នៅព្រឹកព្រលឹមថ្ងៃសុក្រ អាកាសធាតុក៏ត្រជាក់ផង អ្នកស្រី សៅ ណា វ័យ៥១ឆ្នាំ បានមកឈរនៅមុខសាលាខេត្តកណ្ដាល ដោយមានពាក់មួកសុវត្ថិភាព ដៃកាន់បាយ និងនំ ដោយមានក្ដីសង្ឃឹមក្នុងចិត្តថាអ្នកស្រីនឹងទទួលបានប្រាក់ឈ្នួលដែលបានរង់ចាំអស់ពេលជាយូរមកហើយ។
ក្រោយពេលដំណើរការបានជាង១០ឆ្នាំ រោងចក្របានឈប់បើកប្រាក់ឈ្នួលដល់កម្មករកាលពីខែធ្នូ ឆ្នាំ២០១៩ បន្ទាប់មកក៏បានផ្អាកដំណើរការ និងក៏បានបិទទ្វារទាំងស្រុងដោយមិនបានជូនដំណឹងជាមុន។ ការបិទទ្វារនេះបានធ្វើឲ្យអ្នកស្រី និងកម្មករផ្សេងទៀតប្រហែល១ ០០០នាក់ រួមទាំងកម្មកររោងចក្រក្បែរគ្នាមួយទៀត ECO Base ត្រូវអត់ការងារ និងជំពាក់កម្មករាប់ពាន់ដុល្លារក្នុងម្នាក់ៗ។
ក្រោយពេលមួយឆ្នាំ ដោយមិនបានធ្វើតាមការសន្យា តុលាការខេត្តកណ្ដាល ក្នុងខែនេះបានលក់សម្ភារៈរឹបអូសពីរោងចក្រទាំងពីរបានជាង១,១លានដុល្លារ និងបែងចែកដល់កម្មករជាង១០០០នាក់ ដែលតែងតែនៅយាមរោងចក្រ២៤ម៉ោងក្នុងមួយថ្ងៃ និងបានរំខានដល់ការព្យាយាមរបស់ម្ចាស់រោងចក្រចូលយកសម្ភារៈចេញជាច្រើនដងផងដែរ។
អ្នកស្រី ណា ឲ្យដឹងថា៖ «វាមិនច្រើនទេ តែយើងគ្មានជម្រើស»។ អ្នកស្រីថា ខ្លួននឹងទទួលប្រាក់១៣០០ដុល្លារ។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំគ្មានអារម្មណ៍អីទេ ខ្ញុំចាំមកយូរហើយ»។
កម្មករប្រហែលជា៥០នាក់បានកំពុងរង់ចាំនៅមុខសាលាខេត្តនៅម៉ោង៧ព្រឹក ដែលពួកគេទាំងនេះជាអ្នកដែលឆ្លងកាត់ការលំបាកខ្លាំងក្រោយបាត់បង់ការងារក្នុងពេលមានវិបត្តិកូវីដ១៩ និងមានខ្លះនៃពួកគេមិនអាចទៅណាបានដោយសារជម្លោះមិនបានដោះស្រាយ។
អ្នកស្រី ណា បានចូលរួមប្ដូរវេនគ្នាយាមរោងចក្របានបីបួនដង ប៉ុន្តែក្រោយមកក៏បានទៅធ្វើការនៅការដ្ឋានសំណង់មួយជាមួយស្វាមី។ ប៉ុន្តែមិនបានប៉ុន្មានខែផង ការងារដែលអាចផ្ដល់ចំណូល៧,៥ដុល្លារក្នុងមួយថ្ងៃនេះក៏បានបាត់បង់ទៀត ដោយមិនអាចទៅណាទៀតបាន អ្នកស្រីបានទៅធ្វើការនៅផ្នែកចុងភៅវិញ។
អ្នកស្រីឲ្យដឹងទៀតថា៖ «ខ្ញុំគ្មានជម្រើសអ្វីទេ ប៉ុន្តែខ្ញុំបានទៅធ្វើការនៅការដ្ឋានសំណង់ រោងចក្រគេមិនយកខ្ញុំទេ ព្រោះខ្ញុំចាស់ពេក»។
អ្នកស្រីបន្តថា៖ «ការងារនៅរោងចក្រស្រួលជាងការងារនៅការដ្ឋានសំណង់ ព្រោះរោងចក្រធ្វើការបានទៀងទាត់»។ អ្នកស្រីពន្យល់ថា ការងារនៅរោងចក្រផ្នែកអ៊ុត អ្នកស្រីទទួលបាន ២០០ដុល្លាររាល់ខែ បើប្រៀបធៀបទៅការងារសំណង់៧,៥ដុល្លារក្នុងមួយថ្ងៃ។
ខណៈដែលអ្នកស្រីមិនមានសល់អ្វីច្រើន ក្រោយពីធ្វើការនៅរោងចក្រជាង១០ឆ្នាំ អ្នកស្រីបានលក់របស់របរដូចជាខ្សែក និងខ្សែដៃ ដើម្បីបានប្រាក់ចិញ្ចឹមកូនទាំងបីនាក់។
មន្ត្រីខេត្តកណ្ដាល ឲ្យខេមបូចា ដឹងថា ក្រសួងការងារនឹងចែកប្រាក់ជាង១,២លានដុល្លារដល់កម្មករក្នុងរយៈពេលពីរថ្ងៃ ដោយប្រាក់ ១ ១១០ ០០៩ ដុល្លារបានពីការលក់សម្ភារៈរោងចក្រ និង១៦០ ០០០ដល្លារបានពីប្រាក់ដំកល់របស់ម្ចាស់រោងចក្រជនជាតិចិន។
គណៈកម្មការដែលបង្កើតឡើងដើម្បីដោះស្រាយជម្លោះបានសម្រេចលក់សម្ភារៈទាំងនោះដោយបានបញ្ចុះតម្លៃកាលពីដើមខែនេះ បន្ទាប់ពីបរាជ័យពីរដងក្នុងការលក់ដេញថ្លៃលើទឹកប្រាក់កំណត់១ ៧៧៧ ០០០ដុល្លារ។
អ្នកស្រី កេត សុខនី វ័យ៣០ឆ្នាំបានធ្វើការនៅរោងចក្រ Dignity Knitter អស់ពេល១២ឆ្នាំមកហើយនោះបាននិយាយថា ខ្លួនមិនបានរកការងារធ្វើទេ តាំងពីរោងចក្របិទមក និងបានលះបង់ពេលវេលាជាច្រើនដើម្បីនៅយាមរោងចក្រ និងនៅជាមួយកូនស្រីអាយុប្រាំឆ្នាំ។
ប្ដីអ្នកស្រីដែលរកចំណូលបានពីការដាំដុះឈើហូបផ្លែមិនទៀងទាត់ដែរនោះ និងដោយសារវិបត្តិកូវីដ១៩ទៀត បានដាក់សម្ពាធលើគ្រួសារអ្នកស្រីជាខ្លាំង ដែលនាំឲ្យអ្នកស្រីត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំបានកាត់បន្ថយការចំណាយលើរបស់មិនសូវចាំបាច់ រួមទាំងការទិញខោអាវថ្មី និងស្បែកជើង»។
ក្រោយពីបានធ្វើការនៅរោងចក្រផលិតស្រោមជើងអស់ពេលជាងមួយទសវត្ស អ្នកស្រីនឹងយកប្រាក់សំណង១៥០០ដុល្លារទៅវិនិយោគលើកសិដ្ឋានឈើហូបផ្លែរបស់ស្វាមី និងរកការងារនៅរោងចក្រថ្មី។
អ្នកស្រីថា៖ «យ៉ាងហោចណាស់ខ្ញុំមិនចាំបាច់ត្រូវដេកនៅមុខរោងចក្រទៀតទេ»។
កម្មកររោងចក្រទាំងពីរបានទាមទារប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ គិតតាំងពីខែធ្នូ ឆ្នាំ២០១៩ ពេលដែលរោងចក្របានបន្ថយប្រតិបត្តិការមុនផ្អាកការងារបីរខែ និងឈានដល់ការបិទរោងចក្រជាផ្លូវការក្នុងខែមិថុនា ឆ្នាំ២០២០។
កម្មករម្នាក់ក្នុងចំណោមប្រាំនាក់បានធ្លាក់ខ្លួនខ្វះខាតអាហារប្រចាំថ្ងៃ ជាមួយនឹង៩០ភាគរយបានកាត់បន្ថយបរិមាណអាហារហូបចុកប្រចាំថ្ងៃក្នុងវិបត្តិកូវីដ១៩នេះ។ នេះបើតាមការលើកឡើងរបស់ក្រុមធ្វើការលើសិទ្ធិកម្មករ (Worker Rights Consortium) ដែលបានលើកឡើងកាលពីខែធ្នូ ដោយបានធ្វើការស្ទង់មតិមួយលើកម្មករចំនួន៤០០នាក់នៅក្នុងប្រទេសចំនួនប្រាំបួន រួមទាំងកម្ពុជា។
អ្នកស្រី ផន វណ្ណា ដែលបានធ្វើការនៅរោងចក្រ Eco Base ជាអ្នកត្រួតពិនិត្យគុណភាព បាននិយាយថាអ្នកស្រីបានចាប់យករបរជាអ្នកលក់ភេសជ្ជៈ និងម្ជូរនៅមុសផ្ទះនៅស្រុកកណ្ដាលស្ទឹង។
អ្នកស្រីថា អ្នកស្រីបានរង់ចាំពេលវេលាឈប់គិតគូពីរឿងជម្លោះនោះទៀតជាយូរមកហើយ ប៉ុន្តែថាប្រាក់សំណង ១ ៧០០ដុល្លារ គឺនឹងចំណាយទៅវិញលឿនណាស់ ដោយសារត្រូវសងធនាគារ១៨០ដុល្លារប្រចាំខែ។
អ្នកស្រីឲ្យដឹងថា៖ «ខ្ញុំបានរកស៊ីលក់ដូរមួយឆ្នាំមកហើយ តែបានចំណូលមិនទៀងទាត់ទេ»។ អ្នកស្រីថា ខ្លួនអាចសន្សំបានតែពីរ ទៅបីដុល្លារប៉ុណ្ណោះក្នុងមួយអាទិត្យ។ អ្នកស្រីបន្តថា៖ «ខ្ញុំប្រាប់លោកត្រង់ចុះ ខ្ញុំនឹងយកប្រាក់នេះទៅរំលស់បំណុលនៅធនាគារ»។
អង្គការសិទ្ធិមនុស្សលីកាដូ អង្គការសង់ត្រាល់ និងសម្ព័ន្ធសហជីពកម្ពុជា បានលើកឡើងកាលពីខែមិថុនា ឆ្នាំ២០២០ ថាកម្មករកាត់ដេររាប់ម៉ឺននាក់ជួបបញ្ហាមិនអាចមានប្រាក់សងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញបាន។
របាយការណ៍របស់ក្រុមអង្គការទាំងនោះនិយាយថា កម្មករទាំងនោះ «ប្រឈមនឹងវិបត្តិសិទ្ធិមនុស្សជាច្រើន ដោយពួកគេបានតស៊ូចិញ្ចឹមគ្រួសារ និងសិទ្ធិកាន់កាប់ដីធ្លី ក៏រងសម្ពាធពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
អ្នកស្រី ឈឿត រ៉ានី វ័យ៣៧ឆ្នាំ បានធ្វើការ១០ឆ្នាំ នៅរោងចក្រ Eco Base និយាយថាអ្នកស្រីបានទទួលប្រាក់១២០០ដុល្លារ កាលពីថ្ងៃសុក្រ ដោយថាប្រាក់នេះមិនគ្រប់លើការខ្ចីគេយកមកជីកអណ្ដូង និងចិញ្ចឹមគ្រួសារក្នុងគ្រាអត់ការងារធ្វើនៅឯស្រុកកំណើតក្នុងខេត្តព្រៃវែងទេ ពោលគឺ ខ្វះ៥០ដុល្លារទៀត។
អ្នកស្រីលើកឡើងថា៖ «ការចំណាយរាល់ថ្ងៃក្លាយជាបញ្ហាក្រោយរោងចក្របិទទ្វារ រួមទាំងការចំណាយលើអាហារប្រចាំថ្ងៃ និងឲ្យកូទៅសាលារៀន។
អ្នកស្រីបន្ថែមថា៖ «ដំណោះស្រាយដូចជាយឺតបន្តិចហើយ ពួកយើងបានរង់ចាំជាងមួយឆ្នាំទៅហើយ»។
លោក ភិន សុភា តំណាងសហជីព ស៊ីខៅឌូ(CCAWDU) ក្នុងរោងចក្រ Dignity Knitter និងជាអ្នករៀបចំជំរុញឲ្យមានការទូទាត់ប្រាក់ឈ្នួលនេះ បាននិយាយថា លោកសប្បាយចិត្តដែលការដាក់វេនយាមរោងចក្ររាល់យប់ត្រូវបញ្ចប់។
ក្រោយដឹកនាំជំរុញឲ្យមានការផ្ដល់ប្រាក់សំណងនេះ លោកនឹងសម្រេចចិត្តថាត្រូវទៅធ្វើការជាមួយសហជីពនៅខេត្តព្រះសីហនុ ដែលជាកន្លែងកំពុងផ្ទុះឡើងវិស័យឧស្សាហកម្មនៅតាមតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ប៉ុន្តែលោកថានៅមិនទាន់ប្រាដកចិត្តនៅឡើង។
លោកថា៖ «ក្នុងចិត្តខ្ញុំ ខ្ញុំចង់លក់បបរ ឬបាយ និងទឹកសណ្ដែក ប៉ុន្តែខ្ញុំមិនទាន់ដឹងនៅឡើយថាខ្ញុំអាចធ្វើបានឬអត់»។
លោក អ៊ូ រតនា អគ្គលេខាធិការរងនៃគណៈកម្មការដោះស្រាយវិវាទ និងកូដកម្មនៅក្រសួងការងារ មានប្រសាសន៍ថាកម្មករ៦០០នាក់បានទទួលប្រាក់សំណងនៅថ្ងៃសុក្រ និងថាអ្នកនៅសល់នឹងត្រូវបើកនៅថ្ងៃសៅរ៍ និងថាប្រាក់អាចនៅសល់មានតែពីរបីពាន់ដុល្លារពីប្រាក់១,២លានដុល្លារ។
លោកឲ្យដឹងថា៖ «វាអាចមើលទៅឃើញថាដំណោះស្រាយនេះស៊ីពេលយូរ តែវាមិនមែនជារឿងងាយស្រួលទេ» ដែលលោកបានបដិសេធទៅនឹងការរអ៊ូរទាំរបស់កម្មការទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់មន្ត្រី។
លោកឲ្យដឹងដែរថា ខណៈកម្មករភាគច្រើនក្នុងចំណោម១០០០នាក់បានមានការងារថ្មី ក្រសួងក៏នឹងជួយរកការងារដល់អ្នកដែលមិនទាន់មានការងារ។
ក្នុងឆ្នាំ២០២០ រោងចក្រ និងសហគ្រាស ១ ៣៥៦ បានបិទទ្វារ ហើយកម្មករ ១០៨ ៨២៥ នាក់បាត់បង់ការងារ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង។ ចំនួននេះបានកើនឡើងលើសពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មានតែរោងចក្រ និងសហគ្រាស ចំនួន៩៦៩ បានបិទទ្វារ និងកម្មករ៨៥ ៨៨៩នាក់បាត់បង់ការងារ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះដែរ រោងចក្រថ្មីចំនួន១០៣បានបើកដំណើរការនិងបានបង្កើតការងារផងដែរ។
សម្រាប់អ្នកស្រី ណា ដែលមកដល់សាលាខេត្តទាំងមានបាយ និងនំផង នឹងត្រូវបិទបញ្ចប់ការតស៊ូដ៏យូរលើរឿងជម្លោះនេះ និងទឹកប្រាក់១៣០០ដុល្លារនេះ នឹងបើកទំព័រជីវិតថ្មីរបស់អ្នកស្រី ដែលអ្នកស្រីនឹងយកទៅទិញខ្សែកមាស មុនត្រឡប់ទៅជួបប្ដី និងកូននៅខេត្តព្រៃវែងវិញ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំនឹងយកប្រាក់នៅសល់ដើម្បីទិញមាន់ទុកចិញ្ចឹមនៅផ្ទះ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Workers of Two Factories Receive Compensation after more than one year ago