សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ថៃបានដោះលែងទាហានកម្ពុជា១៨រូប​ បន្ទាប់ពីឃុំ​ខ្លួនអស់រយៈពេល​១៥៥​ថ្ងៃ Updated

ទាហានកម្ពុជាទាំង១៨រូបបានមកដល់ច្រកព្រំ នៃខេត្តប៉ៃលិន បន្ទាប់ពីថៃសម្រេចដោះលែងឲ្យមកមាតុភូមិវិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ (AKP)
ទាហានកម្ពុជាទាំង១៨រូបបានមកដល់ច្រកព្រំ នៃខេត្តប៉ៃលិន បន្ទាប់ពីថៃសម្រេចដោះលែងឲ្យមកមាតុភូមិវិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ (AKP)
UPDATES:

ម៉ោង ៧:០០យប់៖ «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ» នេះជាការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅលើហ្វេសប៊ុករបស់លោក ក្រោយពេលដែលលោកបានជួបនិងសួរសុខទុក្ខទាហានខ្មែរទាំង១៨រូប នៅវិមានសន្តិភាព បន្ទាប់ពីយោធាថៃដោះលែងមកមាតុភូមិវិញ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗមានបីសម្រាប់ទាហានទាំង១៨រូប ក្រោយពីពួកគេត្រូវបានចាប់ខ្លួន​ ដោយកាតព្វកិច្ចទាំងនោះរួមមាន

ការធានាអាយុជីវិត​ ការធានាសុខសុវត្ថិភាព និងការស្វែងរកសេរីភាព។

គិតត្រឹមម៉ោង៤រសៀលថ្ងៃនេះ ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពធម្មតា។ (ប្រភព៖ក្រសួងការពារជាតិ)

ម៉ោង ៤:០៣រសៀល៖ នៅរសៀលថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងជួបនិងសួរសុខទុក្ខទាហានខ្មែរទាំង១៨រូប នៅវិមានសន្តិភាព បន្ទាប់ពីយោធាថៃដោះលែងមកមាតុភូមិវិញ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល​ លោក ប៉ែន បូណា។​

ម៉ោង ២:៣៥៖ ទាហានខ្មែរទាំង១៨រូប បានមកដល់ទីក្រុងភ្នំពេញហើយនៅរសៀលថ្ងៃពុធនេះ ដោយធ្វើដំណើរតាមឧទ្ធម្ភាគចក្រ បន្ទាប់ពីយោធាថៃដោះលែងមកមាតុភូមិវិញ។

ម៉ោង ២:៣០៖ នៅរសៀលថ្ងៃពុធនេះ មានប្រជាពលរដ្ឋជាង២០០នាក់ប្រមូលផ្តុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីស្វាគមន៍ទាហានខ្មែរទាំង១៨រូប​ បន្ទាប់ពីយោធាថៃដោះលែងមកមាតុភូមិវិញ។

បន្ទាប់ពីការឃុំខ្លួនអស់រយៈពេល១៥៥​ថ្ងៃ ទាហានកម្ពុជាទាំង១៨រូបត្រូវបានភាគីថៃសម្រេច​ប្រគល់មកកម្ពុជាវិញនៅថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីភាគីថៃបានពន្យាពេលក្នុងការដោះលែង ក្រោយ​បទឈប់បាញ់៧២ម៉ោងចូលជាធរមាន។

អស់​រយៈពេល​ជាង​ប្រាំ​ខែ​ហើយ ដែលក្រុម​គ្រួសារ​ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់រង់ចាំ​ការដោះលែងទាហានទាំង១៨រូបនេះ ស្របពេលដែល 

បញ្ហានេះបានក្លាយជាបញ្ហារសើបបំផុតមួយនៅក្នុងជម្លោះព្រំដែន ដែលជំរុញឱ្យមានការព្រួយបារម្ភជាសាធារណៈ និងសម្ពាធការទូត។

ដោយឡែកនៅថ្ងៃនេះ ប្រជាពលរដ្ឋជាច្រើននាក់ រង់ចាំស្វាគមន៍ការត្រឡប់មកវិញនូវវត្តមានទាហានកម្ពុជាទាំង១៨រូបនេះនៅច្រកព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន។ បន្ទាប់មកពួកគេនឹងធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីជួបក្រុមគ្រួសាររបស់ពួកគេ។

អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន​ សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេប៊ុករបស់លោក ដោយស្វាគមន៍ការដោះលែងទាហានខ្មែរទាំង១៨រូបមកមាតុភូមិវិញ។

ការដោះលែងនេះស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជាមើលឃើញថាជាជំហានវិជ្ជមានមួយ នៃការស្តារឡើងវិញនូវទំនុកចិត្តរវាងប្រទេសកម្ពុជា និងថៃ។ ក៏ប៉ុន្តែស្ថានទូតនៅតែទទូចឱ្យភាគីទាំងពីរបន្តគោរពនូវការប្តេជ្ញាដែលបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែន GBC កាលពីថ្ងៃទី២៧ ខែធ្នូនេះ។ 

ទាហានកម្ពុជា១៨រូបនេះ ត្រូវបានយោធាថៃចាប់យកទៅប្រទេសខ្លួនបន្ទាប់មានបទឈប់បាញ់នៅក្នុងខែកក្កដា ហើយទាហានថៃបានធ្វើល្បិចដោយស្នើសុំចាប់ដៃដើម្បីអបអរបទរបទឈប់​បាញ់ ៕

@cambojanews

ថៃបានដោះលែងទាហានកម្ពុជា១៨រូប​ បន្ទាប់ពីឃុំ​ខ្លួនអស់រយៈពេល​១៥៥​ថ្ងៃ

♬ original sound – CamboJA News (ខេមបូចា ព័ត៌មាន)

ព័ត៌មានថ្មី

អត្ថបទពេញនិយម