សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ និងសម្រេចឃុំខ្លួនពាណិជ្ជករដ៏ល្បីមួយរូប គឺលោក គុយ វ៉ាត ដែលជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC) ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កាលពីថ្ងៃទី២៧ ខែសីហា។ ចំណាត់ការនេះទទួលបានការសាទរពីវិនិយោគិន ដែលជាជនរងគ្រោះពីការរកស៊ីរបស់ CIC ប៉ុន្តែពួកគេបានស្នើសុំឱ្យមានការស៊ើបអង្កេត និងដំណោះស្រាយ បន្ទាប់ពីបានខាតបង់ប្រាក់អស់រាប់សិបលានដុល្លារដែលបានដាក់វិនិយោគ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានថ្លែងប្រាប់ ខេមបូចា នៅថ្ងៃទី២៨ ខែសីហា ថា លោក គុយ វ៉ាត ត្រូវបានចៅក្រមសម្រេចចោទប្រកាន់ និងឃុំខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
យោងតាមបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាននៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ លោក គុយ វ៉ាត អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល (ប្រហែល ២៥០០ដុល្លារ)។
លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការចាប់ខ្លួនលោក គុយ វ៉ាត កាលពីថ្ងៃទី២៤ ខែសីហា។ លោកបានណែនាំឱ្យសួរសំណួរបន្ថែមទៅកាន់នាយករដ្ឋបាល និងអ្នកនាំពាក្យនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប៉ុន្តែលោកមិនបានផ្ដល់ឈ្មោះមន្ត្រីរូបនោះឡើយ។
មន្ត្រីដដែលបាននិយាយថា លោកមិនអាចបញ្ចេញព័ត៌មានណាមួយបានទេ ពីព្រោះលោក វ៉ាត កំពុងស្ថិតក្រោមការស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបាននិយាយថា៖ «កាលណាកំពុងដំណើរការចឹងវាស្ថិតនៅក្នុងវិជ្ជាជីវៈការសម្ងាត់នៃសំណុំរឿងព្រហ្មទណ្ឌ និងវិជ្ជាជីវៈឋានៈរបស់បុគ្គលផងដែរ»។
យោងតាមសារព័ត៌មានអនឡាញ Fresh News លោក វ៉ាត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសចេញសែកអត់សាច់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។
លោក វ៉ាត ត្រូវបានចោទថា មានការពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់សិបលានដុល្លារដែលទាក់ទិននឹងក្រុមហ៊ុន CIC ។ លោកក៏ជាប្រធានក្រុមហ៊ុន Zellennium Co., Ltd និងជាអគ្គនាយកក្រុមហ៊ុន Park Cafe ផងដែរ។
លោក ជិន ភារុំ សមាជិកក្រុមប្រឹក្សាភិបាលរបស់ CIC បាននិយាយថា លោកមិនបានដឹងពីការចាប់ខ្លួនលោក គុយ វ៉ាត ទេ និងសុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះឡើយ ដោយសារលោកកំពុងជាប់ប្រជុំ។
កាលពីខែមេសា ខេមបូចា ព័ត៌មាន បានរាយការណ៍ថា CIC បានកៀរគរប្រាក់បានប្រហែល១០០លានដុល្លារពីអ្នកវិនិយោគ ប៉ុន្តែខកខានមិនបានបង់ការប្រាក់ឱ្យពួកគេ ឬអនុញ្ញាតឱ្យពួកគេដកប្រាក់នោះវិញឡើយ។
នៅថ្ងៃទី២៥ ខែមីនា និយ័តករមូលបត្រកម្ពុជា (SERC) បានចេញសេចក្ដីថ្លែងការណ៍មួយ ថា ខ្លួនប្រមូលមកវិញបានប្រហែល៩០%នៃទ្រព្យសកម្មរបស់ CIC និងបានធានាចាត់វិធានការដើម្បីការពារទ្រព្យទាំងនោះដោយស្របច្បាប់ដើម្បីប្រយោជន៍របស់វិនិយោគិនស្របច្បាប់។
អគ្គនាយក SERC លោក ស៊ូ សុជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ក្នុងចំណោមជនរងគ្រោះក៏មានលោក គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន MJQ មួយរូបដែរ ដែលបានខាតបង់ប្រាក់នៅពេលលោកបានដាក់វិនិយោគក្នុងក្រុមហ៊ុន CIC ។ លោកបាននិយាយថា ការចាប់ខ្លួនលោក គុយ វ៉ាត បានផ្ដល់«ផ្តល់ភាពកក់ក្តៅដល់ជនរងគ្រោះ» ប៉ុន្តែលោកថា អ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។
លោក ម៉េងលី បានលើកឡើងថា ការចាប់ខ្លួននេះអាចនឹងពាក់ព័ន្ធនឹង CIC ពីព្រោះលោក វ៉ាត មាន«រឿងអាស្រូវជាច្រើន» ក្រៅពី CIC។
លោកបាននិយាយថា៖ «ការដោះស្រាយតាមច្បាប់យ៉ាងម៉េច យើងអត់ទាន់ដឹងទេ លើកលែងយើងឃើញលទ្ធផលល្អនិងមានដំណោះស្រាយល្អសជូនប្រជាពលរដ្ឋ»។ «ប៉ុន្តែការដោះស្រាយនេះយើងមិនទាន់ឯកភាពថា ទទួលយកទេ ពីព្រោះមានអ្នកពាក់ព័ន្ធពីក្រោយច្រើនទៀតដែលត្រូវទទួលខុសត្រូវមុខច្បាប់ដូចគ្នា»។
ជនរងគ្រោះមួយរូបទៀតសុំមិនបញ្ចេញឈ្មោះដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលបានវិនិយោគប្រាក់១០ម៉ឺនដុល្លារនៅក្នុងក្រុមហ៊ុន CIC បានសាទរចំពោះការចាប់ខ្លួនលោក វ៉ាត ប៉ុន្តែបានអំពាវនាវដល់រដ្ឋាភិបាលឱ្យធ្វើសវនកម្មទៅលើក្រុមហ៊ុន CIC និងស៊ើបអង្កេតជនដៃដល់ដទៃទៀត។
ជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «អ្នកពាក់ព័ន្ធគឺត្រូវតែស៊ើបអង្កេតទាំងអស់ និយាទៅ CEO នៅក្នុងស្ថាប័ន CIC ហ្នឹង ស្នើសុំឱ្យធ្វើសវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុនដើម្បីឱ្យដឹងថាលុយហ្នឹងទៅបុគ្គលមួយណាខ្លះ»។ លោកបានបន្ថែមថា CIC បានហៅលោកឱ្យចូលរួមប្រជុំដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែកន្លងមក ពុំទាន់មានដំណោះស្រាយអ្វីឡើយ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានគាំទ្រការចាត់វិធានការច្បាប់ប្រឆាំងលើរូបលោក វ៉ាត ដើម្បីការពារផលប្រយោជន៍របស់ជនរងគ្រោះ ប៉ុន្តែគួរតែមានសំណងជាប្រាក់មកវិញដែរ។
លោក វណ្ណៈ បានថ្លែងថា ផលប៉ះពាល់មិនមែនមានតែទៅលើក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏មានផលប៉ះពាល់ជាអន្តរជាតិផងដែរ ប្រសិនបើលោក វ៉ាត បានចូលរួមរកស៊ីជាមួយដៃគូបរទេសនោះ។ ផលប៉ះពាល់ក៏មិនមែនប៉ះតែលើប្រជាជនកម្ពុជានោះដែរ ពីព្រោះវិនិយោគិនបរទេសអាចនឹងបានអានព័ត៌មាននេះដែរ ដូច្នេះវាប៉ះពាល់ដល់ការវិនិយោគនាពេលអនាគតផងដែរ។
លោក វណ្ណៈ បានបញ្ជាក់ថា៖ «ដូច្នេះ [យើង] កិច្ចការទាំងអស់ហ្នឹងរងផលប៉ះពាល់ហើយ ប៉ុន្តែរូបភាពប៉ុណ្ណាយើងមិនអាចប៉ាន់ស្មានកម្រិតនៃផលប៉ះពាល់បានទេ»។ លោកបន្តថា ទិដ្ឋភាពនេះមិនមែនកើតតែនៅកម្ពុជាទេ ប្រទេសដទៃក៏កើតទ្បើងច្រើនដែរ។
លោកជឿជាក់ថា បទល្មើសនេះមិនអាចប្រព្រឹត្តដោយលោក វ៉ាត ម្នាក់ឯងកើតទេ ពីព្រោះ«ក្រុមហ៊ុនអាជីវកម្មធំៗមួយចំនួនមានលក្ខណៈជាប្រព័ន្ធ»។
លោក វណ្ណៈ បានលើកឡើងថា គេគួរស៊ើបអង្កេតបន្ថែមទៀតដើម្បីបញ្ជាក់ពីអ្នកផ្សេងទៀតដែលមានការជាប់ពាក់ព័ន្ធនៅក្នុងករណីនេះដែរ។ ដើម្បីជាគំរូល្អ គេត្រូវចាត់វិធានការចំពោះវិនិយោគិនណាដែលរំលោភច្បាប់។ លោកបន្តថា វាជារឿងល្អដែលពាណិជ្ជករ«អភិជន»ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។
លោក វណ្ណៈ និយាយយ៉ាងដូច្នេះថា៖ «គួរសិក្សាទៅលើអចលនទ្រព្យផ្សេងទៀតដែលលោក [វ៉ាត] កាន់កាប់ ព្រមទាំងការវិនិយោគដទៃទៀតរបស់គាត់ដែរ ហើយត្រូវលាតត្រដាង [ទ្រព្យសម្បត្តិ]ទាំងនោះដើម្បីសងទៅឱ្យជនរងគ្រោះ»។
សមាជិកក្រុមប្រឹក្សាភិបាល CIC លោក ឃឹម សុខហេង និងលោក សោម សម្បត្តិ ពុំអាចទំនាក់ទំនងសុំការអត្ថាធិប្បាយជុំវិញរឿងនេះបាននៅឡើយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CIC’s Kuy Vat Charged Under Negotiable Instruments and Payment Transactions Law, Queries Ongoing