ជំរំសម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលកំពុងផ្តល់ជម្រកដល់ពលរដ្ឋរាប់ពាន់គ្រួសារ ដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានដោយសារផ្ទះរបស់ពួកគេស្ថិតនៅខាងក្រោយរបាំងដែលកងកម្លាំងថៃបានដាក់ព័ទ្ធយក ត្រូវបានទឹកជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានបង្ខំឱ្យពលរដ្ឋទាំងនោះត្រូវរត់ចេញស្វែងរកទីទួលផ្សេង។
ជនភៀសសឹកជាច្រើនបានចេញ និងចូលស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នដែលមានសភាពចង្អៀតនៅតាមវត្តនានា ក្នុងខេត្តនេះជាបន្តបន្ទាប់ ចាប់តាំងពីការប៉ះទង្គិចតាមព្រំដែនជាមួយប្រទេសថៃកាលពីឆ្នាំមុន ដែលបានបណ្តាលឱ្យមនុស្សជាង ១០០នាក់ស្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋជិតមួយលាននាក់នៅព្រំដែនទាំងសងខាងត្រូវផ្លាស់ទីលំនៅ មុនពេលភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងបទបាញ់នៅខែធ្នូ។
រដ្ឋាភិបាលបានឱ្យដឹងថា ខ្លួនមានផែនការសាងសង់លំនៅឋានបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ជិត ៣ ០០០ ខ្នង នៅក្នុងខេត្តជាប់ព្រំដែនចំនួនបី សម្រាប់ពលរដ្ឋរាប់ម៉ឺននាក់ដែលនៅតែបន្តស្នាក់នៅក្នុងជំរំ ដែលត្រូវបានទឹកជន់លិចក្នុងសប្តាហ៍នេះ។ រដ្ឋាភិបាលបញ្ជាក់ថា លំនៅឋានទាំងនេះនឹងត្រូវបញ្ចប់ការសាងសង់មុនរដូវវស្សាដែលជាធម្មតាចាប់ពីខែឧសភាដល់ខែតុលា។
អ្នកស្រី យន់ យ៉ា ម្តាយវ័យ ២៨ ឆ្នាំ ដែលមានកូនស្រីអាយុពីរខែ និងមិនអាចត្រឡប់ទៅផ្ទះរបស់គាត់នៅភូមិបឹងត្រកួនបាន ដោយសារផ្ទះរបស់គាត់នៅពីក្រោយបន្លាលួសនិងកុងតឺន័រ ដែលកងកម្លាំងថៃបានដាក់រារាំងមិនឱ្យចូល បានប្រាប់ថា៖ «យប់មិញ ទឹកភ្លៀងលិចត្រឹមជង្គង់ ប៉ុន្តែឥឡូវស្រកចុះនៅត្រឹមខ្មងជើង ហើយលាយជាមួយភក់ទៀតផង»។
អ្នកស្រីបាននិយាយនៅថ្ងៃសុក្រថា៖ «វាពិតជាលំបាកណាស់។ ខ្ញុំត្រូវកល់ជើងគ្រែឱ្យខ្ពស់ឡើង ដើម្បីកុំឱ្យទឹកលិច» ដោយអ្នកស្រីបានបន្ថែមថា ទឹកជំនន់បានធ្វើឱ្យមានមូសកាន់តែច្រើន និងធ្វើឱ្យការប្រើប្រាស់អគ្គិសនី ការធ្វើម្ហូប និងការគេងមានការលំបាក។
អាជ្ញាធរខេត្តបានឱ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋ ៤០០គ្រួសារ នៅក្នុងជំរំដែលអ្នកស្រី យ៉ា កំពុងស្នាក់នៅ បាននាំយកសម្ភារៈរបស់ពួកគេផ្លាស់ទីទៅកាន់ទីទួល។
អ្នកស្រី យ៉ា បានប្រាប់ថា៖ «នៅទីទួលមានមនុស្សច្រើន ហើយក៏មិនមានកន្លែងទូលាយគ្រប់គ្រាន់ឡើយ» ដោយបានបន្ថែមថា អ្នកស្រីកំពុងរង់ចាំអាជ្ញាធរជួយខ្លួននិងកូនស្រី ដើម្បីផ្លាស់ទី។ អ្នកស្រីបានបញ្ជាក់ថា យ៉ាងហោចណាស់នៅមានពលរដ្ឋ២០គ្រួសារទៀត ដែលនៅតែស្នាក់នៅតំបន់លិចទឹកខ្លាំង។

អ្នកស្រី យ៉ា គ្រោងនឹងទៅស្នាក់នៅជាមួយសាច់ញាតិខាងប្តីនៅស្រុកមង្គលបូរី ខណៈប្តីរបស់គាត់កំពុងបំពេញការងារនៅឆ្ងាយពីតាមការតម្រូវរបស់កិច្ចសន្យាការងារ ។ អ្នកស្រីបានបំបែកឈ្មោះចេញពីសៀវភៅគ្រួសាររបស់ឪពុកម្តាយរបស់គាត់ ដើម្បីអាចដាក់ពាក្យស្នើសុំលំនៅឋានបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកដែលរដ្ឋាភិបាលកំពុងសាងសង់។
លោក ម៉េត ហៀត អភិបាលរងស្រុកថ្មពួក ដែលកំពុងត្រួតពិនិត្យការរៀបចំជំរំថ្មីនៅទីទួលមួយកន្លែង បាននិយាយថា ពលរដ្ឋប្រហែល ៤០០គ្រួសារ ក្នុងចំណោម ១ ៦៣១គ្រួសារ ដែលស្នាក់នៅវត្តកណ្ដុល បានផ្លាស់ទីរួចហើយ។
លោកបាននិយាយថា៖ «ទឹកមិនបានលិចបរិវេណវត្តទាំងមូលទេ មានតែផ្នែកខ្លះនៅកន្លែងវាលស្រែប៉ុណ្ណោះដែលលិច។ យើងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់រៀបចំជំរំទេ ខណៈយើងរង់ចាំការសាងសង់លំនៅឋានបណ្ដោះអាសន្នឱ្យរួចរាល់ដូចគ្នា»។
លោក ហៀត បាននិយាយថា អាជ្ញាធរខេត្ត និងក្រុមការងារពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដំឡើងតង់ថ្មីចំនួន ១០០ សម្រាប់គ្រួសារដែលកំពុងរត់គេចពីទឹកជំនន់។លោកបានបន្ថែមថា ជាធម្មតាទឹកនឹងស្រកចុះប្រហែលកន្លះម៉ោងបន្ទាប់ពីរាំងភ្លៀង។ ទន្ទឹមនឹងនេះ កម្មករក៏កំពុងដាក់ក្តារបន្ទះនៅតាមផ្នែកខ្លះនៃបរិវេណវត្ត ដើម្បីលើកឱ្យខ្ពស់ជាងកម្រិតទឹកផងដែរ។
ប៉ុន្តែជនភៀសសឹកមួយចំនួននិយាយថា កម្រិតទឹកបច្ចុប្បន្ននៅតែបង្កការលំបាកដល់ការរស់នៅរបស់ពួកគេ។

លោក ហួន ឈុនលី ដែលជាពលរដ្ឋភៀសសឹកម្នាក់មកពីភូមិបឹងត្រកួន បាននាំប្រពន្ធ និងកូនៗរបស់លោកទៅកាន់ជំរំថ្មីកាលពីថ្ងៃព្រហស្បតិ៍។
លោកបានប្រាប់ថា៖ «បន្ទាប់ពីភ្លៀង ទឹកឡើងដល់ជង្គង់។ វាពិបាករស់នៅមែនទែន។ ខ្ញុំនៅតែអង្វរសុំឱ្យរដ្ឋាភិបាលជួយឱ្យយើងអាចត្រឡប់ទៅផ្ទះដើមរបស់យើងវិញ កន្លែងថ្មីនេះមិនស្រួលដូចមុនទេ»។
រដ្ឋាភិបាលកម្ពុជាកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឱ្យជួយប្រជាពលរដ្ឋអាចត្រឡប់ទៅភូមិដែលមានជម្លោះតាមព្រំដែនខេត្តបន្ទាយមានជ័យ ជាប់ខេត្តស្រះកែវរបស់ប្រទេសថៃ ដែលបច្ចុប្បន្នត្រូវបានកងកម្លាំងថៃកាន់កាប់ ហើយត្រូវបានរាយការណ៍ថាភូមិទាំងនោះត្រូវបានថៃរុះរើផងដែរ។
ការសាងសង់លំនៅឋានបណ្ដោះអាសន្នកំពុងដំណើរការនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ប៉ុន្តែខណៈរដូវវស្សាកំពុងខិតជិតមកដល់ គ្រួសារជនភៀសសឹកនិយាយថា ជំនួយគួរតែមកដល់ឱ្យបានឆាប់ជាងនេះ។
អ្នកស្រី យ៉ា បានអំពាវនាវឱ្យមានការបរិច្ចាគសម្ភារៈបន្ថែម ជាពិសេសទឹកដោះគោសម្រាប់កូនស្រីរបស់គាត់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Floods Hit Banteay Meanchey Displacement Camps, Hundreds Forced to Higher Ground









