សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុវជនច្រៀងរ៉េបពីរនាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងបទចម្រៀងស្តីពីបញ្ហាសង្គម

គា សុគន្ធ គឺជាយុវជនម្នាក់ក្នុងចំណោមអ្នកចម្រៀងរ៉េបពីរនាក់ ដែលត្រូវបានតុលាការខេត្តសៀមរាមផ្តន្ទាទោស កាលពីថ្ងៃអង្គារ ទី២២ ខែធ្នូ ពីការច្រៀងចម្រៀងអំពីបញ្ហាសង្គមនៅកម្ពុជា។ រូបភាពពីហ្វេសប៊ុក
គា សុគន្ធ គឺជាយុវជនម្នាក់ក្នុងចំណោមអ្នកចម្រៀងរ៉េបពីរនាក់ ដែលត្រូវបានតុលាការខេត្តសៀមរាមផ្តន្ទាទោស កាលពីថ្ងៃអង្គារ ទី២២ ខែធ្នូ ពីការច្រៀងចម្រៀងអំពីបញ្ហាសង្គមនៅកម្ពុជា។ រូបភាពពីហ្វេសប៊ុក

តុលាការ​ខេត្ត​សៀមរាប​បាន​សម្រេច​​កាត់ទោស​យុវជន​ចម្រៀង​រ៉េប​ឈ្មោះ គា សុគន្ធ និង​ឡុង ពុទ្ធារ៉ា កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ពី​ការ​ច្រៀង​អំពី​បញ្ហា​សង្គម ដូចជា សេដ្ឋកិច្ច​កម្ពុជា និង​​ទឹកដី​ជា​ដើម។

លោក​ យិន ស្រាង អ្នកនាំពាក្យ​តុលាការ​ខេត្ត​សៀមរាប​ បាន​បញ្ជាក់​ថា យុវជន គា សុគន្ធ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨​ខែ និងយុវជន ​ឡុង ពុទ្ធារ៉ា ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំ​ខែ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​រកឃើញ​ថា មាន​ទោស​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍»។ លោក​បាន​បន្ត​ថា ផ្នែក​ខ្លះ​នៃ​​​ទោស​របស់​អ្នក​ទាំងពីរ​ត្រូវ​បាន​ព្យួរ។

លោក​ យិន ស្រាង ​បាន​មានប្រសាសន៍​ថា៖ «តុលាការ​បាន​កាត់​ទោស [គា សុគន្ធ] ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ ប៉ុន្តែ​បាន​បង្គាប់​ឲ្យ​សុគន្ធ​អនុវត្តទោស​នៅ​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ។ តុលាការ​បាន​ផ្តន្ទាទោស​ [ឡុង ពុទ្ធារ៉ា] ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំខែ ប៉ុន្តែ​បាន​បង្គាប់​ឲ្យ​អនុវត្ត​ទោស​តែ​បីខែ និង១៣​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​​ទោស​នៅ​សេសសល់​ត្រូវ​បាន​ព្យួរ»

យុវជន ​គា សុគន្ធ អាយុ​ ២២​ឆ្នាំ និង​ឡុង ពុទ្ធារ៉ា អាយុ១៧​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​កញ្ញា បន្ទាប់​ពី​ពួកគេ​បាន​បញ្ចេញ​នូវ​បទចម្រៀង​ដែល​រិះគន់​រដ្ឋាភិបាល និង​បាន​សង្កត់ធ្ងន់​ពី​បញ្ហា​សង្គម​ដូចជា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ជា​ដើម។

កាល​ពី​កន្លងទៅ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ដែល​ជា​ដើម​បណ្តឹង​នៅ​ក្នុង​រឿងក្តី​នេះ បាន​ដាក់​បម្រាម​លើ​បទចម្រៀង​អំពី​បញ្ហា​សិទ្ធិ​ពលកម្ម ឬ​សំណេរចម្រៀង​បែប​ចម្អេសចម្អាស។

​លោក​ សំ ទិត្យសីហា មេធាវី​តំណាង​ឲ្យ​យុវជន ​គា សុគន្ធ​ បាន​មានប្រសាសន៍​ថា កូនក្តី​របស់​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ហើយ​បដិសេធ​មិន​សារភាព​​ទទួល​ខុស​លើ​បទឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់។

លោក​ទិត្យសីហា​ មានប្រសាសន៍ថា៖ «រហូត​មក​ទល់​ពេល​នេះ គាត់​បាន​បញ្ជាក់​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​​​នឹង​ច្បាប់​នោះ​ទេ ហើយ​រឿងរ៉ាវ​ដែល​គាត់​បាន​​យក​មក​ច្រៀង​គឺ​ជា ការ​ពិត»

លោក​បាន​បន្ថែម​ថា យុវជន ឡុង​ ពុទ្ធារ៉ា បាន​សុំទោស​ពី​​សំណេរ​ចម្រៀង​របស់​លោក ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ស្ថាន​ទម្ងន់ទោស​ស្រាល​ជាង​យុវជន គា ​សុគន្ធ។

លោក​ សីហា​ បាន​បន្ថែម​ថា៖ «ខ្ញុំ​នៅ​តែ​គិត​ថា នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​​សុគន្ធ ពីព្រោះ​គាត់​មិន​មាន​បំណង​ញុះញង់​នរណា​ម្នាក់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ»

ការ​ចាប់ខ្លួន​​យុវជន​ទាំង​ពីរ​នាក់​​នេះគឺ​​ជា​ ផ្នែក​មួយ​នៃ​ការ​បង្រ្កាប​សាជាថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​សកម្មភាព​នយោបាយ ដែល​កើត​មាន​បន្ទាប់​ពី​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន កាល​ពី​ចុង​ខែ​កក្កដា។ មេដឹកនាំ​សហជីព​រូប​នេះ​ត្រូវបាន​ចាប់​ខ្លួន​ពី​បទ «ញុះញង់» ពាក់ព័ន្ធ​នឹង​សេចក្តី​អធិប្បាយ​របស់​លោក​អំពី​ជម្លោះ​ព្រំដែន​ជាមួយ​​វៀតណាម ដែល​ជា​បញ្ហា​មួយ​ត្រូវ​បាន​លើកឡើង​​ផង​ដែរ​នៅ​ក្នុង​បទចម្រៀង​របស់​តារាចម្រៀង​មួយ​រូបខាង​លើ​នេះ។

បទ​ចម្រៀង​របស់​លោក​គា​ សុគន្ធ​ ក្រោម​ចំណងជើង​ថា «ដីខ្មែរ» និយាយ​អំពី​ការ​លាតសន្ធឹង​របស់​ទឹកដី​កម្ពុជា​កាល​ពី​អតីតកាល​ ខណៈ​បទចម្រៀង​ដទៃ​ទៀត​​បាន​ផ្តោត​ទៅ​លើ​អំពើ​ពុករលួយ និង​ការ​សម្លាប់ «អ្នក​ចេះដឹង»។

សំណេរ​បទ​ចម្រៀង​ «ដី​ខ្មែរ» ​បាន​សរសេរ​ថា៖ «ខ្ញុំ​ចាប់​កំណើត​ស្ថិតក្នុងដែនដីកម្សត់ មាន​បេះដូងអព្យាក្រឹត្យ ប្រឆាំង​ជាមួយ​នឹង​ជន​ក្បត់ វាយ​យក​កេរដំណែល ក្រវែល​អ្នក​គាប​សង្គត់»

លោក​ ផល ម៉ិច ឪពុក​របស់​​យុវជន គា ​សុគន្ធ បាន​និយាយ​ថា លោក​មិន​អាច​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​​នោះ​ទេ និង​ថា លោក​កំពុង​តែ​ពិភាក្សា​ពី​លទ្ធភាព​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍។

លោក​បាន​ថ្លែង​​ថា៖ «វា​ពិត​ជា​អយុត្តិធម៌​ណាស់ ហើយ​ខ្ញុំ​អស់​សង្ឃឹម​ ពីព្រោះ​តុលាការ​មិន​គួរ​ផ្តន្ទាទោស​គាត់​ធ្ងន់ធ្ងរ ផ្អែក​លើ​​ទង្វើ​គាត់​នោះ​ទេ»

លោក ផល ម៉ិច​ បាន​បន្ថែម​ថា កូន​ប្រុស​របស់​លោក​ត្រឹមតែ​ច្រៀង​បទចម្រៀង​អំពី​ទឹកដី​កម្ពុជា និង​ស្ថានភាព​នៅ​ក្នុង​ប្រទេស ហើយ​មិន​គួរ​ត្រូវ​បាន​ផ្តន្ទាទោស​ដូច​នេះ​នោះ​ទេ។

លោក​ យ៉ិច សមិទ្ធិ​ មេធាវី​តំណាង​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បានមានប្រសាសន៍ថា ក្រសួង​ពេញចិត្ត​នឹង​សេចក្តីសម្រេច​របស់​តុលាការ​សៀមរាប។

លោក ​សមិទ្ធិ ​បាន​ថ្លែង​ថា៖ «ក្រសួង​ទទួល​យក​សេចក្តីសម្រេច​របស់​តុលាការ ពីព្រោះ​ យុវជន​នោះ [ឡុង ពុទ្ធរ៉ា] ​បាន​សារភាព និង​បាន​ទទួលស្គាល់​កំហុស»

លោក អំ សំអាត នាយករង​​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​អង្គការ​លីកាដូ​ បាន​លើកឡើង​​ថា សេចក្តីសម្រេច​របស់​តុលាការ​គឺ ​ធ្ងន់ធ្ងរ​ចំពោះ​យុវជន​ គា សុគន្ធ និង​ឡុង ពុទ្ធារ៉ា ពីព្រោះ​បទចម្រៀង​រ៉េប​របស់​អ្នកទាំងពីរ​​គឺ​ជា​ការ​បញ្ចេញ​គំនិត​ច្នៃ​ប្រឌិត ហើយ​ពួកគេ​គួរ​តែ​មាន​សេរីភាព​នៅ​ក្នុង​ការ​ច្រៀង​បទចម្រៀង​នេះ។

លោក​បានមានប្រសាសន៍ថា៖ «ខ្ញុំ​សោកស្តាយ​ដែល​តុលាការ​បាន​ផ្តន្ទាទោស​ពួកគាត់​ពី​បទ​ញុះញង់។ ការ​ដាក់​ទោស​ពួកគាត់​បាន​ត្រឹមតែ​បំបាក់​ស្មារតី​ពួកគាត់​តែ​ប៉ុណ្ណោះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two Cambodian rappers convicted for songs about societal ills

414 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម