សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋសហគមន៍តាតុក ទន្ទឹងរងចាំអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ

អ្នកស្រី អឹម សារឿន ដែលជាពលរដ្ឋរស់នៅសហគមន៍តាតុក ចង្អុលបង្ហាញកន្លែងពួកគាត់រស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
អ្នកស្រី អឹម សារឿន ដែលជាពលរដ្ឋរស់នៅសហគមន៍តាតុក ចង្អុលបង្ហាញកន្លែងពួកគាត់រស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សហគមន៍តាតុក ដែលមានប្រជាជនរស់នៅតាមបណ្ដោយប្រឡាយ០៣ ប្រមាណ៣៥គ្រួសារ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងទន្ទឹងរង់ចាំសាលា​ក្រុងចេញប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់ឱ្យពួកគេ ខណៈពួកគេបានដាក់ញត្តិតាំងពីចុងឆ្នាំ២០១៨ ដើម្បីសុំអន្តរាគមន៍រឿងដីធ្លី តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយ​នៅ​ឡើយ មានតែការរុញ​ដាក់​គ្នាពីស្ថាប័នមួយទៅមួយ។

តំណាងពលរដ្ឋក្នុងសហគមន៍តាតុក​​ ដែលស្ថិតក្នុង​ភូមិព្រែកថ្លឹង សង្កាត់ជើងឯក​ ខណ្ឌដង្កោ គឺអ្នកស្រី អឹម សារឿន​ វ័យ៥២ឆ្នាំ​ បានប្រាប់ឱ្យដឹងថា អ្នកស្រីបានតាំងទីលំនៅក្នុង​សហគមន៍​តាតុកតាំងតែពីឆ្នាំ២០០០ ហើយក្រោយមក រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍប្រឡាយ០៣ ដែលនឹងមានផលប៉ះពាល់ដល់សហគមន៍ ដែលអ្នកស្រីរស់នៅតាមបណ្តោយ​ប្រឡាយ​នេះ។ ដោយសារតែផលប៉ះពាល់នេះ សហគមន៍អ្នកស្រីបានដាក់លិខិត​ស្នើឱ្យមាន​ដំណោះ​ស្រាយ​ទៅដល់អាជ្ញាធរពាក់ព័ន្ធតាំងពីចុងឆ្នាំ២០១៨ តែពុំមានការឆ្លើយតបជាវិជ្ជមាន​ណាមួយ​នៅឡើយទេ។

អ្នកស្រីលើកឡើងថា៖ «មួយរយៈចុងក្រោយនេះខ្ញុំទៅដាក់ខ្ទង់៦ដង[ដាក់ញត្តិ] ហើយលើក​នេះគាត់ចេះតែឆ្លើយថាដោះស្រាយៗ តែមិនទាន់ឃើញចេញលទ្ធផលឱ្យ ស្រេចតែមាត់គាត់​ថារុញពួកខ្ញុំទៅនេះទៅនោះ»

អ្នកស្រីបានបន្តថា អ្នកស្រីក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត គឺទន្ទឹងរង់ចាំសាលាក្រុងចេញ​ប័ណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យពួកគេ ស្របពេលពួកគេបានដាក់សំណើរ​សុំអន្តរាគមន៍​តាំងតែ​ពីចុងឆ្នាំ២០១៨​មកម៉្លេះ។  ហើយពេលថ្មីៗនេះ អ្នកស្រីប្រាប់ថា ពលរដ្ឋប្រមាណ​២០នាក់បាន​ទៅតាមដានញត្តិម្ដងទៀតនៅសាលាក្រុង តែមន្រ្តីសាលាក្រុងគេចវេសក្នុងន័យ​មិនអើពើនិង​រកដំណោះស្រាយ មានតែការរកលេសថារវល់នេះរវល់នោះ និងរុញឱ្យទៅសួរក្រសួង​ផ្សេង​ទៅវិញ។

អ្នកស្រីសារឿន បានប្រាប់ឱ្យដឹងទៀតថា៖ «ខកចិត្តនឹងគាត់[អាជ្ញាធរ]  ខ្ញុំមិនដឹងសាលាក្រុង​មានមូលហេតុអ្វីទេ ព្រោះចេះតែពន្យាពេលរហូត ហើយក្រោយពេលដែលពួកខ្ញុំទៅខាងក្រុង​ចេះតែថាបែបនេះ បែបនោះដោយឱ្យទៅសួរក្រសួងសាធារណការ និងដឹកជញ្ជូនផង ទៅមន្ទីរ​ដែនដីផង»។  អ្នកស្រីបន្តថា៖ «ខ្ញុំមានអារម្មណ៍ថាគាត់ចង់ពង្វៀងពួកខ្ញុំចង់បោះបាល់ពួក​ខ្ញុំ​ហ្មង៎ ឱ្យពួកខ្ញុំរត់ចុះរត់ឡើងឱ្យអស់ចិត្តពួកខ្ញុំ តែពួកខ្ញុំអត់អស់ចិត្តទេ នៅតែធ្វើការ​បន្ត​ទៀតដើម្បីទាមទារប័ណ្ណកម្មសិទ្ធិ ធ្វើមិចឱ្យគាត់អភិវឌ្ឍនៅនឹងកន្លែង»។

អ្នកស្រី​ សារឿន រំលឹកឱ្យដឹងថា កាលដើមឡើយខាងសង្កាត់ និងខណ្ឌ បានចុះមកសម្រួល ព្រោះពីមុនខាងសាលាក្រុងលើកឡើងថាពលរដ្ឋទាំង៣៥គ្រួសារនេះនៅលើប្រឡាយ តែ​ពេល​ក្រោយមកខាងសង្កាត់ និងខណ្ឌជួយកែសម្រួលដាក់ថារស់នៅក្បែរចំណីប្រឡាយ ដូច្នេះ​អ្នក​ស្រីចង់ឱ្យអាជ្ញាធរចេញប្លង់ស្របច្បាប់ ដោយខ្វៀលដីសហគមន៍ចេញពីប្រឡាយ០៣។

អ្នកស្រី សារឿន រៀបរាប់ថា៖ «គោលបំណងដែលប្រជាពលរដ្ឋសហគមន៍តាតុក យើងចង់​បាន គឺទីមួយស្នើឱ្យខ្វៀលដីសហគមន៍នេះចេញពីប្រឡាយ០៣ ទីពីរចង់ឱ្យអាជ្ញាធរចេញ​ប័ណ្ណកម្មសិទ្ធិ ទីបីចង់ឱ្យអាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋសហគមន៍ចូលរួមដឹងឮ ពេលមាន​ការអភិវឌ្ឍណាមួយ»។

អ្នកស្រី សារឿន មានមុខរបរជាអ្នកលក់ត្រី និងមានកូន៩នាក់ក្នុងបន្ទុក ក៏បានលើកឡើង​ពីកង្វល់​ដែល​ខ្លួនខ្វល់ជាងគេបំផុត គឺពួកគេនឹង​រស់​នៅលិចលង់ក្នុងជង្ហុកទឹកនារដូវវស្សា ត្បិតថាមានឧកញ៉ាចាក់ដីលុបប្រឡាយដើម ហើយព័ទ្ធ​របងចោល ហេតុអ្វីអាជ្ញាធរមិនសួរនាំ ហេតុអ្វីមកធ្វើបាបតែប្រជាជនក្រីក្រ ស្លូតត្រង់ទៅវិញ។ ដូច្នេះហើយ បានជាពួកគេទាមទារ​ឱ្យមានប័ណ្ណកម្មសិទ្ធិ ដើម្បីចាក់ដីធ្វើផ្ទះឱ្យបាន​រស់នៅ​សមរម្យ។

អ្នកស្រីអះអាងថា ៖ «សព្វថ្ងៃនេះខ្ញុំរង់ចាំមើលថ្ងៃណាដែលអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិឱ្យ ដោយសារតែទីតាំងនេះវាជិតកន្លែងការងារ កូនចៅធ្វើការរៀនសូត្រអីនៅជិតនេះទាំងអស់។ ម្យ៉ាងដីឧកញ៉ា ក្រុមហ៊ុនគេចាក់ពេញអស់ហើយ ពួកខ្ញុំមិនលិច? បើសិនណា​អាជ្ញាធរ​ចេញ​ប្លង់ឱ្យខ្ញុំ ខ្ញុំចាក់ដីឱ្យផុតដូចខាងគាត់ហើយ»។

អ្នកស្រីក៏បានស្នើឱ្យសាលាក្រុងឆាប់ដោះស្រាយបញ្ហានេះ​ជូនប្រជាពលរដ្ឋ ដើម្បីឆាប់​បាន​ប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងដើម្បីសាងសង់ផ្ទះ ព្រោះឱ្យតែដល់ខែវស្សា​គឺទឹកលិចអស់​ហើយ​ពិបាកក្នុងការរស់នៅ ប្រកបរបររកស៊ី កូនៗទៅសាលារៀន ចិញ្ចឹមគោមាន់ទាអីក៏ពិបាក។

អ្នកស្រីបន្តថា៖ «លំបាកសព្វបែបយ៉ាង​ ឱ្យតែខែវស្សាភ្លៀងចាប់​ផ្ដើមធ្លាក់ គឺទឹកលិចហើយ ចង់រកស៊ីជួញដូរ ចិញ្ចឹមគោមាន់ទា អីក៏ពិបាកដែរ ខូចខាត​ទាំង​ទ្រព្យ​សម្បត្តិ ហើយចង់ជូន​កូនទៅរៀនអីទាល់តែចម្លងទូកទៅ»។

ស្ត្រីម្នាក់ជាពលរដ្ឋរស់នៅសហគមន៍តាតុក អង្គុយលើផ្ទះតូចរបស់គាត់ដែលជញ្ជាំង និងដំបូលធ្វើពីស័ង្កសី ស្ថិតនៅ​ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ចំណែកអ្នកស្រី ឡាយ តាំ អាយុ ៦៥ឆ្នាំ ជាពលរដ្ឋរស់នៅសហគមន៍តាតុក បានឱ្យ​ដឹង​ដែរថា អ្នកស្រីមានការបារម្ភ និងពិបាកចិត្តត្បិតអាជ្ញាធរ​មិនទាន់ចេញប្លង់កម្មសិទ្ធិ ព្រោះ​ឱ្យតែខែវស្សាមកទឹកជន់លិចលង់ផ្ទះសម្បែងលោកយាយ ចង់ចាក់ដីសង់ផ្ទះក៏មិនហ៊ាន ត្បិតមិនទាន់មានប្លង់ស្របច្បាប់។

អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំចាស់ជរាទីទ័លក្រ រស់នៅទីនេះពិបាក ឱ្យតែខែទឹកលិចមក លិចផ្ទះសម្បែងអស់ហើយ ចឹងបានខ្ញុំរង់ចាំគេចេញប្លង់ឱ្យហ្នឹង»។

អ្នកស្រី តាំ លើកឡើងនូវសំណើរមិនខុសពីអ្នកភូមិផ្សេងទៀតឡើយ ដោយចង់ឱ្យ​អាជ្ញាធរ​កាត់សហគមន៍នេះ ពីគម្រោងប្រឡាយ០៣ និងចេញប្លង់កម្មសិទ្ធិជូនពួកគាត់ បើពុំ​នោះទេ​ប្រជាជនទាំង៣៥គ្រួសារនៅទីនេះ នៅតែរងទុក្ខវេទនាដដែលមិនខាន។

អ្នកស្រីឱ្យដឹងថា៖ «វេទនាត្រង់ថា ក្រុមហ៊ុនគេចាក់ដីជុំវិញអស់មក ពួកខ្ញុំទឹកលិចលង់ទៅ ពួកខ្ញុំមិនហ៊ានចាក់ដីទេ ព្រោះគាត់[អាជ្ញាធរ]អត់ទាន់ចេញប្លង់កម្មសិទ្ធិឱ្យវាពិបាកចឹង បើគាត់ចេញប្លង់ឱ្យទោះបីផ្ទះតូច ផ្ទះធំក៏ដោយយើងចាក់ដីឱ្យខ្ពស់ផុតពីទឹកទៅ មិននៅ​តែ​ចឹងទេលិចនៅហ្នឹង»។

ស្ត្រីវ័យចំណាស់រូបនេះ ប្រាប់ឱ្យដឹងទៀតថា រូបគាត់អន់ចិត្តនឹងអាជ្ញាធរ ខណៈដែល​ប្រជាពលរដ្ឋ​ទៅពឹងពាក់ឱ្យជួយរកដំណោះស្រាយ តែបែរជារុញដាក់គ្នាទៅវិញ មិនយកចិត្ត​ទុកដាក់ខ្វល់​ខ្វាយពីសុខទុក្ខរាស្រ្តយ៉ាងណានោះទេ។

អ្នកស្រីថា៖ «ខ្ញុំអន់ចិត្ត ពេលគាត់រុញដាក់គ្នា បោះទៅបោះមក ថ្ងៃនេះថ្ងៃនោះ អត់មាន​ជួយដោះស្រាយពួកខ្ញុំឱ្យឆាប់ៗ ឃើញទុក្ខវេទនាប្រជាពលរដ្ឋហើយ អត់ទេ គិតតែរុញ​ទៅ​រុញមក គ្នាខាតពេលវេលារកស៊ី តិចៗគ្នាឡើងទៅ»។

អ្នកស្រីរូបនេះអះអាងថា ទីតាំងដែលអ្នកភូមិរស់នៅ គឺនៅលើក្បែរប្រឡាយ មិនមែន​នៅ​ក្នុង​ប្រឡាយ០៣នោះទេ។ អ្នកស្រីបន្តថា កាលដើមឡើយ​ទីតាំងនេះ​មិនមែន​ជាប្រឡាយ​ទេ​ គ្រាន់តែជាចង្អូរគេបង្ហូរទឹកមកធ្វើស្រែប្រាំងប៉ុណ្ណោះ ឯប្រឡាយ​ពិតប្រាកដ​អ្នកមានអំណាច​ចាក់ដីលុបបាត់ហើយ។

អ្នកស្រីថ្លែងថា៖ «ទីតាំងនេះមិនមែនប្រឡាយទេ ពីដើមមកគេធ្វើស្រូវប្រាំងពីក្រោម គេកាយ​ដីបង្ហូរទឹកចូលស្រែ ហើយអាប្រឡាយមែនទែនហ្នឹងឧកញ៉ាចាក់លុបហើយ ដល់តែចាក់លុប​ចឹង ទីតាំងនេះកើតទៅជាប្រឡាយទៅ»។

ចំណែកពលរដ្ឋមួយរូបទៀត គឺលោកយាយ ទូច សុន អាយុ៨០ឆ្នាំ បានឱ្យដឹងថា កំណើតកើត​ជារបស់លោកយាយគឺរស់នៅទីតាំងនេះ លោកយាយច្បាស់ណាស់ថាទីតាំងនេះ មិនមែនជា​ប្រឡាយទេ ហើយលោកយាយចង់បានតែប្លង់កម្មសិទ្ធិស្របច្បាប់សម្រាប់រស់នៅតំបន់នេះឱ្យបានសមរម្យដូចគេឯងប៉ុណ្ណោះ។

លោកយាយរៀបរាប់ទាំងទឹកមុខមាំថា៖ «ខ្ញុំស្គាល់ទីនេះ ខ្ញុំកើតនៅហ្នឹងរស់នៅហ្នឹង ត្រង់ស្ពាន​ហ្នឹងជាត្រពាំង មិនមែនប្រឡាយទេ ហើយខ្ញុំមិនចង់​បានអីក្រៅពីបានប្លង់​ដីកម្ម​សិទ្ធិ​របស់យើង​ទេ»។

គេសង្កេតឃើញថា ទីតាំងនៅជុំវិញសហគមន៍តាតុក មានការចាក់ដីព័ទ្ធរបងជុំជិត​ពីសំណាក់​អ្នកមានអំណាច ដែលទីតាំងនេះជាតំបន់សក្តានុពលនៅជាយក្រុង ហើយអ្វីគួរឱ្យកត់សម្គាល់​នោះការចាក់លុបដីជុំវិញសហគមន៍តាតុក ធ្វើឱ្យមានការលិចលង់ផ្ទះ​ពលរដ្ឋ៣៥គ្រួសារនា​រដូវវស្សា ព្រោះ​គេឃើញមានស្នាមទឹកលិចនៅជាប់នឹងជញ្ជាំងផ្ទះនៅឡើយ។

ទាក់ទងនឹងបញ្ហានេះ លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក បានឱ្យដឹងដែរថា ប្រជាពលរដ្ឋ​នៅ​សហគមន៍តាតុក បានទៅដាក់ញត្តិស្ងាត់ៗនៅសាលារាជធានីភ្នំពេញ​ដោយមិន​ប្រាប់​អាជ្ញាធរ។ លោកបន្តថា ពួកគេទៅដល់ក្រសួងក៏គ្មានអ្នកណាអនុញ្ញាតដោះស្រាយឱ្យដែរ ដោយសារតែដីដែលពួកគេរស់នៅសព្វថ្ងៃនេះចំប្រឡាយ។

លោកចៅសង្កាត់បន្តទៀតថា តាំងពីពលរដ្ឋនៅសហគមន៍នេះមករស់នៅ គ្មានអាជ្ញាធរណា​ទៅគំរាមកំហែង ឬដេញចេញនោះទេ​ ព្រោះមិនដឹងទៅដេញចេញដោយរបៀបណាកើត ត្បិត​ពួកគេមកតាំងទីលំនៅម្នាក់ៗដប់ម្ភៃឆ្នាំទៅហើយ។

លោក ស៊ីវ បញ្ជាក់ថា៖ «គ្មានអាជ្ញាធរណាដេញពួកគាត់ទេ​ នៅចឹងសិនទៅ ដោយសារ​ពិនិត្យ​ជាក់ស្ដែងហ្នឹង ពួកគាត់នៅក្នុងប្រឡាយហ្នឹងតែម្ដង ឱ្យយើងទៅធ្វើម៉េច ចេញ​កម្មសិទ្ធិ​ជូនគាត់​ក៏ថ្នាក់លើដែរ មិនមែនថ្នាក់សង្កាត់ទេមិនចឹង? ហើយគាត់ទៅសាលាក្រុង ទៅ​ក្រសួងដែនដី ក៏គ្មានអ្នកណាអនុញ្ញាឱ្យគាត់ដែរ ព្រោះគាត់នៅក្នុងប្រឡាយ»។

ថ្វីបើប្រជាពលរដ្ឋរស់នៅសហគមន៍តាតុកអះអាងថា ពួកគេមិនបានរស់នៅ​ក្នុងប្រឡាយ​០៣​ទេ តែលោកចៅសង្កាត់បានអះអាងថា ប្រជាជនទាំង៣៥គ្រួសារនេះ រស់នៅក្នុង​ប្រឡាយ​ពិត​ប្រាកដមែន​។

លោកចៅសង្កាត់បញ្ជាក់ថា៖ «នៅក្នុងប្រឡាយហ្នឹងហើយ មានណាទៀត បើខ្ញុំធ្វើ​ផ្លូវ​ឱ្យ​ ធ្វើទ្វារ​ឱ្យទៀតផង ដើម្បីឱ្យពួកគាត់បានសុខសប្បាយហ្នឹងណា ជួយទាំងសម្ភារៈ​ហូប​ចឹងទៀតផង»។

ចំណែកលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានបដិសេធមិនឆ្លើយតប​នឹងសំណួរ​អ្នក​សារព័ត៌មាន ជុំវិញការដាក់ញត្តិ និងស្នើប័ណ្ណកម្មសិទ្ធិរបស់ពលរដ្ឋនៅសហគមន៍តាតុក។

លោកស្រីលើកឡើងថា៖ «អញ្ជើញមកពីណា? អូន អធ្យាស្រ័យខ្ញុំអត់អាចផ្ដល់​ព័ត៌មាន​ហ្នឹងបានទេ សុំអធ្យាស្រ័យ អរគុណច្រើន»។

ស្ត្រីចំណាស់ម្នាក់ជាពលរដ្ឋរស់នៅសហគមន៍តាតុក ដើរនៅមុខផ្ទះតូច​របស់គាត់​ដែលជញ្ជាំង និងដំបូលធ្វើពីស័ង្កសី ​ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ជុំវិញករណីនេះ លោក សឿង សារ៉ន នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត បានលើក​ឡើងថា អាជ្ញាធរគួរពិគ្រោះយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងដោះស្រាយ​ដោយ​តម្លាភាព​ជូនប្រជាពលរដ្ឋ មិនគួរមានការរុញដាក់គ្នាទៅវិញទៅមកនោះទេ។ ហើយអាជ្ញាធរគួរមាន​មាតិកា និងមានអ្នកទទួលខុសត្រូវច្បាស់លាស់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បី​ដោះស្រាយបញ្ហានេះ។

លោកថ្លែងយ៉ាងដូច្នេះថា៖ «តាមពិតការកំណត់ក្នុងការដោះស្រាយអាជ្ញាធរគួរតែដឹងថា​ចូលច្រកណា ចេញច្រកណាហើយ ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ចគួរតែពន្យល់​ប្រជាពលរដ្ឋ ពីគ្រោះយោបល់ឱ្យគ្រប់ជ្រុងជ្រោយ ជាជាងការរុញដាក់គ្នា ។ ហើយយើង​ឃើញមានយន្តការដោះស្រាយបញ្ហាដីធ្លីមានយូរណាស់ហើយ ប៉ុន្តែការយកចិត្ត​ទុកដាក់​ក្នុងការដោះស្រាយជូនពលរដ្ឋហាក់នៅមានកម្រិត»។

លោកបន្ថែមថា ដំណោះស្រាយ បើរាជរដ្ឋាភិបាលមិនព្រមដោះស្រាយទេ នឹងមានផល​ប៉ះពាល់ច្រើនដល់ប្រជាសហគមន៍ ដែលរស់នៅតំបន់នឹង ទីមួយពួកគេ​អាចប្រឈមនឹង​ការបណ្ដេញចេញដោយបង្ខំ ទីពីរពួកគេអាចបាត់បង់នូវមុខរបររកស៊ីប្រចាំថ្ងៃ និងប៉ះពាល់​ដល់សតិអារម្មណ៍ ពិសេសការអប់រំរបស់កុមារតូចៗ។

​លោក​ សារ៉ន លើកឡើងថា៖ «បើយើងមើលទៅបទពិសោធន៍ក្នុងការបណ្ដេញចេញ​ដោយ​បង្ខំ​ពីមុនមក គឺប៉ះពាល់ច្រើនណាស់នូវផ្នែកសតិអារម្មណ៍ ក៏ដូចជាការអប់រំរបស់កុមារតូចៗ ហើយដំណោះស្រាយខ្ញុំគិតថារាជរដ្ឋាភិបាល ទោះបីជាមានបញ្ហាប្រឈមយ៉ាងណា​ក៏ដោយ​ចុះ ការស្វែងយល់អំពីរង្វាស់ដី ការគិតគូរអំពីសំណងសមរម្យជូនប្រជាពលរដ្ឋដែលរង​ផល​ប៉ះពាល់»។

លោកមើលឃើញថា  រដ្ឋាភិបាលគួរតែយកយន្តការដែលមានស្រាប់មកជជែកជាមួយភាគី​ពាក់ព័ន្ធ ហើយដំណោះស្រាយគួរតែធ្វើឡើងដោយតម្លាភាព គណនីយភាព បរិយាកាស​អំណោយផល ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់មិនរៀបរយ​ទទួលបានការពិគ្រោះ​យោបល់ដោយអត្ថន័យទទួលយកបាន។

ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មិនអាចសុំការ​បកស្រាយ​បានឡើយ ជុំវិញបញ្ហានេះ ដោយទូរសព្ទទៅប្រាប់ថាមិនឮច្បាស់ សូម្បីតែផ្ញើសារតាម​តេឡេក្រាម បានចូលមើលហើយក៏មិនឆ្លើយតប។

ទាក់ទងនឹងករណីនេះ សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) ​ចេញផ្សាយ​នូវ​របាយការណ៍​មួយកាលពីថ្ងៃទី៨ កុម្ភៈ បានរកឃើញថា​ នៅក្នុង​ឆ្នាំ២០២១នេះមានវិវាទដីធ្លីចំនួន១៦៩ករណី​ ​ ដីទំហំ ៥២ ៦០១.៨៧ ហិកតា ​ប៉ះពាល់ជន​រង​គ្រោះ ១៧ ០៣៣​ គ្រួ​សារ ស្មើ៦១ ៤៦៩នាក់ ​ មានជនជាតិ​ដើមភាគតិច ១ ៣៤៧ គ្រួសារ ដែលក្នុងនោះ លេចធ្លោជាងគេ ​គឺការរំលោភ​ដោយបុគ្គល​មានអំណាច ៦៦ករណី និងបុគ្គល​អ្នក​មានទ្រព្យ ២៧ករណី។

យ៉ាងណាមិញ អ្នកស្រី សារឿន និងប្រជាពលរដ្ឋក្នុងសហគមន៍តាតុកនៅតែរំពឹង និងជឿជាក់​លើអាជ្ញាធរ ជាពិសេសសាលារាជធានីភ្នំពេញ ថានឹងមិនទុកប្រជាពលរដ្ឋចោល​ឱ្យរងលំបាក​ឡើយ ដោយសង្ឃឹមថាអាជ្ញាធរនឹងដោះស្រាយជួនប្រជាជនឆាប់ៗនេះតាមការស្នើសុំ​របស់​ពួកគេ។ ពលរដ្ឋបានសំណូមពរទៅអាជ្ញាធរ ហើយអាជ្ញាធរគួរមើលឱ្យគ្រប់ជ្រុងជ្រោយ គួរតែ​វាស់វែង និងសិក្សាឱ្យបានច្បាស់លាស់ពីប្រឡាយ០៣នេះ ថាពិតជាទីតាំងដែល​អ្នកភូមិ​រស់​នៅក្បែរនេះឬយ៉ាងណា ដើម្បីជួយដល់ប្រជាពលរដ្ឋទន់ខ្សោយ។

អ្នកស្រីអះអាងថា៖«បើពួកគាត់ថាខ្ញុំរស់នៅលើប្រឡាយគួរតែមើលពីលើស្ពានត្រង់មក គឺអត់ប៉ះពាល់កន្លែងពួកខ្ញុំនៅទេ គឺវាត្រូវជៀសផុតហ្មង អាហ្នឹងបើយកពីប្រឡាយ​ត្រង់​តាំងពីជំនាន់ណាណីមក ពីស្ពានគឺបុកចំកណ្ដាលដីដែលឧកញ៉ាចាក់នោះ តែបើគាត់​ធ្វើលម្អៀងធ្វើបាបប្រជាពលរដ្ឋ អាហ្នឹងជារឿងរបសគាត់ ខ្ញុំអត់ដឹងធ្វើម៉េច»៕

545 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម