សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយករដ្ឋមន្ត្រី៖ ការធ្វើដំណើរឆ្លងខេត្តត្រូវហាមឃាត់ចំនួនពីរសប្ដាហ៍

ប្រជាពលរដ្ឋមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យមួយក្នុងចំណោមបួនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង
ប្រជាពលរដ្ឋមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យមួយក្នុងចំណោមបួនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអង្គារ បានសម្រេចបិទការធ្វើដំណើរឆ្លងខេត្តសម្រាប់រយៈពេលពីរសប្ដាហ៍ និងបានបញ្ជាឲ្យមន្ត្រីសុខាភិបាលរៀបចំឲ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ខណៈការឆ្លងនៅផ្សារអូរឫស្សីបានឡើងដល់៣៦នាក់ ស្របពេលដែលមន្ត្រីកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដល់កម្មកររោងចក្រកាត់ដេរនៅក្នុងប្រទេស។

បើតាមសេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបិទការធ្វើដំណើរឆ្លងខេត្តនេះចាប់ផ្ដើមពីថ្ងៃទី៧ដល់ថ្ងៃទី២០ ខែមេសា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយលើកលែងតែការដឹងជញ្ជូនទំនិញគ្រប់ប្រភេទ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្ល់អគ្គិភ័យ រថយន្តដឹកកម្មករ និងករណីពិសេសមួយចំនួនទៀត ហើយការធ្វើដំណើររវាងទីក្រុងភ្នំពេញ និងខេត្តកណ្ដាលត្រូវចាត់ទុកក្នុងតំបន់តែមួយមិនស្ថិតក្នុងវិសាលភាពហាមឃាត់នោះទេ។

ការសម្រេចនេះ ក៏បានតម្រូវឲ្យរមណីយដ្ឋានទេសចរណ៍បិទដំណើរការជាបណ្ដោះអាសន្នពីថ្ងៃទី៧ដល់ទៅទី២០ ខែមេសា ហើយគណៈអភិបាលខេត្តនីមួយៗមានសិទ្ធក្នុងការសម្រេចដាក់វិធានការគ្រប់គ្រង ឬហាមឃាត់ការធ្វើដំណើរក្នុងភូមិសាស្រ្តក្រុង ស្រុក និងឃុំរបស់ខ្លួន។

មុនមានការសម្រេចហាមឃាត់ការធ្វើដំណើរនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងដែរថា យ៉ាងតិចអ្នកជំងឺកូវីដ១៩ ចំនួន៥០ភាគរយអាចសម្រាកព្យាបាលតាមផ្ទះ ដូចដែលនៅអាមេរិក និងអឺរ៉ុបបានធ្វើ ខណៈករណីឆ្លងក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ បានឡើងដល់២២៩៣ករណី ធ្វើឲ្យមន្ទីរពេទ្យហួសលទ្ធភាពក្នុងការទទួលអ្នកជំងឺ។

បើតាមសារជាសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ផ្សាយដោយសារព័តមានជាតិទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ថា AKPលើកឡើងថា៖ «យើងមិនអាចទទួលអ្នកជំងឺទាំងអស់នោះទេ…ដោយសារតែចំនួនឆ្លងចេះតែកើនឡើង ទោះបីជាមានមន្ទីរពេទ្យច្រើនប៉ុនណា យើងមិនអាចដាក់ពួកគាត់អស់ទេ»។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «បើសិនជាផ្ទះរបស់អ្នកជំងឺតូច ពួកគាត់ត្រូវតែមកព្យាបាលនៅមន្ទីរពេទ្យ»។ ដោយលោកបន្ថែមថា ក្រុមការងារនឹងសម្រេចថា អ្នកជំងឺណាត្រូវទៅមន្ទីរពេទ្យ និងអ្នកជំងឺណាត្រូវព្យាបាលនៅតាមផ្ទះ ហើយថាក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាននឹងតាមដានអ្នកជំងឺទាំងនោះ។

បើតាមលោកនាយករដ្ឋមន្ត្រី មន្ត្រីសុខាភិបាលថ្នាក់មូលដ្ឋានជាអ្នកទទួលខុសត្រូវលើការព្យាបាលនេះ ដោយមានការបណ្តុះបណ្តាល ហើយអ្នកជំងឺដែលសម្រាកព្យាបាលនៅតាមផ្ទះនឹងទទួលបានប្រាក់ឧបត្ថម្ភ២ម៉ឺនរៀលក្នុងមួយថ្ងៃពីរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ក្នុងករណីយើងសង្ស័យថាជំងឺគាត់អាចទៅជាធ្ងន់ធ្ងរ យើងត្រូវតែបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យភ្លាម…ហើយបើអ្នកជំងឺមានផ្ទះសមរម្យ [យើង]អាចទុកគាត់ព្យាបាលនៅផ្ទះ ដើម្បីកាន់បន្ថយចំនួនអ្នកជំងឺកកកុញនៅមន្ទីរពេទ្យ»។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង មានប្រសាសន៍ថា អ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ហើយភាគច្រើនមានបញ្ហាផ្លូវដង្ហើម ខណៈអ្នកជំងឺកូវីដ១៩ ផ្សេងទៀតមានសភាពដូចជាជំងឺផ្ដាសាយធំ។

មន្ត្រីសុខាភិបាលស្រង់ព័ត៌មានលម្អិតពីបុគ្គនៅអាហារដ្ឋានមួយកន្លែងមានជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ១៩ ជាចង្កោមនៅផ្សារអូរឫស្សី ភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សរាំង
មន្ត្រីសុខាភិបាលស្រង់ព័ត៌មានលម្អិតពីបុគ្គនៅអាហារដ្ឋានមួយកន្លែងមានជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ១៩ ជាចង្កោមនៅផ្សារអូរឫស្សី ភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សរាំង

លោក ​អំ សំអាត ​នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​បាន​សាទរ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​លោក​បាន​អំពាវ​នាវ​សូម​ឲ្យ​មន្ត្រី​សុខាភិបាល​បំពេញកិច្ចការ និង​ការ​ព្យា​បាល​អ្នកជំងឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​។

លោក​បន្ថែម​ថា៖ «​ជា​ក្រម​សិលធម៌​របស់​គ្រូពេទ្យ ពួកគាត់​មិន​ត្រូវ​មាន​ការ​រើសអើង​នឹង​អ្នកជំងឺ ត្រូវ​អនុវត្ត​ឲ្យ​ស្មើ​ភាព​គ្នា…​នេះ​ជា​អ្វី​ដែល​យើង​ព្រួយ​បារម្ភ»។​

ក្រសួង​សុខា​ភិបាល​ឲ្យ​ដឹងថា​ ២០​ករណី​ថ្មី​ទៀត​ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​អ្នក​លក់​ដូរ​នៅ​ផ្សារ​អូរឫស្សី ដែល​ផ្សារ​នេះ​ត្រូវ​បិទ​រយៈពេល​ពីរ​សប្ដាហ៍​ គិត​ពី​ថ្ងៃ​អាទិត្យ ពេល​ដែល​មាន​អ្នក​លក់​ដូរ និង​សន្ដិសុខ​ផ្សារ​រក​ឃើញ​ថា​មាន​វិជ្ជមាន​កូវីដ​១៩​។ ក្រ​សួង​សុខាភិបាល​អំពាវនាវ​ឲ្យ​អ្នក​លក់ដូរ និង​អ្នក​បានទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​នេះ បើ​មាន​ចេញ​រោគ​សញ្ញា​ត្រូវ​ទៅ​ធ្វើ​តេស្ត​កូវីដ​១៩​។

មុន​ពីធី​បុណ្យចូល​ឆ្នាំ​ខ្មែរ​មក​ដល់ វិធានការ​ផ្សេង​ៗ​ត្រូវ​បាន​ដាក់ចេញ​នៅទូទាំង​ប្រទេស​​ដើម្បី​ទប់​ស្កាក់​ការរាល​ដាលជំងឺ​កូវីដ​១៩ ដោយ​ចាប់ផ្ដើម​ពីទីក្រុង​ភ្នំពេញ ដោយ​បាន​កំណត់​ការ​ជួបជុំ​អាច​ធ្វើ​ទៅ​បាន​តែ​ចំពោះ​អ្នក​ក្នុង​សមាជិក​គ្រួសារ​ប៉ុណ្ណោះ​។

ដូច​គ្នានេះ​ដែរ ក្រុម​គ្រូពេទ្យ​ចំនួន​៦០​ក្រុម ត្រូវ​បាន​រៀប​ចំ ដើម្បី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ដល់​កម្មករ​កាត់​ដេរ​ទូទាំងប្រទេស ដោយ​នឹង​ចាប់​ផ្ដើម​ចេញពី​រោងច្រ​ម្ដុំ​ផ្លូវ​វេង​ស្រេង ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤ ពីថ្ងៃទី​៧ ខែមេសា នេះ​តទៅ។ នេះ​បើតាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួង​ការងារ​កាលពី​ថ្ងៃចន្ទ។ ក្រុម​នីមួយៗ​នឹង​ត្រូវ​ទទួល​បន្ទុកចាក់​វ៉ាក់សាំង​ដល់​កម្មករ​ចំនូន​៤០០​នាក់​ក្នុង​មួយ​ថ្ងៃ​។

អ្នក​នាំពាក្យ​ក្រសួងការងារ​ លោក ហេង សួរ មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បានទេ។

នៅ​យប់​ថ្ងៃចន្ទ មាន​ម៉ូតូ​តែ​ប្រាំបួន​គ្រឿង​ប៉ុណ្ណោះ​ត្រូវ​បាន​ដក​ហូតពី​អ្នក​បំពាន​បំរាម​គោចរ​ពីរសប្ដាហ៍​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ភ្លឺ​ បន្ទាប់​ពីមាន​ការ​ដក​ហូត​​យានយន្ត​ជាង​១៥០​គ្រឿង​តែ​ក្នុង​រយៈពេល​បី​យប់​ដំបូង​។​

បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃអង្គារ កម្ពុជា​មាន​ករណី​ឆ្លង​កូវីដ​១៩ ចំនួន​២៨២៤​ករណី ក្នុង​នោះ​២២៩៣​ករណី​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​២០ កុម្ភៈ និង​មាន​អ្នក​ស្លាប់​សរុប​២២​នាក់។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Travel between provinces banned for two weeks: PM

243 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម