សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបនៅមានសម្ទុះយឺតនៅឡើយ

ភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទអង្គរវត្តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ អាជ្ញាធរជាតិអប្សរា)
ភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទអង្គរវត្តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ អាជ្ញាធរជាតិអប្សរា)

សម្ទុះ​ភ្ញៀវ​ទេសចរ​បរទេស ​​មិនទាន់​ងើបឡើងវិញបានស្រួលបួល​នៅឡើយ​ទេបច្ចុប្បន្ន ខណៈខេត្ត​សៀមរាប​ដែល​ជាខេត្ត​គោលដៅទេសចរណ៍ធំ​ ចំនួន​ភ្ញៀវ​ទេសចរ​​​​បរទេស​ងើប​ឡើង​​យឺតៗ​​នៅឡើយ​ក្នុង​រង្វង់​ប្រមាណ​២០​ភាគរយ​នៅ​ឆ្នាំ២០២៣​បើ​ធៀប​នឹង​មុន​ព្រឹត្តិការណ៍​​​ផ្ទុះ​ជំងឺ​​កូវីដ​​១៩​កាលពី​ឆ្នាំ២០១៩ បើយោងតាមលោក តុប ​សុភ័ក ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍។

លោក តុប ​សុភ័ក បាន​ថ្លែង​​ប្រាប់ ​ខេមបូចា​​ នៅដើម​ខែមិថុនាថា ស្ថានភាពវិស័យ​ទេស​ចរណ៍​​នៅកម្ពុជា គឺ​ស្ថិត​នៅក្នុងដំណាក់កាលនៃការ​ងើប​ឡើង​វិញ​ ក្នុង​នោះ​ទេសចរ​ជាតិ​មិន​មាន​បញ្ហា​ទេ គឺមានសម្ទុះលឿនលើសពីការរំពឹងទុក។ ចំណែក​ស្ថាន​ភាព​ភ្ញៀវ​ទេសចរ​បរ​ទេស ​គឺមិនទាន់​ងើបឡើងវិញបានស្រួលបួល​នៅឡើយ​ទេ​​គឺ«​នៅ​ធាក់​ថយ​​នៅឡើយ​»

លោកលើកឡើង​ថា នៅមុនកូវីដ១៩​គឺនៅក្នុង​ឆ្នាំ២០១៩ ខេត្តសៀម​រាប​ទទួល​បានភ្ញៀវ​ទេសចរ​បរទេស​ជាង​២,២លាន​នាក់ ប៉ុន្តែ​នៅក្នុង​ឆ្នាំ២០២៣កន្លង​ទៅ​​ទទួលបាន​ទេសចរ​អន្តរជាតិ​តែ​ជាង​​៨០ម៉ឺន​នាក់​ទេ ខណៈ​ដែល​បច្ចុប្បន្ន​នៅសៀម​រាប​ភ្ញៀវ​​បរទេស​ភាគច្រើន​មកពី​​អាមេរិក​​​នៅលំដាប់​ទី១ បន្ទាប់​មកអង់គ្លេស​និង​បារាំង។

លោក​បញ្ជាក់​ថា បើតាមតួលេខកាលពីឆ្នាំ២០២៣​​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​សរុប​៥,៤៥លាននាក់​ក្នុង​ក្របខណ្ឌទូទាំង​ប្រទេស។ ចំនួន​នេះ​បើធៀប​នឹងឆ្នាំ​២០២២កើន​ឡើង​១៣៩,៥ភាគរយ ដោយ​ឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២,២៨លាននាក់។

ដោយឡែក ​ប្រសិន​បើធៀប​ចំនួនភ្ញៀវ​ទេសចរទូទៅ​ឆ្នាំ២០២៣ ដែល​មាន​សរុប​ ៥,៤៥លាននាក់ទៅ​ចំនួនភ្ញៀវ​ទេសចរ​កាលពីមុនកូវីដ១៩ គឺនៅ​ក្នុង​ឆ្នាំ​២០១៩​ស្ថានភាព​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេសរហូតដល់៦លាន៦សែន១ម៉ឺននាក់ ​​គឺបាន​ងើប​ឡើង​វិញ​ក្នុង​រង្វង់​ប្រមាណ​៨០ភាគ​រយ។

អ្នក​នាំពាក្យ​ក្រសួង​ទេស​ចរណ៍លើកឡើង​ថា៖ «ដោយឡែកចំពោះខេត្ត​សៀមរាបដែល​ជា​គោលដៅទេសចរណ៍ធំ​សម្រាប់​កម្ពុជាយើង ប៉ុន្តែ​ស្ថានភាពទេសចរ​អន្តរជាតិ​ក្នុង​ខេត្ត​នេះ​ទើប​តែងើប​ឡើង​វិញ​នៅក្នុង​រង្វង់ប្រមាណតែ២០ភាគរយជាងទេ។ មានន័យថា ​ទេសចរ​ដែល​មក​លេងខេត្ត​សៀម​រាបហ្នឹង កំណើន​វានៅយឺត​អត់​ទាន់ទៅដល់​កម្រិត​មុនវិបត្តិកូវីដ​១៩នៅ​ឡើយ​ទេ»

​លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បាន​ប្រាប់ខេមបូចា​កាលពី​ថ្ងៃ​ទី៤​ខែមិថុនាថា បើ​ទោះបីជាការបូកសរុប​រួម​ភ្ញៀវ​ទេស​ចរ​បរទេស​មានការ​កើនឡើង​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០២៤​ ក៏ប៉ុន្តែ​ភ្ញៀវ​ទេសចរ​​បរទេស​ទៅទស្សនា​ខេត្ត​សៀមរាប​គឺ​បានធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈ​ពេល​២ខែចុងក្រោយ​នេះ។

នៅដើមឆ្នាំ២០២៤​គឺនៅខែមករានិងខែ​មីនាគឺ​មានការ​កើនឡើង​ដោយ​ក្នុង១ខែៗ​ខេត្ត​សៀម​​រាប​ទទួល​បានភ្ញៀវ​ទេសចរ​ជាង​១១ម៉ឺននាក់ក្នុងនោះខែកុម្ភៈ​ទទួល​បានជាង​១២ម៉ឺន​នាក់​ដែល​​តួលេខនេះ​បាន​ធ្វើឱ្យសេវាករនៅខេត្ត​សៀមរាប​មានការសប្បាយចិត្ត។

ប៉ុន្តែ​ចូលដល់ខែមេសា និងឧសភា​ភ្ញៀវទេសចរ​បរទេស​នៅ​ខេត្ត​សៀម​រាប​បានធ្លាក់ខ្លាំង​មែន​ទែន។ លោក​​ស្រី​ស៊ីវលីន​បញ្ជាក់ថា៖ «ពីជាង​១២ម៉ឺន​នាក់ធ្លាក់​នៅសល់តែ៥ម៉ឺន អ៊ីចឹង​ឃើញថា ធ្លាក់ខ្លាំង​មែនទែន​ដែល​ធ្វើឱ្យ​ទីតាំង​អាជីវកម្ម​ទេសចរណ៍​នៅខេត្ត​សៀម​រាប​ទាំងមូល​ហ្នឹង​គឺមាន​ការ​​ព្រួយ​បារម្ភ​មែនទែន ​ទៅលើ​អាជីវកម្មរបស់គាត់​ ថាតើមាននិរន្តរ​ភាពបែបណា​»

ប៉ុន្តែ​លោក តុប​ សុភ័ក ​​ថ្លែងទៀត​ថា ភ្ញៀវ​អឺរ៉ុបមានច្រើនជាង​ភ្ញៀវទេសចរ​សញ្ជាតិផ្សេងៗ អ៊ីចឹង​​បើសណ្ឋា​គារ​​ណា​ដែល​គាត់​ដាក់​ភ្ញៀវ​ខាង​អឺរ៉ុប ​ខាង​អាមេរិកហ្នឹង​ គឺគាត់​នៅ​តែទទួល​បាន​អ្នក​ស្នាក់នៅ​ពេញ​ៗ។ តែ​បើ​សណ្ឋាគារ​តូចតាច​ឬដូចជាផ្ទះ​សំណាក់ពេលខ្លះអត់​មាន​ភ្ញៀវ​តែម្តងគឺមាន​តែពឹង​ទៅលើភ្ញៀវក្នុង​ស្រុកមាន​នៅថ្ងៃសៅរ៍ថ្ងៃ​អាទិត្យ​ឬថ្ងៃឈប់​សម្រាក​បុណ្យទាន​ម្តង​ម្កាល ម្យ៉ាង​ដោយសារ​តែបច្ចុប្បន្ន​នេះ​វាស្ថិត​នៅក្នុងពេល​វេលា​នៃរដូវ​ទេសចរ​​តិច​ពីព្រោះ​ទេស​ចរ​ច្រើន​គឺ​ទាល់​តែ​ចាប់​ពី​ខែ​សីហា​ឡើងទៅ​។

លោកមានប្រសាសន៍ថា៖ «អ៊ីចឹង​យើងមើលជារួម​ថា ស្ថានភាពនៃសេវាកម្មស្នាក់នៅ​នៅខេត្ត​សៀម​រាបហ្នឹង​កន្លែងខ្លះជួប​បញ្ហា​ប្រឈម​ដោយ​សារ​យើង​អត់មានភ្ញៀវ​ដាក់​បានគ្រប់​​ទាំង​អស់​ទេ ដូចខ្ញុំជម្រាប​ខាងដើម​អ៊ីចឹងភ្ញៀវ​១ថ្ងៃ​មាន​១៣០០-១៥០០​នាក់ ហីបន្ទប់​យើង​មាន​ដល់ជាង១៤ ០០០បន្ទប់​ យើង​មិនអាចដាក់ភ្ញៀវ​បានទៅទាំង​អស់ទេ»

ភ្ញៀវទេសចរបរទេស កំពុងឈប់សម្រាកនៅបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរកាលពីខែមេសាឆ្នាំ២០២៤។ (រូបភាព៖ អាជ្ញាធរជាតិអប្សរា)

លោក មាន រិទ្ធ ម្ចាស់សណ្ឋាគារ Lucky Garden Boutiqueនៅជាយក្រុង​សៀមរាប​បាន​ថ្លែង​ថា ចាប់តាំងពីក្រោយ​ព្រឹត្តិការណ៍​ផ្ទុះកូវីដមក​សណ្ឋាគារ​របស់​លោកមិនសូវ​មាន​ភ្ញៀវ​មក​ស្នាក់​នៅទេ។

លោកបញ្ជាក់ថា៖ «​អ្នក​មកស្នាក់​នៅសណ្ឋាគារ​ខ្ញុំ​ភាគ​ច្រើនជាភ្ញៀវ​ខ្មែរ​កម្រ​មានបរទេស​ណាស់ ហើយ​ចាប់​តាំងពីក្រោយ​កូវីដមក​ថ្ងៃខ្លះ​ក៏បាន​ភ្ញៀវ​មកស្នាក់នៅ​២-៣​បន្ទប់​៤-៥បន្ទប់​ ហើយ​ថ្ងៃ​ខ្លះ​ក៏គ្មាន​ភ្ញៀវ​មកស្នាក់​នៅសោះក៏មាន»។

ចំណែក​ម្ចាស់សណ្ឋាគារ​ Dusit Hotel Siem Reap បាន​ឱ្យដឹង​ថា សណ្ឋាគារ​ដែល​ស្ថិត​នៅ​មាត់ស្ទឹង​សៀប​រាបនេះ ​ទើប​តែ​បើក​ដំណើរ​ការឡើង​វិញ​​បាន​រយៈ​ពេល​៣​ខែ​ប៉ុណ្ណោះ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ថា​​ភ្ញៀវ​មកស្នាក់​នៅ​មានការ​កើនឡើង​ឬក៏​ថយ​ចុះនោះទេ។

ក៏ប៉ុន្តែ​អ្នក​នាង​បញ្ជាក់​ថា៖ «ដោយ​សារ​ទីតាំង​សណ្ឋាគារខ្ញុំស្ថិត​នៅចំកណ្តាល​ក្រុង​សៀម​រាប ថ្ងៃ​ខ្លះ​ក៏​មាន​ភ្ញៀវ​បរទេស​ចូលមក​ដេក​ពេញ​ទាំង​២១បន្ទប់ តែថ្ងៃខ្លះ​ក៏បាន​តែ៣​បន្ទប់ វាមិន​ទៀង»។

ម្ចាស់សណ្ឋាគារ​ដែល​មិនបាន​ប្រាប់ឈ្មោះ​រូប​នេះ​បាន​លើកឡើងថា៖ «ដើម្បីទាក់ទាញ​ភ្ញៀវ​មកលេងខេត្តសៀមរាបឱ្យបានច្រើនវិស័យ​នេះ​ត្រូវ​បង្កើត​កន្លែងកម្សាន្ត​ឱ្យបាន​ច្រើន,​កន្លែង​ស្អាត មាន​អនាម័យ, សេវ៉ាកម្មល្អ និងតម្លៃសមរម្យ , ផ្សាយពាណិជ្ជកម្ម​ឱ្យភ្ញៀវជាតិ និងភ្ញៀវ​អន្តរជាតិឱ្យពួកបានស្គាល់ខេត្តសៀមរាប»។

ប៉ុន្តែប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប​​លោក ធិម សេរីវុឌ្ឍ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​៦​ខែមិថុនា​ថា ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ២០២៤​នេះ​ខេត្ត​សៀមរាប​ទទួល​បានភ្ញៀវទេសចរ​អន្តរ​​ជាតិ​ចំនួន​៤៧២ ២៥៨នាក់ ហើយ​បើប្រៀបធៀបនឹងរយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំ​២០២៣​​​គឺ​មានការ​កើនឡើង​៣៦,៩៨ភាគរយស្មើនឹង៣៤៤៧ ៥៧នាក់។

លោក​បញ្ជាក់​ថា ការលើកឡើង​របស់​ក្រុម​ប្រតិបត្តិករទេសចរណ៍ដែលថា ភ្ញៀវទេសចរ ធ្លាក់​​​ចុះ​អាចមកពីក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ២០២៤​នេះមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន​១០៤៣កន្លែង​ត្រូវបានបើកដំណើរការ​ឡើងវិញ​ដែល​មាន​ប្រមាណជា៨៨ភាគរយ​ហើយ​ក្នុង​​នោះដែរ​សេវាស្នាក់នៅ​ទាំង​ផ្ទះសំណាក់​ទាំងសណ្ឋាគារគឺមានប្រមាណជា៤៧០​កន្លែង​ដែល​​​មានប្រមាណជា១៤ ០០០បន្ទប់​បានបើកឡើង​វិញ។

ដូច្នេះ​ដោយសារ​តែការផ្គត់ផ្គង់​មានទំហំធំហើយ​ដែលភ្ញៀវ​ទេសចរ​មាន​ការ​កើនឡើងក្នុង​​កម្រិត​មិនទាន់ខ្ពស់ដូចមុនទើប​ធ្វើឱ្យប្រតិ​បត្តិករ​​​ទេសចរណ៍មួយចំនួននៅ​តែប្រឈម​នឹង​បញ្ហា​ដោយ​សារ​តែពុំ​ទាន់​មានភ្ញៀវ​ច្រើន​ចូលស្នាក់​នៅ​សណ្ឋាគារ​និង​ផ្ទះ​សំណាក់​របស់​ពួកគាត់​។

លោក សេរីវុឌ្ឍ  ថ្លែងទៀតថា៖ «ទីផ្សារអាស៊ីនៅ​មានបញ្ហា​ច្រើន​ដោយសារថា បច្ចុប្បន្ន​នេះ​ទីផ្សារអឺរ៉ុបយើងមាន​ការកើនឡើង​ប្រហាក់ប្រហែល​មុននឹង​ដំណាក់​កាលកូវីដ ក៏ប៉ុន្តែ​ទីផ្សារចិន ទីផ្សារជប៉ុន ទីផ្សារ​កូរ៉េ ទីផ្សារថៃ វៀតណាមគឺ​​មានការ​កើនឡើង​​នៅមានកម្រិត​​នៅឡើយដូច្នេះយើងឃើញថា ពេលដែល​មានការ​ផ្គត់ផ្គង់​ច្រើនបែបនេះអ៊ីចឹងធ្វើឱ្យអ្នក​ដែលកាត់​ចំណែកយកទីផ្សារ​អាស៊ីហ្នឹង​មានការ​លំបាក​ដោយសារ​តែពុំមានទេសចរ​ច្រើន»

លោក សេរីវុឌ្ឍ  ថ្លែងទៀតថា កាលពីមុនកូវីដក្នុង​មួយថ្ងៃៗ​មានទេសចរ​រាប់ពាន់នាក់​រហូតដល់ថ្ងៃខ្លះ​មាន​រហូតដល់​ជាង១​ម៉ឺននាក់បាន​មក​លេងកម្សាន្ត​ខេត្ត​សៀម​រាប​ ប៉ុន្តែ​បច្ចុប្បន្ន​​ភ្ញៀវ​ទេសចរ​មានត្រឹម​១ ៤០០-១ ៥០០​នាក់​ក្នុង​១ថ្ងៃដែល​បាន​ទិញ​សំបុត្រ​ចូល​​ទស្សនាតំបន់​​អង្គរ ដូច្នេះ​បើប្រៀបធៀបទៅ​នឹង​​ចំនួន​បន្ទប់​ឃើញថា ការផ្គត់ផ្គង់​មាន​ទំហំធំ ហេតុដូច្នេះហើយប្រតិបត្តិករ​ដែលគាត់កាត់​យកចំណែកទីផ្សារអាស៊ី មាន​បញ្ហា​ប្រឈម​ទើប​ពួក​គាត់ថា ចំនួនភ្ញៀវ​ទេសចរ​​ធ្លាក់ចុះបើ​ប្រៀបធៀបទៅ​​ឆ្នាំមុន​។

ប៉ុន្តែលោក សេរីវុឌ្ឍ ​បញ្ជាក់ថា៖ «តាមពិត​អត់ទេយើង​កើនឡើងជាង​ឆ្នាំមុនបើយើង​ប្រៀបធៀបនឹងឆ្នាំមុនមិនមែនប្រៀបធៀប​ដំណាក់កាលមុនកូវីដ១៩ទេ យើងប្រៀបធៀប​ឆ្នាំ២០២៣»

ភ្ញៀវទេសចរបរទេស កំពុងឈប់សម្រាកនៅបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរកាលពីខែមេសាឆ្នាំ២០២៤។ (រូបភាព៖ អាជ្ញាធរជាតិអប្សរា)

ក្រុង​សៀម​រាប​​មិនសូវមាន​ភាព​អ៊ូអរ

អ្នកនាងណា ស៊ូ ជាពលដ្ឋ​រស់នៅខេត្ត​សៀម​រាបដែល​កាលពីមុន​ធ្លាប់​ធ្វើការ​នៅសណ្ឋាគារ​​សៀមរាប​អង្គរ​ហើយ​បច្ចុប្បន្ន​កំពុង​បម្រើ​ការ​នៅរោង​ពុម្ព១កន្លែង​បាន​ថ្លែង​ថា បច្ចុប្បន្ន​មិនសូវ​​មានភ្ញៀវ​បរទេស​ច្រើន​មកលេងក្រុង​សៀម​រាប​​នោះទេ។

អ្នកនាង​ស៊ូ ដែល​កើតនិង​​ធំដឹងក្តីក្នុង​ក្រុង​សៀម​រាប​និយាយ​ថា៖ «ឥឡូវនៅក្នុង​ក្រុង​រាងស្ងាត់ ហើយ​នៅ​តាម​ប្រាសាទ​ក៏រាងស្ងាត់​ដែរ​មិន​សូវ​មានភ្ញៀវ​ទេសចរ​អ៊ូអរ​ច្រើន​ដូចមុនទេ»

ចំណែក​លោក ចន្ទ សិរីមុនី គ្រូបង្រៀន​ម្នាក់​នៅរាជធានីភ្នំពេញដែល​ទើប​ទៅលេង​នៅ​ខេត្ត​សៀម​រាប​កាលពីពេល​ថ្មីៗ​នេះបាន​ថ្លែង​ថា លោកមានការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ទៅឃើញ​ក្រុង​​សៀម​រាប​និង​នៅ​តាម​ប្រាសាទនានា​​រួម​ទាំង​នៅសណ្ឋាគារ​ដែល​លោក​ស្នាក់​នៅ​មានសភាពស្ងប់​ស្ងាត់។

លោកនិយាយ​ថា៖ «យើង​មាន​ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក​ដ៏ល្បីល្បាញ​មិន​គួរ​ណា​ស្ងប់​ស្ងាត់​មិន​សូវ​មានភ្ញៀវ​ទេស​ចរបរទេសមក​លេងអ៊ី​ចឹង​ទេ។ តើហេតុ​អី ? រដ្ឋាភិបាល​ក្រសួង​ទេសចរណ៍គួរ​សិក្សា​រៀប​ចំយុទ្ធ​សាស្រ្តដើម្បីទាក់​ទាញ​ទេសចរ​បរទេស​ឱ្យមក​លេងកម្ពុជា​យើង​ឱ្យ​បាន​ច្រើន​ដូច​កាលពីមុនកូវីដ»

មកដល់ពេលនេះ កម្ពុជា​បាន​ចុះបញ្ជី​​ប្រាសាទបុរាណចំនួន​៤ហើយ ចូល​ទៅក្នុង​សម្បត្តិ​​បេតិកភណ្ឌពិភពលោក​ក្នុង​នោះ​មានតំបន់ប្រាសាទអង្គរវត្ត ត្រូវ​បាន​ចុះក្នុងបញ្ជី​ ​កាលពីថ្ងៃ​ទី​​១៤ ខែធ្នូ ឆ្នាំ១៩៩២ប្រាសាទព្រះវិហារ ចុះកាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ តំបន់​ប្រាសាទ​​សំបូរព្រៃគុក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ និង​ចុងក្រោយ​គឺ​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ចុះក្នុងបញ្ជីកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ត្រង់​ចំណុច​នេះ លោកស្រី ឆាយ ស៊ីវលីន ​បានលើកឡើង​ថា បើ​ទោះបី​ជា​ប្រទេសកម្ពុជា​មាន​​ប្រាសាទ​បុរាណ​ដ៏ល្បីល្បាញ​ជាច្រើន​ត្រូវ​បាន​ចុះក្នុង​បញ្ជីសម្បត្តិបេតិកភណ្ឌ​ពិភព​លោក​​ក៏ដោយ​ក៏ប៉ុន្តែផ្ទុយទៅវិញ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មកទស្សនា​កម្ពុជា​ហាក់ដូច​​ជានៅមាន​កម្រិត​នៅឡើយ​បើប្រៀប​ធៀ​ប​ជាមួយប្រទេស​ជិតខាង។

ក្នុង​ឆ្នាំ ២០២៣ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​បរទេស​​សរុប​​ប្រមាណ ៥,៤៥លាន​នាក់ ខណៈ​ដែល​ប្រទេសថៃ​ទទួល​បាន​២៨,០៤២ លាននាក់​​ប្រទេសវៀតណាមទទួលបាន​១២,៦លាន​នាក់។

កក្តា​ដែល​​ថៃ ​និង​វៀតណាម​ទទួល​បាន​​ទេសចរ​បរទេស​ច្រើន​

ការ​ដែល​ប្រទេសថៃ និង​ប្រទេស​វៀតណាម​ទទួល​បានភ្ញៀវ​ទេសចរ​បរទេសបាន​ច្រើន​ដាច់ឆ្ងាយ​ពីកម្ពុជា ត្រូវ​បាន​លោក​ស្រីស៊ីវលីន​លើកឡើង​ថា មួយផ្នែក​ដោយសារ​ថៃ និង​វៀតណាម ​មាន​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់បណ្តាប្រទេស​នានា​នៅលើ​ពិភព​លោក​មានការ​ដឹកជញ្ជូនផ្ទាល់​​ខ្លួន​បូករួម​ទាំង​ការផ្សព្វផ្សាយ​ក៏មានភាព​ទូលំទូលាយជាង​​កម្ពុជា បាន​​ផ្តល់​ភាពងាយ​ស្រួលដល់ភ្ញៀវ​ទេសចរ ហេតុដូច្នេះហើយ​​បើភ្ញៀវ​ទេសចរ​ចង់​មកកម្ពុជា គេត្រូវ​ឆ្លង​កាត់​ប្រទេស​ជិតខាង​ទាំង​២​នេះសិន។

ត្រង់​ចំណុចនេះ លោកស្រី ស៊ីវលីន បានលើកឡើង​ថា ការឆ្លង​កាត់នោះឯងធ្វើឱ្យ​ភ្ញៀវ​ទេសចរ​​​ចូលទៅ​លង់លើយសប្បាយដោយសារ​តែថៃ ​និង​វៀតណាម​មានផលិត​ផល​ទេសចរ​ណ៍​ច្រើនគួរ​សមដែរ​ក៏សប្បាយនៅទីនោះទៅ​ហើយក៏ខកខានចូល​មកកម្ពុជាដែល​នេះជាចំណុចឈ្នះ​របស់ប្រទេសជិត​ខាង​។

បញ្ហាប្រឈមក្នុង​វិស័យទេសចរណ៍

ការហោះហើរ​ត្រង់​របស់កម្ពុជា​គឺនៅមាន​កម្រិត​​នៅឡើយ​ ហើយការផ្សព្វផ្សាយ​របស់​កម្ពុជា​ក៏នៅមានកម្រិតផងដែរ ​ដែល​ធ្វើឱ្យភ្ញៀវ​ទេសចរ​នៅ​លើ​ពិភពលោក​ទទួលបានព័ត៌មាន​ពីកម្ពុជាក៏នៅមានកម្រិត​ទៅតាមនោះដែរ។

លោកស្រី ស៊ីវលីន ​បាន​ថ្លែង​ទៀត​ថា៖ «លើសពីនេះយើងក៏ខ្វះ​ការចូល​រួមពីគ្រប់ភាគីពាក់ព័ន្ធ​ផង​ដែរ​នេះក៏ជាចំណុចសំខាន់ខ្លាំង ពីព្រោះនៅពេលដែល​ភ្ញៀវ​ចូលមកដល់ទឹកដី​​កម្ពុជា​​ហើយ​យើង​ខ្វះនូវការចូលរួមនេះ​គឺថា ធ្វើឱ្យភ្ញៀវមានអនុស្សាវរិយ៍​មិនសូវល្អផង​ដែរ ហើយ​សម័យកាលនេះ​ជាសម័យកាលព័ត៌មានវិទ្យា​អ៊ីចឹង​អ្វីដែល​ធ្វើឱ្យភ្ញៀវ​មិនសប្បាយ​ចិត្ត​គឺភ្ញៀវ​អាចចែករំលែកអារម្មរណ៍​ពិតប្រាកដ​ទៅលើបណ្តាញសង្គមនានា​ដែល​គេកំពុង​តែ​ប្រើប្រាស់​​យ៉ាងពេញនិយម»

ម្ចាស់សណ្ឋាគារ និង​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍មួយចំនួន​ដែល​បដិសេធ​ប្រាប់​ឈ្មោះ​​​អះអាង​ថា ការផ្តល់​សេវាផ្សេងៗ​ដល់ភ្ញៀវ​ទេសចរ​ចាប់​តាំង​ពីការ​ដឹកជញ្ជូន​និង​ការ​ស្នាក់​នៅ​តាម​សណ្ឋា​គារ និង​នៅតាម​ភោជនីយដ្ឋាននានានៅ​ក្នុង​ប្រទេស​កម្ពុជា​គឺមាន​លក្ខណៈ​ល្អប្រសើរ​មិន​ចាញ់​ប្រទេស​ជិត​ខាងឡើយ​។

ប៉ុន្តែ​បញ្ហា​ធំ​ដែល​​ធ្វើឱ្យ​រាំង​ស្ទះ​ដល់​ភ្ញៀវ​ទេស​ចរ​បរទេស អាច​មក​ពីមានភាព​មិនប្រក្រតី​នៅ​តាម​ច្រក​ព្រលានយន្តហោះនិង​ច្រកព្រំដែន​នានា​ទៅ​វិញ​ទេ​ ពីព្រោះភ្ញៀវ​ទេសចរ​បរទេស​មួយចំនួ​​ន​ធ្លាប់​បាន​ត្អូញត្អែរថា ពួកគេ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជានៅ​តាម​ច្រក«​គាប​យកប្រាក់​»នៅ​ពេល​ដែល​ឯកសារឆ្លង​ដែន​​របស់ពួក​គេមាន​កំហុសបន្តិចបន្តួច​។

បន្ថែម​ពី​នេះ​ការ​ផ្សព្វ​ផ្សាយព័ត៌មាន​​​​មិនល្អ​ដែល​ថា​ កម្ពុជាត្រូវ​បាន​ក្រុម​ឧក្រិដ្ឋ​​ជន​ជនជាតិ​ចិនយក​ធ្វើ​ជាទីតាំង​ចាប់​បង្ខាំង​មនុស្ស​​​ដើម្បី​ឱ្យ​ធ្វើ​ការ​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អនឡាញ​​ដោយ​ខុសច្បាប់​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើពិភព​លោក​​ក៏​រួម​ចំណែក​ធ្វើឱ្យ​ភ្ញៀវ​ទេស​ចរ​បរទេស​មាន​ការ​ខ្លាច​រអាក្នុង​កា​រ​មក​លេង​នៅ​កម្ពុជាផងដែរ។

លោក ទូច សុឃៈ ​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់​ទង​សុំអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំមានអ្នក​ទទួលហើយ​ការ​ផ្ញើសារ​តាម​បណ្តាញ​សង្គម​ក៏​ពុំមានការ​ឆ្លើយ​តប​ដែរ។

ភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទអង្គរវត្តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ អាជ្ញាធរជាតិអប្សរា)

ដំណោះស្រាយ

បើ​តាម​លោកស្រី ស៊ីវលីន អ្វីដែលកម្ពុជាគួរ​តែធ្វើបន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរមក​ឱ្យ​បាន​ច្រើននោះ គឺ​ត្រូវ​បន្ថែមទៅលើការផ្សព្វផ្សាយ​ បន្ថែមទៅលើការទាក់ទាញ​នៃការ​ហោះ​ហើរ​ត្រង់ គឺជាចំណុច​សំខាន់ជាងគេ។

ក្រៅពីនេះ​ត្រូវ​បន្ថែមការ​វិនិយោគលើ​ធនធានមនុស្ស​​ក៏ដូចជាសេវាកម្មកែច្នៃ មណ្ឌល​កម្សាន្ត ពីព្រោះថា កម្ពុជាមានគោលដៅ​ទេសចរណ៍​​បែបធម្មជាតិ ​និងបេតិក​ភណ្ឌ​នៅ​ឡើយ​​តែការបន្ថែមនូវសេវាកម្មកែច្នៃ ហើយ​ផលិតផលក្នុងស្រុក​ធ្វើយ៉ាង​ណាឱ្យមាន​​ព្រមៗ​គ្នាដោយ​មិនអាចពឹងផ្អែកតែទៅលើអ្វី​ដែលកម្ពុជាកំពុង​តែមាន​ស្រាប់នោះទេ។

ប្រធានសមាគមទេសចរ​ណ៍​រូបនេះ​បន្ថែមថា៖ «គឺត្រូវ​តែមានការ​កែច្នៃបន្ថែម​ដើម្បីឱ្យសេវា​កម្ម​​សម្បូរបែប​ដើម្បីអាចទាក់ទាញភ្ញៀវបានច្រើនប្រភេទ និង​គ្រប់វ័យផងដែរ ពីព្រោះ​បច្ចុប្បន្ន​យើង​អាចទាក់ទាញបានតែភ្ញៀវវ័យចំណាស់តែប៉ុណ្ណោះ​ដែលគាត់ចូលចិត្ត​បែប​បុរាណ ចំណែកភ្ញៀវដែលមានវ័យកណ្តាល ​ឬយុវវ័យគឺយើង​ខ្វះការកែច្នៃដើម្បីទទួល​ពួកគាត់»

លោក​ប្រធាន​ស្តីទីនៃ​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀមរាប​ បាន​លើក​ឡើង​ថា វិស័យទេសចរណ៍​គឺ​ជា​វិស័យ​មួយដែល​ត្រូវមានការ​ចូលរួម​អភិវឌ្ឍ​ជាប្រព័ន្ធ​ពីគ្រប់ភាគីពាក់ព័ន្ធ​​​ទើប​អាច​អភិវឌ្ឍ​​​វិស័យ​នេះទៅបាន គឺ​ត្រូវ​មានការ​ចូល​រួម​ដោយ​ពេញ​ទំហឹង​ទាំង​រដ្ឋ និង​ឯកជន។

លោក​បន្ត​ថា ​រដ្ឋាភិបាល​​បាន​ជំរុញ​ឱ្យ​មាន​ការ​ប្រារព្ធ​​នូវ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ មិន​មែន​តែ​ព្រឹត្តិការណ៍​ទេសចរណ៍​ទេ គ្រប់​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ ថ្នាក់​​អន្តរជាតិ​​គឺត្រូវ​ធ្វើ​ឡើង​នៅខេត្ត​សៀមរាបដើម្បី​ទាក់ទាញ​ទេសចរ​។ ការធ្វើដូច្នេះ ដើម្បីផ្តល់​ឱកាសការងារ​ និង​ចំណូល​ដល់​ប្រតិបត្តិករ​នៅខេត្ត​សៀមរាបដើម្បីជួយ​ស្តារ​សេដ្ឋកិច្ចឡើង​វិញ។

លោក ធិម សេរីវុឌ្ឍ  បាន​ថ្លែង​ទៀតថា៖ «ក្រៅពីនេះ​យើង​ឃើញអាជ្ញាធរ​ខេត្ត​បានប្រឹង​ប្រែង​​ចូលរួម​យ៉ាងសកម្ម​នូវគ្រប់​សកម្មភាព​ដែលថ្នាក់​ជាតិដាក់មក​ដោយ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​​ផ្នែក​ឯកជនជាមួយអង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ការបង្កើត​រៀបចំព្រឹត្តិការណ៍​ដើម្បីធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​សៀម​រាប​មានសកម្មភាពទេសចរ​រស់រវើកឡើងវិញ»។

ចំពោះមន្ទីរទេសចរណ៍ខេត្ត​សៀម​រាប​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អនឡាញដោយ​មាន​ក្រុមការ​ងារ​សរសេរ​មាតិកាទាំង​​របស់​មន្ទីរ​និង​ទាំងយុវជន​​​ស្ម័គ្រចិត្ត​​មួយក្រុមដើម្បី​ធ្វើការ​​ផ្សព្វផ្សាយ​ពី​សក្តានុពលនៃ​តំបន់​​ទេសចរណ៍ក្នុង​ខេត្ត​សៀមរាបនិង​បាន​ចុះធ្វើការ​ផ្សព្វ​ផ្សាយដើម្បីពង្រឹងគុណ​ភាពសេវាកម្មទេសចរណ៍​ទៅតាម​មូលដ្ឋាន​​អាជីវកម្មទាំង​សហគមន៍​ទេស​ចរណ៍​​​ទាំង​តំបន់​ទេសចរណ៍ផ្សេង​ៗផងដែរ។

លោកបន្ថែមថា៖ «សកម្ម​ភាព​នេះ​​ដើម្បី​ពង្រឹង​គុណ​ភាព​​ធ្វើយ៉ាង​ណា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​របស់អតិថិជន ជាពិសេស​ពេលអតិថិជនមកដល់គឺកុំឱ្យមាន​បញ្ហា​កើតឡើង​ទៅលើសេវាកម្មទៅលើគុណ​ភាពផ្សេងៗ។ អ៊ីចឹង​សង្ឃឹម​ថា ការប្រឹង​ប្រែង​របស់​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធទើប​ធ្វើឱ្យវិស័យ​នេះ​រីកចម្រើនទៅបាន​»

ជាមួយគ្នា​នេះ​អ្នក​នាំពាក្យ​ក្រសួង​ទេស​ចរណ៍​បាន​ថ្លែង​ថា ក្រសួង​ទេសចរ​ណ៍​នៅតែមាន​ក្តី​រំពឹងថា សម្ទុះភ្ញៀវ​ទេស​ចរ​នឹង​ងើបឡើង​វិញជាបន្តបន្ទាប់​បណ្តើរៗ ហើយ​បច្ចុប្បន្ន​ក្រសួង​ទេសចរណ៍​បាន​និងកំពុង​ខិត​ខំធ្វើការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បីធ្វើយ៉ាងណា​រកវិធី​​សាស្ត្រ​​​​សម្រួលការ​ធ្វើដំណើរ​របស់​ទេសចរ​ឱ្យ​បាន​ស្រួល​ទាំងការតភ្ជាប់​ជើង​ហោះហើរត្រង់​ ​ទាំង​ការ​សម្រួល​នូវបែប​បទចេញចូលមួយ​ចំនួន​ទៀត។

លោក តុប ​សុភ័ក បញ្ជាក់​ថា៖ «សំដៅ​ធ្វើយ៉ាងម៉េច​សម្រួលការ​ធ្វើដំណើរ​​របស់​ទេសចរ​តាំង​ពីពេល​ចូលម​ក​រហូត​ដល់​ពេល​ត្រឡប់ទៅវិញគឺឱ្យពួកគាត់​មកលេងស្រុកយើង​ហ្នឹង​ប្រកប​ដោយភាពកក់ក្តៅ នេះជាអ្វីដែលឯក​ឧត្តម​រដ្ឋមន្ត្រី​ក្រសួង​​ទេស​ចរណ៍​កំពុង​តែបាននិង​កំពុង​ខិតខំ​ធ្វើ»។

ក្រៅពីនោះ​កម្ពុជា​ត្រូវការ​ពង្រីកធ្វើឱ្យមាន​កំណើន​នូវផលិតផលទេសចរណ៍​នៅ​ក្រៅពីតំបន់​ប្រាសាទ​ក្នុង​ខេត្ត​សៀមរាបដោយ​បច្ចុប្បន្ន​​មានផលិតផល​​ទេសចរណ៍​ជាលក្ខណៈ​សហគ​មន៍​​អេកូទេសចរណ៍ ​និង​កសិ-​ទេស​ចរណ៍ ដែល​ផលិតផលទេសចរណ៍កែច្នៃ​ទាំង​នោះ គឺ​ដើម្បី​ពន្យារ​ពេល​នៃការ​ស្នាក់​នៅ​របស់ទេសចរ​បន្ទាប់​ពី​ការ​ទស្សនាប្រាសាទ​។

ប៉ុន្តែ​អ្វីដែល​បន្ថែមពីលើហ្នឹង​ទៀត​ក្នុង​ការ​ទាក់​ទាញ​ទេសចរ​គឺការពង្រឹង​នូវគុណភាពសេវា​កម្ម​​ទេសចរ​ណ៍​​ឱ្យបានល្អ បាន​ន័យ​ថា សេវាកម្ម​ប្រកប​ទៅ​ដោយស្តង់​ដា​ប្រកបដោយគុណ​ភាព​បុគ្គលិក​​ក្នុង​វិស័យ​នេះ​ត្រូវមាន​ជំនាញ​។

លោក​តុប សុភ័ក​បញ្ជាក់​ថា៖ «ហេតុដូច្នេះ​ហើយ​បានក្រសួងបាន​និង​កំពុង​ខិតខំបណ្តុះ​បណ្តាល​នូវជំនាញផ្សេង​ៗ​ទាក់​ទង​ទេសចរ​ទៅដល់​សេវាកម្មទេស​ចរណ៍​សំដៅ​ធ្វើយ៉ាងម៉េច​ដើម្បីឱ្យ​ពួកគាត់​ពង្រឹងនៅកន្លែង​ដែលពួកគាត់​ផ្តល់​សេវាឱ្យបាន​កាន់តែល្អ​សំដៅផ្តល់ភាព​ទាក់ទាញ​ទៅដល់​ទេសចរ​ធ្វើម៉េចឱ្យទេសចរមកហើយ​មានភាព​កក់ក្តៅ​ កក់ក្តៅ​ហើយ​គាត់​ចូលចិត្តគាត់ជាប់ចិត្តហើយ​ជួយ​ផ្សព្វផ្សាយ​បន្តទៅដល់​គោលដៅ​ទេសចរ​របស់យើង​»។

លោក​សួន សុផល ជាប្រជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ចុង​ឃ្នាស ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប ដែល​ជា​អ្នក​ប្រកប​របរ​បើក​បរ​ទូកស្មាច់​ដឹកភ្ញៀវ​ទេសចរ​ទស្សនា​បឹងទន្លេសាបបាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​មុខ​របរ​របស់​លោក​កាន់​តែលំបាក​ទៅៗ​ដោយ​សារ​​មិនសូវ​មានភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​បឹង​ទន្លេសាប​ច្រើន​ដូច​មុន​នោះ​ទេ។

បុរស​ដែល​មាន​កូន៥​នាក់​ក្នុង​បន្ទុក​រូប​នេះ​​បាន​ថ្លែង​ប្រាប់ ខេ​មបូចា ​កាល​ពី​ថ្ងៃ​ទី៥ ​​ខែ​មិថុនា​​ថា៖ «កាលពី​ឆ្នាំ​មុន​មានភ្ញៀវ​ទេសចរ​ច្រើន​គួរ​សម​មក​ទស្សនា​បឹង​ទន្លេសាប​ ធ្វើឱ្យខ្ញុំ​អាចរក​ប្រាក់​បាន​គួរសម។ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​នេះ មិនសូវ​មាន​ភ្ញៀវទេសចរ​មក​ជិះ​ទូកខ្ញុំទស្សនា​បឹង​ទន្លេ​សាប​ទេ»

530 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម