សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មុនកិច្ចចរចាព្រំដែនចាប់ផ្តើម កម្ពុជាផ្តាច់អ៊ីនធឺណិតថៃ ខណៈលោក ហ៊ុន សែន គំរាមបិទការនាំចូលទំនិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយលោក ហ៊ុន សែន ដែលជាឪពុកនិងជាអតីតនាយករដ្ឋមន្ត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះនៅរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយលោក ហ៊ុន សែន ដែលជាឪពុកនិងជាអតីតនាយករដ្ឋមន្ត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះនៅរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក បានបង្កើនសម្ពាធលើប្រទេសថៃនៅថ្ងៃសុក្រ ដោយបញ្ឈប់កិច្ចព្រមព្រៀងសេវាអ៊ីនធឺណិត ហាមឃាត់ការចាក់ផ្សាយភាពយន្ត​ និងគំរាមបិទការនាំចូលទំនិញពីប្រទេសនេះ ក្នុងជម្លោះដែលកំពុងកើនឡើងជុំវិញការរឹតត្បិតការឆ្លងកាត់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរកាលពីចុងខែឧសភាកន្លងទៅ។

នាយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក​ ហ៊ុន ម៉ាណែត បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកថាកម្ពុជានឹងបញ្ឈប់ការទិញអគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃ ដែលជាវិធានការឆ្លើយតបនឹងការចែកចាយព័ត៌មានតាមបណ្តាញសង្គមរបស់«ក្រុមជ្រុលនិយមថៃមួយចំនួន»​ ដែលជំរុញរដ្ឋាភិបាលខ្លួនកាត់ផ្តាច់សេវាទាំងនេះពី​​​កម្ពុជា។​ ​

ក្រសួងទូរគមនាគមន៍បានឱ្យដឹងថា ការតភ្ជាប់ទូរគមនាគមន៍ពីប្រទេសថៃមកព្រំដែនប៉ោយប៉ែត ត្រូវបានកាត់ផ្តាច់នាព្រឹកថ្ងៃសុក្រ។

ទីប្រជុំជនមួយចំនួននៅជិតព្រំដែនពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ថៃ ដែលអាជ្ញាធរថៃក៏ធ្លាប់បានកាត់ផ្តាច់ម្តងហើយ ដោយសារក្តីបារម្ភថាវាត្រូវបានប្រើប្រាស់មជ្ឈមណ្ឌលបោកប្រាស់។​

អង់តែនអ៊ីនធឺណិតនៅលើដំបូលផ្ទះមួយក្នុងរាជធានីភ្នំពេញ​នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ស្របពេលជាមួយគ្នានេះ លោក ហ៊ុន​ សែន​​ ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកបែបឡកឡើយសំដៅដល់«ក្រុមជ្រុលនិយមថៃ»ដោយមាន«ការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាម» ថាកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ និងអធិបតេយ្យភាពសេដ្ឋកិច្ចគ្រប់គ្រាន់ដើម្បីនឹងទប់ទល់សម្ពាធពីខាងក្រៅហើយ។​ លោកក៏បានស្នើឱ្យហាមឃាត់ការចាក់ផ្សាយខ្សែភាពយន្តថៃទាំងអស់ពីទូរទស្សន៍កម្ពុជា ប៉ុន្តែលោកបានអំពាវនាវដល់ប្រជាជនកម្ពុជាឱ្យទប់ស្កាត់អំពើជ្រុលនិយមផ្ទាល់របស់ខ្លួនផងដែរ រួមទាំងការជៀសវាងការតវ៉ានៅស្ថានទូតថៃ និងការស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃ។

ក្រសួង​វប្បធម៌​កម្ពុជាបានអនុវត្តន៍តាមសេចក្តីស្នើនេះ​ដោយ​បញ្ជា​ឱ្យ​ផ្អាក​ការ​នាំ​ចូលនិង​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ​តាម​រោង​ភាពយន្ត​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​សុក្រនេះ ។

វិធានការរបស់កម្ពុជានេះ ធ្វើឡើងជាការឆ្លើយតបបន្ទាប់ពីថៃបានធ្វើសកម្មភាពបន្ថយពេលវេលាបើកបិទព្រំដែនយ៉ាងតក់ក្រហល់ដោយមិនបានប្រាប់ភាគីកម្ពុជាកាលពីថ្ងៃទី៦​​ ខែមិថុនា​​ ដែលបណ្តាលឱ្យមានការព្រួយបារម្ភពីផលប៉ះពាល់ពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៅទីប្រជុំជនតាមព្រំដែន។ វិធានការទាំងនេះក៏កើតឡើងមួយថ្ងៃមុនកិច្ចប្រជុំដែលបានគ្រោងទុកនៅរាជធានីភ្នំពេញ​របស់គណៈកម្មាធិការព្រំដែនចម្រុះ ដែលជាយន្តការដែលមានស្រាប់សម្រាប់ការដោះស្រាយជម្លោះព្រំដែន។ ជំនួប​នោះ​ត្រូវ​បានធ្វើឡើងក្រោយមាន​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា រវាង​កងទ័ពប្រទេសទាំងពីរ​នៅ​តំបន់មុំបី ដែល​បាន​បណ្តាល​ឲ្យ​ទាហានកម្ពុជាម្នាក់បាត់បងជីវិត។

លោក ហ៊ុន សែន ដែលបានប្រគល់អំណាចឱ្យកូនប្រុសរបស់លោកកាលពីឆ្នាំ២០២៣បន្ទាប់ពីកាន់តំណែងជិតបួនទសវត្សរ៍នោះ ក៏បានបង្ហោះសារកាលពីថ្ងៃសុក្រដោយបានលើកឡើងពីវិធានការឆ្លើយតបចំនួន៦ចំណុច​​​ករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីដំណើរការជាធម្មតាវិញ​។​​ ទោះជាយ៉ាងណាក៏ដោយ​ លោកមិនបានបញ្ជាក់ពីពេលវេលាក្នុងការប្រើវិធានការឆ្លើយតបទាំងនោះទេ។

 លោក​​ក៏បាន​អំពាវនាវ​ឲ្យ​ផ្អាក​ការ​នាំ​ចូល​ទំនិញ​ថៃដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទិញ​ផលិតផល​ក្នុងស្រុក​ជំនួស​វិញ។

កងកម្លាំងយោធាថៃ បិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅម៉ោង៤រសៀលនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានកែសម្រួលពេលវេលាបិទច្រកដែលភាគីកម្ពុជា ថាបានធ្វើឡើងដោយមិនមានការជូនដំណឹងជាមុន។ (ខេមបូចា/ ព្រីង សំរាំង)

មេដឹកនាំគណបក្សកាន់អំណាចក៏បានជំរុញឱ្យអ្នកជំងឺដែលតែងតែស្វែងរកការថែទាំនៅក្នុងប្រទេសថៃបង្វែរទៅកាន់មន្ទីរពេទ្យក្នុងស្រុក ឬបរទេសផ្សេងទៀត រៀបចំទទួលយក និងដោះស្រាយការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃចំពេលកម្ពុជាមានការខ្វះខាតកម្លាំងពលកម្ម។ លោក​ក៏​បាន​អំពាវនាវដល់​កង​កម្លាំង​ប្រដាប់​អាវុធ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ឱ្យខ្ពស់ ហើយ​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជម្លៀស​ពលរដ្ឋ​ក្នុងករណីចាំបាច់។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា កម្ពុជាកំពុងរង់ចាំការឆ្លើយតបរបស់ប្រទេសថៃចំពោះចំណាត់ការដែលបានស្នើឡើងនេះ ប៉ុន្តែមិនបានបញ្ជាក់ថាតើការណែនាំរបស់លោក ហ៊ុន សែន នឹងត្រូវបានអនុវត្តនៅពេលណា ឬរបៀបណានោះទេ។

នាយករដ្ឋមន្រ្តីថៃ​ លោកស្រី​ ផែថងថាន​ ស៊ីណាវ៉ាត្រា​ បានឆ្លើយតបនារសៀលថ្ងៃសុក្រនេះថា ​ភាគីកម្ពុជាយល់ច្រលំនិងបានគិតថារដ្ឋាភិបាលថៃនឹងកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងសេវាអ៊ីនធឺណិតឆាប់ៗនេះ​ពីកម្ពុជាក្នុងតំបន់ព្រំដែនកម្ពុជាថៃ។  លោកស្រីបានបញ្ជាក់ថាមិនមានរឿងបែបនេះទេ​ ហើយលោកស្រីក៏បានប្រាប់ទៅរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនឱ្យពន្យល់ពីបញ្ហានេះទៅភាគីកម្ពុជាវិញ។

នៅថ្ងៃសុក្រនេះ​​ ភាគីកម្ពុជាក៏បានសម្រេចបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង​ ខេត្តបាត់ដំបង​​ ក្រោមហេតុផលរក្សាការពារសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ច្រកទ្វារអន្តរជាតិ ជាច្រកដ៏សំខាន់មួយសម្រាប់ដឹកទំនិញពីប្រទេសថៃឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាម ។​

របាយការណ៍​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញ​ថា ក្នុងរយៈពេល៥ខែនេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជានិងថៃ​បាន​កើន​ដល់ ១,៨៧ ពាន់​លាន​ដុល្លារ​​។   កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ថៃ​ក្នុង​តម្លៃ ៣៩៥ លាន​ដុល្លារ​ ខណៈ​ការ​នាំ​ចូល​ពី​ថៃ​មាន​តម្លៃ​សរុបរហូតដល់១,៤៨ ពាន់​លាន​ដុល្លារ។​​​ មេដឹកនាំ​កម្ពុជា​បានលើកឡើង​ថា ប្រសិនបើ​មានការរំខានណាមួយ នោះ​ប្រទេស​ថៃ​នឹង​មាន​ហានិភ័យ​ច្រើន​ជាង​ព្រោះ​ប្រទេសនេះទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​អតុល្យភាព​ពាណិជ្ជកម្មជាមួយកម្ពុជា។

ប្រជាជនកម្ពុជាក៏ពឹងផ្អែកខ្លាំងលើមន្ទីរពេទ្យថៃ និងវៀតណាមសម្រាប់ការថែទាំវេជ្ជសាស្រ្តឯកទេស ដោយពលរដ្ឋជាច្រើនធ្វើដំណើរឆ្លងកាត់ព្រំដែនទៅរកការព្យាបាលដែលមិនមាននៅក្នុងប្រទេសដោយសារសមត្ថភាពក្នុងស្រុកមានកម្រិត៕

(រាយការណ៍បន្ថែមដោយ​​ ឃួន ណារីម)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Internet Connections Cut, Hun Sen Threatens Embargo Ahead of Border Talks

ព័ត៌មានថ្មី

អត្ថបទពេញនិយម