សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផ្លូវខ្សែក្រវាត់ក្រុងទី៣ ត្រូវបានដាក់ឈ្មោះថា​មហាវិថី ស៊ី ជីនពីង ជានិមិត្តរូបនៃទំនាក់ទំនង​ដែកថែប​កម្ពុជា-ចិន

យានយន្តបើកបរនៅលើផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលទើបត្រូវបានរដ្ឋាភិបាលដាក់ឈ្មោះថាជាមហាវិថី ស៊ី ជីនពីង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា)
យានយន្តបើកបរនៅលើផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលទើបត្រូវបានរដ្ឋាភិបាលដាក់ឈ្មោះថាជាមហាវិថី ស៊ី ជីនពីង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា)

ផ្លូវខ្សែក្រវាត់ក្រុងទី៣​ត្រូវបានដាក់ឈ្មោះជា«មហាវិថី ស៊ី ជីនពីង» គឺ៦០ឆ្នាំបន្ទាប់ពី​ផ្លូវដ៏ធំមួយ​នៅក្នុង​រាជធានីភ្នំពេញ​ត្រូវបានអតីត​ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ប្រសិទ្ធនាម​ជា​មហាវិថី ម៉ៅសេទុង ជាការផ្ដល់​កិត្តិយស​ដល់​មេដឹកនាំចិន ។ មហាវិថី​ ស៊ី ជីនពីង លាតសន្ធឹងចម្ងាយ ៥៣គីឡូម៉ែត្រ តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ១ ទៅកាន់​ផ្លូវជាតិលេខ ៤ ។

រដ្ឋាភិបាលកម្ពុជា​បាននិយាយថា ឈ្មោះនេះ​មាន​«អត្ថន័យធំធេង»សម្រាប់ចំណងមិត្តភាព​ដែកថែប​កម្ពុជា​-ចិន ។

កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតចិន​​បញ្ចប់​អាណត្តិ លោក វ៉ាង វិនធាន (Wang Wentian) បានជួប​សម្ដែង​ការគួរសម​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជម្រាបលា បន្ទាប់​មក​លោក​នាយករដ្ឋមន្ត្រី​និង​លោក​ទូត​បាន​ធ្វើជាអធិបតី​នៃពិធី​ប្រសិទ្ធនាម​ដល់​មហាវិថី ។

នៅលើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់ខ្លួន ស្ថានទូត​ចិន​បាននិយាយថា ការដាក់ឈ្មោះ​ផ្លូវនេះ​ឆ្លុះបញ្ចាំង​ពី«ការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ»ដល់​ការរួមចំណែក​របស់​ប្រធានាធិបតី​ចិន​ចំពោះការអភិវឌ្ឍរបស់​ប្រទេស​កម្ពុជា ។ ស្ថានទូត​បាន​បន្ថែមថា ឈ្មោះដែលដាក់​ឱ្យ​ដោយ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺបំពេញបន្ថែម​ទៀតទៅលើ​មហាវិថី​ ម៉ៅសេទុង ដែលមានស្រាប់ ដែលនេះ​ជា​ការបង្ហាញពីភាពល្អឥតខ្ចោះ​នៃ​ទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ។

កាលពីឆ្នាំ១៩៦៥ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី និង​ឯភាពជាតិខ្មែរ​ បាន​ប្រោស​ព្រះរាជទានប្រសិទ្ធនាម​​​​មហាវិថី​ម៉ៅសេទុង ។

សារនៅលើហ្វេសប៊ុក​ដដែល​បាន​បន្ថែមថា៖ «៦០ឆ្នាំក្រោយនាថ្ងៃនេះ សម្ដេចធិបតីបានប្រសិទ្ធនាមកំណាត់ផ្លូវមួយទៀតជា«មហាវិថី ស៊ី ជីនពីង» បានក្លាយជាមហាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតដែលបានបង្ហាញថាទំនាក់ទំនងប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែងនិងភាពរឹងមាំ និងត្រូវបន្តពីអតីតកាលនិងជំរុញឆ្ពោះទោកាន់អនាគតថ្មី» ។

ក្នុងអំឡុងពេលនៃជំនួបប្រជុំ លោក វិនធាន បាន​បញ្ជាក់ពីការបន្ត​ការ​គាំទ្រ​ និងការរួម​ចំណែក​របស់​រដ្ឋាភិបាល​ចិនចំពោះកិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​របស់​ប្រទេសកម្ពុជា ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិន​បញ្ចប់​អាណត្តិ​បានធ្វើជាអធិបតីនៃពិធីប្រសិទ្ធនាម​ផ្លូវ​ខ្សែក្រវាត់ក្រុងទី៣ថាជា​មហាវិថី​ ស៊ី ជីនពីង កាលពីថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២៤ ។ (រូបភាពពីហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត)

មហាវិថី ស៊ី ជីនពីង លាតសន្ធឹង​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៤ ត្រង់ចំណុច​ភូមិ​ជម្ពូវ័ន សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់​ផ្លូវជាតិ​លេខ ១ នៅត្រង់​ចំណុចភូមិ​ស្ដៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

មហាវិថីនេះ​សាងសង់អស់ថវិកា​ជាង ២៧៣​លានដុល្លារ​អាមេរិក ក្រោម​កម្ចី​សម្បទាន​ពីរដ្ឋាភិបាលចិន ដោយ​រដ្ឋាភិបាល​កម្ពុជា​ជាអ្នកទទួលខុសត្រូវ​ក្នុង​ការដោះស្រាយបញ្ហាដីធ្លី​ដែល​ប៉ះពាល់​ដល់​ប្រជាជន​ដោយសារគម្រោងនេះ ។ រដ្ឋាភិបាលកម្ពុជា​ក៏​បាន​ធានាផង​ក្នុងការ​​បោសសម្អាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ ។

យោងតាមការចុះផ្សាយ​នៅ​លើ​ហ្វេសប៊ុករបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គម្រោង​ខ្សែក្រវាត់ និងផ្លូវបានរួមចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ចកិច្ច-សង្គម​កម្ពុជា ជាមួយនឹង​គម្រោងធំៗជាច្រើនដែលត្រូវបានបង្កើតឡើង គិត​មក​ដល់​បច្ចុប្បន្ន​នេះ ។

គម្រោងធំៗទាំងនោះ រួមមាន តំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ និង​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ ខណៈដែល​ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ក៏នឹងលេច​រូបរាងឡើង​ក្នុង​ពេល​អនាគត ។ រហូតមកដល់ពេលនេះ ចិន​បាន​ជួយ​សាងសង់​ផ្លូវ​ប្រវែង​ជិត ៤០០០​គីឡូម៉ែត្រ​នៅកម្ពុជា ។

លោក ហ៊ុន ម៉ាណែត បាននិយាយថា ទំនាក់ទំនងកម្ពុជា-ចិន​ជាទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​យូរ​អង្វែង និង​បាន​រីកចម្រើន​រហូត​ដល់​កម្រិតមួយ​ «ដែល​មិន​អាច​បំបែក​បាន» ។ ទំនាក់ទំនងនេះ​ស័ក្តិសមនឹងគុណតម្លៃនៃ​ការជឿទុកចិត្តគ្នា ជាពិសេស​ទំនុក​ចិត្ត​ខាង​នយោបាយ ។

លោកបានបន្ថែមថា៖ «ជំនួយរបស់ប្រទេសចិន​មិនត្រឹមតែ​ជួយ​អភិវឌុ្ឍ​សង្គម-សេដ្ឋកិច្ច​ប៉ុណ្ណោះទេ តែថែម​ទាំង​ជួយ​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ​របស់​កម្ពុជា​ទៀត​ផង» ។

នៅពេលអ្នកសារព័ត៌មានទាក់ទង​ទៅ​ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយជុំវិញការសម្រេចដាក់​ឈ្មោះ​មហាវិថី ស៊ី ជីនពីង នេះទេ ដោយ​លោក​បាន​ណែនាំ​ឱ្យ​សួរ​ទៅ​ខាងក្រសួង​សាធារណការនិងដឹកជញ្ជូនវិញ ។

អ្នកនាំពាក្យក្រសួង​សាធារណការនិង​ដឹកជញ្ជូន លោក ផន រីម បានឆ្លើយតបថា ការដាក់ឈ្មោះ​ផ្លូវ​ខ្សែក្រវាត់ក្រុងទី៣នេះបាន​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​យូរអង្វែង​រវាង​កម្ពុជា​និងចិន ជា​មិត្តភាព«ដែក​ថែប​និងគ្រាប់ពេជ្រ» និង​ត្រូវបាន​«ចាក់​ឫស​នៅក្នុង​បេះដូង​របស់​ប្រជាជន» ។

លោកបានបន្ថែមថា វាជា​«តម្លៃដែលមិនអាចកាត់ថ្លៃបាន» ជាការបង្ហាញពី​ការថ្លែងអំណរគុណ​របស់​រដ្ឋាភិបាល​និងប្រជាជន​កម្ពុជា​ដល់​លោក​ប្រធានាធិបតី ស៊ី ជីនពីង និង​ប្រទេសចិន ដែល​«ជានិច្ចកាល បាន​គាំទ្រ»ដល់​សន្តិភាព ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​បាន​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជនកម្ពុជា​ ។

ផ្លូវជាច្រើនផ្សេងទៀត​ត្រូវបានដាក់ឈ្មោះ​តាម​ឈ្មោះ​ប្រទេស​មួយចំនួន ជានិមិត្តរូបនៃចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសកម្ពុជា ដូចជា មហាវិថីសហព័ន្ធរុស្ស៊ី​ មហាវិថី​មិត្តភាព​ភ្នំពេញ-ហាណូយ និង​វិថី​មិត្តភាព​កម្ពុជា​-ម៉ាល់ឌីវ ជាដើម ។

យានយន្តបើកបរ​នៅ​លើ​​ផ្លូវខ្សែក្រវាត់ក្រុងទី៣ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលផ្លូវ​នេះ​ទើប​ត្រូវបានរដ្ឋាភិបាល​ដាក់ឈ្មោះថា​ជា​មហាវិថី ស៊ី ជីនពីង ។ (ខេមបូចា)

លោក សេង​ វណ្ណលី អ្នកតាមដានភូមិសាស្ត្រ​នយោបាយ​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក បានប្រាប់ ខេមបូចា ថា ការដាក់ឈ្មោះមហាវិថី ស៊ី ជីនពីង មិនមែនជារឿងថ្មីទេ ដោយសារតែផ្លូវ​នៅប្រទេសកម្ពុជា​ផ្សេងទៀត​ក៏មានឈ្មោះមេដឹកនាំ​បរទេស ឬប្រទេស​ក្រៅផងដែរ ដែលបង្ហាញពីនិមិត្តរូប​ដល់​ចំណងមិត្តភាព​ជិតស្និទ្ធ​របស់ពួកគេ ។

ខណៈដែល​រដ្ឋាភិបាល​បាន​លើកឡើងថា ការដាក់ឈ្មោះ​ផ្លូវថ្មីនេះ​«មានអត្ថន័យដ៏ធំធេង​»ចំពោះ​ទំនាក់ទំនង​មិត្តដែកថែប​កម្ពុជា-ចិន លោក វណ្ណលី និយាយថា លោកខាងលិច​«ប្រាកដ​ជា​កាន់តែ​បារម្ភថែមទៀត​​អំពី​ទំនាក់ទំនងនេះ» ។

ប៉ុន្តែទោះជាយ៉ាងណា ចំពោះ​ការលើកឡើងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីជំនួយ​របស់​ប្រទេស​ចិន​មកឱ្យ​កម្ពុជា និង​ការ​ពង្រឹង​ឯករាជ្យភាពផ្នែក​នយោបាយ លោក វណ្ណលី បាននិយាយថា ប្រទេស​ដែល​មានទំនោរទៅរក​ការមានទំនាក់ទំនង​ឆាប់រហ័ស​ជាមួយចិន ច្រើនតែជាប្រទេស​ដែល​បារម្ភអំពី​របប​នយោបាយ​ក្នុងស្រុក​របស់ខ្លួន ។

លោកបានបន្ថែមថា ប្រសិនបើ​គ្មាន​ជំនួយ​ ឬ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ចិន​ទេ ប្រទេស​កំពុង​អភិវឌ្ឍន៍ជាច្រើន​ដែលកំពុងពឹងផ្អែក​លើ​លោកខាងលិចត្រូវតែ​សម្របខ្លួន​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​របស់​ពួកគេ ។ ប្រការនេះ​នឹង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍របស់ប្រទេសទាំងនោះ ជាពិសេស របប​នយោបាយ​របស់ពួកគេ ។

លោក វណ្ណលី បានចែករំលែកទស្សនៈបែបនេះថា ប្រទេស​ចិន​ផ្ដោត​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម​ជាមួយប្រទេសផ្សេងៗ ជាផ្នែកមួយនៃ​យុទ្ធសាស្ត្រ​ការទូត​របស់​ខ្លួន និងថា ចិន​មិន​ផ្ដោតសំខាន់​លើ​របប​នយោបាយ​ទេ ។

លោកបាននិយាយថា៖ «ការប្រើប្រាស់​ជំនួយ ឬទំនាក់ទំនង​សេដ្ឋកិច្ច​ពីចិន​ដើម្បី​«កម្ចាត់» ថ្នាក់ដឹកនាំប្រឆាំង សកម្មជនសង្គម ឬ​សកម្មជនបរិស្ថាន ដើម្បីសម្រេចរបៀបវារៈនយោបាយរបស់ខ្លួន មិនមែន​ជារឿង​ឯកភាពជាតិ​នោះឡើយ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Third Ring Road Named Xi Jinping Boulevard, A Symbol of Cambodia-China’s Steel Relationship 

324 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម