សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្ដបន្ទាយមានជ័យសាក​សួរអ្នកអូសរទេះ៣នាក់ ក្រោយ​ប៉ះ​ទង្គិច​នឹងអាជ្ញាធរនៅច្រកព្រំដែនប៉ោយប៉ែត

ក្រុមគ្រួសារ និងពលរដ្ឋជាង១០នាក់កំពុងរង់ចាំនៅមុខសាលាដំបូងខេត្ដបន្ទាយមានជ័យក្រោយពីស្ដ្រី៣នាក់ត្រូវបានស្នងការខេត្ដបញ្ជូនមកតុលាការនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ អង្គការ លីកាដូ)
ក្រុមគ្រួសារ និងពលរដ្ឋជាង១០នាក់កំពុងរង់ចាំនៅមុខសាលាដំបូងខេត្ដបន្ទាយមានជ័យក្រោយពីស្ដ្រី៣នាក់ត្រូវបានស្នងការខេត្ដបញ្ជូនមកតុលាការនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ អង្គការ លីកាដូ)

សាលាដំបូងខេត្ដបន្ទាយមានជ័យសាកសួរស្ត្រីអូសរទេះ៣នាក់ដែលសមត្ថកិច្ចបានឃាត់​ខ្លួននៅយប់ថ្ងៃទី១០ ខែមិថុនា ពាក់ព័ន្ធនឹងការតវ៉ានៅច្រកព្រំដែនអន្ដរជាតិប៉ោយ​​ប៉ែត​ ខណៈសង្គម​ស៊ីវិលលើកឡើងថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមិនមែនជាដំណោះស្រាយ​​ល្អនោះទេ។

បើតាមលោក សំរិទ្ធិ​ សុខុន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ដបន្ទាយមានជ័យ បាន​ប្រាប់ ខេមបូចា ថា តុលាការកំពុងសាកសួរដោយមិនទាន់ធ្វើការចោទប្រកាន់លើពលរដ្ឋ៣រូបនោះទេ។ យ៉ាងណាលោកមិនអាចឆ្លើយនឹងសំណួរ ខេមបូចា បាននោះទេ ដោយលោកថា វាជាឆន្ទានុសិទ្ធិរបស់ព្រះរាជអាជ្ញា។

លោកថ្លែងថា៖ «គេកំពុងសាកសួរបង ខ្ញុំអត់អាចឆ្លើយបានទេ អរគុណបង»

ជុំវិញការឃាត់ខ្លួនស្ដ្រី៣នាក់នេះ លោក ព្រហ្ម​ ពិសិដ្ឋ​ អធិការក្រុងប៉ោយប៉ែត បានបដិសេធនឹង​ខេមបូចាថា លោកកំពុងធ្វើរឿងហ្នឹង លោកមិនអាចឆ្លើយបាននោះទេ។

លោកថ្លែងថា៖ «ខ្ញុំកំពុងធ្វើរឿងហ្នឹង អត់ឆ្លើយបានទេ»

ខេមបូចា មិនអាចសុំការបំភ្លឺពីលោក​ សិទ្ធិ ឡោះ ស្នងការខេត្ដបន្ទាយមានជ័យបានទេ ដោយទូរសព្ទគ្មានអ្នកលើក។

ចំណែកឯអ្នកអូសរទេះម្នាក់ គឺអ្នកស្រី ហួត​ វណ្ណៈ អាយុ៣៦ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បាននិយាយតាមទូរសព្ទទាំងភ័យខ្លាចប្រាប់ ខេមបូចា មុននឹងបញ្ជូនទៅសាលាដំបូងខេត្ដ​បន្ទាយមានជ័យ​ថា ពួកអ្នកស្រី៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ម្សិលមិញ​វេលាម៉ោង១០ដោយ​បានបញ្ជូនមកស្នងការដ្ឋានខេត្ដ និងត្រៀមបញ្ជូនទៅតុលាការដើម្បីបន្ដនីតិវិធីច្បាប់។ អ្នកស្រីបារម្ភថា ខ្លួនត្រូវជាប់ឃុំស្របពេលប្ដី និងកូនៗរង់ចាំក្នុងបន្ទប់ជួលជិតច្រកព្រំដែន។ អ្នកស្រីអះអាងថា ការឃាត់ខ្លួននេះខាងសមត្ថកិច្ចបាន​ចោទ​ថា ពួកអ្នកស្រីជាមេខ្លោងនាំឱ្យមានការតវ៉ា និងបង្កអសន្ដិសុខសណ្ដាប់ធ្នាប់។

អ្នកអូសរទេះរូបនេះឱ្យដឹងថា៖ «គេ[សមត្ថកិច្ចក្រុងប៉ោយប៉ែត]ឃាត់ខ្លួនពួកខ្ញុំ៣នាក់នៅប៉ោយប៉ែត។​ ខ្ញុំអត់ចេះ​អក្សរទេ ដឹងតែគេថាពួកខ្ញុំជាមេខ្លោងស្អីទេ!។ គេឱ្យទូរសព្ទខ្ញុំកាន់ អត់ដាក់ខ្នោះទេ។ បន្ដិចគេបញ្ជូនទៅតុលាការ គេប្រាប់ឱ្យពួកខ្ញុំសុំអង្វរទៅគេអាចដោះលែងវិញ»

អ្នកស្រី វណ្ណៈ និយាយទាំងអួលដើមកថា បើតុលាការមិនព្រមដោះលែងឱ្យអ្នកស្រីទេ បញ្ហាប្រឈមជាច្រើនដែលគ្រួសារអ្នកស្រីជួបដោយកូនៗកំពុងនៅរៀន រីឯប្ដីទើបតែវះកាត់រួចដោយមិនអាចធ្វើអ្វីបានសម្រាប់ចឹញ្ចឹមគ្រួសារ។ អ្នកស្រីស្នើឱ្យអាជ្ញាធរ និងតុលាការដោះលែងឱ្យអ្នកស្រីមានសេរីភាពក្នុងលក្ខខណ្ឌឈប់ប្រកបមុខរបរអូសរទេះជាថ្នូរនឹងការដោះលែង។

អ្នកស្រីនិយាយថា៖ «គេត្រៀមបញ្ជូនទៅហើយ ឥឡូវខ្ញុំនៅស្នងការខេត្ដ។ ខ្ញុំភ័យណាស់ ខ្ញុំមិនសូវសង្ឃឹមថាគេដោះលែងទេមើលទៅ។ បើគេមិនដោះលែងទេកូនខ្ញុំ ប្ដីខ្ញុំទើបវះមិនដឹងបានអីហូបទេ។ ខ្ញុំព្រមបើគេឱ្យខ្ញុំឈប់នៅផ្ទះឈប់អូសរទេះនេះ។ សុំដោះលែងឱ្យខ្ញុំទៅផ្ទះវិញទៅ!»

បើតាម​លោក ទុំ រ៉េន ដែលសមត្ថកិច្ចកោះហៅឱ្យចូលបំភ្លឺកាលពីរសៀលម្សិលមិញ បានឱ្យ​ដឹង​​ថា​​ លោក និងកម្មករផ្សេងទៀតចំនួន៥នាក់ត្រូវបានសមត្ថកិច្ចកោះហៅបំភ្លឺ បានបណ្ដឹង​មេធាវីឈ្មោះ ចៅ ស៊ីថារិទ្ធ ជុំវិញហិង្សាដែលកើតឡើងលើកូនស្រីរបស់លោកដោយប៉ះទង្គិចកាលពីថ្ងៃទី២៨ ខែមេសា ដោយចោទថា ពួកលោកជាមេខ្លោងនាំតវ៉ានៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត។ លោកបន្ដថា ក្រោយពីសាកសួរលោក និងស្ដ្រីអូសរទេះម្នាក់ទៀតបានដោះលែង ប៉ុន្ដែភរិយាលោក គឺអ្នកស្រី តូយ ម៉េត និងស្ត្រី២នាក់ទៀតត្រូវបានឃាត់ខ្លួនដោយបានបញ្ជូនទៅស្នងការខេត្ដទាំងយប់។

លោកបញ្ជាក់ថា៖ «គេហៅពួកខ្ញុំ៥នាក់ ពួកខ្ញុំទៅតាំងពីម៉ោង១រសៀលរហូតម៉ោងជិត១០បានគេឱ្យខ្ញុំ និងម្នាក់មកផ្ទះ ចំណែកប្រពន្ធខ្ញុំ និង២នាក់ទៀតគេដឹកទៅស្នងការខេត្ដទាំងយប់បង។ ខ្ញុំបារម្ភណាស់បង គ្រាន់តែពួកខ្ញុំតវ៉ាដើម្បីក្រពះសោះបែរជាគេមកចាប់ចឹង។ ខ្ញុំកំពុងទៅតុលាការបង»

លោកបានចាត់ទុកថា វាជារឿងអយុត្ដិធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ស្របពេលលោកស្នើឱ្យអាជ្ញាធរ និងតុលាការដោះលែងប្រពន្ធលោក និងស្រ្ដី២នាក់ទៀតដោយសំអាងថា ពួកគេគ្មានកំហុសដូចការចោទប្រកាន់នោះទេ។

លោកសង្កត់ធ្ងន់ថា៖«វាអយុត្ដិធម៌ណាស់បង ពួកខ្ញុំមិនបានធ្វើស្អីផង។ ខ្ញុំស្នើឱ្យដោះលែងពួកគាត់វិញ​»

យោងតាមលិខិតកោះហៅមួយដែល ខេមបូចា ទទួលបាននិយាយថា មន្រ្ដីយុត្ដិធម៌បានកោះហៅឈ្មោះ តូយ ម៉េត ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរអូសរទេះឱ្យចូលមកកាន់ផ្នែកនគរបាលយុត្ដិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបំភ្លឺតាមបណ្ដឹងរបស់មេធាវី ចៅ ស៊ីថារិទ្ធ។

ក្រោយពីសាកសួររួចសមត្ថកិច្ចនគរបាលខេត្ដបានបញ្ជូនស្ត្រី៣នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ​​​នៅវេលាម៉ោង៩ព្រឹកនេះមានឈ្មោះ តូយ ម៉េត អាយុ៣៩ឆ្នាំ ឈ្មោះ ហួត វណ្ណៈ អាយុ៣៦ឆ្នាំ និងឈ្មោះ អោម ឡាច អាយុ៥២ឆ្នាំ ដោយចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

សកម្មភាពពលរដ្ឋប៉ះទង្គិចគ្នានឹងអាជ្ញាធរមុខច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រោយពីអាជ្ញាធរ២នាក់បានប្រើហិង្សាលើយុវតី អេន រដ្ឋា អាយុ១៩ឆ្នាំដោយសារប្រហិតសាច់ក្ដាម២គីឡូក្រាមកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
សកម្មភាពពលរដ្ឋប៉ះទង្គិចគ្នានឹងអាជ្ញាធរមុខច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រោយពីអាជ្ញាធរ២នាក់បានប្រើហិង្សាលើយុវតី អេន រដ្ឋា អាយុ១៩ឆ្នាំដោយសារប្រហិតសាច់ក្ដាម២គីឡូក្រាមកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ដើមហេតុនៃការឃាត់ខ្លួននេះកាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋមានមុខរបរអូសរទេះជិត១០០នាក់បានប៉ះទង្គិចជាមួយអាជ្ញាធរជាង២០០នាក់នៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ​បន្ទាប់ពីអាជ្ញាធរ២នាក់ប្រើហិង្សាលើ​ក្មេង​ស្រី​ម្នាក់​រហូត​សន្លប់ពាក់ព័ន្ធនឹងប្រហិតសាច់ក្ដាម២គីឡូក្រាម។

បើតាមលោក អ៊ិន គង់ជិត មន្រ្ដីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្ដសៀមរាប និង​ខេត្ដ​បន្ទាយមានជ័យ ដែលកំពុងតាមដាននៅតុលាការបានគូសបញ្ជាក់ថា មូលហេតុគឺដោយសារពលរដ្ឋគ្មានមុខរបរអ្វីក្រៅពីអូសរទេះ ហើយការតវ៉ានេះដើម្បីឱ្យអាជ្ញាធរមានដំណោះស្រាយក្រោយពីបិទមិនឱ្យពលរដ្ឋប្រកបមុខរបរ។ យ៉ាងណាលោកថា ក្នុងនាមជាសង្គមស៊ីវិលស្នើឱ្យតុលាការទម្លាក់បទចោទលើពលរដ្ឋដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ។ លោកថា ការបន្ដចោទនេះមិនបានផ្ដល់ផលចំណេញដល់អាជ្ញាធរនោះទេ។

លោកបន្តថា៖ «មុខរបរនេះវាតជំនាន់ពីឪពុកទៅកូនហើយ បើបិទដោយគ្មានដំណោះស្រាយបែបនេះ ខ្ញុំគិតថាពួកគាត់នឹងបន្ដបាតុកម្មទៀត។ ការប្រើប្រព័ន្ធតុលាការនេះមិនមែនជាដំណោះស្រាយទេ យើងស្នើឱ្យតុលាការទម្លាក់បទចោទលើពួកគាត់ទៅ ពួកគាត់ក្រីក្រណាស់ជីវភាពពួកគាត់អាចថាលើសអ្នកសុំទានបន្ដិច កុំឃុំពួកគាត់អី»

កាលពីឆ្នាំ២០១៥ហេតុការណ៍នេះបានកើតឡើងម្ដងរួចមកហើយដោយពេលនោះមានកម្មករអូសរទេះជាង១០០នាក់បាននាំគ្នាបាតុកម្មតវ៉ានៅការិយាល័យគយក្នុងក្រុងប៉ោយប៉ែតដោយមានការប៉ះទង្គិចគ្នារហូតផ្ទុះអាវុធ១០គ្រាប់ និងបណ្ដាលឱ្យអ្នកតវ៉ា៥នាក់រងរបួស ចំណែក​​សន្ដិសុខ​ម្នាក់របស់ការិយាល័យគយរបួសបែកក្បាល។ ផ្ទុះការតវ៉ានាពេលនេះ​ពាក់ព័ន្ធរឿងរ៉ាវ​គាបសង្កត់ទៅលើការរកស៊ីរបស់ពួកគាត់នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

ចំណែកលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)​ បានលើកឡើងថា​ ការចាប់ខ្លួន និងចោទប្រកាន់ដោយប្រើប្រព័ន្ធតុលាការនេះមិនមែនវិធានល្អ ផ្ទុយទៅវិញវាបង្ហាញពីការរឹតត្បិតសិទ្ធិសេរីផ្នែកបញ្ចេញមតិដែលវាផ្ទុយនឹង​​រដ្ឋ​ធម្មនុញ្ញ​។

លោកថ្លែងថា៖ «ពួកគាត់តវ៉ាដើម្បីជីវភាព បើអត់ឱ្យពួកគាត់អូសរទេះតើឱ្យពួកគាត់ធ្វើអី។ការចោទថាពួកគាត់ជាមេខ្លោង​នាំឱ្យបាតុកម្មវាជារឿងអយុត្ដិធម៌ណាស់សម្រាប់ពួកគាត់។ ខ្ញុំយល់ថាតុលាការគួរតែដោះលែងពួកគាត់ បើមិនដូច្នេះទេវាជាការរឹតត្បិតសិទ្ធិសេរីភាពធ្ងន់ធ្ងរ និងវាប៉ះពាល់ដល់មុខមាត់ប្រទេសយើងទៀត»

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្មករអូសរទេះបានលើកគ្នាតវ៉ា​ដោយយករទេះដឹកទំនិញបិទផ្លូវរហូតមានការសម្របសម្រួលបញ្ចប់ម្ដងរួចទៅហើយ ប៉ុន្តែស្រាប់តែរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ មានការតវ៉ាសារជាថ្មីរហូតដល់វេលាម៉ោង​ជិត​៧យប់ទៅហើយមិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយដោយមើលឃើញពីការតវ៉ានេះមាន​សភាពតាន​តឹង​ដោយក្រុមកម្មករទាំងនោះបន្តប្រមូលគ្នាមកពពាក់ពពូនគ្នាកាន់តែច្រើនឡើងៗទើបមានការដាក់កម្លាំងសមត្ថកិច្ចចម្រុះបន្ថែមដើម្បីត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់។ យ៉ាងណាសំណុំរឿងនេះតុលាការមិនទាន់សម្រេចបែបណានោះគិតត្រឹមម៉ោង៥ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចានឹងធ្វើបច្ចុប្បន្នព័ត៌មានបន្តបន្ទាប់តុលាការសម្រេច)

476 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម