន​គួរ​បង្ខំ​ឱ្យ​ម្ចាស់ឡានទ្រុង​គ្មានកៅអី​ឱ្យផ្លាស់ប្ដូរ​រថយន្ត​របស់ពួកគេ​ភ្លាមៗនោះទេ ប៉ុន្តែ ជាការលើកទឹកចិត្ត​ឱ្យពួកគេ​ព្យាយាម​ឱ្យ​អស់​ពីលទ្ធភាព ។

លោកបានមានប្រសាសន៍ថា៖ «គោលដៅ​របស់រដ្ឋាភិបាល​ក្នុងការធ្វើ​ឱ្យ​ការដឹកជញ្ជូនកម្មករ​មានសុវត្ថិភាព​ជាង​មុន និងមានផាសុកភាពជាងមុន មិនមែន​សំដៅ​ទៅរក​ការធ្វើ​ឱ្យ​អ្នកបើកបរ​ ឬអ្នកទាំងឡាយដែល​ផ្ដល់សេវាទាំងនេះ បាត់បង់​ការងារ​នោះទេ ។ ប៉ុន្តែ វាជាគោលនយោបាយរបស់រដ្ឋាភិបាល​ក្នុង​ការ​ជួយ​អ្នកដែលផ្ដល់សេវាទាំងនោះ ទទួលបាន​រថយន្ត​ក្រុង​ ឬ​មធ្យោបាយដឹកជញ្ជូន​ដែលមានផាសុកភាពជាងមុន» ។

លោក ហេង ជឿន ប្រធាន​សហព័ន្ធ​កម្មករ​វិស័យ​កសិកម្ម​កម្ពុជា​ (CAWF) ដែលបានចូលរួម​នៅក្នុង​សិក្ខាសាលា បាន​ស្នើ​ឱ្យ​ស្ថាប័នពាក់ព័ន្ធ​នានា​ឱ្យ​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ ដោយសារ​លោក​បាន​កត់សម្គាល់ឃើញថា អ្នកបើកបរជាច្រើនផឹក​គ្រឿងស្រវឹងនៅក្នុង​ម៉ោងទំនេររបស់ពួកគេ ។

លោកបាននិយាយថា៖ «បើ​ទោះបី​ស្តង់ដារ​បច្ចេកទេស​យានយន្ត​ត្រូវទៅតាម​លក្ខខណ្ឌក៏ដោយ អ្នកបើកបរ​មិនអាច​គ្រប់គ្រង​ចង្កូត​បានត្រឹមត្រូវទេ ។ នេះ​អាច​ជាហានិភ័យ» ។ ដោយលោកបន្ថែមថា៖ «ខ្ញុំគិតថា ក្រសួង ព្រមទាំង​មន្ត្រី​បច្ចេកទេសចរាចរណ៍​ គួរលើកទឹកចិត្ត​ដល់​អ្នក​បើកបរ​ឱ្យទទួលបានការអប់រំអំពីសុវត្ថិភាពចរាចរណ៍ និង​មាន​បណ្ណបើកបរ​យានយន្ត​ត្រឹមត្រូវ» ។

លោកក៏បានលើកឡើងផងដែរថា មានបញ្ហាប្រឈមដ៏ធំមួយទាក់ទងនឹង​ការបើកបរ​នៅពេលស្រវឹង ដោយសារតែអ្នកបើកបរ​ដែលដឹកជញ្ជូន​មនុស្ស​ពី ២០នាក់ ទៅ ៣០នាក់ ឬ​ដល់​ទៅ ១០០នាក់ អាចបង្កគ្រោះថ្នាក់​ដែលនាំ​ឱ្យ​បាត់បង់ជីវិតមនុស្ស​បាន ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ State Institutions Ensure Seated Flatbed Trucks For Garment Workers by 2024, Buses by 2027

63 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម