សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រញ្ជួយដី​នៅវៀតណាម​រង្គើដល់ខេត្តរតនគិរី និង​បង្ក​ក្ដីបាម្ភ​​ពី​ការត្រៀមលក្ខណៈ​របស់​កម្ពុជា​សម្រាប់​គ្រោះមហន្តរាយ

ជនជាតិដើមភាគតិចធ្វើដំណើរតាមដងផ្លូវមួយនាទីក្រុងបានលុង ខេត្តរតនគិរី ជាទីដែលការរំញ័រដីតិចតួចកើតឡើងបន្ទាប់ពីមានរញ្ជួយដីមួយនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា)
ជនជាតិដើមភាគតិចធ្វើដំណើរតាមដងផ្លូវមួយនាទីក្រុងបានលុង ខេត្តរតនគិរី ជាទីដែលការរំញ័រដីតិចតួចកើតឡើងបន្ទាប់ពីមានរញ្ជួយដីមួយនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា)

រំញ័រ​ដី​តិចតួច​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃអាទិត្យ​មុន បន្ទាប់ពី​មាន​បាតុភូត​រញ្ជួយ​ដី​​កម្រិត៥,១​រិច្ឆទ័រមួយ​នៅខេត្ត​ក្បែរ​ខាង​ក្នុង​ប្រទេសវៀតណាម ដែលនាំ​ឱ្យ​​កើត​មានក្ដីកង្វល់​ក្នុងចំណោម​អ្នកស្រុក​អំពី​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍រញ្ជួយ​ដី​​ដែល​ស្រដៀង​គ្នា​នេះ ។​

សារព័ត៌មាន​ក្នុងស្រុករបស់វៀតណាម​បានរាយការណ៍​ថា វា​ជា​បាតុភូត​រញ្ជួយ​ដី​ដ៏ខ្លាំងក្លា​បំផុត​ដែល​មិន​ធ្លាប់​មានកត់ត្រា​ពីមុនមក​នៅក្នុង​តំបន់​នេះ ដោយ​ស្នូលកណ្ដាលនៃ​ការរញ្ជួយដី​នេះ​ស្ថិត​នៅក្នុង​ស្រុក​ជនបទ​មួយ​នៃតំបន់​កូនទុម និងមាន​ជម្រៅ​ ៨,១គីឡូម៉ែត្រ ។ នេះជាការរញ្ជួយដីមួយ​ដែលមាន​កម្រិត​ធ្ងន់​គួរសម ដោយ​ការរំញ័រ​ខ្លាំង​បំផុត​កើតឡើង​នៅ​ក្បែរ​តំបន់​ស្នូលកណ្ដាល ប៉ុន្តែ ពុំមាន​សេចក្ដី​រាយការណ៍​ពីការខូចខាត​ឡើយ ទាំង​នៅ​វៀតណាមក្ដី នៅ​កម្ពុជាក្ដី ។

ខណៈ​កម្ពុជា​ត្រូវបានគេចាត់ទុកថា​ជា​ប្រទេស​ដែលមាន​ហានិភ័យ​ទាប​ពី​ការវាយប្រហារត្រង់ៗ​ដោយ​គ្រោះ​រញ្ជួយ​ដី​ ផែនការសកម្មភាព​ឆ្លើយតប​គ្រោះមហន្តរាយរបស់​ប្រទេស​នេះ​ពុំ​មាន​វិធានការជាក់​លាក់​សម្រាប់​បាតុភូត​រញ្ជួយ​ដី​ឡើយ ។ ប្រជាពលរដ្ឋ​បានចាប់ផ្ដើម​សម្ដែង​ការព្រួយបារម្ភ​អំពី​អវត្តមាន​នៃ​ប្រព័ន្ធ​ប្រាប់​ឱ្យដឹង​មុន និង​ផែនការ​ឆ្លើយតប​ច្បាស់លាស់​ពីអាជ្ញាធរ​សម្រាប់​ព្រឹត្តិការណ៍​រញ្ជួយ​ដីដែល​ធ្ងន់ធ្ងរ​ជាងនេះ បើទោះបី​ទីភ្នាក់ងាររដ្ឋាភិបាល​បាន​បញ្ជាក់ពី​ភាពចាំបាច់​ដែល​ត្រូវ​លើក​កម្ពស់​ការ​យល់​ដឹង​ នៅក្រោយ​ករណី​រំញ័រ​ដី​កាលពីថ្ងៃអាទិត្យក្ដី ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (NCDM) ដែលជា​ទីភ្នាក់ងាររដ្ឋាភិបាល​មើលខុសត្រូវទៅលើ​ការត្រៀមលក្ខណៈ​​ ការឆ្លើយតប​ និង​កិច្ច​ខិតខំ​ស្ដារ​សម្រាប់​គ្រោះ​មហន្តរាយ បាន​លើកឡើង​ថា នេះជា​លើកទីមួយ​ហើយ​ដែល​កម្ពុជា​បាន​ជួប​ប្រទះ​រំញ័រដី​​​គួរ​ឱ្យ​កត់​សម្គាល់​ដែលជា​ចំហាយ​ពី​រញ្ជួយដី​នៅប្រទេសវៀតណាម ។​

លោកបានបន្ត​ថា ទោះបី​ការរញ្ជួយដី​មិន​បាន​កើត​នៅក្នុង​ប្រទេស​កម្ពុជា​ក្ដី រំញ័រ​​ដែល​កើត​ឡើង​ក្នុង​ចម្ងាយ​តិចជាង ២០០គីឡូម៉ែត្រ​ពី​ចំណុច​រញ្ជួយដី​ បង្ហាញថា ការរញ្ជួយដី​​ដែល​ចេញពី​តំបន់​ឦសាន​នៃ​ប្រទេសកម្ពុជា​មិនមែនថា​មិនអាចទៅរួចនោះ​ទេ ។

អង្គការ Global Earthquake Model Foundation ដែលជា​ស្ថាប័នជំនាញ​ខាង​វាយតម្លៃ​ហានិភ័យ​រញ្ជួញ​ដី​នៅជុំវិញពិភពលោក បាន​កំណត់​ខេត្ត​ភាគឦសាន​ប្រទេស​កម្ពុជា  ជាពិសេស ខេត្ត​រតនគិរី និង​មណ្ឌលគិរី ជា​តំបន់ដែលពាក់ព័ន្ធ​នឹងរញ្ជួយដី​សកម្មបំផុត​នៅក្នុង​ប្រទេស​កម្ពុជា ។ ដោយសារតែស្ថានភាព​ថ្ម​របស់ខេត្តទាំងនេះ និង​ចម្ងាយរបស់វាជិតទៅនឹង​តំបន់​កូនទុម​ដែលងាយនឹង​កើត​រញ្ជួយ​ដី ខេត្តទាំងនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខេត្តដែល​ងាយរងគ្រោះបំផុត​ពី​ចលនាដី​ខ្លាំងក្លា​ក្នុង​ករណី​កើត​មាន​បាតុភូត​រញ្ជួយដី ។  

ប៉ុន្តែ ទោះជាយ៉ាងណា កម្ពុជា​ត្រូវបានចាត់ទុកថាជា​ប្រទេស​ដែលមាន​ប្រូបាប៊ីលីតេ​ទាប​សម្រាប់​ការវាយប្រហារ​ដោយត្រង់ពី​រញ្ជួយ​ដី ។ យោងតាម ThinkHazard ជា​ឧបករណ៍អនឡាញ​សម្រាប់​វាយ​តម្លៃ​គ្រោះមហន្តរាយធម្មជាតិ និងដែលបង្កើត​ឡើង​ដោយ​កម្មវិធី​កាត់បន្ថយ​និង​ស្តារ​គ្រោះមហន្តរាយ​ពិភព​លោក ឱកាស​មានតែ ២% ប៉ុណ្ណោះ​សម្រាប់​ការកើត​បាតុភូត​រញ្ជួយដី​នៅក្នុង​ព្រំដែន​នៃប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥០ឆ្នាំទៅមុខ ។​

ទោះបីដូច្នេះក្ដី ការត្រៀមលក្ខណៈ ការឆ្លើយតប និងការស្ដារសម្រាប់​ខេត្ត​ដែល​មាន​លក្ខខណ្ឌ​រញ្ជួយដីសកម្ម​ក្នុងអំឡុងពេលព្រឹត្តិការណ៍រញ្ជួយដី  ដូច​ករណី​រលក​រំញ័រដី​កាលពីសប្ដាហ៍​មុន ពុំមាន​លក្ខណៈ​ច្បាស់លាស់​ឡើយ ។

បន្ទាប់ពី​ផ្ដល់​សម្ភាសន៍ដំបូង​ជាមួយ​ ខេមបូចា បន្ទាប់មក លោក គឹមកុលមុនី ពុំបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណួរ​បន្ថែម​អំពីថា​តើ​ NCDM មានផែនការដូចម្ដេចខ្លះ​ដើម្បី​ការពារប្រជាជន​ ឬ​ទប់ស្កាត់​ និង​គ្រប់គ្រង​ភាពចលាចល​ក្នុងអំឡុង​ពេលរញ្ជួយដី ។

នៅពេល​សួរ​សំណួរ​ស្រដៀងគ្នានេះ​ដែរ​អំពី​ថា​តើ​វិធានការអ្វីខ្លះដែល​រដ្ឋាភិបាល​នឹងអនុវត្ត​ដើម្បី​ត្រៀម​លក្ខណៈ​ប្រជាពលរដ្ឋ​ក្នុងករណី​កើត​មាន​គ្រោះ​រញ្ជួយ​ដី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា គ្រាន់តែលើកឡើង​ជាថ្មីម្ដងទៀត​យ៉ាងសាមញ្ញថា រញ្ជួយដី​កាលពីចុង​សប្ដាហ៍មុន​កើតឡើង​នៅក្នុង​ប្រទេសវៀតណាម មិនមែន​នៅកម្ពុជាទេ ។

បើទោះបី​តំបន់របស់ពួកគេ​មាន​លទ្ធភាពនៃការកើតមានរញ្ជួយដីផ្ទាល់​ទាបបំផុតក្ដី ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី បានបង្ហាញ​ពីការយល់ដឹង​អំពី​សេណារីយ៉ូ​រញ្ជួយដីដ៏មហន្តរាយដែលអាច​កើត​មាន និង​បាន​ចោទ​សួរ​អំពី​ការត្រៀមលក្ខណៈ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​ហានិភ័យ ។

អ្នកនាង​ សុខ លាងអ៊ី ដែល​បាន​ពើបប្រទះផ្ទាល់ភ្នែក​​នឹងរំញ័រ​ដី​ដែលជាចំហាយពី​ការ​រញ្ជួយដី​នៅ​តំបន់​កូនទុម​ វៀតណាម ខណៈដែល​អ្នកនាង​កំពុងនៅផ្ទះ​នាខេត្ត​រតនគិរី បានប្រាប់ ខេមបូចា ថា អ្នកនាង​បារម្ភ​ពី​ការខ្វះការត្រៀមលក្ខណៈពីអាជ្ញាធរ​ ។ អ្នកនាងបារម្ភ​ថា ប្រជាជន​អត់មាន​ប្រព័ន្ធ​ប្រាប់​ឱ្យ​ដឹង​មុន ឬ​ថា ការជួយសង្គ្រោះ​គ្រោះមហន្តរាយ​អាចនឹងមិនគ្រប់គ្រាន់​ ប្រសិនបើ​រញ្ជួយដី​កម្រិត​ខ្ពស់​​​វាយ​ប្រហារ​មក​លើ​ខេត្ត​រតនគិរី ។

អ្នកនាង​និយាយថា៖ «ខ្ញុំ​ខ្លាច ពីព្រោះខ្ញុំបារម្ភ​ថា​វា​អាច​នឹង​កើត​មានរញ្ជួយ​ដី​មួយ​ទៀត ។ ខ្ញុំ​សង្ឃឹមថា យើង​មាន​ប្រព័ន្ធ​ប្រាប់ដំណឹងមុន ដូច​ប្រទេសដទៃ ដោយ​មាន​ជា​ស៊ីរ៉ែន ឬ​ការ​ប្រាប់​មុន តាមខេត្ត​ ដើម្បី​ប្រាប់​ឱ្យ​យើង​ដឹងជាមុន» ។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​រតនគិរី លោក ស៊ូ សេរី បានប្រាប់ ខេមបូចា ថា ប្រជាជន​ជាច្រើន​មិនបាន​ដឹងទេ​ថា​ការរំញ័រដី​នោះ​បណ្ដាលមកពី​បាតុភូត​រញ្ជួយ​ដី​នៅ​ប្រទេស​វៀតណាម​ក្បែង​ខាង​ រហូត​ទាល់តែ​សារព័ត៌មាន​បរទេស​ផ្សាយ​ទើបដឹង បន្ទាប់ពី​វាបាន​កើតឡើង​នៅ​វេលា​ម៉ោង ១១ និង​ ៣៥នាទី​ព្រឹក ។

អ្នកនាង លាងអ៊ី បាននិយាយថា៖ «[នៅក្រោយ​ការរំញ័រដី] ប្រជាជន​ខ្លះ​ផ្ញើ​រូបភាព​ពី​ព័ត៌មាននៅ​ប្រទេស​វៀតណាម​ដែលផ្សាយថា​មាន​គ្រោះរញ្ជួយដី គ្មានអ្នកណាដឹងថា​មាន​រញ្ជួយ​ដីនៅវៀតណាមទេ សូម្បី​តែព័ត៌មាន​នៅស្រុកខ្មែរ» ។

មន្ទីរធនធានទឹក​និង​ឧតុនិយម​ខេត្ត​រតនគិរី ដែល​ជាធម្មតាតែងចេញ​ប្រកាស​ព័ត៌មាន​ជាសាធារណៈ ពាក់ព័ន្ធនឹង​គ្រោះមហន្តរាយធម្មជាតិតាមផេក​ហ្វេសប៊ុក មិនទាន់​មាន​អត្ថាធិប្បាយអ្វី​ជុំវិញ​ការរំញ័រ​ដី ឬ​វិធានការ​ណា​មួយ​ដែល​ខ្លួន​នឹង​អនុវត្ត​ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រាប់​ឱ្យ​ដឹង​មុន នៅឡើយទេ ។

លោក ហេង គឹមហុង ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បាន​លើកឡើង​ថា ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម និងស្ថាប័ន​ពាក់ព័ន្ធ​ មិនអាច​ផ្ដល់​ព័ត៌មានទាន់ពេលវេលា​អំពី​គ្រោះ​រញ្ជួយ​ដី​ ទំនង​ដោយសារតែ​នេះជាបទពិសោធន៍លើកដំបូង​របស់​កម្ពុជា ជាមួយនឹង​ព្រឹត្តិការណ៍បែបនេះ ហើយ​ពួកគេ​មិនមានបំពាក់ឧបករណ៍គ្រប់គ្រាន់​ថែមទៀត ។

កន្លងមក កម្ពុជា​ពឹងផ្អែក​លើ​ផែនការជាតិ​​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ដែលជាការណែនាំពី​ថ្នាក់កណ្ដាល ជា​គោលការណ៍ណែនាំ​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល​និង​ហេដ្ឋា​រចនាស​ម្ព័ន្ធ​ក្នុងអំឡុង​ពេល​គ្រោះមហន្តរាយធម្មជាតិ ។ ផែនការជាតិនេះ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាពរៀងរាល់ ៥ឆ្នាំម្ដង ហើយ​ផែនការ​ជាតិឆ្នាំ​២០២៤-២០២៨ ផ្ដោត​លើ​ការកាត់​បន្ថយ​ហានិភ័យ​ពីគ្រោះទឹកជំនន់ ព្យុះសង្ឃរា គ្រោះរាំង​ស្ងួត គ្រោះអគ្គិភ័យ ការបាក់ស្រុត​អគារ និង​ផលប៉ះពាល់ពី​ការប្រែប្រួល​អាកាសធាតុ ។

​ផែនការនេះ​នៅ​តែ​បន្ត​ធ្វើ​បច្ចុប្បន្នភាពជាប្រចាំ ប៉ុន្តែ អ្វីដែល​គេមើលឃើញច្បាស់ គឺ​អវត្តមាន​នៃវិធានការ​ត្រៀមលក្ខណៈ​ជាក់លាក់​សម្រាប់​គ្រោះ​រញ្ជួយដី​​ ជាពិសេស តំបន់ដែល​ងាយរងគ្រោះបំផុត​ដោយសារ​គ្រោះថ្នាក់ពីការរញ្ជួយ​ដី នៅក្នុង​ប្រទេស​កម្ពុជា ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Vietnam Earthquake Shakes Ratanakiri, Raises Concern for Cambodia’s Disaster Readiness

307 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម