សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គម្រោង​របស់​ធនាគារពិភពលោក​​មាន​ដំណើរការទៅ​មុខ​ ​ទោះបី​ជា​​​ស្ថិត​នៅ​ក្នុង​​តំបន់​បញ្ចុះសព​​ជនជាតិដើម​ភាគ​​តិច​​​​ក្តី​​

ពេលទៅដល់ទីសក្ការៈក្នុងដីសម្បទានសង្គមកិច្ច លោក គីង វីរៈសិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យបរិស្ថានជាតិ ជាអ្នកតំណាងគម្រោង LASED III (ខាងមុខ) បានចាប់ផ្តើមគូរព្រំប្រទល់ និងផែនទីលើដី ខណៈដែលប្រធានសហគមន៍ពូនង ឈ្មោះ លីន ម៉ៅ (ពាក់អាវកាក់ និងមួកប្រពៃណី) និងសមាជិកសហគមន៍ផ្សេងទៀតឈរជុំវិញគាត់ ដើម្បីបង្ហាញពីកង្វល់របស់ពួកគេកាលពីថ្ងៃទី១៤ ខែកក្កដា។ (ខេមបូចា/ Andrew Califf)
ពេលទៅដល់ទីសក្ការៈក្នុងដីសម្បទានសង្គមកិច្ច លោក គីង វីរៈសិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យបរិស្ថានជាតិ ជាអ្នកតំណាងគម្រោង LASED III (ខាងមុខ) បានចាប់ផ្តើមគូរព្រំប្រទល់ និងផែនទីលើដី ខណៈដែលប្រធានសហគមន៍ពូនង ឈ្មោះ លីន ម៉ៅ (ពាក់អាវកាក់ និងមួកប្រពៃណី) និងសមាជិកសហគមន៍ផ្សេងទៀតឈរជុំវិញគាត់ ដើម្បីបង្ហាញពីកង្វល់របស់ពួកគេកាលពីថ្ងៃទី១៤ ខែកក្កដា។ (ខេមបូចា/ Andrew Califf)

ឃុំរយ៉ ខេត្តមណ្ឌល​គិរី៖ ជន​ជាតិដើមភាគ​តិច​ពូនងមក​ពីភូមិរយ៉ ​​ដាក់​សែន​បាយ​ និង​សាច់ជ្រូក​​នៅ​ត្រង់​ទីសក្ការៈ ដើម្បី​សុំ​ឱ្យអារុក្សអារក្ស​ អ្នកតា ជួយ​​ការពារដីធ្លី​របស់ពួក​គេពី​ធនាគារ​​ពិភពលោក។

នៅក្នុង​តំបន់​ឈូសឆាយដែល​​ព័ទ្ធជុំវិញ​ដោយគម្រប​ព្រៃ​ឈើ​ក្រាស់ៗ សមាជិកសហគមន៍​បាន​ប្រមូល​ផ្តុំគ្នានៅពាក់កណ្តាលខែកក្កដា នៅ​ចំ​​កណ្តាល​​ព្រៃដូនតារបស់​រយ៉លើ​ និងទី​​បញ្ចុះ​សព ដែល​​ធនាគារពិភពលោក​គ្រោងនឹង​កំណត់​តំបន់​​ឡើង​វិញ និង​​បែង​ចែក​ដី​ដល់​គ្រួសារ​​គ្មានដី​ធ្លី​។

ក្រសួង​រៀប​ចំដែនដី បាន​ផ្តល់​សម្បទាន​ដីសង្គមកិច្ច​ដែល​មាន​ទំហំ ៦ ០០០ហិកតា ដល់​ធនាគារពិភពលោកក្នុងឆ្នាំ ២០២១ ដែល​គ្រប​ដណ្ដប់​លើ​ឃុំរយ៉ និងឃុំសុខ​សាន្ត ក្នុង​ខេត្ត​មណ្ឌលគិរី ដែលជាផ្នែកមួយ​នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដែលជា​គំនិត​ផ្តួចផ្តើម​មួយ ដើម្បី​បង្កើន​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់។

ប៉ុន្តែ​សម្បទាន​នេះ​ប្រើប្រាស់​ផ្ទៃដី ៣ ០០០ហិកតា ឬ​ប្រហែល៦០ភាគរយ​នៃ​ព្រៃ​ដូនតា​របស់ភូមិ​រយ៉​លើ។ ខណៈពេលដែល​អ្នក​ភូមិជន​ជាតិ​ដើម​ភាគ​តិច​​ពូនង​ប្រហែល ១០០គ្រួសារ​បាន​ស្នើសុំឱ្យមាន​ការ​ទទួលស្គាល់​ស្របច្បាប់ និង​កម្មសិទ្ធិ​ព្រៃឈើរបស់​ពួក​គេ​នោះ​ គម្រោង​របស់ធនាគារពិភពលោកក៏​កំពុងដំណើរការ​ទៅមុខ​ដែរ​ ដែលផ្ទុយ​ស្រឡះ​ទៅនឹ​ងគោល​នយោបាយរបស់ខ្លួន​ក្នុងការការពារ​សិទ្ធិជនជាតិដើម​ភាគ​តិច។

លោក​ លីន ម៉ៅ​ អ្នកភូមិ​រយ៉​លើ បាន​និយាយថា៖ «យើងភ្ជាក់ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅ នឹង​អារុក្សអារក្ស​ អ្នកតា ហើយ​ព្រៃឈើ​ គឺ​ជាអ្វីដែលទ្រទ្រង់​សុខុមាលភាពរបស់យើង​ក្នុង​សហគមន៍​ ក៏ដូច​ជា​ចំណង​មិត្ត​​​ភាព និងសាមគ្គីភាពរបស់យើង​ចំពោះគ្នា​ទៅ​វិញ​​ទៅមក។ ព្រៃ​ឈើនៅជុំវិញ​យើង គឺជាផ្នែក​មួយ​សម្រាប់​សុខភាពសហគមន៍រយ៉លើនេះ។ នៅពេល​ដែរយើង​បាត់​​បង់​សុខុមាលភាព​ នៅ​ពេល​ព្រៃ​បាត់​បង់ ហើយ​យើង​​ទទួល​ការ​​​រារាំង​​មិន​​ឱ្យ​​មាន​ទំនាក់​ទំនង​​ជាមួយ​នឹង​អារក្ស​»

សមាជិកសហគមន៍ជនជាតិភាគតិច​ពូនង១០០​គ្រួសាររបស់ឃុំរយ៉ លោក គីង វីរៈសិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យបរិស្ថានជាតិ ជាអ្នកតំណាង​គម្រោង LASED III របស់ធនាគារ​ពិភព​លោក និង​តំណាងអាជ្ញាធរ​ស្រុក ថត​រូបជាក្រុម​នៅជិតទី​បញ្ចុះសព​ជនជាតិ​ពូនង នៅចំកណ្តាលដីសម្បទានសង្គមកិច្ចរបស់ធនាគារពិភពលោក។ (ខេមបូចា/ Andrew Califf)

ខណៈ​ដែល​អ្នក​ភូមិ​ជនជាតិ​ពូនងបាន​រៀបចំពិធីសែន​ព្រេន​នៅថ្ងៃទី១៤​ ខែកក្កដា មាន​មន្ត្រី​ធនាគារ​ពិភពលោក គឺ​លោក ចិត្ត គឹម​ងុយ បាន​មក​ដល់​កន្លែង​​ឈូស​ឆាយ​ព្រៃឈើដោយ​មាន​​​ការចូលរួម​ពីមន្ត្រី​ជំនួយការសាធារណៈ និងមន្ត្រីនគរបាលស្រុក​ដែលប្រដាប់​ដោយអាវុ​ធ AK-47 ។ លោក ង៉ុយ​ មាន​តួនាទីជាមន្ត្រីគ្រប់គ្រង​ហានិភ័យផ្នែក​​បរិស្ថាន និងសង្គម​របស់​គម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣។

លោក ង៉ុយ និង​មេដឹកនាំសហគមន៍ពូនង​បាន​ចាប់ផ្តើមគូរព្រំប្រទល់​ដីសម្បទាន​របស់​ធនាគារ​ពិភពលោកនៅលើ​ដី​ ចំនែក​ឯអ្នក​ភូមិ​បានទាញទូរស័ព្ទដៃ​ទំនើប ដើម្បី​ថត​​ដំណើរការ​នីតិវិធី​នេះ។ ការពិភាក្សា​បញ្ជាក់​យ៉ាង​​ច្បាស់លាស់​៖ ទី​បញ្ចុះសពជន​ជាតិពូនង គឺ​នៅ​ជ្រៅ​ក្នុង​ដី​សម្បទាន​។

អ្នកភូមិ​រយ៉លើ​ជាង១០​នាក់​បាន​ប្រាប់ ខេមបូចា ថា​ ជាងពីរឆ្នាំបន្ទាប់ពីដីនេះត្រូវបានប្រគល់​ទៅឱ្យធនាគារពិភពលោក នេះជាលើកទីមួយ​ហើយដែល​សហគមន៍ជន​ជាតិពូនងមា​ន​ឱកាស​​និយាយ​ដោយផ្ទាល់ជាមួយតំណាង​ធនាគារពិភពលោក​។ មិន​មានវត្ត​មាន​មន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ទេ​។

ផែនទី​នៃដី​សម្បទាន​ផ្អែកលើ​និយាមកា UTM ពី​​សញ្ញា និងនិយាមកា​របស់ធនា​គារពិភពលោក ដែល​កត់ត្រាដោយ ខេមបូចា នៅ​កន្លែង​សក្ការៈរបស់​ជនជាតិ​ពូនង។ (កម្មវិធីគូរ​ផែនទី ArcGIS StoryMaps ដែល​ដំណើរការដោយ Esri)

 អ្នកភូមិទាំងនេះបាន​និយាយថា ​សញ្ញាប្រកាស​កំណត់​​ព្រំប្រទល់​​នៃគម្រោង LASED III បាន​បោះ​នៅជុំវិញ​ព្រៃកាលពីខែមីនា​ឆ្នាំមុន ប៉ុន្តែមិនមានការ​ពន្យល់ណាមួយ​​ទេ។

អ្នកស្រី លីន ឡាន ជា​អ្នកភូមិ​ជនជាតិ​ពូនង​រយ៉លើ​បាន​និយាយ​ថា៖ «យើង​មិន​ដែល​បាន​ដឹង​ពី​គម្រោង​ [គម្រោង​ LASED III]​នេះ​ទេ ពេល​គេ​​​​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​នោះ។ សូម្បី​តែ​មេ​ភូមិ និង​មេ​ឃុំ​ក៏​មិន​ដែល​ប្រាប់​យើង​​ពី​គម្រោង​នេះ​ដែរ»

លោក ពិល ឌិត​ មេឃុំរយ៉ ដែល​មានភូមិរយ៉ាលើ​ស្ថិត​នៅ​ក្នុង​ឃុំ​នេះ​ដែរ​ បាន​បដិសេធ​រឿង​នេះ ហើយបាន​និយាយ​ថា លោក​​បាន​ប្រាប់សហគមន៍ នៅពេល​គម្រោងនេះ​ចាប់ផ្តើមដំបូង។

អ្នកស្រី ឡាន បាន​ពន្យល់ថា ក្រសួងរៀបចំដែនដី បាន​លើកយក​​គម្រោង​នេះ​មក​និយាយ​ជា​លើកដំបូងនៅក្នុងពិធីប្រកាស​ជាដំណាក់កាលនៅភូមិ​រយ៉លើ​ កាល​ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែ​គេ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ដោយ​ផ្ទាល់ ឬទាក់ទង​​ដោយ​មន្ត្រីអនុវត្ត​នោះ​ទេ។ នៅឯ​ការជួបជុំ​នេះ ដែល​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​របស់​តំណាង​​ក្រសួង និងតំណាងធនាគារពិភពលោកនោះ​ មន្ត្រីក្រសួង​បានប្រកាសថា​ គម្រោងបែងចែកដី​ដើម្បី​សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (​ LASED III) នឹងចាប់ផ្តើមដំណាក់កាល​កំណត់តំបន់​ឡើង​វិញ។ គម្រោង LASED III បាន​បង្ហោះនៅលើ​​គណនី​ហ្វេសប៊ុក ថា អ្នក​ស្រុកចំនួន៦៥០នាក់​មក​ពីទូទាំង​ឃុំទាំងពីរនៅក្នុងការសម្បទាន គឺ​បាន​​ចូល​​រួម​។

ប៉ុន្តែ អ្នកស្រី ឡាន និង​​សមាជិក​​សហគមន៍​ពីរ​បី​នាក់​ទៀត ​បាន​​និយាយ​​ថា អាជ្ញាធរ​ឃុំ​​បាន​ប្រាប់​​អ្នក​ភូមិមួយ​ចំនួន​​ដែល​និយាយ​ដោយមិនខ្លាចអាជ្ញាធរ រួមមាន​​លោក​ឡាន​ផង​ដែរ​ថា ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​​ពិធី​នោះ​​ទេ។

អ្នក​ភូមិបាន​សម្តែងការព្រួយបារម្ភ​ដល់​ខេមបូចា ថា គម្រោងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការ​ទាមទារ​សិទ្ធិដីធ្លីយូរអង្វែងរបស់ពួកគេ និងការប៉ុនប៉ងរបស់ពួកគេ ដើម្បីទទួលបានប័ណ្ណ​កម្ម​សិទ្ធ​ជា​សមូហភាព ហើយ​ក៏​គំរាមកំហែងដល់ជំនឿ និងទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ​ដែរ​។ ក្រៅ​ពី​ការ​គោរព​ប្រណិប័ត​​ខាង​វប្បធម៌ និង​ខាងអារក្ស​ ជនជាតិ​ដើម​ភាគតិច​ក៏​ពឹង​ផ្អែក​លើ​ព្រៃ​ឈើ​សម្រាប់​ចិញ្ចឹម​ជីវិត និង​ការ​រស់​រៀន​​​របស់​ពួក​គេ​ដែរ​។

សហគមន៍​ពូនង​រៀបចំ​ពិធី​សែន​ព្រេន​នៅ​ថ្ងៃ​បន្ទាប់ ​នៅ​មុខ​​ទីសក្ការៈ​បូជា​​ជ្រប់ឆី ដែល​ជា​អារក្ស​ការពារ​ព្រៃ​ឈើ។ (ខេមបូចា/ Andrew Califf)
លោក លីន ម៉ៅ, លោក ផ្លា ណែន​ និងសមាជិកសហគមន៍ផ្សេងទៀត ចាប់ផ្តើម ធ្វើ ពិធីសែន​បាយទឹក និង​ក្បាលជ្រូ​ក ដល់​អារក្ស​​ការពារព្រៃ​ នៅថ្ងៃទី១៤ ខែកក្កដា។ (ខេមបូចា/ Andrew Califf) 

សកម្មជនជនជាតិដើមភាគ​តិច ក្រុម​អង្គការសិទ្ធិមនុស្ស និង​សមា​ជិក​សហគម​ន៍​រយ៉លើ​ និយាយ​​ថា ធនាគារពិភពលោក​មិន​បាន​ពិចារណាឱ្យបានហ្មត់ចត់​​លើ​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​ដែល​ទាក់​ទង​នឹង​ផែន​ការរបស់ខ្លួន ក្នុង​ការ​រឹបអូសយក​ដី​ធ្លី​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង តាម​រយៈគម្រោង LASED III ដែល​មាន​តម្លៃ៩៣​លានដុល្លារ​នោះទេ​។

លោក ប៊ី វន្នី អ្នក​​សម្រប​សម្រួល​​​​ស​មាគម​​សិទ្ធិ​មនុស្ស​​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌល​គីរី​​បាន​​​និយាយ​​​ថា​៖ «​អ្នក​ភូមិ​​រយ៉ផ្សារ​ភ្ជាប់​ទំនាក់ទំនង​​យ៉ាង​​ជិតស្និទ្ធ​​​នឹង​ដី​ព្រៃ​ឈើ​ប្រពៃណី​ ព្រោះ​វា​ផ្ដល់​ការ​ចិញ្ចឹម​ជីវិត​ និង​ទំនៀម​ទម្លាប់​វប្បធម៌ដែល​​ពួកគេ​​ពឹង​ផ្អែក​លើ​។ ការរំលោភយក​ដីធ្លី​ និង​សម្ប​ទាន​មិន​ត្រឹមតែ​គំរាមកំហែងដល់ជីវ​ចម្រុះ និងអាកាស​ធាតុប៉ុណ្ណោះទេ តែ​ថែម​ទាំង​បំផ្លាញ​វប្បធម៌ និងសិទ្ធិមនុស្សរបស់ជនជាតិដើមភាគតិចយ៉ាង​ធ្ងន់​ធ្ងរ​ដែរ​»

ការ​តស៊ូដើម្បីសិទ្ធិដីធ្លី​របស់​ជនជាតិដើមភាគ​តិច

សហគមន៍រយ៉លើ​ និយាយ​ថា ពួក​គេបាន​និងកំពុង​ប្រឹង​ប្រែង​អនុវត្ត​​តាម​រយៈការ​​ចុះបញ្ជី​ដើម្បី​ទទួលបានបណ្ណ​កម្ម​សិទ្ធ​ជា​សមូហភាព តាំងពីឆ្នាំ២០១៦ មកម៉្លេះ​ ដោយ​មិន​​​ដឹង​​ថា​ពេល​ណា​ពួកគេ​នឹង​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​នោះ​​ទេ​។

បណ្ណ​កម្ម​សិទ្ធិ​ជា​​សមូហភាព អនុញ្ញាត​ឱ្យក្រុម​ជន​ជាតិដើម​ភាគតិច​ក្លាយជាម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់នៃ​ដី​ព្រៃដូន​តា។ ដំណើរ​ការនេះ​​ឆ្លង​កាត់​ក្រសួង​ចំនួនបី ហើយ​ក៏​ត្រូវ​តែ​​​ទទួល​បានការ​យល់​ព្រមពីអាជ្ញាធរភូមិ​រហូត​ដល់ថ្នាក់​ជាតិ​។

ចាប់​តាំងពីក្របខណ្ឌបណ្ណ​កម្ម​សិទ្ធិ​ជា​សមូហភាព បាន​​ផ្តួច​ផ្តើម​ឡើង​នៅក្នុងឆ្នាំ២០០៩ គឺ​មានតែ​បណ្ណ​កម្ម​​សិទ្ធ​ជា​​សមូ​ហភាព​ចំនួន​៤០​ប៉ុណ្ណោះដែលត្រូវបានផ្តល់​ឲ្យ​នៅទូ​ទាំង​ភូមិ​ជន​ជាតិ​ដើមភាគតិចចំនួន៧៥៣របស់ប្រទេស​កម្ពុជា។ ការត្រួតពិនិត្យគោលនយោបាយ​របស់​អង្គការសហប្រជាជាតិបានរកឃើញថា ភ្នាក់​ងាររដ្ឋាភិបាលផ្សេងៗដែល​ពាក់ព័ន្ធ​មិន​បាន​សម្រប​​សម្រួលឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ក៏​មិន​​​បានធ្វើ​ឱ្យដំណើរការនេះ​មាន​លក្ខណៈ​សាមញ្ញ​​ដែរ​។

ដំណើរការ​នេះ​កាន់តែ​លំបាក​កាល​ពីដើមឆ្នាំនេះ នៅពេល​ដែលរដ្ឋសភា​បាន​ដកពាក្យ​ថា «សហគមន៍​ជនជាតិដើម និង​ជន​ជាតិភាគ​តិច» ចេញ​ពីក្រម​សំខាន់ៗ​នៃការគ្រប់គ្រង​ធន​ធាន​បរិស្ថាន ដោយ​ធ្វើឱ្យប៉ះពាល់ដល់កត្តា​អនុ​គ្រោះដែល​បាន​ផ្តល់​ឱ្យ​ពីមុន ដែល​ទាក់​ទង​នឹង​ការ​ទាមទារដីធ្លីរបស់ជន​ជាតិដើម​ភាគ​តិច​។

ប្រធាន​សហគមន៍រយ៉លើ លោក ផ្លា ណែន និង​ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យបរិស្ថានជាតិរបស់គម្រោង LASED III លោក គីង វីរៈសិទ្ធ ដាក់​សញ្ញា​ជុំ​វិញ​​ដើមឈើ​មួយ​នៅឯទីបញ្ចុះសពជន​ជាតិ​ពូនងទីពីរ។ (ខេមបូចា/ Andrew Califf)

លោក ដេត មេឃុំ​បាន​និយាយ​ថា សហគមន៍​រយ៉លើ ទទួល​បាន​ការ​ទទួលស្គាល់ផ្លូវ​ច្បាប់ និង​សេចក្តីប្រកាសកំណត់​អត្តសញ្ញាណខ្លួន​ឯង​ជា «សហគមន៍សមូហភាព» នៅថ្នាក់​ឃុំក្នុងឆ្នាំ ២០២១ ដោយ​មានការ​យល់ព្រម​ពីមេភូមិ និង​មេឃុំ។​​​ ប៉ុន្តែ​​បច្ចុប្បន្ន​​នេះ ​ឯកសារ​​ទាំង​នោះ​​នៅ​​ជាប់​គាំង​នៅ​ថ្នាក់​​ខេត្ត​នៅ​ឡើយ​។

លោក ដេត បាន​​និយាយ​ថា​៖ «​ឯកសារ​ទាំង​អស់​ត្រូវ​បាន​​ចុះ​ហត្ថ​លេខា និង​ផ្តិត​​មេដៃ​បន្ទាប់​ពី​មាន​សំណើ​របស់​ពួក​គេ ប៉ុន្តែ​ពេល​ពួក​គេ​​បញ្ជូន​ទៅ​​មន្ទីរ​អភិវឌ្ឍន៍​​ជន​​បទ​ខេត្ត គឺ​គេ​មិន​ទទួល​​ស្គាល់​​ទេ។ ខ្ញុំមិនដឹងនោះទេ»​។

អ្នកស្រី នួន មុនីចិន្តា ប្រធាន​​នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិ​ភាគតិច​ក្នុង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​បាន​​​​និយាយ​​ថា បណ្ណ​កម្មសិទ្ធិ​ជា​សមូហភាព មិន​ទាន់​ទទួល​បាន​ការ​យល់​ព្រម​​នៅ​​ឡើយ​​ទេ ព្រោះ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​​ត្រូវ​​ចុះហត្ថលេខា​​ដោយ​​មេភូ​មិ​ជាមុន​​សិន​​។

អ្នកស្រី​ លីន ឡាន អ្នកភូ​មិ​ជន​ជាតិ​ពូនង កាប់ទំពាំង​​ ដើម្បី​ស្ល​សម្ល​ជនជាតិដើមភាគ​តិច ដែល​លាយ​សាច់​ជ្រូកស​ម្រាប់ធ្វើ​ពិធី​សែន​ព្រេននៅ​ថ្ងៃទី ១៤ កក្កដា។ (ខេមបូចា/ Andrew Califf)

ប៉ុន្តែ​​លោក ចាន់ មឿន មេភូមិ​​ដែល​គ្រប់​គ្រង​រយ៉​លើ​ បាន​​​ប្រាប់ ​ខេមបូចា​ ថា លោក​​បាន​​បំពេញ​​​ឯកសារ​​ត្រឹមត្រូវ​សម្រាប់​​ដំណើរការ​ចុះ​បញ្ជី​​​នេះ។ ខេមបូចា បាន​ទទួល​ឯកសារពីឆ្នាំ ២០២១ ដែលចុះហត្ថលេខាដោយ លោក មឿន ដែល​ទទួលស្គាល់សហគមន៍ជន​ជាតិ​​ពូនង​។

អ្នកស្រី មុនី​ចិន្តា ក៏​បាន​​អះអាង​​ដែរ​​ថា ក្រុម​​​ជនជា​តិ​នេះ​​បាន​​ព្យាយាម​​រំលងមិន​សុំ​​​​ការ​យល់​ព្រម​​ពី​​​ថ្នាក់​ខេត្តដែល​​ជា «ការ​មិន​អាច​​ទទួល​​យក​​បាន»

អ្នកស្រី មុនីចិន្តា បានបញ្ជាក់​ម្តងហើយ​ម្តងទៀត​មក​កាន់​ខេមបូចា​ តាម​តេលេក្រាម​ ថា “រាជ​រដ្ឋាភិបាលកម្ពុជាមិនទុក​​ចោល​ជនជាតិដើមភាគតិច​នោះទេ។

អ្នកភូមិ​រយ៉លើ​ ម្នាក់បាន​ប្រាប់ ខេមបូចា ថា អ្នកស្រី​ មុនី​ចិន្តា បាន​ទូរសព្ទទៅអ្នក​ស្រី ហើយ​ប្រាប់​អ្នក​ស្រី​ឱ្យ​ណែនាំសហគមន៍​កុំ​និយាយជា​មួយ​អ្នកកាសែត ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាក់​ទង​​នឹងដំណើរការ​សុំ​បណ្ណ​កម្មសិទ្ធិ​ជា​សមូហភាព​របស់សហគមន៍រយ៉លើ​។ 

អ្នកស្រី មុនី​ចិន្តា បាន​ប្រាប់ ​ខេមបូចា ថា អ្នក​ស្រី​នឹង​​បញ្ជូន​សំណួរ​​​អំពី​បណ្ណ​​កម្មសិទ្ធិ​ជា​សមូហភាព​​​ទៅ​ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត។ ប៉ុន្តែក្រោយមក អ្នក​​ស្រី​​បានលុប​សារ​តេឡេក្រាម​ទាំងអស់ដែល​ផ្ញើ​មក​ខេមបូចា ដោយបាន​​ស្នើសុំ​ឲ្យ​​​សួរ​សំណួរ​នានា​​​​ទៅអ្នក​​នាំពាក្យ​​ក្រសួង​វិញ​ ហើយអ្នកស្រី​ក៏​បានលែង​ឆ្លើយ​តបសំណួរ​​ទៀត​ដែរ​។ ខេមបូចា មិន​​​អាច​​ទាក់​​ទង​​អ្នកនាំពាក្យ​ក្រសួង​បាន​​ទេ បើ​​ទោះ​​ជា​ហៅ​​​ទូរ​សព្ទ​ច្រើន​ដង​មក​ទី​ស្នាក់ការ​​​ក្រសួង​​ក្នុង​រាជ​ធានី​ភ្នំពេញក៏​ដោយ​។

សញ្ញាដែលដាក់ដៅ​ដោយធនាគារពិភពលោកក្នុងឆ្នាំ២០២២ បាន​បង្កើត​ព្រំប្រទល់ នៃ​សម្បទាន​។ សហគមន៍ជនជាតិពូនង​ព្រួយបារម្ភ នៅពេលដែលឃើញ​មាន​សញ្ញា​ទាំង​នេះ​ជា​លើក​​ដំបូង ហើយនិយាយ​ថាពួក​គេនៅតែដឹង​មិនច្បាស់​លាស់អំ​ពីផលប៉ះពាល់​នៃ​សម្បទាន​មក​លើព្រៃឈើដូន​តា​របស់​ពួក​គេ​ទេ។ (ខេមបូចា/ Andrew Califf)

ប្រធាន​​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី លោក យុន សារ៉ម បាន​​ប្រាប់ ​ខេមបូចា ថា សហគមន៍​​មិន​​បាន​អនុវត្ត​តាម​នីតិវិធី​ត្រឹមត្រូវ​សម្រាប់​ដំណើរការ​សុំ​បណ្ណ​កម្មសិទ្ធិ​ជា​សមូហភាព​​​​នោះ​ទេ។ នៅ​ពេល​​សួរ​ថា តើ​​សហគមន៍​ខក​ខាន​មិន​បាន​​អនុវត្ត​​តាម​​គោលការណ៍​​ណែនាំ​យ៉ាង​ដូច​ម៉េ្តច​នោះ លោក សារ៉ម​ ដែល​ក្រសួង​របស់​លោក​​ពាក់ព័ន្ធ​​នឹង​​ការ​ចុះ​ហត្ថលេខា​​​​លើ​បណ្ណ​កម្មសិទ្ធិ​ជា​សមូហភាព​ ក៏​បាន​​​និយាយ​ថា៖ «ហេតុ​​អ្វី​បាន​​ជា​​សួរ​​ខ្ញុំ​អ៊ីចឹង

ទន្ទឹមនឹង​នេះ ធនាគារពិភពលោកបានធ្វើការ​ពិគ្រោះយោបល់នៅក្នុងខែមេសា ឆ្នាំ២០២០ ជា​មួយរាជរដ្ឋាភិបាល​កម្ពុជា ដែលធ្វើឡើង​តាម​អនឡាញ​ដោយសារ​តែ​ជំងឺកូវីដ​រាត​ត្បាត មុន​ពេល​​​ធនាគារ​នេះ​ទទួលបាន​ដី​សម្បទាននៅឆ្នាំ២០២១។ ឯក​សារសង្ខេប​​ចែង​​ថា ដំណើរ​ការ​សុំ​​បណ្ណ​កម្ម​សិទ្ធិ​ជាសមូហភាព​ និង«ផល​ប៉ះពាល់លើ​ជនជាតិដើមភាគតិច» គឺជា​ការ​ផ្តោត​សំខាន់នៃ​ការពិគ្រោះយោបល់ទាំងនេះ។

ស្តង់ដារ​ការអនុវត្តរបស់ធនាគារពិភពលោក​ចែង​ថា គម្រោងរបស់ខ្លួន​ត្រូវតែ «ប្រមើល​មើល និងជៀសវាងផ​លប៉ះពាល់​អវិជ្ជមាន» ទៅ​លើជន​ជាតិដើមភាគ​តិច ហើយ​ប្រសិនបើវា​មិន​អាច​ធ្វើទៅបានទេ គឺ​ត្រូវ​ «កាត់​បន្ថយ ឬសង​សំណង​សម្រាប់ផលប៉ះពាល់​ទាំងនោះ»។ ធនាគារ​ពិភព​លោកកត់​សម្គាល់​ថា គេ​ត្រូវ​តែ​បញ្ចូល​អ្នក​​​តំណាង​សហគមន៍ជនជាតិដើមភាគតិច​ទៅ​ក្នុង​កិច្ច​ពិភាក្សា​ និង​ទទួល​បាន​​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​សម្រេចចិត្ត។

ទោះ​បីជាមាន​ការខិត​ខំប្រឹងប្រែង​សុំ​បណ្ណ​កម្មសិទ្ធិ​ជា​សមូហភាព​របស់​សហគមន៍​ក៏ដោយ​ ក៏​នៅឆ្នាំ​២០២១ ក្រសួងបាន​ព្យាករណ៍ជា​សាធារ​ណៈថា បណ្ណកម្ម​សិទ្ធិដីធ្លី​សម្រាប់​បុគ្គល​ម្នាក់ៗ​នឹងត្រូវ​បាន​ផ្តល់​ឱ្យ​ពល​រដ្ឋ​គ្មាន​ដីធ្លី​ចំនួន ១៥ ០០០គ្រួសារ​ពេល​​​​គម្រោង​នេះ​បញ្ចប់​​ដែរ។

អង្គ​ការ​​ជន​ជាតិ​ដើម​ភាគតិច​កម្ពុជា (CIPO) បាន​​ធ្វើ​ការ​ជាមួយ​សហគមន៍​ក្នុង​ឆ្នាំ​នេះ ដើម្បី​​សរសេរ​លិខិត​​ទៅ​ក្រសួង​រៀបចំ​ដែនដី។ លិ​ខិតដែលបានផ្ញើនៅថ្ងៃទី៤ ខែមេសា បាន​ស្នើ​ឱ្យក្រសួងពន្យារពេលការបោះ​បង្គោល​កំណត់​ព្រំប្រទល់​គម្រោង​ LASED III នៃកម្ម​សិទ្ធិ​ដីធ្លី​បុគ្គលម្នាក់ៗ និងគោរព​​កិច្ច​ខិតខំប្រឹងប្រែងដែលមាន​ស្រាប់រ​បស់ស​ហគមន៍ ដើម្បីទទួលបាន​បណ្ណ​កម្មសិទ្ធិ​ជា​សមូហភាព។ 

ក្រសួងបាន​ច្រានចោលសំណើរបស់សហគមន៍ ដែល​ជាឯកសារ​ទទួលបាន​ដោយ ខេមបូចា ដោយ​បញ្ជាក់ថា សហគមន៍​មិនទាន់បាន​ទទួល​ស្គាល់ដោយ​មន្ទីរអភិវឌ្ឍន៍​ជនបទខេត្តនៅ​ឡើយ​ទេ។ នាយកប្រតិបត្តិអង្គ​ការ​​ជន​ជាតិ​ដើម​ភាគតិច​កម្ពុជា លោក យុន ដាណេ សង្ឃឹមថា ក្រសួងនឹងពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្តល់បណ្ណ​កម្ម​សិទ្ធិ​ជាបុគ្គល​។

លោក រ័ត្ន ហុក អនុ​រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាប្រធានគម្រោង បានប្រាប់ ខេមបូចា ថា ក្រសួង​បានពិគ្រោះយោបល់​ជាមួយភាគី​ពាក់ព័ន្ធ​ទាំង​អស់ រួម​​ទាំងជន​ជាតិ​ដើម​ភាគ​តិច ដើម្បីប្រមូល​ព័ត៌មាន​​អំពី​ផល​ប៉ះពាល់​​ដែល​​អាច​​កើត​ឡើង​​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​​កិច្ច​។ ទោះជាយ៉ាងណាក៏ដោយ លោកបាន​សង្កត់​ធ្ងន់​លើតម្រូវ​ការ​ការវាយតម្លៃបន្ថែម ទៀត មុនពេល​គម្រោង LASED III ត្រូវអនុវត្ត​។

លោក ហុក បាន​និយាយ​​ថា៖ «រហូត​មក​​ដល់​ពេល​​នេះ យើង​មិន​អាច​កំណត់​ថា​ គម្រោង​ [LASED III] នឹង​ប៉ះពាល់​​ដល់​ជនជាតិ​ដើមភាគ​តិច​កម្រិត​​ណា​​ទេ។ យើង​​មិន​អាច​​និយាយ​ថា គម្រោង​នេះ​​នឹង​​ប៉ះពាល់ ឬ​​មិន​ប៉ះពាល់​ដល់​​ជនជាតិ​ដើម​ភាគ​តិច​ទេ ព្រោះ​វា​ស្ថិត​ក្នុង​ដំណើរ​ការ​វាយ​តម្លៃ​នៅ​ឡើយ​»

មន្ត្រី​ធនាគារពិភពលោក លោក ង៉ុយ បានប្រាប់ ខេមបូចា​ ថា ក្រុម​ការងាររបស់លោក​បាន​ចុះ​ទៅ​ដល់​ទីតាំង​កាល​ពីខែកក្កដា ដើម្បីស្វែ​​ងយល់​ពីស្ថាន​ភាព និង​បានពិភាក្សាទល់​មុខគ្នា​​ជា​មួយ​​អ្នក​ភូមិ​ជនជាតិ​ពូនង ដើម្បីវាយ​តម្លៃថា តើ​គម្រោង​នេះនឹងប៉ះពាល់​ដល់ជីវភាព​រស់​នៅ​របស់​​ជនជាតិដើមភាគតិចយ៉ាង​ដូច​ម៉េ្តច​។ ពួក​គេកំពុង​ពិចារណា​​​រក​វិធី​​ដោះស្រាយ​កង្វល់​​ទាំង​អស់​របស់​ជនជាតិដើម​​ភាគ​តិច​។

ពេល​សួរ​ថា​តើ​ដី​សម្បទាន​សង្គម​កិច្ច​ត្រូវ​ប្រគល់​ឲ្យ​យ៉ាង​ដូច​ម៉េ្តច​ ក្នុង​ពេល​ដែល​​ជនជាតិ​ដើម​ភាគតិច​ពូនង​កំពុង​ព្យាយាម​សុំ​បណ្ណ​កម្ម​សិទ្ធិ​ជា​សមូហភាព​នោះ លោក ង៉ុយ បាន​ឆ្លើយ​​​ថា​៖ «​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ទទួល​បន្ទុក​​លើ​ការ​​វាយ​​តម្លៃ​​ផល​​ប៉ះពាល់​ដល់​​ប្រជា​ជន​។ ប្រសិនបើ​ដីរបស់គម្រោង​ត្រួតស៊ីគ្នានឹ​ងដី​សហគមន៍ វា​ជារឿង​សំខាន់សម្រាប់ពួក​គេ [ក្រសួងនានា] ក្នុង​ការ​វាយតម្លៃផល​ប៉ះពាល់ និងដោះស្រាយ​បញ្ហា ឬបញ្ជូន​​ទៅ​មន្ត្រី​ថ្នាក់​លើ​ឲ្យ​ដោះ​ស្រាយ​»

អ្នកនាំពាក្យរបស់ធនាគារពិភពលោកបានប្រាប់ CamboJA តាមរយៈអ៊ីមែលថា គម្រោង LASED III ក៏គាំទ្រការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍សម្រាប់​សហគមន៍ជនជាតិ​ដើម​ភាគតិច​ចំនួន 15 ប៉ុន្តែបានកំណត់អត្តសញ្ញាណភូមិ Roya Leu ជាភូមិមួយក្នុងចំណោមភូមិ​ដែល​ទទួល​​បាន​ការ​គាំទ្រ។

ធនាគារពិភពលោកបានមានប្រសាសន៍ថា៖ «ក្រុមការងារអនុវត្តគម្រោងបានបិទ​ផ្លាកសញ្ញា​នៅ​ខេត្តមណ្ឌលគិរី ដើម្បីទំនាក់ទំនងកាលបរិច្ឆេទទាក់ទងនឹងការអនុវត្តគម្រោង»

ខណៈពេលដែលធនាគារពិភពលោក​កំណត់​ថាតើផែនការអភិវឌ្ឍន៍ LASED III នឹងត្រូវកែ​សម្រួលឬយ៉ាងណា​នោះ​ ជន​ជាតិ​ពូនងនៅតែមិន​មានកម្មសិទ្ធិស្រប​ច្បាប់ ឬការការពារស្រប​ច្បាប់ ដើម្បីការពារ​ព្រៃឈើរបស់ពួក​គេឡើយ​។

ជនជាតិ​ដើមភាគ​តិច​​រាប់​សិបនាក់​មកពីសហគមន៍រយ៉លើ​ ដែលបា​ន​និយាយ​ជាមួយ ខេមបូចា ចាត់​ទុកសម្បទានសង្គមកិច្ច​របស់ធនាគារពិភពលោកថាមានផលប៉ះពាល់ដោយផ្ទាល់នៅក្នុង​សហគមន៍​ ជា​ពិសេស​ចាប់តាំង​ពីធនាគារពិភពលោក និង​មន្ត្រីរដ្ឋាភិបាលបាន​ចាប់ផ្តើមធ្វើការ​ស្ទង់​មតិសម្រាប់ការចែក​បណ្ណកម្មសិទ្ធិជា​បុគ្គល ដោយមិនបាន​ដោះ​ស្រាយ​​ជាមួយ​សហគមន៍​ជា​មុន​សិន​។

សមាជិកសហគមន៍បាន​និយាយ​ប្រាប់ ​ខេមបូចា ថា ពួក​គេគ្រាន់តែចង់បានកម្មសិទ្ធិលើទឹក​ដីកំណើតរបស់ខ្លួន​ប៉ុណ្ណោះ ដោយប​ញ្ជាក់ម្តងហើយ​ម្តង​ទៀត​ថា ពួក​គេមិនមែន​ចង់ពង្រីកដី​ធ្លី​ទេ ប៉ុន្តែ​គ្រាន់តែ​ការពារដីធ្លី​របស់ខ្លួន​ប៉ុណ្ណោះ​។ ពួក​គេ​ក៏​​បារម្ភ​ដែរ​ថា មន្ត្រី​នៅ​​ក្រៅ​សហគមន៍​​កំពុង​​ចាប់​យក​ដី និង​​​លក់​​ដី​ដោយ​​ខុស​​ច្បាប់។

សមាជិកសហគមន៍បួននាក់ បាន​បង្ហាញ​បង្គោលឈើ​ដល់ ខេមបូចា ដែល​ឈើ​នោះ​មាន​បាញ់​ពណ៌​ក្រហម ដោយ​ពួក​គេ​ខ្លាច​មេភូមិ គឺ​លោក មឿន និង​មន្ត្រីផ្សេងទៀត កំណត់​ព្រំប្រទល់​ចាប់​​យកដី​លក់ ឬឈូស​ឆាយ​ព្រៃឈើ។ នៅ​​​ភាគ​​ឦ​សាន​​​នៃ​ដី​សម្បទានសង្គម​កិច្ច​​របស់​​ធនាគារ​​​ពិភព​លោក មាន​​​ទំហំ​​ដី​ព្រៃ​​​ពីរកន្លែង​​ប៉ុន​​កីឡដ្ឋាន​បាល់ទាត់​ពីរ​​​ត្រូវ​បាន​​គេ​​ឈូស​​ឆាយ​​ព្រៃ​​ក្នុង​ខែ​​​ឧសភា​​​នេះ។

លោក មឿន​និយាយ​ទាំង​កំហឹង ពេល​ប្រាប់​ពី​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ​ ដោយ​អះអាង​ថា លោក​​មិន​​ពាក់​ព័ន្ធ​នឹងការ​​រក​ស៊ី​ដី ឬចាប់​ដី​លក់​ខុស​ច្បាប់​ទេ។ លោក​និយាយ​ថា៖ «តើអ្នកជឿ​ពួក​គេ​ទេ? ពួក​គេ​និយាយ​អ្វី​ និយាយ​ទៅ»។ លោក​បាន​​ចោទ​ជនជាតិ​ដើម​ថា​និយាយ​បង្កាច់​បង្ខូច​រូប​លោក​។

លោក​បាន​និយាយ​មុន​នឹង​ចុច​បិទ​ទូរ​ស័ព្ទ​​ថា៖ «ខ្ញុំ​មិន​ពាក់​ព័ន្ធ​នឹង​រឿង​ទាំង​​នេះ​​ទេ»

អ្នក​ភូមិ​​ម្នាក់​ឈ្មោះ ហួម ក្លូ បាន​ប្រាប់ ​ខេមបូចា ​ថា មន្ត្រីធ្វើ​ខុស​មិន​ជាប់​ទោស​ទេ ដោយ​បញ្ជាក់​​ថា​៖ «​បើ​​អ្នក​​កាប់​​ព្រៃឈើ​​ជា​មន្ត្រី​​បរិស្ថាន ឬ​​​មេ​ភូមិ មេ​​ឃុំ​ គឺ​​មិន​អី​ទេ​។ ពួកគេ​ជា​​បណ្តាញ នោះហើយ​​ជាមូលហេតុដែលពួក​យើងពិបាក​ទទួលបានបណ្ណកម្ម​សិទ្ធិ​ជា​សមូហភាព​​ស្រប​ច្បាប់​»

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មិន​​បាន​ឆ្លើយ​តប​នឹង​​សំណើ​​សុំ​ការ​អត្ថាធិប្បាយ​​ទេ។

កន្លែងបញ្ចុះសពនៅកណ្តាលដី​សម្បទាន​សង្គម​កិច្ច​

ទី​បញ្ចុះសពសម្រាប់ភូមិនានាក្នុងឃុំរយ៉ គឺស្ថិត​នៅ​ជ្រៅនៅក្នុងសម្បទានរបស់ធនាគារ ពិភព លោក ដោយផ្អែកលើកូអរដោនេដែល​គូស​ដោយ ខេមបូចា ។ លោក ផ្លា ណែន តំណាង សហគមន៍រយ៉ ដែល​បាន​នាំមន្ត្រី​ធនាគារពិភពលោក និងតំណាងរដ្ឋាភិបាល​ទៅកាន់ទីកន្លែង​ទាំង​នេះ ​នៅ​ពេល​ពួក​គេ​បាន​ចុះ​មក​កាល​ពី​ខែ​កក្កដា បាន​និយាយ​ថា ព្រៃឈើ​នៅជុំវិញ​កន្លែងបញ្ចុះ​សពទាំងពីរនេះ គឺសម្រាប់ធ្វើពិធី​សែន​ព្រេន​ដូនតា។

លោក ណែន​ បាន​និយាយ​​ថា៖ «ការ​បញ្ចុះ​សព​តាម​ប្រពៃណី​មាន​សារៈ​​សំខាន់​ជា​ពិសេស​​សម្រាប់​ជនជាតិ​ពូនង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​​បាន​ផ្សា​ភ្ជាប់​ទំនាក់ទំនង​​ទាំង​ផ្លូវ​កាយ ទាំង​​ស្មារតី​​ទៅ​​នឹង​ទឹក​ដី វប្ប​ធម៌ និង​អតីតកាល​របស់​ពួក​គេ។ កន្លែង​​ដែល​អ្នក​ស្លាប់​​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចុះ​ គឺ​​មាន​​សារៈសំខាន់ណាស់​​សម្រាប់​​សហគមន៍​​នេះ»​

លោក ណែន​ អង្គុយ​​ច្រត់​​ជង្គង់​ម្ខាង ខណៈ​​លោក​​ចង្អុល​​ទៅ​​ចាន​​មួយ​ដែល​ប្រើ​ជា​ក្អម​សម្រាប់​សែន​ព្រេន​ដល់​​ព្រលឹងដូន​តា។ អ្នកភូមិ​ជន​ជាតិ​ពូនង​បញ្ជាក់​ថា អ្នក​ស្លាប់ត្រូវ​បញ្ចុះនៅទីនេះ​តែ​​ម្នាក់​ឯង ឬ​ជាក្រុមៗ ជាធម្មតា​គេកប់​ជាមួយ​វត្ថុ​ផ្សេងៗ​មាន​ដូចជាឧបករណ៍​ធ្វើពី​ថ្ម ឬគ្រឿង​អលង្ការផ្ទាល់ខ្លួននៅជុំវិញ​ផ្នូរ​។

លោក ណែន​ បាន​និយាយ​​ថា​៖ «​យើង​​​ព្រួយ​​បារម្ភ​ថា​ ​យើងមិន​​អាច​ធ្វើ​អ្វី​កើត​​ទេ​​​ប្រសិន​​បើ​​មន្ត្រី​មូលដ្ឋាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​​ទិញ​​ទីបញ្ចុះ​​សព ឬ​ព្រៃ​អារក្ស​នោះ។ ប្រសិនបើទីតាំង​ប្រគល់ឱ្យ​គម្រោង​ [ការ​អភិវឌ្ឍន៍គម្រោង Lased III] ប្រពៃណីផ្សេងទៀតនឹងកាន់តែ​បាត់​បង់​ភ្លាមៗ​ពី​សហគមន៍​​នេះ ដោយសារ​ការទន្ទ្រាន​យកដី និងការ​កាប់បំផ្លាញព្រៃឈើដែល​មានស្រាប់នៅ​ទីនេះ​​ទៅ​ហើយ​នោះ​»

អ្នក​ភូមិ​រយ៉លើ លោក ម៉ៅ​ បាន​និយាយថា ទីតាំង​ទាំងនេះ ជាប់​ពាក់​ព័ន្ធនឹងពិធីបុណ្យសព​ដ៏ឧឡារិក ដែល​ជនជាតិពូនង​បានអនុវត្ត​រាប់សតវត្សមក​ហើយ។ លោក ណែន​ បាន​ពន្យល់​ថា កន្លែង​បញ្ចុះសពមួយស្ថិតនៅកណ្តាល​រង្វង់​ផ្ទាំង​ថ្មដែល​​ប្រើសម្រាប់ធ្វើពិធីបែបនេះ ហើយ​ស្ថិត​នៅទីនោះ​រហូត​​។ ពិធី​​បុណ្យ​​សព​ទាំង​នោះ​​រួម​មាន ការ​លៀងអាហារ​ ការ​​បូជា​​សត្វ ការ​ដង្ហែ​សព ការ​ធ្វើ​​មឈូស និង​​ការ​តុប​តែង​​ផ្នូរ។

លោក ម៉ៅ​ បាន​និយាយ​ថា៖ «ការគំរាមកំហែងនៃការរឹប​អូសយក​ដីធ្លី​ និង​ការ​លក់ដី​ទៅឱ្យអ្នក​ខាង​ក្រៅ បានធ្វើពិធី​បញ្ចុះសព ដែលជា​​ទំនៀម​ទម្លាប់​ចុងក្រោយបង្អស់នៃទំនៀមទម្លាប់ទាំង​ឡាយ​របស់​ជនជាតិពូនង ដែល​គេ​បាន​អនុវត្តនៅក្នុង​តំបន់​នេះ គឺ​ស្ថិត​ក្នុងគ្រោះថ្នាក់​នៃការ​បាត់​បង់​»

សមាជិកសហគមន៍ជនជាតិដើមភាគតិចពូនងផ្សេងទៀតដែល​នាំ​ក្រុម​មន្ត្រី​​​ដើរ​មើល​ព្រៃ​សហគមន៍​​ថ្ងៃនេះ គឺបានយល់​ស្រប​នឹង​កង្វល់របស់​លោក ​ម៉ៅ ។ ទីបញ្ចុះសពទាំងនេះត្រូវបាន​ជនជាតិ​ពូនងប្រើប្រាស់​រាប់ពាន់ឆ្នាំមកហើយ។

អ្នក​ស្រី ឡាន​ បាន​និយាយថា៖ «កន្លែង​បញ្ចុះសព​ក៏ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​នូវ​​អនុស្សាវរីយ៍​សំខាន់ៗ និង​ការ​ពន្យល់​ច្បាស់លាស់អំ​ពីរបៀបរស់នៅ​របស់​ជន​ជាតិ​ពូនង​​ពី​អតីតកាល រួម​ទាំង​​ការ​ហូប​អាហារ សុខ​ភាព ប្រជា​ជន ជីវភាពរស់នៅ និង​រចនាសម្ព័ន្ធ​សង្គម»

ពេលទៅដល់កន្លែងបញ្ចុះសព សមាជិកសហគមន៍ជនជាតិពូនងបាន​ដើរកាត់​ព្រៃ ហើយ​បេះបន្លែ​ស្លឹក​ឈើ និង​រុក្ខ​ជាតិ​ព្រៃ​ដែលដុះ​ចេញពីដី។ ពួក​​គេ​បាន​​ប្រមូល​ជ័រចុង​​ពី​​ដើម​ឈើ​ ​ដើម្បី​​​យក​មក​​លក់​ជា​ចន្លុះ ថ្នាំ​លាប និង​ឈើ​​វ៉ារនីស ​ជា​ដើម​។

នៅពេលដែលដំណើរដើរ​មើល​ព្រៃ​បាន​បញ្ចប់ សមាជិក​សហគមន៍ជនជាតិដើមភាគតិចពីរ​បី​នាក់​បានដាក់បន្លែ​ព្រៃ​​របស់ពួក​គេនៅលើស្លឹក​ឈើ​មួ​យសន្លឹក​ដ៏​ធំ។ ពួក​​គេ​បាន​​ឈរ​ជុំ​គ្នា​ ​ខណៈ​ដែល​មន្ត្រី​ទំនាក់ទំនង​របស់​ធនាគារ​ពិភពលោក​បាន​​ថត​​រូប​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank Project Advances Despite Occupying Indigenous Burial Grounds

342 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម