សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គម្រោងផ្លាស់ប្ដូររថយន្តក្រុងជូនកម្មករក្នុងវិស័យកាត់ដេរបានដំណើរការសាកល្បងលើរោងចក្រគោលដៅមួយចំនួន

កម្មកររោងចក្រជិះលើរថយន្ត ធ្វើដំណើរទៅធ្វើការក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កម្មកររោងចក្រជិះលើរថយន្ត ធ្វើដំណើរទៅធ្វើការក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

គម្រោងផ្លាស់ប្ដូររថយន្តក្រុងជូនកម្មករក្នុងវិស័យកាត់ដេរដែលរៀបចំដោយស្ថាប័នរដ្ឋសហការជាមួយអង្គការដៃគូរផ្សេងៗ បានអនុវត្តសាកល្បងលើរោងចក្រ​គោលដៅ​ចំនួន៤៣ ដែលស្ថិត​ក្នុងតំបន់​សេដ្ឋកិច្ចពិសេសនៃរាជធានីភ្នំពេញ និងទីរួមខេត្តមួយ​ចំនួន។​ ការផ្លាស់ប្តូរនេះ ត្រូវ​បាន​អង្គការ​បង្ការ​របួសអាស៊ីរំពឹងថានឹងមានការប្រែប្រួលជាវិជ្ជមាន​​ខ្លាំងឡើង នៅ​ចុង​ឆ្នាំ​២០២២​ ឬ២០២៣ខាងមុខ។

លោក គឹម បញ្ញា នាយកប្រត្តិបត្តិនៃអង្គការបង្ការរបួសអាស៊ី មានប្រសាសន៍ថា គម្រោងផ្លាស់ប្តូររថយន្តនេះ ត្រូវបាន​ចាប់ផ្តើមដំណើរសាកល្បងតាំងពីឆ្នាំ២០១៨​ ហើយគោលបំណងនៃការផ្លាស់ប្ដូរ​រថយន្ត​ដឹកកម្មករនេះ ​ដោយសារតែអង្គការបង្ការបួសអាស៊ីយល់ឃើញថា ក្នុងមួយឆ្នាំៗ​មាន​កម្មករ​និយោជិតលើគ្រប់វិស័យស្លាប់ជាង២០ភាគរយដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ក្នុង​នោះ​កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅពេលដែលពួកគេធ្វើដំណើរទៅមកបំពេញការងារក៏រងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ​។

លោកបញ្ញា ឲ្យដឹងថា៖ «ទោះបីជាកម្មករនិយោជិតយើងភាគច្រើនដែលទទួលរងគ្រោះជាង​អ្នក​ជិះម៉ូតូ ប៉ុន្តែយើងមើលឃើញថាចំនួនកម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ ហើយធ្វើ​ដំណើរ​ដោយមធ្យោបាយរួម គឺនៅតែមានចំនួនច្រើនប្រហែល១០ភាគរយក្នុងមួយឆ្នាំៗ និង​កើតឡើងស្ទើរាល់ខែ ក្នុងមួយករណីៗមានកម្មកររាប់សិបនាក់ដែលរងគ្រោះបាត់បង់ជីវិត របួសធ្ងន់ធ្ងរ និងពិការ»។

លោកបញ្ញាថា បច្ចុប្បន្នគម្រោងផ្លាស់ប្ដូររថយន្តក្រុងជូនកម្មករក្នុងវិស័យកាត់ដេរនេះ បាន​អនុវត្តមកលើរោងចក្រគោលដៅចំនួន៤៣តែប៉ុណ្ណោះ ប្រសិនបើការអនុវត្តសាកល្បងនេះ​ជោគជ័យនឹងបន្តទៅរោងចក្រគោលដៅផ្សេងៗទៀតទូទាំងប្រទេស។ ត្បិតតែសកម្មភាព​របស់អង្គការមូលនិធិបង្ការរបួសអាស៊ីផ្ដោតតែរោងចក្រចំនួន៤៣ក៏ពិតមែន តែក្នុងការ​ជំរុញ​និងការប្ដូររថយន្តនេះ អង្គការនឹងព្យាយាមធ្វើឱ្យបានទូលំទូលាយទូទាំង​ប្រទេស។

លោកបន្តទៀតថា ទន្ទឹមនឹង​នេះ កិច្ចការទាំងអស់ខាងលើវាទាមទារពេលវេលាយូរបន្តិច​ក្នុង​ការ​​ធ្វើឱ្យ​មានភាពប្រសើរ​ឡើង​នៃសុវត្ថិភាពរបស់កម្មករនិយោជិតពេលធ្វើដំណើរ​បំពេញ​ការងារ ព្រោះគ្រប់គ្នាដឹង​ហើយថា ការប្រើរថយន្តមិនត្រឹមត្រូវតាមស្ដង់ដា គឺជា​ដើម​ចម​មួយ​ទៅ​ហើយនៃ​គ្រោះថ្នាក់​ចរាចរណ៍  ក្នុងនោះវាក៏មានធាតុផ្សំចូលច្រើន ដូចជាបញ្ហាឥរិយាបទ កត្តាផ្លូវ និងធនធាន។

លោកបញ្ញា លើកឡើងថា ត្បិតតែមានកម្មករជាច្រើនប្រើប្រាស់មធ្យោបាយផ្តាល់ខ្លួន តែក្នុង​នោះក៏មានអត្រាកម្មករដែលប្រើមធ្យោបាយរួមដែលបណ្តាលឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​ច្រើនគួរឱ្យកត់សម្គាល់ផងដែរ។​

កម្មកររោងចក្រចេញពីធ្វើការ នៅជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ស្របពេលដែលភាគច្រើននៃកម្មករជាង៧០០០០០នាក់ក្នុងវិស័យកាត់ដេរកំពុងប្រឈមនឹង​បញ្ហាគ្រោះ​ថ្នាក់ចរាចរណ៍នេះ អង្គការបង្ការបួសអាស៊ីរកឃើញមូលហេតុចំនួន៥ រួមមាន​ទីមួយ បទ​ពិសោធន៍របស់អ្នកបើកបរ និងការមិនគោរពវិធានសុវត្ថិភាពចរាចរណ៍ ទីពីរ គឺ​អត្រា​អ្នកពាក់​មួកសុវត្ថិភាពនៅមានកម្រិតទាបនៅឡើយ ទីបី គឺការប្រើប្រាស់មធ្យោបាយ​ដឹកជញ្ជូន​មិន​ត្រឹមត្រូវ​តាមស្ដង់ដាសម្រាប់ដឹកកម្មករនិយោជិត ដោយប្រើរថយន្តកែច្នៃ រថយន្តចាស់ៗ ដឹកលើសចំណុះជាដើម ទីបួន គឺដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ចសង្គមច្រើន ធ្វើឱ្យមាន​លំហូរ​ចរាចរណ៍ច្រើន និងចុងក្រោយគឺបញ្ហាហេដ្ឋារចនាសម្ព័ន្ធមិនទាន់​គ្រប់ជ្រុង​ជ្រោយ។

បើតាមរបាយការណ៍ដដែល គ្រោះថ្នាក់ចរាចរណ៍មិនបានប៉ះពាល់តែបុគ្គលរងគ្រោះផ្ទាល់ទេ តែក៏បានប៉ះពាល់ក្រុមគ្រួសាររបស់ជនរងគ្រោះជិត២លាននាក់ ខណៈដែលអ្នកទាំងនោះ​រំពឹង​ទៅ​លើការរកប្រាក់ចំណូលពីវិស័យកាត់ដេរ។

ទាក់ទងនឹងបញ្ហានេះ អង្គការបង្ការបួសអាស៊ីបាននឹងកំពុងអនុវត្តលើចំណុច​សំខាន់មួយក្នុង​ចំណោម​ធាតុផ្សំសំខាន់ផ្សេងទៀត គឺការបណ្ដុះបណ្ដាលកម្មករបើកបរដោយសុវត្ថិភាព ដែល​គាំទ្រដោយGIZ ផ្ដោតទៅលើការបណ្ដុះបណ្ដាលអ្នកបើកបរចំនួន១០០០នាក់ឱ្យមាន​ឥរិយាបទ​កាន់តែប្រសើរឡើង ​ ក្នុងខេត្តចំនួន៧នៃប្រទេសកម្ពុជា។

លោក គឹម បញ្ញា បញ្ជាក់ថា៖«យើងចង់ឃើញអ្នកបើកបររថយន្តដឹកកម្មករនិយោជិតប្រមាណ​៣០០០គ្រឿង ទទួលការបណ្ដុះបណ្ដាលពីការបើកបរដោយសុវត្ថិភាព ការផ្លាស់ប្ដូររថយន្ត​ដែលមិន​មានសុវត្ថិភាពមកជារថយន្តដែលមានសុវត្ថិភាព ខណៈបច្ចុប្បន្នមានរថយន្តកែច្នៃជិត​៦០% មិនទាន់​រៀបរយ»។

ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ លោក នាក់ ហេង បាននិយាយថា​ អ្នក​​បើកបរ​ឡានដឹកកម្មករបច្ចុប្បន្ន ក៏មានបញ្ហាប្រឈមខ្លះដែរ។ ហើយមូលហេតុដែល​ជំរុញ​អោយ​ពួកគាត់ត្រូវប្រើប្រាស់រថយន្តកែច្នៃ និងមិនគោរព​តាមគោលការណ៍ណែនាំ​ស្ដីពី​ច្បាប់​ចរាចរណ៍ផ្លូវគោក គឺដោយសារតែចំណួលរបស់កម្មកររោងចក្រជាដើម។

លោកមានប្រសាសន៍ថា៖ «កត្តាទីមួយពាក់ព័ន្ធនឹងថវិកា ដែលចំណាយក្នុងការផ្លាស់់ប្តូរ​រថយន្តថ្មី។ កត្តាទីពីរ ពាក់ព័ន្ធនឹងចំណូលរបស់កម្មករ ដោយសារកម្មករពួកគាត់ក៏​ត្រូវការ​ស្វែងរកឡានដែលធ្វើដំណើរដែលមានតម្លៃទាប ចឹងហើយបានជាផ្លាស់ប្ដូរ គឺមានដំណើរយឺតផងដែរ»។

លោកហេងបន្តថា រដ្ឋាភិបាលក៍មានការបន្ធូរបន្ថយចំពោះអ្នកដឹកជញ្ជូនកម្មករទូទៅដែរ។ ប៉ុន្តែការបន្ធូរបន្ថយនេះ គឺដោយសារតែខ្សែច្រវ៉ាក់ផលិតកម្មក្នុងរោងចក្រ បើសិនជាឡាន​ដែលដឹកជញ្ជូនកម្មករទាំងអស់នេះ មិនបានដឹកកម្មករទៅដល់រោងចក្រទេ នោះខ្សែច្រវ៉ាក់ផលិតកម្មមិនអាចដំណើរការបានឡើយ។

លោកលើកឡើងថា៖ «រឿងដែលយើងរួមគ្នាដោះស្រាយ គឺសុំអោយមានការចូលរួម ពីកម្មករ ទាំងរដ្ឋាភិបាល ទាំងអ្នកបញ្ជាទិញ និងទាំងអង្គការដៃគូទាំងអស់ ដើម្បីសិក្សានិងអោយ​រថយន្ត​ដែល​ដឹកកម្មករសព្វថ្ងៃមិនមានលក្ខណៈបច្ចេកទេស​ និងគ្មានលិខិតបទដ្ឋានត្រឹមត្រូវ ហើយយើងត្រូវធ្វើយ៉ាងម៉េចអោយរថយន្តនឹងមានបទដ្ឋានត្រឹមត្រូវ»។

លោកបន្ថែមថា ការចូលរូមដ៏សំខាន់មួយទៀតនោះគឺ បេឡាជាតិរបបសន្តិសុខសង្គម ដែល​គួរតែមានការវិនិយោគមួយសម្រាប់អ្នកបើកបរ ដើម្បីអោយអ្នកបើកបរទាំងនោះមានលទ្ធភាព​អាចផ្លាស់ប្ដូររថយន្តបាន។

បើតាមលោក គឹម បញ្ញា បានឱ្យដឹងទៀតថា ខាងអង្គការបាននឹងកំពុងសិក្សា និងរក​មធ្យោបាយ​ធ្វើយ៉ាងណាមិនឱ្យម្ចាស់ឡាននិងកម្មករបាត់បង់ប្រាក់ចំណូល និងចំណេញ​ថ្លៃប្រេង ព្រោះអង្គការមិនមានលទ្ធភាពក្នុងការទិញឡានថ្មីជូនអ្នកបើកបរនោះទេ បានត្រឹមតែ​ពិភាក្សារកវិធីសាស្រ្តជាមួយអង្គការដៃគូធ្វើយ៉ាងណាដើម្បី​ឱ្យអ្នកបើកបររថយន្ត​ដឹកកម្មករ ផ្លាស់ប្ដូររថយន្តមកជាប្រភេទស្ដង់ដា ដើម្បីសុវត្ថិភាពកម្មកនិយោជិត។

លោកបញ្ញាថា៖ «យើងនឹងទៅជជែកជាមួយពូកគាត់ នៅកម្រិតរោងចក្រ កម្រិតក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ដើម្បីរកឱ្យឃើញថាអ្នកបើកបរត្រូវការអី? កម្មករគាត់អាចជួយអីបាន? ភាគីផ្សេងទៀតដូចជារោងចក្រ អ្នកបញ្ជាទិញ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ថាតើគាត់អាចជួយអីបាន?»

កម្មកររោងចក្រជិះលើរថយន្ត ធ្វើដំណើរទៅធ្វើការក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ជាពិសេសខាងអង្គការនឹងខិតខំដើម្បីធ្វើយ៉ាងណាកុំឱ្យខាតអត្ថប្រយោជន៍អ្នកបើកបរទាំងនោះខ្លាំង ដោយសារតែម្ចាស់ឡានទាំងនោះប្រើប្រាស់មធ្យោបាយដែលបំពានច្បាប់ ព្រោះច្បាប់មិនអនុញ្ញាតឱ្យកែច្នៃរថយន្តដឹកទំនិញ មកដឹកកម្មកររោងចក្រនោះទេ។

លោកបញ្ជាក់ថា៖ «ម្ចាស់ឡានទាំងនោះ កែច្នៃរថយន្តដឹកទំនិញ ដឹកសត្វ មកដឹកកម្មករ​និយោជិតរបស់យើងក្នុងចំនួនច្រើន ឈរប្រតែងប្រតោងអ៊ីចឹងហ្អេ! ចឹង គាត់ខុសច្បាប់ យើង​មិនចាត់ទុកថាត្រូវតែមានច្បាប់ឃាត់ពួកគេទេ តែយើងត្រូវរកវិធីសាស្រ្តធ្វើយ៉ាងម៉េចប្ដូរ​រថយន្ត»។

ជាភាពវិជ្ជមាន លោកសង្កេតឃើញថា កន្លងមកមានរោងចក្រមួយចំនួននៅពេល​ដែលជជែក​ពីបញ្ហានេះ ខាងរោងចក្រចាប់ផ្ដើមមានការសម្របសម្រួល និងជួយសម្រួលបង់ថ្លៃរថយន្តដល់​កម្មករប្រចាំខែ និងការជួយផ្សេងៗទៀត។ចំណែកខាង កម្មករក៏មានឆន្ទៈក្នុងការបង់ប្រាក់ថែម ស្របពេលដែលកម្មករនិយោជិតទាំងនោះក៏ត្រូវការមធ្យោបាយធ្វើដំណើរសមរម្យដើម្បីធានាបានសុវត្ថិភាព។

នាយកប្រតិបត្តិរូបនេះ រំពឹងថាក្រោមការខិតខំទាំងនេះនៅចុងឆ្នាំ២០២២​ ឬ២០២៣ខាងមុខ នឹងមានការប្រែប្រួលជាវិជ្ជមានខ្លាំងសម្រាប់ការប្ដូររថយន្ត និងឥរិយាបទអ្នកបើកបរ ទាំងការ​ពាក់​មួកសុវត្ថិភាព និងការគោរពច្បាប់ទម្លាប់ជាដើម។

កម្មកររោងចក្រម្នាក់នៅខេត្តកំពង់ឆ្នាំង អ្នកស្រី ឈន សុភា អាយុ៣៧ឆ្នាំ  បានអោយដឹងថា ឡានដែលអ្នកស្រីធ្វើដំណើរ បានដឹកកម្មករជាង៥០នាក់ ដោយឈរតម្រៀបគ្នាជាជួរ និងមិនមានកន្លែងសម្រាប់អង្គុយឡើយ។

កាលពីដើមខែឧសភា ឡានដែលអ្នកស្រីធ្វើដំណើររាល់ថ្ងៃ បានជួបគ្រោះថ្នាក់ ដោយឡាន​បែកកង់ ហើយបណ្តាលអោយអ្នកស្រី និងកម្មករផ្សេងៗទៀតរងរបួសផងដែរ។

អ្នកស្រីថា៖​ «ពេលនោះខ្ញុំភ័យណាស់ ខ្លាចឡានក្រឡាប់ ប៉ុន្តែសំណាងដែរ ដែលអ្នក​បើក​គាត់ជាន់ហ្វាំងទាន់ មិនបណ្ដាលអោយមានអ្នករបួសធ្ងន់ឡើយ»។

បន្ទាប់ពីគ្រោះថ្នាក់នោះមក អ្នកស្រីនៅតែមានអារម្មណ៍ថាភ័យខ្លាចអំពីសុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ ហើយគ្រាន់តែចង់អោយការធ្វើដំណើរសព្វថ្ងៃទាំងទៅធ្វើការ និងទាំងទៅផ្ទះជួបតែ​សុវត្ថិភាព។

អ្នកស្រីលើកឡើងថា៖ «មួយខែខ្ញុំចំណាយ៣២០០០រៀល ថ្លៃធ្វើដំណើរ គឺជីវិតរបស់ខ្ញុំ និងអ្នក​ផ្សេងទៀត ត្រូវបារម្ភអំពីសុវត្ថិភាពរាល់ថ្ងៃ។ ហើយពួកខ្ញុំគ្រាន់តែចង់បានការធ្វើដំណើរ​ដោយ​សមរម្យ មិនចំណាយថ្លៃពេកចឹង ប៉ុន្តែអាចធានាសុវត្ថិភាពគ្រាន់បើជាងឡានពួកខ្ញុំ​ជិះសព្វថ្ងៃនេះ»។

រីឯកម្មកររោងចក្រម្នាក់ទៀត អ្នកស្រី បេង សុវណ្ណចេង អាយុ៤២ឆ្នាំ បាន​និយាយ​ថា សព្វថ្ងៃ​នេះ អ្នកស្រីក៏បារម្ភខ្លះដែលទាក់ទងនឹងសុវត្ថិភាពក្នុងការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និង​ពី​កន្លែងធ្វើការត្រឡប់ទៅផ្ទះ។

ក្នុងស្ថានភាពដែលធ្វើដំណើរក្នុងឡាន អ្នកស្រីបានរៀបរាប់ថា ត្រូវអង្គុយចង្អៀតគ្នា ហើយពេលខ្លះត្រូវបង្ខំអង្គុយលើដំបូលឡានថែមទៀត។

អ្នកស្រីថា៖ «ខ្ញុំក៏បារម្ភខ្លះដែរអំពីសុវត្ថិភាព ប៉ុន្តែធ្វើម៉េចបើគ្រោះថ្នាក់យើងមើលមិនឃើញ ហើយអ្នកផ្សេងទៀតសុទ្ធតែជិះចឹងដែរ វាដូចជាធម្មតាហើយ»។

តាមការស្រាវជ្រាវរបស់​អង្គការ​បង្ការបួសអាស៊ី ក្នុងឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍​កើតឡើង​ចំពោះកម្មករនិយោជិតក្នុង​វិស័យកាត់ដេរ​សម្លៀកបំពាក់ និងផលិតផលស្បែកជើង​មានចំនួន​២២០៦លើក ស្មើនឹងជាង​១៨៣លើក​ក្នុងមួយខែ។ គួរឱ្យសោកស្ដាយកម្មករនិយោជិតចំនួន​៣០នាក់​បានស្លាប់ និង៤៦៧នាក់ទៀត​បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទាំងនេះ។

បើតាមរបាយការណ៍បឋមរបស់អគ្គស្នងការនគរបាលជាតិក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២១នេះ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២១៣១លើក បណ្ដាលឱ្យមានអ្នកស្លាប់​ចំនួន១១៩៨នាក់ និងអ្នករបួសធ្ងន់ស្រាលចំនួន២៩២៩នាក់។ ក្នុងចំណោមករណីគ្រោះថ្នាក់​ទាំងនេះ​ក៏មានរថយន្តដឹកកម្មករកម្មការនីរោងចក្រផងដែរ ក្នុងនោះអ្នកស្លាប់ភាគច្រើន​ជាអ្នក​ជិះម៉ូតូ៧៧ភាគរយ និងអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៨ភាគរយ ការបើកលើសល្បឿន​កំណត់​៣២​ភាគរយ ការមិនគោរពសិទ្ធអាទិភាព២៤ភាគរយ និងគ្រោះថ្នាក់ដោយមិន​ប្រកាន់​ស្ដំា១៥ភាគរយ ស្រវឹង ៦ភាគរយ និងយានយន្តខ្វះលក្ខណៈបច្ចេកទេស៣ភាគរយ។

442 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម