កសិករកម្ពុជាជាច្រើនដែលបានរងនូវការបណ្ដេញចេញដោយបង្ខំកាលពីជាងមួយទសវត្សរ៍មុនបានដាក់ញត្តិទៅកាន់តុលាការអាមេរិកនៅសប្ដាហ៍នេះ ដើម្បីបង្ខំឲ្យក្រុមហ៊ុនកូកា កូឡា ផ្តល់ភស្តុតាងដែលជាផ្នែកមួយនៃបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករសយក្សថៃ មីត្រផល (Mitr Phol Sugar co)។
នៅចន្លោះឆ្នាំ២០០៨ និង២០០៩ ប្រជាពលរដ្ឋជាង ៧០០គ្រួសារក្នុងភូមិចំនួន ២៦ ត្រូវបានបង្ខំឲ្យបោះបង់ដីរបស់ពួកគេចំនួន ៩ ៤០០ហិកតា សម្រាប់ការធ្វើសម្បទាន នេះបើយោងតាមរបាយការណ៍របស់អង្គការ Inclusive Development International។ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនដំណាំអំពៅ ប្រជាពលរដ្ឋជាច្រើនគ្រួសារទាំងនោះត្រូវបណ្ដេញចេញពីដីរបស់ពួកគេដោយហិង្សា ខណៈផ្ទះ និងដំណាំ ក៏ត្រូវបំផ្លាញ។ ក្នុងឆ្នាំ២០១៥ គណៈកម្មាធិការសិទ្ធិមនុស្សថៃ បានឲ្យក្រុមហ៊ុន មីត្រផល ទទួលខុសត្រូវលើរឿងនេះ និងបានបញ្ជាឲ្យដោះស្រាយបញ្ហានេះផងដែរ។ ដោយសារតែមិនបានទទួលសំណង នៅឆ្នាំ២០១៨ គ្រួសារទាំងនោះបានប្ដឹងក្រុមហ៊ុនថៃនោះទៅតុលាការនៅប្រទេសថៃ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ដែលបានផ្ដល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះទាំងនោះ បានប្រាប់ខេមបូចាថា តុលាការនឹងចាប់ផ្ដើមបើកសវនាការប្រឆាំងនឹងក្រុមហ៊ុនមីត្រផល នៅដើមឆ្នាំ២០២២។
លោក ឲ្យដឹងថា៖ «ក្នុងដំណើរការនេះ[មេធាវី] ត្រូវការសុំទៅតុលាការអាមេរិកឲ្យជួយយកឯកសារពីក្រុមហ៊ុនកូកា កូឡា ដើម្បីគាំទ្រដល់សំណុំរឿងប្រឆាំងនឹងក្រុមហ៊ុនមីត្រផល»។
ក្នុងឆ្នាំ២០១៣ បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុនមីត្រផល គឺជាក្រុមហ៊ុនធំបំផុតមួយផ្គត់ផ្គង់ស្ករដល់ក្រុមហ៊ុនកូកា កូឡា ក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោកមួយនេះបានប្រកាសថាខ្លួននឹងពិនិត្យលើសង្វាក់ផ្ទត់ផ្គង់របស់ខ្លួន ដែលមានក្នុងគោលនយោបាយ «មិនលើកលែង» លើការរំលោភយកដី។ ញត្តិនេះបានដាក់ទៅកាន់តុលាការនៅ Northern District of Georgia ដោយបានស្នើក្រុមហ៊ុនកូកា កូឡា បង្ហាញជាសាធារណៈនូវអ្វីដែលខ្លួនបានរកឃើញ។
លោក វុទ្ធី និយាយថា៖ «គ្រួសារខ្លះមិនទាន់បានទទួលដីត្រឡប់មកវិញនោះទេ ហើយអ្នកទាំងនោះកំពុងជួបការលំបាកក្នុងជីវភាព»។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ប្រាប់ខេមបូចាថា លោកមិនសូវបានដឹងច្រើនពីបញ្ហានេះទេ។
