លោក យ៉ង សាំងកុមារ ត្រូវធ្វើការជាមួយកសិករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវដើម្បីជួយរក្សាតម្លៃស្រូវលើទីផ្សារឱ្យមានស្ថិរភាពខណៈកសិករលើកឡើងថា ពួកគេធ្វើស្រែបានត្រឹមតែម្ដងក្នុងមួយឆ្នាំដោយសារការចំណាយថវិកាច្រើនលើថ្លៃដើមផលិត។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងក្នុងពិធីសំណេះសំណាលអំពីវិស័យកសិកម្មនៅកម្ពុជានៅថ្ងៃទី៦ ខែធ្នូ នេះថា លោក យ៉ង សាំកុមារ នឹងត្រូវធ្វើការជាមួយកសិករនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដោយបង្កើតឱ្យមានកិច្ចសន្យារវាងកសិករនិងម្ចាស់រោងម៉ាស៊ីនដើម្បីចៀសវាងការធ្លាក់ចុះនៃតម្លៃស្រូវអំឡុងពេលប្រមូលផល។
លោក ទីណា ថ្លែងថា៖ «ស្រូវអង្ករគឺប្រគល់ឱ្យគាត់ [លោក យ៉ង សាំងកុមារ]មើលថា គាត់ត្រូវធ្វើការទាំងជាមួយកសិករនិងរោងម៉ាស៊ីនដើម្បីរៀបចំនូវផែនការក្នុងការផលិត ជាមួយការប្រមូលទិញមកវិញ ដើម្បីឱ្យផែនការហ្នឹង(ប្រមូលផលស្រូវ)ចន្លោះគ្នា កុំឱ្យចាល់ជុំគ្នា…ធ្វើយ៉ាងណាឱ្យម៉ាស៊ីនកិនទាន់ សម្ងួតទាន់ចឹងវាអត់មានបញ្ហាធ្លាក់ថ្លៃស្រូវ»។
លោក ទីណា បន្តថា ក្រសួងកសិកម្មនឹងរៀបចំផែនការជួយកសិករ រាប់តាំងពីការដាំដុះរហូតដល់ប្រមូលផល។ ក្នុងនោះរួមមានការកាត់បន្ថយថ្លៃវត្ថុធាតុដើម និងរក្សាស្ថិរភាពតម្លៃស្រូវលើទីផ្សារ។ លោកបន្ថែមថា ក្រសួងក៏នឹងធ្វើការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក្នុងករណីម្ចាស់រោងម៉ាស៊ីនកិនស្រូវត្រូវការថវិកាដើម្បីទិញស្រូវ។
លោក យ៉ង សាំងកុមារ ជាអតីតប្រធានគណៈកម្មាធិការនាយក និងជាអតីតបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សប្រឆាំងដែលលោកបានសហការបង្កើត។ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ លោកបានប្រកាស ដោយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍវិស័យកសិកម្ម នៅពេលដែលកសិករជួបការលំបាកជាមួយនឹងតម្លៃស្រូវទាប។
លោក យ៉ង សាំងកុមារ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា ការងារដំបូងដែលលោកចាប់ផ្ដើមធ្វើនាពេលខាងមុខនេះគឺការផ្ដល់ពូជស្រូវល្អ និងរកទីផ្សារជូនកសិករ ឱ្យស្របតាមរដូវធ្វើស្រែចំនួន៣លើកក្នុងមួយឆ្នាំ និងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់កសិករដើម្បីឱ្យផលិតស្រូវបានល្អ ដោយបង្កើនការប្រើប្រាស់ជីធម្មជាតិដែលធ្វើឱ្យមាននិរន្តរភាពដល់ការប្រើប្រាស់ដីផងដែរ។
លោក សាំងកុមារ ថ្លែងថា៖ «រដ្ឋស្វែងរកពូជដែលមានចុះបញ្ជីការដែលមានការធានាច្បាស់លាស់ដើម្បីក្រុមហ៊ុនយកទៅផលិតបន្ត ហើយក្រុមហ៊ុនយកទៅលក់ឱ្យកសិករក្នុងតម្លៃមួយដែលឯកភាពជាមួយរដ្ឋ ធ្វើម៉េចកុំឱ្យលក់ឱ្យកសិករថ្លៃពេកចឹង តម្លៃមួយសមរម្យគ្រាប់ពូជ»។
លោក សាំងកុមារ ក៏នឹងចងក្រងឱ្យមានសមាគមកសិករដើម្បីងាយស្រួលក្នុងការបង្កើតជាកិច្ចសន្យាដោយកំណត់តម្លៃសមរម្យ ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ។ ក្រៅពីនេះ លោកនឹងជ្រើសរើសនិសិ្សតស្ម័គ្រចិត្តដើម្បីជួយធ្វើការជាមួយកសិករផងដែរ។
លោក សាំងកុមារ អះអាងថា ប្រសិនបើគោលនយោបាយទាំងអស់នោះ អនុវត្តជោគជ័យនឹងនាំឱ្យវិស័យកម្មនៅកម្ពុជារីកចម្រើន។
លោក សាំងកុមារ បន្ថែមថា៖ «វាអាច[វិស័យកសិកម្មរីកច្រើន]បើសិនជាគោលនយោបាយអនុវត្តបានជោគជ័យបង្កើនប្រាក់ចំណេញដល់កសិករដែរ ទីមួយ កាត់បន្ថយថ្លៃដើម ទី២ តម្លៃស្រូវសមរម្យ។… គ្រាន់តែឆ្នាំដំបូងអត់អាចធ្វើបានទូទាំងប្រទេសភ្លាមទេ អាចចាប់ផ្ដើមដំបូងនៅតំបន់ណាមួយ ដូចខ្ញុំបានបញ្ជាក់ហើយថាត្រូវការ ពេលប្រាំឆ្នាំដើម្បីរៀបចំបានទូទាំងប្រទេស»។

អំឡុងរដូវប្រមូលផលស្រូវនៅខែវិច្ឆិកា ឆ្នាំ២០២២ នេះ កសិករនៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យ ត្អូញត្អែថាមិនអាចទប់ទល់ថ្លៃចំណាយក្នុងការដាំដុះនិងប្រមូលផលបានដោយសារតែដើមទុននៃការផលិតស្រូវបានឡើងថ្លៃគ្រប់មុខដូចជាជី ថ្នាំបាញ់ និងម៉ាស៊ូតជាដើម។
ប្រជាកសិករបានប្រាប់សារព័ត៌មានខេមបូចា ថា ពួកគេធ្វើស្រែតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំដោយសារពុំមានប្រឡាយទឹកនៅជិតស្រែ បូករួមទាំងការចំណាយថ្លៃដើមខ្ពស់។
អ្នកស្រី ចាប និមល មានដីស្រែជាង១ហិកតាដែលអាចប្រមូលផលស្រូវជាង៤០ទៃក្នុងមួយឆ្នាំ រស់នៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និយាយថា មូលហេតុដែលបណ្ដាលឱ្យអ្នកស្រី ធ្វើស្រែម្ដងក្នុងមួយឆ្នាំដោយសារពុំមានប្រាក់សម្រាប់ថ្លៃវត្ថុធាតុដើម។
អ្នកស្រី និមល ប្រាប់ថា៖ «ធ្វើស្រែម្ដងមួយឆ្នាំ [ព្រោះ]វាគ្នានទឹកវាគ្នានជី គ្នាលុយទិញថ្នាំ[គីមី] ទិញសាំងបូមទឹក។ ធ្វើរដូវវស្សាតាមធម្មជាតិ មានភ្លៀងបានព្រោះ[ស្រូវ]ទៅ»។
អ្នកស្រី បន្តថា ស្រូវរបស់អ្នកស្រីឆ្នាំនេះលក់បានត្រឹមតែ៨៦០រៀលប៉ុណ្ណោះក្នុងមួយគីឡូ ដោយធ្លាក់ថ្លៃពីឆ្នាំមុនក្នុងតម្លៃ១១០០រៀល។
អ្នកស្រី និមល បន្តទៀតថា៖ «អាថ្នាំសង្កូវដូចថា ពេលព្រោះ[ស្រូវ]បានប្រហែលមួយខែចឹងទៅ វាមានស្មៅភ្នែកក្ដាម វាមានស្មៅ ស្រូវវាដង្កូវស៊ីចឹងហើយយើងទិញ[ថ្នាំគីមី]ឱ្យគេបូកឱ្យ បើយើងមិនឱ្យគេបូកឱ្យទិញតែមួយមុខៗវាអត់ងាប់ទេ។ ថ្នាំមួយហិកតាជាងអស់ជាង១០ម៉ឺនរៀល បើ[ដាក់]ម្ដងអត់បាត់ទិញដាក់ទៀត»។
អ្នកស្រី ម៉ី រស្មី អាយុ៣៩ឆ្នាំ មានដីស្រែ៥ហិកតា រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ស្នើឱ្យមានតម្លៃស្រូវស្ថិរភាពលើទីផ្សារ។
អ្នកស្រី រស្មី បញ្ជាក់ថា៖ «បើស្រូវបានតម្លៃប៉ុន្មានឱ្យតម្លៃប៉ុណ្ណឹងទៅ[កុំចុះថោក]»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា(CCFC) រំពឹងទុកថាលទ្ធផលនៃការដោះស្រាយបញ្ហាប្រឈមរបស់កសិករនេះអត្ថប្រយោជន៍នឹងធ្លាក់លើប្រជាកសិករ។
លោក សាវឿន ថ្លែងថា៖ «សង្ឃឹមថាប្រយោជន៍និងលទ្ធផលជាក់ស្ដែងបានទៅលើប្រជាពលរដ្ឋ។ សង្ឃឹមថាការងើបឡើងវិស័យកសិកម្មនៅកម្ពុជានឹងប្រសើរឡើង»។
អង្កររបស់កម្ពុជាពូជ«ផ្ការំដួល»ត្រូវបានជាប់ជាអង្ករល្អដាច់គេ ក្នុងវេទិកាស្រូវអង្ករពិភពលោកដែលរៀបចំធ្វើនៅទីក្រុងភូកេតប្រទេសថៃ ខណៈនេះជាលើកទី៥ហើយដែលអង្ករកម្ពុជាឈ្នះពានរង្វាន់នេះ៕