សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មនុស្ស២នាក់ស្លាប់ក្នុងករណីបាក់ដីនៅក្រុមហ៊ុនវារីអគ្គិសនីនៅខេត្តកោះកុង

ជនរងគ្រោះរងរបួសធ្ងន់និងស្រាលដោយសារការបាក់ដីនៅក្រុមហ៊ុនវារីអគ្គិសនី ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។ រូបថតថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកស្នងការនគរបាលខេត្តកោះកុង
ជនរងគ្រោះរងរបួសធ្ងន់និងស្រាលដោយសារការបាក់ដីនៅក្រុមហ៊ុនវារីអគ្គិសនី ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។ រូបថតថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកស្នងការនគរបាលខេត្តកោះកុង

យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និងពីរនាក់របួសធ្ងន់ស្រាលក្នុង​គ្រោះថ្នាក់ បាក់ដី នៅក្រុមហ៊ុនវារីអគ្គិសនីមួយកន្លែង នៅចំណុចស្ទឹងកែប ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។  

ករណីបាក់ដីនៅក្នុងក្រុមហ៊ុនវារីអគ្គិសនីនេះ កើតឡើងបន្ទាប់ពីមាន​ការ​ធ្លាក់​ភ្លៀងជោគជាំ ស្ទើររាល់ថ្ងៃដែលធ្វើឱ្យរូងសម្រាប់បង្ហៀរទឹកនោះហូរពាំនាំ​ទឹកមកខ្លាំងបាក់ដី ​និងថ្ម។ នេះ បើតាមលោក ស៊ឹម វ៉ារី អធិការដ្ឋានស្រុកថ្មបាំង។

លោកមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា៖ «ប៉ុន្មានថ្ងៃនេះតំបន់ថ្ម​បាំងនេះ​មានធ្លាក់​ភ្លៀង​ខ្លាំងហើយ កន្លែងកើតហេតុនេះជារូងសម្រាប់គេបង្ហៀរ​ទឹកនៅផ្លូវទឹកចឹង​ដល់ពេលភ្លៀងខ្លាំង​ទៅ វាបាក់ដី និង ថ្មសង្កត់លើ​​ ក៏បណ្ដាលឱ្យស្លាប់តែម្ដងទៅ»

អ្នកដែលស្លាប់នោះមានឈ្មោះទីមួយ ឈ្មោះ នី​ វណ្ណៈ​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មានទីលំនៅ​ភូមិ​មេចាន់​ ឃុំថ្មី​ ស្រុកកំពត​ ខេត្ត​កំពត​ និងទីពីរ ឈ្មោះ​ អ៊ុត​ ចាន់​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តាត់​ ឃុំមេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​។ នេះបើតាមលោក ស៊ឹម​ វ៉ារី អធិការដ្ឋានស្រុកថ្មបាំង។

លោកបានបញ្ជាក់ប្រាប់ថាទើបមានតែសាកសពម្នាក់ប៉ុណ្ណោះ ត្រូវបានសាច់ញាតិមកទទួល យកទៅធ្វើ បុណ្យតាមប្រពៃណីហើយអាជ្ញាធរ ក៏កំពុងរង់ចាំសាច់ញាតិមកទទួល​យក​សាកសព​១រូប ទៀតនៅ ក្នុងវត្តថ្មបាំង។ដោយឡែកជនរងគ្រោះចំនួន២នាក់ទៀត​ត្រូវបាន​បញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យបង្អែកខេត្តកោះកុង​។

អាជ្ញាធរចុះកត់កំណត់ហេតុអ្នកស្លាប់២នាក់ដោយសារការបាក់ដីនៅក្រុមហ៊ុវារីអគ្គិសនី​តាតៃ ស្ថិតនៅឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។ រូបថតថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកស្នងការនគរបាលខេត្តកោះកុង

ជុំវិញករណីបាក់ដីនេះ ខាងកងម្លាំងសមត្ថកិច្ចមិនបានចុះទៅអន្តរាគមន៍ផ្ទាល់នោះទេ ដោយបានត្រឹមតែជួយការពារ និងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលនៅក្នុងវត្ត​តែ​ប៉ុណ្ណោះ។ អធិការដ្ឋានរូបនេះ ប្រាប់ ខេមបូចា ថា​ក្រុមហ៊ុនវារីអគ្គិសនីនេះជាអ្នកទទួល​មើលការ​ខុស​ត្រូវ និងរ៉ាប់រងលើករណីនេះទាំងអស់។

លោកមានប្រសាសន៍ថា៖ «យើងអត់បានទៅដល់កន្លែងហ្នឹងទេ ហើយរឿងនេះក្រុមហ៊ុន​ជាអ្នកទទួលខុសត្រូវ។ ក្រុមហ៊ុនជាអ្នកដឹក (ជនរងគ្រោះ) មកផ្ទាល់ព្រោះផ្លូវឆ្ងាយពិបាក ម្យ៉ាងទៀតឡានពួកខ្ញុំក៏ដឹកមិនដល់ដែរ»។ លោកបន្ថែមថា៖ «យើងគ្រាន់ តែជួយ​សម្រប​សម្រួលពីបញ្ហាជាមួយក្រុមហ៊ុនប៉ុណ្ណោះ»

រាយការណ៍បន្ថែមដោយ ទ្រី ថានី

608 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម