សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ការពន្យារពេលយកពន្ធរបស់ លោក ត្រាំ អាចជួយបន្ថយសម្ពាធ ប៉ុន្តែវិស័យ​កាត់ដេរកំពុងស្ថិតនៅក្នុង​ភាពមិនច្បាស់​លាស់ 

កម្មករ​កាត់ដេរកំពុង​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៨​។ (ខេមបូចា/ ព្រីង សំរាំង) 
កម្មករ​កាត់ដេរកំពុង​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៨​។ (ខេមបូចា/ ព្រីង សំរាំង) 

ស្រប​ពេល​ដែល​រដ្ឋបាលលោកដូណាល់​ ត្រាំ កំពុង​តែ​បង្កើន​ភាព​តាន​តឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន រដ្ឋបាល​លោក​ ត្រាំ ​កាលពី​ថ្ងៃពុធ បាន​ពន្យារពេល​អនុវត្ត​ពន្ធ «បដិការ» ចំនួន​៩០​ថ្ងៃ សម្រាប់​ប្រទេស​ជាង​៩០ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ ដោយ​ទុក​ឲ្យ​អនុវត្ត​ពន្ធ​ត្រឹម​១០​ភាគ​រយ​សិន​ក្នុង​រយៈពេល​នេះ។​ 

ការ​ពន្យារពេល​នេះ បាន​ទុកឱកាសឲ្យ​កម្ពុជា​ចរចា​លើ​ពន្ធដែលអាមេរិកដាក់​​ចំនួន​៤៩​ភាគរយ លើ​ទំនិញកម្ពុជា​នាំចូល​ទៅ​កាន់សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​ធំបំផុត​មួយ​របស់​កម្ពុជា។ ពន្ធបដិការ​ដែលអាមេរិក​ដាក់​លើ​កម្ពុជា​នេះ​គឺ​ខ្ពស់ជាង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​​។​ 

លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) មាន​ប្រសាសន៍​ថា ​ទាំង​ម្ចាស់​រោង​ចក្រ និង​កម្មករ​កំពុង​បារម្ភ​ពីសេចក្ដី​ប្រកាស​ចំពោះ​​ការ​យក​ពន្ធ​លើ​ទំនិញ​កម្ពុជា​ពីសំណាក់​សហរដ្ឋអាមេរិក ហើយ​ការ​ប្រកាស​ឲ្យ​ពន្យារ​ការ​អនុវត្ត​នេះ​នៅ​មិន​ទាន់​លុបបំបាត់​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ​ដែរ។ ជាងពាក់កណ្តាលនៃការនាំចូលរបស់សហរដ្ឋអាមេរិកពីកម្ពុជាគឺសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលជាវិស័យមួយដែលបង្កើតបាន ៤៥ភាគរយ នៃប្រាក់ចំណូលនាំចេញរបស់កម្ពុជា និងផ្តល់ការងារដល់កម្មករជាង ៩០០,០០០។ កាល​ពី​ឆ្នាំ​មុន កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ចំនួន ៩,៩ ពាន់​លាន​ដុល្លារ​ទៅ​អាមេរិក ឬ​ជិត ៣៨ភាគរយ នៃ​ការ​នាំ​ចេញ​សរុប​របស់​ខ្លួន។​ 

កម្ពុជា​-អាមេរិក​ បាន​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​វិស័យ​វាយនភណ្ឌ​​កាលពី​ឆ្នាំ១៩៩៩ ដោយ​បាន​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​អាមេរិក​អាច​ទទួល​បានកម្មករ​មាន​តម្លៃ​កម្លាំង​ពល​កម្ម​ទាប និង​បាន​ធ្វើ​ឲ្យ​ការគាំពារ​សិទ្ធិ​ការ​ងារ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​។​  

ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃក៏ដោយ ក៏លោក ធន់ បានលើកឡើងថា ពន្ធ ៤៩ភាគរយ នៅតែស្ថិតនៅលើផ្លូវដែលត្រូវអនុវត្ត។ លោកបានថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលអាចដោះស្រាយបញ្ហានេះក្នុងរយៈពេលបីខែ វានឹងល្អ ប៉ុន្តែប្រសិនបើមិនដូច្នោះទេ វាអាចមានផលពិបាកធ្ងន់ធ្ងរ រោងចក្រអាចនឹងដាក់កម្រិតលើការនាំចេញ បិទ ឬផ្លាស់ប្តូរទីតាំងទៅកន្លែងដូចជាប្រទេសឥណ្ឌា អេហ្ស៊ីប ឬឥណ្ឌូនេស៊ី»។ 

អ្ន​កស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានបង្ហាញ​ក្ដីបារម្ភ​ប្រហាក់​ប្រហែល​នឹង​លោក​ អាត់ ធន់ ដែរ ប៉ុន្តែ​អ្នកស្រី នៅ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​កម្ពុជា-អាមេរិក នឹង​អាច​ឈាន​ដល់​កិច្ចព្រម​ព្រៀង​មួយ​ក្នុង​ន័យ​អា​ចកម្រិត​ ឬបញ្ជៀស​ផល​ប៉ះពាល់​ដល់​វិស័យ​នាំចេញ​ដ៏​សំខាន់​មួយ​នេះ​របស់​កម្ពុជា​។​ 

ត្រឹម​តែ​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស​ពន្ធរបស់​លោក ត្រាំ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ពី​ការ​បន្ថួរបន្ថយ​ពន្ធ​លើ​ទំនិញ​អាមេរិក​នាំ​ចូល​កម្ពុជា​ចំនួន​១៩​មុខ ពី​អត្រា​ពន្ធ​៣៥ភាគរយ មក​នៅ​ត្រឹម​៥ភាគរយ​។ លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​ផ្សាយ​​លិខិរបស់​លោក​ផ្ញើ​ទៅ​លោក​ត្រាំ​ លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​ក្រោយ​មក​ទៀត​គណៈរដ្ឋមន្ត្រី​របស់​លោក​បាន​បញ្ជាក់​ថា៖ «កំពុង​រង់​ចាំ​ភ្លើង​ខៀវ» ដើម្បី​បញ្ជូន​គណៈប្រតិភូទៅ​កាន់ទីក្រុង​វ៉ាស៊ីន​តោន​។​​ 

ពេល​សួរ​ទាក់ទង​នឹង​ការ​យល់​ឃើញ​របស់​រដ្ឋ​បាល​លោក​ត្រាំ​មក​លើ​ការ​បន្ថូរបន្ថយពន្ធ​របស់​កម្ពុជា ដើម្បី​បាន​ចរចាឲ្យ​អាមេរិក​បន្ថួរបន្ថយ​ពន្ធដែរនោះ អ្នកនាំពាក្យ​ស្ថាន​ទូតអាមេរិក​នៅ​កម្ពុជា បាន​បង្វែរ​សំណួរ​អ្នក​សារព័ត៌មាន​ទៅ​កាន់សេតវិមានវិញ​។​ 

ទោះ​បី​ជា​ការ​អនុវត្ត​លើអត្រាពន្ធ​ថ្មី​ត្រូវ​បាន​ពន្យារ​ពេល រដ្ឋបាល​លោក​ត្រាំ នៅ​តែ​គិត​គូ​រ​ល្អិតល្អន់លើ​មុខ​ទំនិញ​នាំចូល​ពី​កម្ពុជា ដោយ​បាន​អះអាងថា​កម្ពុជា​ជាប្រទេស​ទី​បី​ជួយ​បង្វែរ​ទំនិញ​ចិន​​គេ​ច​ពី​ការ​បង់​ពន្ធ​ខ្ពស់​ទៅ​កាន់​សហរដ្ឋអាមេរិក​​ដោយ​ឆ្លង​កាត់​កម្ពុជា​។​ 

លោក Stephen Higgins ស្ថាបនិក និង​ជា​អ្នកគ្រប់​គ្រងជាន់ខ្ពស់​ក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា និង​វិនិយោគ Mekong Strategic Capital មាន​ប្រសាសន៍​ថា ​ការ​យល់​ឃើញ​របស់​អាមេរិក​នេះ​គឺ​ផ្អែក​លើ​អតីត​កាល​របស់​កម្ពុជា​ដែល​បាន​ជួយ​នាំ​បន្ទះ​សូឡា​របស់​ចិន​ទៅ​អាមេរិក។ លោក​ថា៖ «ការណ៍​នេះ​មិនមាន​ប្រយោជន៍​ទាល់តែ​សោះ​សម្រាប់​កម្ពុជា»។​ 

លោក​ព្យាករ​ថា ​ការ​ព្យារពេលអនុវត្ត​អត្រា​ពន្ធ​ថ្មី​នេះ អាច​នាំ​ឲ្យ​មាន​សន្ទុះ​នៃ​ការ​បញ្ជា​ទិញ​មុន​កាល​បរិច្ឆេត​កំណត់​៩០​ថ្ងៃ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​ប្រឹង​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​សមស្រប​មួយ​។​ 

លោក​ក៏​បាន​ព្រមាន​ថា ចិន ដែល​នាំ​ទំនិញ​វាយនភណ្ឌ​១៨​ពាន់​លាន​ដុល្លារ​ទៅ​កាន់សហរដ្ឋអាមេរិក ក៏​អាច​បញ្ជូន​ទំនិញ​របស់​ខ្លួន​ទៅ​កាន់ទីផ្សារ​ផ្សេងដែល​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ពន្ធ​របស់​អាមេរិក ដែល​ការណ៍​នេះ​ក៏​អាច​ដាក់សម្ពាធ​ដល់​កម្ពុជា​។​ 

លោក​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​រោង​ចក្រ​វិញ នៅ​មិន​ទាន់​ប្រាកដចិត្ត​នៅ​ឡើយ​ថា​ត្រូវ​រើចេញ​ពីកម្ពុជា ​ឬអត់ ដោយ​មិន​ទាន់​ដឹង​ច្បាស់​ថា​អាមេរិក​នឹង​គិត​យ៉ាង​ណា​ក្រោយ​ការពន្យារពេល​អនុវត្ត​ពន្ធ​ថ្មី​៩០​ថ្ងៃ​។​ លោក​បន្ថែម​ថា៖ «​តើ​អ្នក​នឹង​អាច​រើ​រោងចក្រ​បាន​ដោយ​របៀប​ណា បើសិន​ជា​អ្នក​មិ​នទាន់​ទាំង​ដឹង​ពី​ជំហរ​របស់​អាមេរិក​ថា​នឹង​ធ្វើបែបណា​ផង…​ការ​រក​ស៊ី​ត្រូវការភាព​ច្បាស់​លាស់ និង​អាច​ស្មាន​ដឹង​ជា​មុន​បាន ហើយ​ពេល​នេះ​រដ្ឋបាល​លោក​ត្រាំ​ទំនង​ជាមិន​យល់​នូវ​អត្ថន័យ​នៃពាក្យ​ទាំង​នេះ​ផង​»។​ 

ជាមួយ​គ្នា​នេះដែរ ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​ចេ​ញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍នេះ ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​លើក​ឡើងថា​ ការពន្យារពេល​អនុវត្ត​ពន្ធ​បដិការ​របស់​អាមេរិក​នេះ​ជាសញ្ញា «វិជ្ជមាន» សម្រាប់មន្ត្រី​​កម្ពុជា​ក្នុង​ការ​ស្នើ​សុំ​ជួប​ចរចា​។​ 

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់ថា ​ការ​ពន្យារពេលអនុវត្ត​ពន្ធបដិការ​៤៩ភាគរយ ជា​ឱកាស​ក្នុង​ការ​ចរចា ប៉ុន្តែ​លោក​បដិសេធអត្ថាធិប្បាយ​លើ​ការ​លើក​ឡើង​របស់​អាមេរិក​ថា​កម្ពុជា​ជា​កន្លែង​ជួយនាំ​ទំនិញ​ចិន​ទៅ​អាមេរិក ឬ​ផល​ប៉ះពាល់​​ពន្ធ​មក​លើ​វិស័យ​កាត់​ដេរ​។​ 

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។​ 

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Trump’s Tariff Delay Eases Pressure, But Garment Sector Uncertainty Remains

36 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម