សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ធនាគារពិភព​លោក​អនុម័ត​កម្ចី ១៤៥លានដុល្លារ​ដើម្បី​ជួយដល់វិបត្តិទឹក​សម្រាប់កសិករ​នៅកម្ពុជា

គោយន្តបំពាក់ដោយក្បាលបូបទឹក ដែលកសិករត្រៀមចាំបូមទឹកដាក់ស្រែប្រាំងរបស់ពួកគាត់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភូមិកោះក្រសាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ (ខេមបូចា/អ៊ួន ឈិន)
គោយន្តបំពាក់ដោយក្បាលបូបទឹក ដែលកសិករត្រៀមចាំបូមទឹកដាក់ស្រែប្រាំងរបស់ពួកគាត់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភូមិកោះក្រសាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ (ខេមបូចា/អ៊ួន ឈិន)

ធនាគារពិភព​លោកបានអនុម័ត​ឥណទាន​ ១៤៥លានដុល្លារ​ពី​​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​ផ្ដល់​មូលនិធិ​ដល់គម្រោង​កែលម្អ​សន្តិសុខទឹក​ ដែលនឹងជួយ​សង្គ្រោះការខ្វះខាតទឹក​ក្នុងអំឡុងរដូវប្រាំង​និង​ការធ្វើស្រែប្រាំង ។ គម្រោងនេះ​ក៏មានគោលបំណង​លើក​កម្ពស់​ផលិតភាព​កសិកម្ម​និង​កសាង​ភាពធន់​នឹង​ហានិភ័យ​អាកាសធាតុផងដែរ ។

គម្រោងដែលនឹង​ផ្ដល់ផលប្រយោជន៍​ដល់​ប្រជាជន​ជាង ១១៣.០០០នាក់​ នឹង​អនុវត្ត​ក្នុង​រយៈពេល ៥ឆ្នាំ ដោយ​ក្រសួងធនធានទឹក​និងឧតុនិយម និង​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ (MAFF) ។

កញ្ចប់​ឥណទានថ្មី​បំផុត​នេះ​កើតឡើង​នៅក្រោយ​កម្ចី​ ២៧៥លានដុល្លារ​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​និង​ភាពធន់​រយៈពេលវែង​របស់​កម្ពុជា កម្ចី​ ៤០លានដុល្លារ​សម្រាប់​ការបណ្ដុះបណ្ដាល​ជំនាញ និង ៧៩,៥លានដុល្លារ​សម្រាប់​ការលើក​កម្ពស់​ការទទួលបាន​ការអប់រំ​និង​គុណភាពអប់រំ​នៅ​កម្ពុជា ។

នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បាន​មានប្រសាសន៍​ថា ប្រទេស​កម្ពុជា​នឹង​អាច​បោះជំហាន​ឆ្ពោះទៅរក​សន្តិសុខទឹក​ប្រកប​ដោយ​ចីរភាព​និង​ផលិតភាព​កសិកម្ម​កាន់តែប្រសើរឡើង​ដោយសារគម្រោងនេះ ។ លោក​ស្រីបាន​បន្ត​ថា៖ «ការវិនិយោគ​ពេលនេះ​ទៅលើ​ភាព​ធន់នឹងអាកាសធាតុ ការធ្វើផែនការ និងការៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធឱ្យកាន់តែ​ប្រសើរជាងមុន មិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅ​នឹង​តម្រូវការទឹក​​របស់​កសិករ ​និងគ្រួសារកម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋាន​គ្រឹះសម្រាប់​ការ​ផ្គត់ផ្គង់​សេវាទឹក​រយៈពេល​វែង ផងដែរ »។

ការគ្រប់គ្រងធនធានទឹក​ដោយ​ពង្រីក​ស្ថានីយ​ជលសាស្ត្រ​ ធ្វើបច្ចុប្បន្នភាព​គោលនយោបាយ​និង​បទប្បញ្ញត្តិ​ រៀបចំ​ផែនការ​គ្រប់គ្រង​អាងទន្លេ​ដោយ​ផ្អែក​លើ​ការយល់ដឹងពី​អាកាសធាតុ និងពង្រឹង​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ​ទឹក​នៅថ្នាក់ជាតិនិង​ថ្នាក់ខេត្ត នឹង​ត្រូវអនុវត្ត​នៅក្នុង​គម្រោងនេះ ។

ធនាគារពិភព​លោក​បាន​និយាយថា ទោះបីកម្ពុជា​ជាប្រទេស​សម្បូរទឹក​ក្ដី ភាពខុសគ្នានៃ​កម្រិត​ទឹកភ្លៀង​តាមរដូវកាល​និង​នៅក្នុងតំបន់​ ជះឥទ្ធិពល​ទៅលើការផ្គត់ផ្គង់​ទឹក​នៅទីក្រុង​និង​នៅជនបទ ។​

ការព្យាករណ៍អាកាសធាតុ​បង្ហាញថា បាតុភូត​ទឹកជំនន់​និង​គ្រោះរាំងស្ងួត​នឹងកាន់តែ«មានភាពញឹកញាប់ និងធ្ងន់ធរជាងមុន» ដែល​ដាក់សម្ពាធធ្ងន់ធ្ងរថែមទៀត​ទៅលើ​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ទឹក​សាបរបស់ខ្លួន ។ ប្រការនេះ​នឹង​ជះឥទ្ធិពល​ទៅ​លើ​ផលិតកម្ម​ស្បៀង​និង​កំណើន​សេដ្ឋកិច្ច ។

ធនាគារពិភព​លោក​បាននិយាយថា ជាផ្នែកនៃគម្រោង ប្រព័ន្ធ​ផ្គត់ផ្គង់ទឹក​សម្រាប់​គ្រួសារ​និង​ប្រព័ន្ធ​ធារាសាស្ត្រនឹងត្រូវ​ស្ដារ​និងធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ ដោយ​ក្នុងនោះ«សហគមន៍កសិករ​ដែលប្រើប្រាស់ទឹក» នឹងត្រូវបានបណ្ដុះបណ្ដាល​និង​ផ្ដល់​ជំនួយ​បច្ចេកទេស​ដើម្បី​ធ្វើ​ឱ្យ​ការដំណើរការ​និង​ការថែទាំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់តែល្អប្រសើរជាងមុន ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម បានបដិសេធ​ផ្ដល់​អត្ថាធិប្បាយ និងបានណែនាំ​ឱ្យ​សួរសំណួរទៅ​ក្រសួងធនធាន​ទឹក​និង​ឧតុនិយម (MoWRAM) ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ មិនបាន​ឆ្លើយតបនឹងសំណួរអ្នក​សារព័ត៌មាន​ទេ ។

កាលពីដើមឆ្នាំនេះ កសិករជាច្រើន​បានជួបប្រទះ​បញ្ហា​កង្វះទឹក​ក្នុងការស្រោចស្រព​ស្រែប្រាំងរបស់ពួកគេ ។ ស្រូវ​ប្រាំង​ចំនួន​ដល់​ទៅ ៧៦០.០០០ហិកតា​ត្រូវបានកសិករ​ដាំដុះនៅក្នុង​ខេត្ត​ជាច្រើន ប៉ុន្តែ ការស្រោចស្រព​ស្រែប្រាំង​ទាំងនេះ​បានក្លាយជាបញ្ហា​ ។

កាលពីខែមុន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និង​ក្រសួង​អភិវឌ្ឍន៍ជនបទ បានពិភាក្សា​ពីបញ្ហា​និងដំណោះស្រាយ​នៅចំពេល​នៃវិបត្តិទឹក ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ​នោះ ក្រសួងធនធានទឹក បាននិយាយថា ក្រសួង​នឹង​ធ្វើការ​ជាមួយ ក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាទឹករបស់​កសិករ ដោយ​អភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​តំបន់​ភូមិសាស្ត្រ​ដែលខ្វះទឹក​និង​មានទឹកជំនន់ ។

លោក ហៀម ឃួន អភិបាលរង​ខេត្ត​ពោធិ៍សាត់ បានប្រាប់ ខេមបូចា ថា លោក​មិនទាន់ទទួលបាន​ព័ត៌មាន​ណាមួយជុំវិញ​ការវិនិយោគថ្មីសម្រាប់​គម្រោង​សន្តិសុខទឹក​នេះ​នៅឡើយទេ ។ ប៉ុន្តែ លោក​រំពឹងថា គម្រោងនេះ​នឹង​ដោះស្រាយបញ្ហាកង្វះទឹក​នៅក្នុង​ខេត្ត​ពោធិ៍សាត់បាន ។

លោក ឃួន បាននិយាយថា៖ «មន្ទីរ[ធនធានទឹក]បាន​ដាក់សំណើ​ទៅ​កាន់​ ក្រសួងធនធានទឹក ដើម្បី​ពិនិត្យ​ថវិកា​ជាតិ​[ដើម្បីដោះស្រាយបញ្ហាកង្វះទឹក] ដូច្នេះ ខ្ញុំ​រំពឹងថា​ ថវិកានេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ឱ្យ​កសិករ​បានកាន់តែច្រើននាក់​ថែមទៀត »។

លោកអភិបាលរងខេត្តដដែល​បានបន្ត​ថា កាលពីពេលកន្លងមក បញ្ហាកង្វះទឹកមានភាពធ្ងន់ធ្ងរខ្លាំង ។ លោកមានប្រសាសន៍ថា៖ «កាលពីឆ្នាំមុន មានបញ្ហាធ្ងន់ធ្ងរខ្លាំង ហើយវាបានអូសបន្លាយរហូតដល់​ខែឧសភា ទើបបានមានភ្លៀង​ធ្លាក់» ។

ដោយសារតែរដ្ឋបាលខេត្តបានធ្វើផែនការរួចហើយដើម្បី​កសាង​អាងស្តុកទឹកដ៏ធំមួយ ហើយប្រសិនបើ​រដ្ឋបាលខេត្តទទួលបានថវិកាគាំទ្រ ខ្លួននឹងកសាង​ប្រឡាយទឹកច្រើនថែមទៀត​ដើម្បី​ចែកចាយទឹក​ទៅដល់​កសិករ ។

លោក សែម ចំណាន ដែលជាតំណាង​សហគមន៍ស្រែប្រាំង បាននិយាយថា លោក«សប្បាយចិត្ត»​ដែល​ឮដំណឹងអំពី​គម្រោងនេះ ពីព្រោះវានឹងជួយ​ដល់​កសិករ​ដែលជា«ជនរងគ្រោះ» ។

លោកបាននិយាយថា «ក្នុងអំឡុងរដូវប្រាំង កសិករ​ដាំដំឡូង​និង​ធ្វើស្រែ ប៉ុន្តែដាំមិនដុះទេ ។ ពួកគេ​ត្រូវ​ដាំម្ដងទៀតជាលើកទីពីរ ឬច្រើនលើកទៀត» ។ លោកបន្តថា ក្នុងអំឡុងរដូវប្រាំង ពិបាកធ្វើស្រែចម្ការណាស់ដោយសារតែខ្វះទឹក ។

សហគមន៍របស់លោក​ពឹងពាក់អាស្រ័យជាខ្លាំង​ទៅលើ​ទឹក​ ក្នុងនោះរាប់ទាំងទឹកអណ្ដូង សម្រាប់​ការ​ធ្វើ​ស្រែចម្ការ​រៀងរាល់​រដូវប្រាំង ។ ប៉ុន្តែ ឆ្នាំកន្លងទៅមិញគឺជាឆ្នាំដែលលំបាកបំផុត ដោយសារតែមើមដំឡូង​រលួយអស់ ហើយ​ទិន្នផល​ស្វាយចន្ទីរទទួលបានតិចតួចបំផុត ។ លោកបាននិយាយថា៖ «ឧទាហរណ៍ ស្វាយចន្ទីរជាធម្មតា យើងប្រមូលផលបាន ៨០% ឬ ៩០% ប៉ុន្តែ ឆ្នាំទៅមិញ យើង​ប្រមូលផល​បាន​តែ ៥០% ទៅ ៦០% ប៉ុណ្ណោះ ។ បើស្រូវវិញដីមួយហិកតា កសិករ​អាច​ទទួលបានទិន្នផល ១ ឬ ២តោន ប៉ុន្តែ ឆ្នាំទៅ យើងខាតបង់អស់​ប្រហែល​ពាក់កណ្ដាល» ។»

លោក ចំណាន ពុំរំពឹងថានឹងទទួលបានជំនួយអ្វីទេ ប៉ុន្តែ លោកនឹងសប្បាយចិត្ត​ប្រសិនបើ​សហគមន៍​របស់​លោក​បានទទួលជំនួយ ។ លោកបន្តថា៖ «ចំពោះគម្រោង​ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹក​ដល់​កសិករ​នៅ​តាម​មូលដ្ឋាន ពួកគេត្រូវការគ្រូបង្គោល​ដើម្បីចែករំលែក​ព័ត៌មាន ទើបពួកគេ​អាចទទួល​បាន​ផល​ប្រយោជន៍ ។ ពេលនោះ ខ្ញុំ​គិតថា​វាល្អ​ហើយ »។

លោក ចំណាន់ បានកត់សម្គាល់ថា កាលពីពេល​កន្លង​មក រដ្ឋាភិបាលបានជួយដល់​ជនរងគ្រោះដោយសារ​ទឹកជំនន់ ដោយផ្ដល់​ពូជដំណាំ ប៉ុន្តែ ពួកគេមិនបានផ្ដល់​ដល់អ្នកដែលមានដីពាក់ព័ន្ធ​ទេ ។ ផ្ទុយទៅវិញ ពួកគេ​ចែកឱ្យ​អ្នកណាដែលពួកគេចង់​ចែក​ឱ្យ​ប៉ុណ្ណោះ ។ លោកថា៖ «ដូច្នេះ ខ្ញុំមិនរំពឹងថា​សហគមន៍​ខ្ញុំ​នឹងទទួលបាន​ជំនួយទេ ប៉ុន្តែ ប្រសិនបើ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​គំនិត ខ្ញុំ​នឹងសប្បាយចិត្តខ្លាំងណាស់» ។

កសិករមួយរូបទៀត ឈ្មោះ ថា លីដា ដែលជា​សមាជិក​គណៈកម្មាធិការខេត្ត​របស់សហគមន៍​ស្រែប្រាំង បាននិយាយថា ជារឿយៗ កសិករ​តែងតែជួប​បញ្ហា​កង្វះទឹក និងបញ្ហា​សត្វល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ ។

លីដាថា កង្វះទឹក​តែងតែបំផ្លិចបំផ្លាញដំណាំរបស់កសិករ​គ្រប់ពេលវេលា ដូច្នេះហើយទើប​កសិករ​មិនទទួលបាន​ទិន្នផល​ច្រើន​ដូច​ការដែលរំពឹង​ទុក ។ បន្ថែមពីលើនេះទៀត គឺសត្វល្អិត​ចង្រៃ​ដែល​បង្ក​ការខូចខាត​ដល់​ដំណាំ បណ្ដាល​ឱ្យ​កសិករ​ងាកទៅរក​ពឹងពាក់ការខ្ចី​បំណុល​ពី​ស្ថាប័នមីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank Approves $145 Million To Relieve Water Crisis For Farmers in Cambodia

164 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម