សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការកំណត់ពេលពីរខែសម្រាប់ធ្វើសេចក្តីសន្និដ្ឋានក្នុងសំណុំរឿងលោក កឹម សុខា

លោក កឹម សុខា គ្រវីដៃពីក្នុងរថយន្ត ខណៈពេលលោកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
លោក កឹម សុខា គ្រវីដៃពីក្នុងរថយន្ត ខណៈពេលលោកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ថា ​គ្មាន​ការ​សាកសួរ​​​សា​ក្សី​​បន្ថែម​ទៀតទេ ​ក្នុង​សវនាការ​លើ​សំណុំរឿង​សន្និដ្ឋិភាព​ជាមួយ​បរទេស​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង ហើយ​តុលាការ​បាន​​កំណត់​ពេលសម្រាប់ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ។

 មេធាវីការ​ពារ​របស់ កឹម សុខា បានស្នើសុំឲ្យតុលាការកំណត់​ពេល​ត្រឹម​​ពីរសប្តាហ៍សម្រាប់ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ ប៉ុន្តែមេធាវីរបស់រដ្ឋាភិបាល និងព្រះរាជអាជ្ញា​បានស្នើសុំពេលវេលារៀប​ចំសេចក្តី​សន្និដ្ឋាន​​ពី២ ទៅ៣ខែ។

 លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​តុលាការ​ថា៖ «ពីរ​ខែ​ហាក់​ដូច​ជា​យូរ​ពេក។សម្រាប់​ខ្ញុំ ខ្ញុំ​ជា​ជនរងគ្រោះ ហើយ​ខ្ញុំ​ចង់​បាន​យុត្តិធម៌​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

តុលាការ​បាន​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំងដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​​ក្រៅ​ច្បាប់នេះ​​រយៈពេល​ជិត៣​ឆ្នាំហើយ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​។ ការកាត់ក្តីរបស់លោក​រងការ​រិះគន់ម្តងហើយម្តងទៀតពី​អង្គការ​សិទ្ធិមនុស្ស និងរដ្ឋាភិបាលលោកខាងលិច បន្ទាប់ពីមានការពន្យារពេលដ៏យូរនិងភស្តុតាងតិចតួច។

គណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូលរយៈពេល​ពីរខែ ក្រោយពេលការចាប់ខ្លួនលោក កឹម សុខា បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល​ដែល​ព្រមានថា មាន​ការសមគំនិតធ្វើ​ «បដិវត្តពណ៌» ដើម្បីផ្តួលរំលំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កាន់​អំណាចដ៏​យូរ ហើយ​តាម​ចោទ​ថា ប្រព្រឹត្តដោយគណបក្សសង្រ្គោះជាតិដោយមានការគាំទ្រពីបរទេស។

មេធាវីការ​ពារ​​របស់​លោក កឹម សុខា មិន​បាន​ទទួល​ជោគ​ជ័យទេនៅក្នុង​ការ​​ជំ​ទាស់​​កាលពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន ​ចំពោះ​ការ​សម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ លោក កូយ សៅ ​​ដែល​ប្រកាស​​បញ្ចប់​ការ​សាកសួរ​សាក្សី។

ក្រុម​មេធាវីការពារបានជំទាស់​ថា តំណាងអង្គការបរទេសដែលត្រូវបានចោទប្រកាន់ថា បានគប់​គិត​ជាមួយគណបក្សសង្គ្រោះជាតិ ដូចជាវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក គួរតែត្រូវបានកោះហៅឲ្យ​មក​ផ្តល់សក្ខីកម្មផងដែរ។ សាក្សី​ចំនួន​៩​នាក់​ក្នុង​ចំណោម​សាក្សី​ទាំង​២៧​នាក់​ដែល​ត្រូវ​​បាន​កោះហៅ​បាន​ផ្តល់​សក្ខីកម្ម​អំឡុង​​ដំណើរការ​នៃ​ការ​ជំនុំ​ជម្រះនេះ​។

ព្រះរាជអាជ្ញារង ប្លង់​ សុផល បានទទួលយកសេចក្តីសម្រេច​របស់លោកចៅក្រម ប៉ុន្តែបាននិយាយថា ពីរខែមិនគ្រប់គ្រាន់ដើម្បីរៀបចំទេ ដោយសារព្រះរាជអាជ្ញាមានសំណុំរឿងតុលាការជាច្រើនទៀតដែលត្រូវដោះស្រាយ។

លោក​មាន​ប្រសាសន៍​ថា៖ «សំណុំរឿង​​នេះ​ចំណាយ​ពេល​ច្រើន​ ជាសំណុំរឿង​ដ៏​ធំ​មួយ។ មាន​​ភស្តុតាងនិងសាក្សីច្រើន និង​ឯកសារក៏ច្រើន​»

ប៉ុន្តែលោក ចាន់ ចេន សហ​មេធាវីការពារក្តី​​​របស់លោក​ កឹម សុខា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​សវនាការ​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​ការ​លើក​ពេល​ដ៏​យូរ​នេះ​ទេ ហើយ​ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ត្រៀម​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​រួច​រាល់​ហើយ​។

លោក ចាន់ ចេន បាន​មាន​ប្រសាសន៍ថា៖ «យើង​ពិត​ជា​សោកស្ដាយ​ដែល​តុលា​ការ​បាន​ទុក​ពេល​យូរ​។ វាមិនសមហេតុផលទេ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍កូន​ក្តី​របស់ខ្ញុំ។ ពីរ​សប្តាហ៍​គឺ​​ជា​ពេល​វេលា​សមស្របសម្រាប់​ភាគី​ទាំង​អស់ ​ដើម្បី​ដាក់​សេចក្តី​សន្និដ្ឋាន​ជា​លាយលក្ខណ៍​អក្សរ​របស់​ខ្លួន»

លោក អំ សំអាត នាយកចាត់ការទូទៅ នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា លោក​​​ស្វាគមន៍​ចំពោះ​ការ​ឈាន​ដល់​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​នៃ​សំណុំរឿង​របស់​លោក កឹម សុខា ដោយ​កត់សម្គាល់​ពី​កង្វះ​ភស្តុតាង​ដែល​គួរ​ឲ្យ​ជឿជាក់​ដែល​បាន​បង្ហាញ​នៅ​​ក្នុង​សវនាការទាំង​មូល​។

លោក សំអាត បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ឃ្លាំ​មើល​សំណុំរឿង​​នេះ​។ មិន​មាន​ភស្តុតាង​ច្បាស់​លាស់ ​ដើម្បី​បង្ហាញ​ថា ​គាត់​​​ត្រូវ​រ៉ូវ​​ជាមួយ​រដ្ឋ​បរទេស​ទេ»

ទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ថែម​ថា មាន​តែ​ការ​ដោះស្រាយ​តាម​ផ្លូវ​​នយោ​បាយ​​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​សំណុំរឿង​​នេះបាន​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​ដូច្នេះ​​ លោក កឹម សុខា អាច​វិល​ត្រឡប់​មក​ឆាក​នយោបាយ​វិញ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court Schedules Closing Remarks for Kem Sokha Trial in Two Months

186 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម