សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកា ដោយសម្រេចឱ្យប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes) លោក ជា ចាន់ រួចផុតពីបទចោទប្រកាន់ ដែលលោកត្រូវបានជាប់ពន្ធនាគារអស់រយៈពេល៦ខែ។ លោក ចាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយមិនមានដីការបស់តុលាការកាលពីខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីម្ចាស់រោងចក្រដែលលោកបម្រើការងារបានដាក់ពាក្យបណ្តឹង ខណៈពេលដែលលោកបានជាប់ជាប្រធានសហជីព។
លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញមានប្រសាសន៍ថា តុលាការជាន់ខ្ពស់បានបដិសេធលើការផ្ដន្ទាទោសលោក ជា ចាន់។
លោកបន្ថែមថា៖ «សាលាឧទ្ធរណ៍ភ្នំពេញបានលើកលែងទោសដល់ លោក ជា ចាន់ ដែលជាប់ទោសពីបទចោរកម្ម»។
លោក ចាន់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកាលពីថ្ងៃទី២០ ខែមិថុនា បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ពីបទ«សមគំនិតក្នុងអំពើលួច»។ ប៉ុន្តែលោកត្រូវបានបញ្ជូនទៅកាន់ពន្ធនាគាររួចហើយកាលពីខែកុម្ភៈ។ គិតត្រឹមថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ គឺលោកបានចំណាយពេលវេលាសរុប៦ខែនៅទីនោះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ សាលាឧទ្ធរណ៍បានប្រកាសថា លោក ចាន់ មិនមានទោស និងបានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។
លោក ចាន់ មានអារម្មណ៍ត្រេកអរបន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចឱ្យលោករួចផុតពីបទចោទប្រកាន់ ដោយនិយាយថា ការដោះលែងនេះគឺជារឿងយុត្តិធម៌។ សេចក្តីសម្រេចរបស់តុលាការជាន់ទាបគឺអយុត្តិធម៌ ពីព្រោះ «ខ្ញុំមិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយទេ»។ លោកក៏បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែងលោកឱ្យទទួលបាននូវយុត្តិធម៌ចាប់តាំងពីថ្ងៃដែលលោកត្រូវបានចាប់ខ្លួនមក។
លោក ចាន់ បានបង្ហាញក្តីរីករាយដែលអាចត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារឡើងវិញ។ លោកក៏បានចែករំលែកបទពិសោធន៍នៃការរស់នៅក្នុងពន្ធនាគាររយៈពេល៦ខែនោះ ថា ជីវិតគឺវេទនា ដោយសារតែពិបាកក្នុងការទទួលទាន ដូចជាការផឹកទឹក ឬគេងជាដើម។ ពេលលោកធ្លាក់ខ្លួនឈឺ គឺមិនមានថ្នាំពេទ្យគ្រប់គ្រាន់ដើម្បីព្យាបាលទេ។
លោកបន្ថែមថា៖ «មានការថែទាំមិនដិតដល់។ គេបានឲ្យថ្នាំដូចគ្នា ទោះបីខ្ញុំមានជំងឺផ្សេងក៏ដោយ»។
តទៅមុខទៀត លោកចាន់ថា លោកនឹងត្រឡប់ទៅរោងចក្រ វីងស្តារស៊ូ ដើម្បីចូលបម្រើការងារដូចដើមវិញ ប៉ុន្តែលោកនៅតែខ្លាចរអានៅឡើយ ហើយនឹងត្រូវប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់ជាងមុនបន្តិច ។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ បានបញ្ជាក់ជាមួយ ខេមបូចា ថា នៅក្នុងសវនាការរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃចន្ទ បានសម្រេចដោះលែង លោកចាន់ ឱ្យចេញពីពន្ធនាគារ។ បន្ទាប់មកនៅព្រឹកថ្ងៃព្រហស្បតិ៍ តុលាការនៅសាលាឧទ្ធរណ៍បានរកឃើញថា លោក ចាន់ មិនមានពិរុទ្ធភាពដូចការចោទទេ។
អ្នកស្រី សុភ័ណ្ឌ បាននិយាយថា ទោះបីជាលោក ចាន់ មានសេរីភាពឡើងវិញក៏ដោយ តែរឿងនេះមិនយុត្តិធម៌ទេ ដែលលោកត្រូវជាប់ពន្ធនាគាររយៈពេល៦ខែ ដោយសារលោកមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
អ្នកស្រី សុភ័ណ្ឌ និយាយថា៖ «សាលាឧទ្ធរណ៍បានប្រកាសថា លោក ចាន់ មិនមានទោសនោះទេ គឺខុសពីសាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។ មិនមានភស្តុតាងគ្រប់គ្រាន់ទេព្រោះវាក្លែងក្លាយ ឬជាការស្រមើស្រមៃ។ ប្រសិនបើលោក ចាន់ មានកំហុស ហេតុអ្វីបានជាសាលាឧទ្ធរណ៍ដោះលែងគាត់»។
អ្នកស្រីបន្តថា៖ «មិនមានភ័ស្តុតាងច្បាស់លាស់ទេ ប៉ុន្តែសាលាដំបូងខេត្តកំពង់ស្ពឺបានកាត់ទោសលោក ចាន់ ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។ ដូច្នេះ សាលាឧទ្ធរណ៍បានធ្វើការសម្រេចដ៏ត្រឹមត្រូវ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ»។
អ្នកស្រីបានចាត់ទុកករណីរបស់លោក ចាន់ ជាគំរូដ៏ល្អមួយចំពោះមេដឹកនាំសហជីពដែលត្រូវក្រុមហ៊ុនរំលោភបំពាន បានទទួលយុត្តិធម៌។
អ្នកស្រីក៏បានជំរុញឱ្យតុលាការជាន់ទាប ប្រើប្រាស់សំណុំរឿងរបស់លោក ចាន់ ជាគំរូសម្រាប់រកយុត្តិធម៌ដល់ជនរងគ្រោះ ដើម្បីកុំឱ្យពួកគេបន្តសំណុំរឿងទៅសាលាឧទ្ធរណ៍។ សម្រាប់ពេលនេះ លោក ចាន់ អាចត្រឡប់ទៅបម្រើការងារនៅរោងចក្របានវិញហើយ។
ភរិយារបស់លោក ចាន់ គឺអ្នកស្រី ឆាយ ចាន់រ៉ា អាយុ ៣៥ឆ្នាំ បានប្រាប់ ខេមបូចា ថា អ្នកស្រីរំភើបចិត្តនៅពេលដែលប្តីរបស់អ្នកស្រីទទួលបានសេរីភាពឡើងវិញ បន្ទាប់ពីសាលាឧទ្ធរណ៍ បានផ្តល់យុត្តិធម៌ជូនប្តីរបស់អ្នកស្រី។ ដោយបានចំណាយពេលជាប់ពន្ធនាគារអស់រយៈពេល៦ខែនោះ អ្នកស្រី ចាន់រ៉ា បាននិយាយថា ប្តីរបស់អ្នកស្រីបានធ្លាក់ចុះខ្សោយកម្លាំង។
អ្នកស្រី ចាន់រ៉ា និយាយថា៖ «ការរង់ចាំបានដល់ទីបញ្ចប់ហើយ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលប្ដីរបស់ខ្ញុំមានសេរីភាពឡើងវិញ»។
អ្នកស្រីក៏មានអារម្មណ៍សោកស្ដាយផងដែរថា ទោះបីប្ដីរបស់អ្នកស្រីទទួលបានសេរីភាពឡើងវិញក៏ដោយ តែមិនគួរណាប្តីរបស់អ្នកស្រីត្រូវបានជាប់ពន្ធនាគាររហូតដល់៦ខែបែបនេះទេ ព្រោះប្តីរបស់អ្នកស្រីមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់។
ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ មិនបានលើកទូរសព្ទទេ ពេលខេមបូចាបានទាក់ទងទៅលោក។
ទាក់ទងនឹងការជាប់ពន្ធនាគាររបស់ លោក ចាន់ នេះដែរ ក្រុមហ៊ុនសម្លៀកបំពាក់កីឡារបស់ប្រទេសជប៉ុន ASICS បានសម្តែងការព្រួយបារម្ភរបស់ពួកគេកាលពីខែឧសភា ឆ្នាំនេះ ដោយបានទទួលស្គាល់ពីស្ថានភាពធ្ងន់ធ្ងរមួយ និងធានាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់សិទ្ធិការងារ និងការអនុវត្តការងារប្រកបដោយភាពយុត្តិធម៌ ដែលអនុលោមតាមខ្សែសង្វាក់ផ្គត់ផ្គង់របស់ ASICS។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានឲ្យដឹងថា ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការងារបានទទួលបណ្តឹងនៃវិវាទការងារចំនួន៧៣១ករណី និងដោះស្រាយបាន៦៣០ករណី ស្មើនឹង៨៦,១៨ភាគរយ ។
ក្រសួងបានពង្រឹងការដោះស្រាយវិវាទការងារតាមរយៈយន្តការដោះស្រាយវិវាទដែលមានចែងក្នុងច្បាប់ការងារ និងជំរុញឱ្យកម្មករនិយោជិក សហជីព និងនិយោជកគោរពតាមច្បាប់ និងចូលរួមដោះស្រាយវិវាទ។
លោក អ៊ន ថា ការដោះស្រាយវិវាទនានាត្រូវធ្វើឡើងទៅតាមច្បាប់ និងដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក។
យោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ ឱ្យដឹងថា លោក ចាន់ គឺជាសហជីពមួយ ក្នុងចំណោមបីនាក់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែកលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពនិយោជិតវិស័យ ទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនៅដើមខែនេះ មុនការបោះឆ្នោតជ្រើសរើសសហជីពផ្ទៃក្នុង៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union Leader Chea Chan’s Guilty Verdict Quashed, Walks Out A Free Man After Six Months In Jail