សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នគរបាលខេត្តស្ទឹងត្រែងស្តីបន្ទោសមិត្តរួមការងារ ដោយសារបំបៅកូននៅតាមទីសាធារណៈ

នគរបាលខេត្តស្ទឹងត្រែងប្រគល់ប្រាក់និងអំណោយដល់លោកស្រី ស៊ីថុង សុខា អធិការរងនគរបាលស្រុកសៀមប៉ាង បន្ទាប់ពីស្តីបន្ទោសមន្ត្រីនគរបាលរូបនេះពីដំបូង ដោយសារបំបៅកូននៅពេលកំពុងបំពេញការងារនិងតាមទីសាធារណៈ។ រូបភាព៖ ហ្វេសប៊ុក
នគរបាលខេត្តស្ទឹងត្រែងប្រគល់ប្រាក់និងអំណោយដល់លោកស្រី ស៊ីថុង សុខា អធិការរងនគរបាលស្រុកសៀមប៉ាង បន្ទាប់ពីស្តីបន្ទោសមន្ត្រីនគរបាលរូបនេះពីដំបូង ដោយសារបំបៅកូននៅពេលកំពុងបំពេញការងារនិងតាមទីសាធារណៈ។ រូបភាព៖ ហ្វេសប៊ុក

មន្រ្តីប៉ូលីសខេត្តស្ទឹងត្រែងម្នាក់ត្រូវបានថ្នាក់លើស្តីបន្ទោសចំពោះការបំបៅកូនរបស់ខ្លួននៅពេលកំពុងបំពេញការងារ ប៉ុន្តែក្រោយពីមានការរិះគន់នៅលើបណ្តាញសង្គមបន្តបន្ទាប់បានធ្វើឱ្យមន្ត្រីថ្នាក់ខេត្តដកការព្រមាននេះវិញ។

លោកស្រី ស៊ីថុង សុខា ជាអធិការរងនគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានបង្ហោះរូបថតរបស់លោកស្រីបង្ហាញការបំបៅដោះកូនរបស់លោកស្រីកាលពីថ្ងៃទី ២ ខែមីនាដោយមានបន្ថែមរូបសញ្ញា ដើម្បីបិទបាំងផ្នែកខ្លះនៃរាងកាយរបស់លោកស្រីផងដែរ។

លោកស្រីបានសរសេរនៅលើទំព័រហ្វេសប៊ុកថា៖ «តែពាក្យថាម្តាយ មិនថា​ក្នុងកាលៈទេសៈណាទេ ដើម្បីកូន [ម្តាយ] ភ្លេចអស់ភាពអៀនខ្មាស់»។

ប៉ុន្តែមន្ត្រីនគរបាលថ្នាក់ខេត្តនិងស្រុកបានកោះហៅលោកស្រីឲ្យចូលរួមប្រជុំនៅថ្ងៃទី ៩ ខែមីនា និងបង្ខំឱ្យលោកស្រីចុះហត្ថលេខាលើកិច្ចសន្យាដោយស្នើឱ្យលោកស្រីបញ្ឈប់ការបំបៅកូនជាសាធារណៈក្នុងឯកសណ្ឋាននគរបាលព្រោះវាប៉ះពាល់ដល់កិត្តិយសអង្គភាពនិងស្ត្រីខ្មែរ។

កិច្ចសន្យានោះសរសេរថា៖ «ខ្ញុំគ្មានបំណងបង្ហោះរូបភាពមិនសមរម្យនៅលើហ្វេសប៊ុក ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អង្គភាពនគរបាល រួមទាំងកិត្តិយសរបស់ស្ត្រីខ្មែរទេ»។

ថ្លែងប្រាប់ខេមបូចា លោកស្រី សុខា បាននិយាយថា លោកស្រីបានចុះកិច្ចសន្យា ប៉ុន្តែអះអាងថា លោកស្រីមិនបានធ្វើអ្វីខុសនោះទេ។

លោកស្រីបាននិយាយថា៖ «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាខ្ញុំខុសនោះទេ នៅពេលគេហៅមកខ្ញុំឲ្យចុះហត្ថលេខាលើកិច្ចសន្យានោះ។ ខ្ញុំគិតថា វាមិនខុសទេ ព្រោះខ្ញុំបានបង្ហោះ ដើម្បីបង្ហាញពីទឹកចិត្តម្តាយចំពោះកូន»។

លោកស្រី សុខា បាននិយាយថា លោកស្រីមានកូន ៣ នាក់ហើយបានយកកូនអាយុ ១៤ខែទៅធ្វើការជាមួយកាលពីសប្តាហ៍មុន ពីព្រោះគ្មាននរណាមើលកូននៅផ្ទះ។

លោក អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា អធិការនគរ បាលស្រុកបានហៅលោកស្រី សុខា មក ដើម្បីគ្រាន់តែអប់រំមន្ត្រីរូបនោះប៉ុណ្ណោះ ហើយសុំកុំឲ្យគាត់បំបៅដោះកូននៅទីសាធារណៈ។

លោកមានប្រសាសន៍ថា៖ «គ្មានការពិន័យគាត់ទេ។ យើងគ្រាន់តែហៅមកអប់រំគាត់និងកុំឲ្យគាត់បំបៅកូននៅទីសាធារណៈទៀត»។

លោកបាននិយាយថា លោកយល់ពី «ទឹកចិត្តម្តាយ» ប៉ុន្តែលោកស្រី សុខា គឺជាអធិការរងនគរបាលស្រុកហើយមិនគួរបង្ហោះរូបនោះនៅលើហ្វេសប៊ុកឡើយ។

ក្រសួងកិច្ចការនារីបានគាំទ្រសិទ្ធិរបស់លោកស្រី សុខា ក្នុងការបំបៅកូនរបស់គាត់។ ក្រសួងបានស្នើឲ្យគ្រប់ស្ថាប័នរៀបចំកន្លែងសមរម្យសម្រាប់ឲ្យស្ត្រីបំបៅដោះកូន និងថែទាំកូន ក្នុងអំឡុងពេលបំពេញការងារ ប្រកបដោយបរិយាកាសល្អ ប៉ុន្តែក្នុងករណីមិនមានកន្លែងសមរម្យ ស្ត្រីជាម្តាយគួរយកសម្ភារដើម្បី «បិទបាំង» ខ្លួនពេលបំបៅកូនដោយទឹកដោះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារីសរសេរថា៖ «ក្នុងករណីដែលស្ថាប័នមិនមានកន្លែងសមស្រប ស្ត្រីជាសាមីគួរតែមានឧបករណ៍ ដូចជាក្រម៉ាឬកន្សែង ដើម្បីអនុញ្ញាតឲ្យការបំបៅដោះកូននេះ អាចប្រព្រឹត្តិទៅដោយភាពសមរម្យ និងរលូន ចៀសផុតពីការរិះគន់ពីមហាជនមួយចំនួន ដែលថាជារូបភាពមិនសមរម្យប៉ះពាល់ដល់តម្លៃ​ និងកិត្តិយសរបស់ស្ត្រីខ្មែរ»។

លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា អភិបាល ខេត្តបានណែនាំមន្រ្តីនគរបាល ដែលបានស្តីបន្ទោសលោកស្រី សុខា ឲ្យសូមទោសលោកស្រី សុខា។

លោក ម៉ែន គង់ និយាយថា៖ «លោកអភិបាលខេត្តមានប្រសាសន៍ថាវាមិនខុសទេ ក្នុងការបំបៅកូន ហើយគ្មានមាត្រាណា ដែលត្រូវផ្តន្ទាទោសនរណាម្នាក់នោះទេ»។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា សកម្មភាពរបស់នគរបាលគឺជារឿងខកចិត្តនិងជាការរំលោភសិទ្ធិស្ត្រីយ៉ាងធ្ងន់ធ្ងរ។ លោកស្រីបាននិយាយថា វាជាការរំឭកដ៏ក្រៀមក្រំអំពីបទដ្ឋានសង្គមនិងវប្បធម៌ដែលដាក់ការទទួលខុសត្រូវលើស្ត្រី។

លោកស្រី ចក់ សុភាព បានមានប្រសាសន៍ថា៖ «ការបំបៅកូនដោយទឹកដោះមិនប៉ះ ពាល់ដល់កេរ្តិ៍ឈ្មោះរបស់នគរបាលទេ ទោះតាមមធ្យោបាយណាក៏ដោយ ហើយមិនមែនជារឿងគួរខ្មាស់អៀននោះដែរ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Stung Treng police reprimand colleague for breastfeeding her child

121 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម