សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហរដ្ឋអាមេរិក-កម្ពុជា នឹងស្ដារឡើងវិញនូវទំនាក់ទំនង ព្រមទាំងធ្វើសមយុទ្ធយោធារួមគ្នា

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (ស្តាំ) ចាប់ដៃជាមួយលោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព AKP)
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (ស្តាំ) ចាប់ដៃជាមួយលោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព AKP)

កម្ពុជា និងសហរដ្ឋអាមេរិកនឹងស្តារទំនាក់ទំនងឲ្យប្រសើរឡើង​ ដោយចាប់ផ្តើមសមយុទ្ធយោ​ធា​ឡើងវិញ និងទទួលយកនិស្សិតយោធាកម្ពុជាទៅសិក្សានៅបណ្ឌិត្យ​សភា​យោធា​ West Point នេះបើយោងតាមការបង្ហោះសារលើហ្វេសប៊ុក​របស់លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ ដែលបានជួបជាមួយ​លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិក​នៅព្រឹកថ្ងៃអង្គារ។ 

នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរ​ថា លោក អូស្ទីន​ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅ​កម្ពុជា​លើកនេះ​ ដោយនាំសាររបស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក គឺ​ «យើង​នឹងធ្វើការជាមួយគ្នា ជាមួយ​សម្តេចតេជោ [ហ៊ុន សែន] និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងធ្វើ​ឲ្យ​ទំនាក់ទំនងរវាងប្រ​ទេស​ទាំងពីរបាន​ប្រសើរ​ឡើងវិញ​»។

 លោក​ ហ៊ុន សែន បាន​សរសេរ​ដោយ​ដក​ស្រង់​សម្តី​របស់​លោក អូស្ទីន ថា៖ «ប្រ​ទេសទាំងពីរអាចធ្វើ​ការ​កែសម្រួលឥរិយាបថ ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ទំនាក់​ទំនង​ របស់យើង បើទោះ​បីជាយើងមានទស្សនៈមិនស្រប​គ្នាលើបញ្ហាមួយចំនួន ក៏ប៉ុន្តែទំនាក់ទំនង​របស់យើងលើ​វិស័យជាច្រើនមាន​ភាព​ផ្លែផ្កាវិជ្ជមាន​ ហើយយើងអាចអង្គុយ​ជាមួយគ្នា ធ្វើ​ការ​ជាមួយ​គ្នា​ប្រកប​ដោយ​លទ្ធផល»។ 

លោក អូស្ទីន បាន​ឯកភាព​គ្នា​លើ​ការ​បន្ត​ឱ្យ​មាន​ការសន្ទនាគ្នា​ ជាពិសេសលើគោលនយោបាយការ​ពារ​ជាតិ ដើម្បីស្វែងរកផ្លូវថ្មីមួយ​ក្នុង​ទំនាក់ទំនងកម្ពុជានិង​អាមេរិកនាពេលអនាគត​។ 

លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកនឹងបើកឱ្យ​មាន​ការ​ចុះឈ្មោះចូលរៀនឡើងវិញសម្រាប់ពលរដ្ឋកម្ពុជាទៅសិក្សានៅសាលាបណ្ឌិត​​្យយោធា West Point ចូលរួមកម្មវិធីផ្លាស់ប្តូរក្នុងសមយុទ្ធយោធារួមគ្នាជាការត្រៀមសម្រាប់សង្គ្រោះគ្រោះមហន្តរាយ និងបន្តការបណ្តុះបណ្តាល​ក្នុង​វិស័យ​​ដោះ​មីននិង​គ្រាប់​មិន​ទាន់​ផ្ទុះ​។ 

នៅឆ្នាំ២០២១ សហរដ្ឋអាមេរិកបានលុបចោលអាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ ដើម្បីចុះឈ្មោះចូលរៀននៅ​សាលា​បណ្ឌិត្យ​យោធា West Point ដោយសារ​ថា កម្ពុជាបាន «បាត់បង់សិទ្ធិទទួលបានកម្មវិធីសិក្សា​នៅ​សាលាបណ្ឌិត្យ​យោធានេះ ដោយសារតែកិច្ចសហប្រតិបត្តិការទន់​ខ្សោយក្នុងវិស័យមួយចំនួននៃ​ទំនាក់ទំនង​យោធាទ្វេភាគីជាប្រពៃណី»។ 

លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ដោយ​ឯកភាព​​នឹង​គោល​បំណង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​​សហរដ្ឋ​អាមេរិក​ក្នុង​ការខិតខំ​​ពង្រីក​នូវ​​ទំនាក់ទំនង​ល្អឱ្យ​ប្រសើ​ឡើងវិញ​​​។ 

លោក ហ៊ុន សែន បានសរសេរថា៖ «[ខ្ញុំ] ចាត់ទុកថា ទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំង​ពីរ​មិនអាក្រក់ពេកនោះ​ទេ [ឥឡូវនេះ] បើប្រៀបធៀបនឹងអតីតកាល។ កន្លងមក ភាគីយើង​ទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះយើងត្រូវរកវិធីខិតខំ​កសាងជំនឿ​ទុក​ចិត្តគ្នា​ឲ្យ​បាន​ច្រើន​។ យើងត្រូវគ្រប់គ្រងភាព​ខុស​គ្នា ទស្សនខុសគ្នា បង្រួញ​ភាព​ខុស​គ្នា​ឱ្យ​តូច​ ទោះពិបាកក៏ដោយ»។ 

លោក​បាន​បន្ត​ថា៖​ «ការខ្វះខាតមួយ​ទៀត ​គឺ​ការខ្វះខាត​ព័ត៌មានទៅវិញ​ទៅ​មក​ និង​​ការ​វិនិច្ឆ័យ​ខុស ​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរមានការ​​យល់​ច្រឡំ ដោយសារ​មិន​បាន​ប្តូរ​​ព័ត៌មានគ្នា​ និងមិន​បាន​ធ្វើ​​​ការ​ពិភាក្សាគ្នា​»។ 

លោក ហ៊ុន សែន សំណូម​ពរ​ដល់​​រដ្ឋាភិបាល​​សហរដ្ឋ​អាមេរិក និង​ប្រទេស​មហា​​អំណាច​ដទៃ​ទៀត កុំ​ដាក់​ប្រទេស​​កម្ពុជានៅ​​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយរបស់​ខ្លួន​ ហើយ​កុំ​ «យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទីកន្លែង​ប្រយុទ្ធ​»។ លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​បាន​អនុវត្ត​គោល​នយោបាយ​ឯករាជ្យ​របស់​ខ្លួន​ផ្អែក​​​លើ​​ច្បាប់​មិនជ្រើស​រើស​យក​​ខាងណា​មួយ​​ទេ ហើយ​យក​​ប្រទេស​ទាំង​អស់​ជា​​មិត្ត។

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា (ស្តាំ) ចាប់ដៃជាមួយលោក ឡយ អូស្ទីន រដ្ឋ​មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងជំនួបនៅទីក្រុង​ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។(រូបភាព AKP)

 បន្ទាប់ពីជំនួបជាមួយលោក ហ៊ុន សែន លោក ឡយ អូស្ទីន បានជួបជា​មួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលោក​ទាំង​ពីរ​បានពិភាក្សាអំពីការពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសលើ​វិស័យការពារជាតិ។

 លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា៖ «​សហរដ្ឋ​អាមេរិក​នឹង​​​​ត្រៀម​ខ្លួន​ជា​ស្រេចក្នុង​ការ​​ធ្វើ​ការ​ងាររួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​រៀបចំដាក់​ចេញ​នូវ​​​យន្តការ​ ​ក្នុង​ការ​កសាង​ទំនាក់​ទំនង និង​​សហប្រតិបត្តិការ​រវាង​គ្នា​ឱ្យ​កាន់​តែ​ប្រសើរបន្ថែមទៀត​»។ 

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «លោករដ្ឋមន្ត្រីក្រសួងការពារជាតិ​និង​ខ្ញុំក៏បានពិភាក្សាគ្នាផងដែរអំពីយន្តការនានា​សំដៅ​រៀប​ចំ​កិច្ចសហប្រតិបត្តិការ​ឡើងវិញ [ជាមួយសហរដ្ឋអាមេរិក] លើវិស័យមួយចំនួន ដូចជាការផ្លាស់ប្តូរនិស្សិតផ្នែក​កងទ័ព​រ​វាងប្រទេសទាំង​ពីរ​ និងការ​ធ្វើ​សមយុទ្ធយោធារួមគ្នារវាង​កងទ័ព​កម្ពុជា​សហរដ្ឋអាមេរិក»។ 

​​​​​​​នៅ​​​​​​ក្នុងការឆ្លើយតបតាមអ៊ីមែលមក​កាន់ខេមបូ​ចា​ លោក Wesley Holzer អ្នក​នាំ​ពាក្យ​ស្ថានទូតសហ​អាមេរិកប្រចាំនៅកម្ពុជា​ បានមាន​ប្រសាសន៍​ថា នេះគឺជាដំ​ណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក។ ទោះជាយ៉ាង​នេះក្តី នេះ​គឺជាដំណើរទស្សនកិច្ចលើកទី២ របស់​លោក អូស្ទីន​ មកកាន់ប្រ​ទេសកម្ពុជា ទី​ដែលលោក​បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ 

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលអានដោយឧត្តម​សេនីយ៍ទោ​ Pat Ryder ជា​អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ច​កោណបាន​ឲ្យ​ដឹងថា លោក អូស្ទីន​ បានពិភាក្សាអំ​​ពីឱកាសក្នុងការពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគី ដើម្បីគាំទ្រសន្តិភាព និង​សន្តិសុខក្នុងតំបន់ជាមួយកម្ពុជា។ 

លោកបានសរសេរថា ការងារ​នេះនឹងធ្វើ​ឡើង​តាមរយៈ «ការបន្តការផ្លាស់ប្តូរការបណ្តុះបណ្តាល​យោធាលើផ្នែក​ជំនួយគ្រោះមហន្តរាយ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរលើ​ផ្នែក​ការដោះមីន និងការបោសសំ​អាត​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការ​ទទួល​បាន​កម្មវិធីអប់រំជំនាញ​យោធា​របស់ស​ហ​​រដ្ឋអាមេរិក»។ 

លោក អូស្ទីន​ ដែលបានមកដល់ប្រទេសកម្ពុជាបន្ទាប់ពីចូលរួមកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរី ត្រូវគេរំពឹងថា នឹងជួបជាមួយសមភាគីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាឧត្តមនាវីឯក Dong Jun ដែលជាសមភាគីចិនផងដែរ។ លោក​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​បារាំង ជា​ទី​ដែល​លោក​​នឹង​ប្រារព្ធ​ខួប​លើក​ទី៨០ នៃ​ទិវា D-Day នេះ​បើ​យោង​តាម​ក្រសួង​ការពារ​ជាតិសហរដ្ឋ​​អាមេរិក។ 

ក្រោយមក លោក អូស្ទីន បានសរសេរនៅលើបណ្តាញសង្គម​ Twitter ថា លោក​បានជួបជាមួយលោក ហ៊ុន ម៉ាណែត ដែលជានិស្សិតបញ្ចប់ការសិក្សានៅសាលា​បណ្ឌិ​ត​្យយោធា​ West Point ។ លោកបានសរសេរថា៖ «យើងបានពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិក និងកម្ពុជាអាចពង្រឹងទំនាក់ទំនងវិស័យ​ការពារជាតិក្នុង​ការគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ 

ដោយឡែក បទ​សម្ភាសន៍មួយ​របស់វិទ្យុកម្ពុជា-ចិន ជាមួយលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានស្ថានទូតចិនប្រចាំនៅកម្ពុជា​បង្ហោះ​កាល​ពី​ថ្ងៃទី២៨ ខែ​ឧសភា។

នៅក្នុងបទសម្ភាសន៍នោះ​ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែល​ផ្តល់​ឱកាសដល់​កងទ័ពនៃប្រទេស​ទាំងពីរបានផ្លាស់ប្តូរជំនាញ និង​ទទួលបានជំនាញថ្មីៗ និងធ្វើ​ទំនើបកម្ម​សព្វាវុធ អំឡុង​សមយុទ្ធយោធានាគ​មាសប្រចាំឆ្នាំដែលទើបបញ្ចប់នាពេលថ្មីៗនេះ។ 

លោក សីហា បានមានប្រសាសន៍ថា៖ «សមយុទ្ធ [យោធា] គឺជាការបង្ហាញការ​ទំ​នាក់​ទំនង ជាពិសេសការបង្ហាញជំនាញ និងបទពិសោធន៍របស់កងទ័ពរំដោះប្រ​ជាជនចិន ក្នុង​ការ​ផ្ទេរមកឱ្យកងទ័ពកម្ពុជា មាន​លទ្ធភាព​ក្នុង​ការ​ស្វែង​យល់និងអនុវត្ត​ការងារ​របស់ខ្លួន​ឱ្យ​មាន​កម្រិតកើន​ឡើង​បន្ថែម​ទៀត​»។

 លោកបានបន្ថែមថា កម្ពុជា៖ «ស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាវា​ចិន ដែលមក​ដល់​កំពង់ផែស្វយ័តព្រះសីហនុ» សម្រាប់សមយុទ្ធយោធានាគមាស។ ក្នុង​វីដេអូ​ឃ្លីប​​រយៈពេល​៤​នាទី លោក សីហា ​ក៏បាន​លើកឡើង​ពី​ជម្លោះ​សមុទ្រ​ចិន​​ខាងត្បូង ដោយ​លោក​បាន​អះអាងថា ចិន​ក៏​ «ព្យាយាម​ការពារ​អ្វីដែល​ជា​របស់​ចិន​»។

លោក សីហា មានប្រសាសន៍ថា៖ «គ្មានអ្វីដែលយើងមិនអាចដោះស្រាយបាន ប្រសិនបើប្រទេសទាំងនេះ​អាចមាន​លទ្ធភាព​ក្នុង​ការ​​ជួបប្រា​ស្រ័យ​​ ដាក់បញ្ហានៅលើតុ​ក្នុងការ​ជជែកគ្នា​ ដើម្បី​រកដំណោះស្រាយ»។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-អាមេរិកបានចុះខ្សោយបន្តិច បន្ទាប់ពីកម្ពុជាបានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋ​អាមេរិកក្នុងឆ្នាំ២០១៧។ បញ្ហា​នេះកាន់តែអាក្រក់ជាងនេះ​ ដោយសារ​តែ​ក្តីបារម្ភដែលកើតឡើងកាលពីឆ្នាំ២០១៩​ ដែល​ថា មូលដ្ឋានកងទ័ពជើងទឹករាម ដែលតាមការចោទថានឹងផ្តល់សិទ្ធិផ្តាច់មុខដល់​​យោធាចិនចូល​ទៅកាន់ផ្នែកមួយនៃមូលដ្ឋានទ័ពនេះ​ ដែលមាន​ទីតាំងនៅឈូងសមុទ្រថៃ។

 ទោះ​បី​ជា​យ៉ាង​ណា ទាំង​កម្ពុជានិង​ចិន បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការចោទ​ប្រកាន់​​របស់សហរដ្ឋ​​អាមេរិក។

 មូលដ្ឋានកង​ទ័ពជើងទឹករាមមានបំពាក់សម្ភារដែល​ជាជំនួយ​របស់​សហរដ្ឋអាមេរិក ដែលត្រូវបានវាយ​កម្ទេចចោល​នៅឆ្នាំ២០២០។ នៅឆ្នាំ២០២២ ក្រសួងការបរ​ទេសសហរដ្ឋអាមេរិកបានទទូច​ឱ្យ​កម្ពុជាមាន «តម្លាភាពពេញលេញ» អំពី «សកម្ម​ភាពរបស់​ចិនទាំង​បច្ចុប្បន្ន និងអនាគតនៅឯមូលដ្ឋានទ័ពជើងទឹករាម»។ 

ទន្ទឹមនឹងនេះ លោក មាស នី អ្នកវិភាគនយោបាយ មានប្រសាសន៍ថា សហរដ្ឋអា​មេរិកព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនទាក់ទងនឹងមូលដ្ឋានទ័ពជើងទឹករាម និង​វត្តមានរបស់កងទ័ពចិន។

 លោក មាស នី មាន​ប្រសាសន៍​ថា៖ «ទំនាក់ទំនងទំាងអស់នេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចផ្សេងៗ និងការទូតនៅថ្ងៃខាងមុខ ប្រសិនបើស្ថានការណ៍នៅតែមិនច្បាស់លាស់ទាំងសងខាង។ យើងនិយាយថា វាអត់មាន [កងទ័ពចិន] ប៉ុន្តែយើងបានធ្វើសមយុទ្ធយោធាជាមួយចិន ហើយយើងបដិសេធមិនធ្វើជាមួយអាមេរិក»។ 

លោកមាន​ប្រសាសន៍​ថា ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ចង់​រក្សា​ទំនាក់ទំនង​ការទូត​ជា​មួយ​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ពង្រឹង​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។ 

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធធ្វើអត្ថាធិប្បាយបន្ថែម ដោយស្នើឱ្យអ្នកយកព័ត៌មាន​យក​តាម​សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែល​បង្ហោះ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

 លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ទេ ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US-Cambodia To Restore Ties, Joint Military Drills

431 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម