ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បាននាំគ្នាសម្រុកទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស ខណៈមេដឹកនាំនយោបាយពីររូបមិនអាចបោះឆ្នោតបាន។
ចំណែកឯ អង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោត និងស្ថានភាពសិទ្ធិមនុស្សក្នុងអំឡុងពេលបោះឆ្នោតនេះ បានរាយការណ៍ពីភាពមិនប្រក្រតីមួយចំនួននៅតាមការិយាល័យបោះឆ្នោត។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅសង្កាត់ចាក់អង្រែលើ ប៉ុន្តែលោកមិនបានទៅបោះឆ្នោតនោះទេ ខណៈព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វុនស៊ិនប៉ិចមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង៧និង១៥ នាទីព្រឹក ដោយមានការចូលរួមឃ្លាំមើលពីក្រុមសង្កេតការបរទេសមួយក្រុម និងអ្នកសង្កេតការក្នុងស្រុក រួមទាំងអ្នកសង្កេតការមកពីក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុន ស៊ិន ប៉ិច ប្រាប់ខេមបូចាថា មូលហេតុ ដែលព្រះអង្គម្ចាស់នរោត្ដមចក្រាវុធ មិនបានទៅបោះឆ្នោត ព្រោះព្រះអង្គគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនោះទេ។
លោកថ្លែងថា៖ «ព្រះអង្គរវល់ថែទាំព្រះនរោត្តម រណឬទ្ធិ ដែលគ្រោះថ្នាក់ចរាចរណ៍រហូតដល់សុគត ទើបព្រះអង្គមិនបានចុះឈ្មោះបោះឆ្នោត»។ លោកបន្តថា៖«ការដែលទ្រង់មិនបានចូលរួមបោះឆ្នោត គឺពុំបានជះឥទ្ធិពលអីជាដុំកំភួនទៅលើសមាជិកសមាជិកានិងអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចទេ»។
លោក មុត ចន្ថា ជំនួយការលោក កឹម សុខា បានសរសេរបង្ហោះនៅហ្វេសប៊ុករបស់លោកយ៉ាងខ្លីថា៖ «ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតនេះទេ ព្រោះវាមិនមានជម្រើសសម្រាប់លោកជ្រើសរើស»។
លោក ទឹម សុវណ្ណ អាយុ ៤៤ឆ្នាំ ប្រជាពលរដ្ឋម្នាក់នៅក្រុងតាខ្មៅបានចាត់ទុកការបោះឆ្នោតថ្នាក់មូលដ្ឋានថា មានសារៈសំខាន់សម្រាប់ប្រជាជន។ លោកថ្លែងថា៖ «វាបង្ហាញថាយើងបានបំពេញភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋ យើងចង់ឃើញការអភិវឌ្ឍផ្លូវថ្នល់ឲ្យកាន់តែប្រសើរ និងការធានាបាននូវភូមិ ឃុំមានសុវត្ថិភាព»។
កញ្ញា សេង ផល្លា អាយុ២៧ឆ្នាំ រស់នៅឃុំបឹងខ្យាង ខេត្តកណ្តាល បានលើកឡើងថា កញ្ញាចង់បានមេឃុំល្អដែលអាចដឹកនាំប្រជាពលរដ្ឋក្នុងឃុំនិងស្មោះត្រង់។ ផល្លាបន្ថែមថា៖ «យើងស្រលាញ់អ្នកណាយើងបោះឱ្យអ្នកនោះទៅ វាជាសិទ្ធិយើង គ្មានអ្នកណាមកបង្ខំយើងបានឡើយ»។
ពលរដ្ឋមួយរូបរស់នៅសង្កាត់ចក្រអង្រែលើ រាជធានីភ្នំពេញ គឺអ្នកស្រី ទេវី បានឱ្យដឹងថា អ្នកស្រីចង់ឃើញការបោះឆ្នោត ប្រកបដោយសុក្រឹតភាព និងមិនមានការកេងបន្លំសន្លឹកឆ្នោត។ អ្នកស្រីរំពឹងថា គណបក្សដែលអ្នកស្រីគាំទ្រ គឺអាចដោះស្រាយបញ្ហាដែលនៅតំបន់អ្នកស្រីជួបប្រទះ ជូនដល់ប្រជាពលរដ្ឋ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំរំពឹងថា នឹងមានសុក្រឹតភាព ហើយយើងអាចជ្រើសរើសគណបក្សដែលយើងពេញចិត្តបាន ។ ខ្ញុំរំពឹងថា គាត់អាចដោះស្រាយបញ្ហា ឬក៏ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋក្នុងភូមិសង្កាត់របស់យើងបាន»។
ភាពមិនប្រកក្រតី
មន្ត្រីឃ្លាំមើលការបោះឆ្នោតក្នុងស្រុកបានចាត់ទុកស្ថានភាពទូទៅនៃការបោះឆ្នោតប្រព្រឹត្តជាធម្មតា ប៉ុន្តែបានមើលឃើញវត្តមានអាជ្ញាធរច្រើននៅខាងក្រៅ និងខាងក្នុងទីតាំងការិយាល័យបោះឆ្នោត។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខមហ្វ្រែល សង្កេតឃើញថា មានអាជ្ញាធរជួយសម្រួលសណ្ដាប់ធ្នាប់។ លោកបន្ថែមថា៖ «វាមានទិដ្ឋភាពទូទៅមួយ គឺមានអាជ្ញាធរច្រើន ទាំងក្នុងការិយាល័យ និងខាងក្រៅការិយាល័យ ដើម្បីសម្របសម្រួល ធ្វើសន្ដិសុខ សណ្ដាប់ធ្នាប់តាមការិយាយល័យបោះឆ្នោត»។ លោកបន្តថា ចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតមានច្រើន ឬតិចនៅតាមការិយាល័យបោះឆ្នោត នីមួយៗ។
លោក សំ សុគន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច ថាមិនទាន់មានភាពមិនប្រក្រតីគួរឲ្យកត់សម្គាល់ធ្ងន់ធ្ងរទេ ក្នុងដំណើរការបោះឆ្នោតព្រឹកនេះ ប៉ុន្តែក៏បានកត់សម្គាល់ឃើញថា មានកម្លាំងនគបាល សន្ដិសុខច្រើននៅខាងមុខការិយាល័យបោះឆ្នោតជួយសម្រួលសណ្ដាប់ធ្នាប់។
យោងតាមរបាយការណ៍ស្តីពី ស្ថានភាពសិទ្ធិមនុស្ស អំឡុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ របស់អង្គការលីកាដូ បានរកឃើញថា រាជធានី-ខេត្តចំនួន១៤ផ្សេងគ្នាមានភាពមិនប្រក្រតីកើតឡើង ក្នុងនោះរួមមាន វត្តមានរបស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត រួមមានមេភូមិ មេឃុំឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត ក្នុងការជួយសម្របសម្រួលឱ្យពលរដ្ឋបានចូលទៅកាន់ការិយាល័យបោះឆ្នោត។ របាយការណ៍បន្តថា ភាគច្រើននៃករណីទាំងនេះ អាជ្ញាធរត្រូវបានមើលឃើញថា បានកត់ត្រាឈ្មោះ ឬចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត។ ក្រៅពីនេះ ក៏មានការរាយការណ៍អំពីករណីដែលអាជ្ញាធរមូលដ្ឋានចុះតាមផ្ទះប្រជាពលរដ្ឋនីមួយៗដើម្បីសួរនាំប្រជាពលរដ្ឋអំពីអ្នកដែលពួកគេបោះឆ្នោតឱ្យ និងការបង្ហាញវត្តមាននៃទាហានប្រដាប់ដោយអាវុធនៅក្បែរទីតាំងបោះឆ្នោត។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានឲ្យដឹងថា នៅតាមខេត្តមួយចំនួនមានដាក់កម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធមានវត្តមាននៅក្បែរការិយាល័យ ដែលធ្វើឲ្យពលរដ្ឋភ័យខ្លាច។ ប៉ុន្តែលោកអះអាងថា ករណីនេះត្រូវបានដោះស្រាយភ្លាមៗក្រោយពីពលរដ្ឋរាយការណ៍ទៅអាជ្ញាធររៀបចំការបោះឆ្នោត។
លោកបន្តថា ករណីខ្លះត្រូវបានរាយការណ៍ថា មានមនុស្សខ្លះបានដើរសួរតាមផ្ទះថាតើពួកគេបោះឆ្នោតឲ្យអ្នកណា។ លោកថ្លែងថា៖ «យើងចាត់ទុកថាទង្វើទាំងអស់នេះវាជាការរំលោភ ឬធ្វើឲ្យប៉ះពាល់ទៅដល់សតិអារម្មណ៍ ឬស្មារតី ផ្លូវចិត្ត ក៏ដូចជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋ»។
លោក មិន ពៅ ដែលបានឈរឈ្មោះជាបេក្ខភាពមេឃុំព្រែកស្តីរបស់គណបក្សប្រជាធិតេយ្យមូលដ្ឋាន បានប្រាប់ខេមបូចា ថា នៅមណ្ឌលបោះឆ្នោតក្នុងឃុំរបស់លោក ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល មានមេភូមិ និងអាជ្ញាធរឃុំឈរឃ្លាំមើលប្រជាពលរដ្ឋមកបោះឆ្នោត និងកត់ត្រាឈ្មោះរបស់ពួកគេ។ លោកបាននិយាយថា៖ «នៅខាងឃុំព្រែកស្តីរបស់ខ្ញុំក៏មានភាពមិនប្រក្រតីខ្លះដែរ ដោយមេភូមិដាក់តុអង្គុយចាំកត់ត្រាអ្នកមកបោះឆ្នោត» ដោយលោកបន្ថែមថា៖ « ហើយករណីនេះគឺជាការគំរាមកំហែងដល់ពលរដ្ឋ»។
លោកហង្ស ពុទ្ធា និងលោកសោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។
ការបោះឆ្នោតចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៣រសៀល។ គ.ជ.ប នឹងផ្សាយលទ្ធផលបោះឆ្នោតបឋមចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២យប់ និងបន្តផ្សាយចាប់ពីម៉ោង៨ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២ថ្ងៃត្រង់។
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស៕ (រាយការណ៍ដោយ៖ ស៊ន សារ៉ាត/ឃាង សុខមាន/ ទ្រី ថានី /សុវណ្ណ ស្រីពេជ្រ)