លោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិនៅមិនទាន់ច្បាស់អំពីការវិលចូលឆាកនយោបាយវិញនោះទេ ដោយថាលោកមិនច្បាស់ថាតើការទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រអាចស្ដារសេរីភាពនយោបាយរបស់លោកបានវិញឬយ៉ាងណា ក្រោយពេលដែលតុលាការបានសម្រេចដកសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់លោកហើយនោះ។
លោក ស៊ុន ចន្ធី ត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយទទួលបានព្រះរាជទានលើកលែងទៅពីព្រះមហាក្សត្រ ពីបទចោទប្រកាន់លើបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយតុលាការកាលពីចុងឆ្នាំ២០២៤។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែទទួលបានដំណឹងថាការដែលដោះលែងខ្ញុំនេះ គឺដោះលែងដោយព្រះរាជក្រឹត្យរបស់ព្រះករុណា[ព្រះមហាក្សត្រ] ប៉ុន្តែខ្ញុំនៅមិនទាន់បានឃើញខ្លឹមសារព្រះរាជក្រឹត្យនោះនៅឡើយទេ»។
លោក ស៊ុន ចន្ធី ត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួនពីរឆ្នាំ និងត្រូវតុលាការសម្រេចផ្តន្ទាទោសមន្ថែមដោយដកសិទ្ធិឈរឈ្មោះបោះឆ្នោតឱ្យផងដែរ។
លោកបន្តថា៖ «ត្រង់ចំណុចនេះ[ការដកសិទ្ធិពលរដ្ឋជាស្ថាពរនេះ] ខ្ញុំមិនទាន់អាចបញ្ជាក់ការវិលត្រឡប់របស់ខ្ញុំទៅកាន់វិស័យនយោបាយបាននៅឡើយទេ»។
លោកបន្ថែមថា៖ «សព្វថ្ងៃខ្ញុំនៅជួបជុំគ្រួសារ នៅផ្ទះ។ ខ្ញុំមានផែនការធ្វើការងារកសិកម្ម ដាំដំឡូងមី និងដាំដំណាំរួមផ្សំជុំវិញលំនៅដ្ឋានដើម្បីទ្រទ្រង់ជីវភាពគ្រួសារ»។
លោកលើកឡើងទៀតថា៖ «ខ្ញុំបានជាប់ពន្ធនាគារជិតពីរឆ្នាំហើយ។ ខ្ញុំខកខានមិនបានជួយកិច្ចការគ្រួសារ។ ពេលនេះខ្ញុំចង់ចំណាយពេលជាមួយគ្រួសារ ផ្ដល់ភាពកក់ក្ដៅឲ្យគ្រួសារ»។
លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកវិលត្រឡប់ពីជួបជាមួយពលករនៅប្រទេសជប៉ុន។ ការចោទប្រកាន់បានធ្វើឡើងដោយផ្អែកលើសារដែលលោកបង្ហោះលើទំព័រហ្វេសប៊ុករិះគន់ដល់ការដឹកនាំរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ សារទាំងនោះមានខ្លឹមសាររិះគន់រួមមានលើគោលនយោបាយផ្ដល់បណ្ណក្រីក្រ ដែលអ្នកទទួលបណ្ណអាចទទួលសេវាថែទាំសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀតពីរដ្ឋាភិបាល។
បន្ថែមពីនេះ លោក ស៊ុន ចន្ធី កំពុងប្រឈមមុខនឹងបទចោទផ្សេងមួយទៀតទាក់ទងនឹងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ដោយសំណុំរឿងនេះត្រូវបើកសវនាការកាលពីថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែត្រូវលើកទៅពេលក្រោយ។ លោកបញ្ជាក់ថា៖ «បន្ទាប់ពីខ្ញុំដោះស្រាយរឿងក្ដីដែលនៅសេសសល់នៅតុលាការសិន នោះខ្ញុំនឹងបញ្ជាក់ជំហខ្ញុំជូនបងប្អូន»។
លោក ចន្ធី បន្ថែមថាលោកបានបាត់បង់សិទ្ធិគ្រប់គ្រងគណបក្សនយោបាយតាមផ្លូវច្បាប់តាំងពីពេលដែលលោកជាប់ពន្ធនាគារមកម្លេះ និងម្យ៉ាងលោកថាគណបក្សក៏បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីស្របទៅតាមលក្ខន្តិកៈរបស់គណបក្សហើយដែរ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានពន្យល់ថានៅពេលបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ វាមានន័យថាបុគ្គលនោះរួចផុតពីការចោទប្រកាន់។
លោកមានប្រសាសន៍ថា៖ «នៅពេលដែលសាលក្រមចូលជាធរមាន ការលើកលែងទោសពីព្រះមហាក្សត្រនឹងត្រូវបញ្ចប់រាល់ទោសទណ្ឌនានានេះការយល់ឃើញរបស់ខ្ញុំ»។
លោកសង្កេតឃើញថាគណបក្សនយោបាយមួយចំនួនកំពុងជួបការលំបាកដោយសារមានការចាប់ខ្លួនសកម្មជន និងមានបទចោទប្រកាន់ជាច្រើនលើអ្នកទាំងនោះ។ លោកបានអំពាវនាវឲ្យមានបរិយាកាសនយោបាយកាន់តែប្រសើរ និងស្នើឲ្យអាជ្ញាធរឈប់ធ្វើទុក្ខបុកម្នេញសកម្មជននយោបាយ និងមន្ត្រីគណបក្សប្រឆាំង។
លោកបន្ថែមថា៖ «គណបក្សនយោបាយដែលពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល និងគណបក្សកាន់អំណាច គួរតែនាំគ្នាបង្កបរិយាកាសសេរីនៅមុនការឆោះឆ្នោត ពិសេសសិទ្ធិនៅក្នុងការសម្តែងមតិ សិទ្ធិនៅក្នុងកិច្ចការងារផ្នែកនយោបាយ ធ្វើយ៉ាងម៉េចលើកស្ទួយសិទ្ធ្ិនឹងឱ្យបានកាន់តែប្រសើរថែមទៀត»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថាការលើកលែងទោសរបស់ព្រះមហាក្សត្រគឺធ្វើឡើងតាមការស្នើរបស់នាយករដ្ឋមន្រ្តី ក្រោយពីមានការពិនិត្យរបស់ក្រសួងយុត្តិធម៌លើអ្នកជាប់ពន្ធនាគារ ដែលបានអនុវត្តទោសបាន២ភាគ៣។
លោកបន្តថា អ្នកទោសខ្លួនឯងមិនអាចស្នើដោយផ្ទាល់ទៅព្រះមហាក្សត្រដើម្បីសុំការលើកលែងទោសនោះទេ។ ជំនួសមកវិញ ក្រសួងយុត្តិធម៌ គឺជាអ្នកត្រួតពិនិត្យ និងធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី ដែលមានសិទ្ធិស្នើសុំព្រះមហាក្សត្រក្នុងការលើកលែងទោស។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានលើកឡើងថាបទចោទថ្មីប្រឆាំងនឹងលោក ស៊ុន ចន្ធី ទាក់ទងនឹង «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» គឺជាបញ្ហាប្រឈមថ្មីទៀតដែលធ្វើឲ្យលោកពិបាកវិលចូលឆាកនយោបាយវិញ។
លោកឲ្យដឹងថា៖ «យើងមើលឃើញថាសកម្មភាពរបស់គាត់មិនបានឆ្លុះបញ្ចាំង ពីបទចោទរួមគំនិក្បត់នោះទេ។ ខ្ញុំបានស្គាល់លោក ស៊ុន ចន្ធី និងគោលបំណងរបស់គាត់ គឺដើម្បីលើកកម្ពស់ការបោះឆ្នោត មួយប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌»។
លោកលើកឡើងថាទាំងអ្នកសង្កេតការជាតិ និងអន្តរជាតិបានរិះគន់លើវិធានការផ្លូវច្បាប់មកលើសកម្មជនបក្សប្រឆាំង ថាជា «រឿងនយោបាយ»។
លោក រ៉ុង ឈុន បន្ថែមថាគណបក្សស្វាគមន៍ការវិលត្រឡប់របស់លោក ស៊ុន ចន្ធី បើសិនជាលោកសម្រេចចិត្តបន្តសកម្មភាពនយោបាយរបស់ខ្លួន។
កម្ពុជាត្រូវបានដាក់ឲ្យនៅចំណាត់ថ្នាក់ទាបទាក់ទងនឹងពិន្ទុវាស់វែងលើលំហសង្គមស៊ីវិល និងនីតិរដ្ឋ។
បទចោទញុះញង់នៅកម្ពុជាបានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្ស ព្រោះបទចោទនេះមានភាពមិនច្បាស់លាស់ និងទូលាយពេក ។ បើតាមអង្គការ លីកាដូ មាន «អ្នកទោសមនសិការចំនួន៩៧នាក់»កំពុងជាប់ឃុំនៅកម្ពុជា ដោយអ្នកទាំងនោះជាអ្នកនយោបាយ សកម្មជនបរិស្ថាន សកម្មជនសហជីព និងជាអ្នកសារព័ត៌មាន។ អង្គការសិទ្ធិមនុស្សចាត់ទុកថា អ្នកទាំងនោះជាប់ឃុំដោយ«គ្មានមូលដ្ឋានច្បាស់លាស់ក្នុងការចោទប្រកាន់ និងត្រូវជាប់ទោសដោយសារតែការបញ្ចេញមតិ ឬភាពជាសកម្មជនរបស់ពួកគេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sun Chanthy Uncertain About Returning to Politics After Royal Pardon





