ថ្នាក់ដឹកនាំកំពូលៗ កងកម្លាំងទាហាន ប៉ូលិស ព្រះសង្ឃ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់អង្គ/នាក់ បានចូលរួមពិធីដង្ហែព្រះបរមសពសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីតម្កល់បូជានៅមុខវត្តបទុមវតី រាជធានីភ្នំពេញ បន្ទាប់តម្កល់រយ:ពេល១០០ថ្ងៃដើម្បីឱ្យពុទ្ធបរិស័ទបានចូលគោរពព្រះវិញ្ញាណក្ខន្ធនៅវត្តឧណ្ណាលោម។
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលព្រះទិវង្គតក្នុងព្រះជន្ម៩៣ព្រះវស្សា នៅវេលាម៉ោង១៧៖៤០នាទី ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ បន្ទាប់ពីសម្ដេចបានសម្រាកព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត្រតាំងពីពាក់កណ្ដាល ឆ្នាំ២០២៣មក។
សម្ដេចអគ្គសង្ឃរាជ ទេព វង្ស ប្រសូតនៅឆ្នាំ១៩៣២។ ព្រះអង្គបានបួសជាសាមណេរក្នុងជន្មាយុ១៦វស្សា នៅវត្តរាជបូព៌ ក្នុងខេត្តសៀមរាប។ តាមព្រះជីវប្រវត្តិ ព្រះអង្គត្រូវបានតែងតាំងជាគ្រូសូត្រស្តាំនៅវត្តរាជបូព៌ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ១៩៥៧។
ប៉ុន្តែក្នុងឆ្នាំ១៩៧៥ ជាពេលវេលាដែលកម្ពុជា បានធ្លាក់ចូលទៅក្នុងបនប្រល័យពូជសាសន៍ខ្មែរក្រហម កំឡុងពេលនោះ សម្ដេច ទេព វង្ស ក៏ត្រូវបានរបបនេះបង្ខំឱ្យសឹក និងត្រូវបង្ខំឱ្យធ្វើការធ្ងន់ធ្ងរដូចប្រជាជនខ្មែរដទៃទៀតដែរ។
ព្រះអង្គទទួលឧបសម្បទាជាភិក្ខុជាថ្មីនៅឆ្នាំ១៩៧៩ និងត្រូវតែងតាំងជាព្រះប្រធានសង្ឃកម្ពុជា ជាព្រះឧបជ្ឈាយ៍ និងជាព្រះវិន័យធរក្នុងប្រទេសក្រោយសម័យខ្មែរក្រហម។ ព្រះអង្គត្រូវបានថ្វាយងារជាព្រះមហាសុមេធាធិបតី និងជាសង្ឃនាយកនៅឆ្នាំ១៩៩១។
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី សព្វព្រះរាជហរទ័យតែងតាំងសម្ដេច ទេព វង្ស ជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជានុញ្ញាតឱ្យប្រើប្រាស់រាជស័ព្ទ និងផ្លិតយសពិសេស៕