យ៉ាងណា លោកថាតាំងពីក្រុមហ៊ុនបានចេញពីកម្ពុជា និងប្រគល់ដីឲ្យមករដ្ឋវិញ រដ្ឋាភិបាលបានដាក់ដីនោះទៅក្នុងគម្រោងដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ខណៈមួយផ្នែកទៀតត្រូវទុកសម្រាប់ដាំដើមឈើឡើងវិញ។
ខណៈគ្រួសារមួយចំនួនបានទទួលដីខ្លះមកវិញ ប្រជាពលរដ្ឋជាច្រើនទៀតកំពុងជួបការលំបាកក្នុងការស្ដារជីវភាពរបស់ខ្លួនឡើងវិញ ដែលបានធ្លាក់ដុនដាបនាពេលកន្លងមក។
អ្នកស្រី កូ ផាន ជាកសិកររងគ្រោះម្នាក់ បានប្រាប់ខេមបូចា ថា តាំងពីផ្ទះ និងដំណាំរបស់អ្នកស្រីត្រូវបានបំផ្លាញ ដើម្បីយកដីឲ្យក្រុមហ៊ុនដំណាំអំពៅ មីត្រផល គ្រួសាររបស់អ្នកស្រីមិនទាន់បានទទួលសំណងជាប្រាក់ ឬដីពីរដ្ឋាភិបាលវិញនោះទេ។
អ្នកស្រីឲ្យដឹងថា៖ «គ្រួសាររបស់ខ្ញុំកំពុងរស់នៅក្នុងភាពក្រីក្រ ហើយសមាជិកខ្លះបានបង្ខំចិត្តចំណាកស្រុកទៅថៃដើម្បីរកប្រាក់»។
ជនរងគ្រោះម្នាក់ទៀត គឺលោក ទឹម សារ៉ាត លើកឡើងថា សំណុំរឿងជាមួយក្រុមហ៊ុនមីត្រផល នៅបន្តនៅឡើយ ហើយលោកសង្ឃឹមថានឹងបានទទួលសំណងលើការបំផ្លាញដំណាំរបស់លោក។ លោកបន្ថែមថា៖ «ខ្ញុំមិនចង់បានអ្វីច្រើនទេ គ្រាន់តែចង់បានដីរបស់ខ្ញុំមកវិញ»។
បើតាមអ្នកស្រី ផាន និងលោក សារ៉ាត ក្នុងឆ្នាំ២០១៨ គ្រួសាររងផលប៉ះពាល់មួយចំនួនបានចាប់ផ្ដើមត្រឡប់ទៅដាំដំណាំលើអតីតដីរបស់ខ្លួនឡើងវិញ តែត្រូវក្រុមហ៊ុនឈ្មោះ សាន ហ៊ាង ប្ដឹង។ ក្រុមហ៊ុននេះត្រូវបានរាយការណ៍ថាបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលសម្រាប់ដាំដំណាំកសិឧស្សាហកម្ម និងដំដើមឈើឡើងវិញ។
លោក ស្រី ណារ៉េន អ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ប្រជាពលរដ្ឋ ១០គ្រួសារ នៅភូមិតាម៉ន ត្រូវបានរងការចោទប្រកាន់ពីបទទន្ទ្រានដីរដ្ឋ និងកាប់បំផ្លាញព្រៃឈើ។
លោកបន្ថែមថា៖ «ពួកគាត់បានវិលត្រឡប់ទៅធ្វើចម្ការលើដីរបស់ពួកគាត់វិញ ព្រោះមិនទាន់បានទទួលសំណងតាំងពីមានការបណ្ដេញចេញពីឆ្នាំ២០០៩។ អាជ្ញាធរគួរតែយកចិត្តទុកដាក់លើបញ្ហានេះ ជាជាងចោទប្រកាន់ពួកគាត់ថាបានទន្ទ្រានដីរដ្ឋ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian farmers hurt by Thai sugar company sue for Coca-Cola to release information