យ៉ាងហោចណាស់ មនុស្ស១៣នាក់បានស្លាប់ និង២៤នាក់ បានរងរបួសកាលពីទៀបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីរថយន្តក្រុងធ្វើដំណើរពេលយប់មួយគ្រឿងបានធ្លាក់ចូលក្នុងអូរក្បែរផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន។
លោក ម៉ង់ វិទូ ស្នងការរងនគរបាលខេត្តកំពង់ធំ ទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ បានថ្លែងថា រថយន្តក្រុងរបស់ក្រុមហ៊ុន វីរៈ រិទ្ធី ដែលជាទូទៅមានអ្នកបើកបរពីរនាក់ប្ដូរវេនគ្នានៅពេលបើកបរពេលយប់ បានដឹកអ្នកដំណើរចំនួន ៣៧នាក់ ពេលដែលរថយន្តនោះបុកបង្កាន់ដៃស្ពាន រួចធ្លាក់ចូលអូរ នៅស្រុកសន្ទុក វេលាម៉ោងប្រហែល ៣:២០នាទី ទៀបភ្លឺ។
លោកបានមានថ្លែងថា៖ «ការសន្និដ្ឋានរបស់យើង គឺអ្នកបើកបរប្រហែលងងុយដេកនៅពេលគ្រោះថ្នាក់កើតឡើង»។ លោកបានប្រាប់បន្ថែមថា អ្នកដំណើរទាំងអស់ជាជនជាតិខ្មែរ ហើយមិនទាន់បានបញ្ជាក់ថាតើមានអ្នកបើកបរស្ថិតក្នុងចំណោមអ្នកដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរឬអត់នោះទេ។
រថយន្តក្រុងបានចេញដំណើរពីខេត្តឧត្តរមានជ័យ និងបានឈប់ដើម្បីទទួលយកអ្នកដំណើរនៅខេត្តសៀមរាប មុនពេលបន្តដំណើរឆ្ពោះទៅរាជធានីភ្នំពេញ ពេលដែលគ្រោះថ្នាក់បានកើតឡើង។
លោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក បានប្រាប់ថា អ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាលព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។ លោកបានបន្ថែមទៀតថា អ្នកដំណើរភាគច្រើនមកពីខេត្តឧត្តរមានជ័យ ប៉ុន្តែស្ថានភាពសុខភាពរបស់ពួកគេមិនទាន់ដឹងច្បាស់នៅឡើយទេ។

អភិបាលស្រុកសន្ទុក លោក ឡង គីសឹង បានថ្លែងថា សពអ្នកស្លាប់ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ ហើយអាជ្ញាធរបានរៀបចំរថយន្តសង្គ្រោះដើម្បីដឹកសពឱ្យក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ។
គ្រោះថ្នាក់នេះបានជំរុញឱ្យអ្នកតស៊ូមតិផ្នែកសុវត្ថិភាពចរាចរណ៍បន្តអំពាវនាវឱ្យពង្រឹងថែមទៀតនូវស្តង់ដារសុវត្ថិភាពចរាចរណ៍ និងការអនុវត្តការបើកបរប្រកបដោយសុវត្ថិភាព។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាក្រុមតស៊ូមតិសុវត្ថិភាពចរាចរណ៍បានមានប្រសាសន៍ថា៖ «ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ ការវ៉ាជែងដោយគ្រោះថ្នាក់ និងការមិនគោរពសិទ្ធិអាទិភាព»។ លោកបានឱ្យដឹងថា មានមនុស្សពី៣ ទៅ ៤នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃនៅកម្ពុជា។
លោក រតនៈ ដែលមិនបានធ្វើការសន្និដ្ឋានណាមួយអំពីស្ថានភាពអ្នកបើកបររថយន្តក្រុងវីរៈរិទ្ធី នៅពេលមានគ្រោះថ្នាក់នោះទេ បានលើកឡើងពីបញ្ហាទូទាំងប្រទេសដែលអ្នកបើកបរផ្លូវឆ្ងាយមិនបានសម្រាកគ្រប់គ្រាន់ ហើយក្នុងករណីខ្លះពួកគេប្រើប្រាស់សារធាតុដើម្បីកុំឱ្យងងុយគេងផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្ដែងការសោកស្ដាយចំពោះក្រុមគ្រួសារនៃសពជនរងគ្រោះ និងបានអំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ក៏ដូចជាការពង្រឹងការអប់រំនិងការអនុវត្តច្បាប់ចំពោះអ្នកបើកបរផងដែរ។
របាយការណ៍ចេញផ្សាយថ្មីៗនេះរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា មានមនុស្សជិត ៧០០នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ដែលមានចំនួនតិចជាងប្រហែល ១០០នាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងឆ្នាំ២០២៤ កម្ពុជាបានកត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤ករណី ដែលបណ្តាលឱ្យមនុស្ស ១៥០៩ នាក់ស្លាប់ និង ៣៧២០ នាក់រងរបួស។ ចំនួនអ្នកស្លាប់នេះបានថយចុះ ១៤% បើធៀបនឹងឆ្នាំ២០២៣៕
(រាយការណ៍បន្ថែមដោយ សុខ ស្រីម៉ី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Night Bus Crash in Kampong Thom Leaves 13 Dead










